ភ្នំពេញ៖ ក្នុងចំណោមសិស្សានុសិស្សចំនួនរាប់រយនាក់មកពីបណ្ដាប្រទេសនានា ចំនួន១១០ប្រទេសនៅលើពិភពលោកនោះ កុមារីកម្ពុជាម្នាក់បានក្លាយជាម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ៤ ទទួលមេដាយសំរឹទ្ធិពីការប្រឡងអូឡាំព្យាដពិភពលោក២០០៨ដែលបាន ប្រារព្ធធ្វើឡើងនៅក្នុងប្រទេសទួរគីកាលពីអំឡុងពាក់កណ្ដាលខែ ឧសភាដល់ដើមខែមិថុនា ឆ្នាំ២០០៨កន្លងមកនេះ។
ក្រោយពេលបានវិលត្រឡប់មកដល់មាតុប្រទេសវិញនោះនៅក្នុង បទសម្ភាសន៍មួយជាមួយអ្នកយកព័ត៌មានកម្ពុជាថ្មីកាលពីចុងសប្ដាហ៍ កន្លងមក កុមារីកម្ពុជាម្នាក់នេះបាននិយាយប្រាប់ឲ្យដឹងថា នាងមានឈ្មោះ ជា ម៉ាលីនី សព្វថ្ងៃមានអាយុ១៥ឆ្នាំហើយ។ បច្ចុប្បន្ននាងកំពុងបន្តការសិក្សានៅសាលា ZAMAN អន្តរជាតិក្រុងភ្នំពេញក្នុងថ្នាក់ទី១០ ដោយជាមួយគ្នានេះ នាងត្រូវបានសាលាជ្រើសរើសឲ្យប្រឡងប្រជែងជាមួយនឹងសិស្សផ្សេង ទៀតនៅក្នុងសាលាដើម្បីទៅចូលរួមប្រកួតប្រជែងនៅក្នុងការប្រឡង អូឡាំព្យាដពិភពលោក២០០៨នៅប្រទេសទួរគី។
កុមារី ជា ម៉ាលីនី ប្រាប់ថា សំរាប់ប្រទេសកម្ពុជានាងនិងសិស្សកម្ពុជាចំនួន២រូបផ្សេងទៀតត្រូវ បានសាលា ZAMAN ជ្រើសរើសឲ្យទៅចូលរួមក្នុងការប្រឡងអូឡាំព្យាដពិភពលោក២០០៨នេះ ដោយនាងបានចាកចេញពីមាតុប្រទេសទៅកាន់ប្រទេសទួរគីកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០០៨កន្លងមក ហើយបានវិលត្រឡប់មកដល់មាតុប្រទេសវិញកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០០៨។
ជាមួយនឹងការវិលត្រឡប់មកដល់មាតុប្រទេសនេះ កុមារី ជា ម៉ាលីនីក៏បាននាំយកមកជាមួយផងដែរនូវជ័យលាភីចំណាត់ថ្នាក់លេខ៤ និងមេដាយសំរឹទ្ធិពីការប្រឡងអូឡាំព្យាដពិភពលោក២០០៨ នេះផងដែរ។
នាងបាននិយាយប្រាប់ទៀតថា នៅក្នុងការប្រឡងនេះមានសិស្សរាប់រយនាក់មកពីគ្រប់ទ្វីបក្នុង ពិភពលោកបានចូលរួមប្រកួតប្រជែងលើវិញ្ញាសាប្រឡងចំនួន៣គឺ ការច្រៀងចម្រៀង ស្មូត្រកំណាព្យ និងការសរសេរអត្ថបទដែលប្រើជាភាសាទួរគីដោយមានការផ្សាយបន្ត ផ្ទាល់តាមរយៈកញ្ចក់ប៉ុស្តិ៍ទូរទស្សន៍ជាតិទួរគីថែមទៀត។
ការប្រឡងក្នុងវគ្គដំបូងត្រូវធ្វើឡើងនៅក្នុងទីក្រុងអង់ការ៉ា ដោយគណៈកម្មការផ្ដល់ពិន្ទុបានសម្រេចជ្រើសរើសយកតែអ្នកទទួលជ័យលាភី ចំនួន១០នាក់ប៉ុណ្ណោះ ក្នុងនេះកុមារី ជា ម៉ាលីនីត្រូវបានគណៈកម្មការផ្ដល់ពិន្ទុសម្រេចការជ្រើសរើសឲ្យស្ថិត ក្នុងជ័យលាភីនេះពោល គឺសម្រាប់កុមារដែលរស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានតែនាង ម្នាក់ និងសិស្សម្នាក់ទៀតដែលមកពីប្រទេសឥណ្ឌូនេស៊ីតែប៉ុណ្ណោះ។
កុមារី ជា ម៉ាលីនី បានបន្តឲ្យដឹងទៀតថា ដោយឡែកនៅក្នុងវគ្គប្រឡងផ្ដាច់ព្រ័ត្រ នាងទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៤ ដែលក្នុងនោះការផ្ដល់ពិន្ទុគេក៏ធ្វើឡើងតាមរយៈការផ្ញើសារ SMS ពីទស្សនិកជនផងដែរ។
ការប្រឡងក្នុងវគ្គផ្ដាច់ព្រ័ត្រត្រូវបានធ្វើឡើងនៅក្នុង ទីក្រុងអ៊ីស្ដាំប៊ូលនៃប្រទេសទួរគី ដោយក្នុងនោះចំណាត់ថ្នាក់លេខ១បានទៅលើសិស្សដែលមកពីប្រទេស អាហ្សាបៃហ្សង់ លេខ២បានទៅលើសិស្សដែលមកពីប្រទេសទួរម៉ានីស្ថាន លេខ៣បានទៅលើសិស្សដែលមកពីប្រទេសតាចាគីស្ថាន និងលេខ៤ គឺបានមកលើរូបនាងផ្ទាល់តែម្ដង។
ក្រោយការទទួលជ័យលាភីនេះ នាងត្រូវបានទទួលការអញ្ជើញពីស្ថានីយទូរទស្សន៍ជាតិនៃប្រទេសទួរគី ឲ្យចូលរួមក្នុងការសម្ភាសន៍ផ្សាយបន្តផ្ទាល់។
កុមារី ជា ម៉ាលីនី ប្រាប់ថា នៅក្នុងកម្មវិធីសម្ភាសន៍នេះ មជ្ឈដ្ឋានទស្សនិកជនទូទៅមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលគេ បានឮថា នាងជាសិស្សមកពីប្រទេសកម្ពុជា។
នាងបាននិយាយប្រាប់ទស្សនិកជនទូទៅអំពីស្ថានភាពភូមិសាស្ត្រ និងអំណោយផលធម្មជាតិដ៏ល្អរបស់ប្រទេសកម្ពុជាហើយពិសេសបំផុតនោះ នាងក៏បាននិយាយប្រាប់ទស្សនិកជនទូទៅអំពីសក្ដានុពលនៃវិស័យទេសចរណ៍ របស់ប្រទេសកម្ពុជាដែលមានប្រាសាទអង្គរវត្ត ប្រាសាទបុរាណនានាជាច្រើនរួមទាំងសម្បត្តិធម្មជាតិវប្បធម៌ និងអរិយធម៌ដ៏ល្អជាច្រើនទៀតសម្រាប់ទាក់ទាញភ្ញៀវទេសចរទូទៅផង ដែរ។
គួរបញ្ជាក់បន្ថែមថា កុមារី ជា ម៉ាលីនី គឺជាប្អូនស្រីបង្កើតរបស់លោក ជា វិបុល អតីត Freshie Boyចំណាត់ថ្នាក់លេខ១កាលពីឆ្នាំ២០០៣ ដែលបច្ចុប្បន្នជាពិធីករដ៏ល្បីឈ្មោះមួយរូបរបស់ស្ថានីយទូរទស្សន៍ រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣។
នាងជាកូនទី៤ ក្នុងចំណោមបងប្អូនបង្កើតចំនួន៤នាក់ដែលមានឪពុកម្ដាយបម្រើការងារ នៅក្នុងស្ថានទូតសហរដ្ឋអាមេរិកក្រុងភ្នំពេញប្រចាំប្រទេសកម្ពុជា។
កុមារី ជា ម៉ាលីនី ក៏បានប្រាប់ឲ្យដឹងដែរថា នៅក្នុងប្រឡងអូឡាំព្យាដពិភពលោក២០០៨នេះ ក៏មានសិស្សមកពីសហរដ្ឋអាមេរិក ប្រេស៊ីល កាណាដា បារាំង និងអង់គ្លេសជាដើមចូលរួមប្រកួតប្រជែងផងដែរ ដែលក្នុងនេះកម្មវិធីប្រឡងធ្វើឡើងក្នុងគោលបំណងឲ្យយុវជនយុវនារី និងយុវសិស្សទូទាំងពិភពលោកបានស្គាល់គ្នា ស្វែងយល់ពីគ្នាទៅវិញទៅមក និងឲ្យមានសាមគ្គីភាពល្អរវាងគ្នានឹងគ្នាថែមទៀតផង។
នៅចុងបញ្ចប់នៃបទសម្ភាសន៍ កុមារី ជា ម៉ាលីនី ក៏បានធ្វើការផ្ដាំផ្ញើដល់សិស្សានុសិស្សខ្មែរទាំងអស់ខិតខំ ប្រឹងប្រែងក្នុងការរៀនសូត្រដើម្បីក្រេបជញ្ជក់យកចំណេះដឹងទៅ បម្រើសង្គមគ្រួសារ និងសង្គមជាតិឲ្យមានការរីកចម្រើនទ្វេឡើងថែមទៀត៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh