Tuesday, June 10, 2008

រឿងសិលាចាំប្តី ៖ ប្តីសុំលែង ប្រពន្ធសុំជួបជុំគ្នាវិញ


រូបថតអនុស្សាវរីយ៍របស់ប្តីប្រពន្ធមុនប្រេះឆា

ខេត្តកណ្តាល ៖ រឿងអស់មនោសញ្ចោតនារវាង ប្តី-ប្រពន្ធគឺជាការឈានដល់ផ្លូវបំបែក ហើយសូម្បីតែ តុលាការក៏មានគោលការណ៍ នៅទីបំផុតដែរ ដែលថាបើអស់មនោសញ្ចោតនាហើយមានតែការលែងលះគ្នា ។ មុននេះអស់លោកអ្នកអាន
ពិតជាចាប់អារម្មណ៍ចំពោះស្ត្រីម្នាក់ដែលកោះសន្តិភាព បានហៅគាត់ថា “សិលាចាំប្តី” ដោយសារតែគាត់ បានព្យាយាមឈរនៅមុខសណ្ឋាគារតាំងពីយប់មិនទៅណាចាំរហូតដល់ភ្លឺ ក៏មិនទៅណាដែរ ដោយគាត់ សំអាងថា ប្តីគាត់និងស្ត្រីស្នេហ៍ស្ថិតនៅក្នុងសណ្ឋាគារនោះ ។ ប្តីគាត់បានបាត់ខ្លួន៤ថ្ងៃមកហើយ គាត់តាមរក រហូតក៏ទាន់ពេលប្តីគាត់នាំស្រីស្នេហ៍ឡើងសណ្ឋាគារ។


រឿងក្តីនេះបានឡើងដល់តុលាការខេត្តកណ្តាលហើយ គឺបុរសជាប្តីសុំលែងលះ ឯប្រពន្ធសុំជួបជុំគ្នាវិញ ហើយ ការជំរះសេចក្តីក៏បានធ្វើនៅព្រឹកថ្ងៃទី៩ មិថុនាដែរ តែដោយការមិនចុះសម្រុងគ្នាតុលាការ បានលើកពេល ទៅធ្វើនៅថ្ងៃទី១១ មិថុនា ខានស្អែកនេះវិញ ។
សំណុំរឿងរដ្ឋប្បវេណីផ្តាច់សមគ្គសង្វាស រវាងប្តីប្រពន្ធមានកូន៣នាក់នេះគឺផ្តើមចេញពីបុរសជាប្តីប្តឹងទៅ តុលាការខេត្តកណ្តាល ដើម្បីសុំលែងលះប្រពន្ធដោយចោទប្រកាន់ថាប្រពន្ធជាស្រីក្បត់ចិត្ត ។ នៅព្រឹកថ្ងៃទី៩ មិថុនា សាលាដំបូងតុលាការខេត្តកណ្តាលបានបើកសវនាការកាត់ក្តីដោយលោកចៅក្រម អ៊ិត សុធា ។
អង្គជំនំជុំរះរឿងក្តីលែងលះគ្នាខាងលើនេះមានការចូលរួមពីភាគីទាំងសងខាងគឺ ភាគីប្តីនិងភាគីប្រពន្ធ រួមជា មួយកូនតូចៗចំនួន៣នាក់ចូលរួមឆ្លើយអំពីការសំរេចចិត្ត ទៅរស់នៅជាមួយឪពុកឬម្តាយមុនពេលតុលាការ កាត់ក្តី ។ សូមបញ្ជាក់ថា បុរសជាប្តី ក្នុងរឿងហេតុខាងលើនេះ ឈ្មោះយឿន ឫទ្ធី ហៅគ្រូក្មេង អាយុ៣៨ឆ្នាំ រីឯភាគីប្រពន្ធ ឈ្មោះឃឹម សុទុំ អាយុ៣៩ឆ្នាំ ។ ទាំង២នាក់ ប្តីប្រពន្ធបានរៀបការជាប្តីប្រពន្ធជាមួយគ្នា នៅឆ្នាំ១៩៩៣ ។ ចំណងដៃនៃការរស់នៅជួបជុំគ្នាជាប្តីប្រពន្ធអ្នកទាំង២បានបង្កើតកូន៣នាក់ គឺ១-ឈ្មោះ យឿន ចន្ថា ភេទប្រុស អាយុ១៥ឆ្នាំ ២-ឈ្មោះយឿន តារាចន្ទ្រា ភេទស្រី អាយុ១៣ឆ្នាំ និងទី៣ឈ្មោះយឿន គឹមហេង ភេទប្រុស អាយុ៩ឆ្នាំ ។
ឆ្លើយនៅចំពោះមុខតុលាការខេត្តកណ្តាល កុមារាឈ្មោះយឿន ចន្ថា ជាកូនច្បង និងកុមារាឈ្មោះ យឿន គឹមហេង ជាកូនពៅបានសំរេចចិត្តទៅរស់នៅតាមឪពុកក្រោយពេលអ្នកមានគុណទាំង២លែងលះគ្នា ។
ដោយឡែកនាងយឿន តារាចន្ទ្រា ជាកូនទី២បានសំរេចទៅរស់នៅជាមួយម្តាយ ។ ការសំរេចចិត្តបែបនេះ កុមារទាំង៣នាក់ ហាក់បីដូចជាគ្មានស្ទាក់ស្ទើរក្នុងការសំរេចចិត្តសោះឡើយ ។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏ពួកគេទាំងអស់គ្នាកំពុងស្ថិតក្នុងវ័យមួយដែលគេហៅថា អនីតិជនមិនទាន់ចេះពិចារណាថា ការព្រាត់ពីម្តាយ ឬព្រាត់ពីឪពុកបង្កើតនោះវានឹងជួបឧបសគ្គជីវិតក្នុងការរស់នៅរបៀបណាឡើយ ដោយសារពួកគេទាំងអស់ ពុំទាន់ចេះពិចារណាវែងឆ្ងាយដូចមនុស្សចាស់ ។
លោកអ៊ិត សុធា ចៅក្រមតុលាការខេត្តកណ្តាលដែលស្ថិតក្នុងអង្គសវនាការខាងលើនេះបានមានប្រសាសន៍ ជាជំហានដំបូងថា រូបលោកជាតុលាការគឺលោកចង់ឱ្យគូភាគីទាំង ពីរ រស់នៅជួបជុំគ្នាឡើងវិញ ដោយកុំរំលឹក រឿងចាស់យកមកនិយាយទៀតអី ដើម្បីអនាគតកូនតូចៗដែលរស់នៅតែលតោល ពេលព្រាត់ពីឪពុកឬក៏ ម្តាយ។ លោកចៅក្រមបានសួរទៅលោកយឿន ឫទ្ធី ដែលជាដើមបណ្តឹងថា តើអាចរស់នៅជួបជុំគ្នាវិញ បានឬទេ លោកយឿន ឫទ្ធី បានឆ្លើយថា ទៅមិនរួចទេ ពោលគឺលោកសុំឱ្យតុលាការកាត់ក្តីជូនលោក ឱ្យបានលែងលះប្រពន្ធ ។ ដោយឡែកភាគីប្រពន្ធ គឺស្ត្រីឈ្មោះឃឹម សុទុំ បានឆ្លើយនៅចំពោះមុខតុលាការថា លោកស្រីសុំរួមរស់នៅជួបជុំប្តីប្រពន្ធវិញ ពោលគឺលោកស្រីចាត់ទុកឈ្មោះយឿន ឫទ្ធី ជាប្តីដដែល ។
ជាមួយគ្នានោះដែរ លោកអ៊ិត សុធា ជាចៅក្រមបានសួរអំពីទ្រព្យសម្បត្តិរបស់ភាគីប្តីប្រពន្ធទាំង២នាក់ថា តើភាគីខាងណាត្រូវទាមទារអ្វីខ្លះ ក្រោយពេលលែងលះគ្នា ទោះបីតុលាការមិនទាន់កាត់ក្តីក៏ដោយ ។
ចំពោះមុខតុលាការលោកយឿន ឫទ្ធី បានសំរេចចិត្តសុំចុះចេញពីផ្ទះដោយទាមទារយករថយន្តមួយគ្រឿង ម៉ាកកាមរីស៊េរីឆ្នាំ១៩៩៣ រួមជាមួយដី២កន្លែង មួយកន្លែងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និងមួយកន្លែងទៀតស្ថិត នៅក្នុងខេត្តព្រះវិហារ។ រីឯទ្រព្យស្បត្តិជាប់ខ្លួនផ្សេងទៀតមានគ្រឿងអលង្ការគឺចាត់ទុកជាស្មើគ្នា ប៉ុន្តែផ្ទះ សម្បែងសព្វថ្ងៃឈ្មោះ យឿន ឫទ្ធី ប្រគល់ជូនប្រពន្ធ ។ ចំណែក ឈ្មោះឃឹម សុទុំ បានទាមទារយកផ្ទះទាំង មូល និងដីមួយកន្លែងនៅក្នុងខេត្តកំពង់ស្ពឺ។ រីឯកូនភាគីទាំង២នាក់មានចេតនាចង់បានទាំងអស់ដូចៗគ្នា ប៉ុន្តែមិនដូចបំណងដោយសារកូនជាអ្នកសំរេចខ្លួនឯង ។


រូបព្រួញដែលប្តីប្រកាន់ប្រពន្ធឈរថតឱ្យកៀក.កបុរសម្នាក់

អង្គសវនាការខាងលើនេះ លោកស្រីឡាំ សុគន្ធារ៉ា មេធាវីការពារក្តីឱ្យលោកស្រីឃឹម សុទុំ បានសំណូមពរ ទៅលោកតុលាការសូមឱ្យអានកំណត់ហេតុព្រាងមួយរវាងឈ្មោះ យឿន ប្ញទ្ធី និងឈ្មោះឃឹម សុទុំ ដែល បានឆ្លើយនៅមុខតុលាការខេត្តកណ្តាល កាលពីថ្ងៃទី៩ ឧសភា កន្លងមក ។ កំណត់ហេតុព្រាងត្រូវ បានលោកអ៊ិត សុធា ជាចៅក្រមបញ្ជាឱ្យលោកក្រឡាបញ្ជីអាននៅក្នុងអង្គជំនុំជំរះក្តីខាងលើនេះ ។
ខ្លឹមសារនៃកំណត់ហេតុព្រាងកាលពីថ្ងៃទី៩ ឧសភា បានបញ្ជាក់ថា ឈ្មោះយឿន ប្ញទ្ធី បានព្រមព្រៀងចុះ ចេញពីផ្ទះដោយសុំយកឡានមួយគ្រឿង និងដីមួយកន្លែងនៅព្រះវិហារក្នុងករណី ដែលតុលាការសំរេច ឱ្យលែងលះគ្នា។ មានន័យថា ផ្ទះសំបែងនិងដីមួយកន្លែងនៅខេត្តកំពង់ស្ពឺ គឺត្រូវប្រគល់ទៅឱ្យប្រពន្ធ ។
ក្នុងឱកាសដដែលនោះដែរ លោកស្រីមេធាវីបានសំណូមពរទៅតុលាការសំរេចតាមការស្នើសុំរបស់ ស្ត្រីឈ្មោះ ឃឹម សុទុំ ដែលសុំជួបជុំប្តីនិងកូនវិញ ដើម្បីផលប្រយោជន៍កូនក្តីរបស់លោកស្រី ។
ប៉ុន្តែបើក្នុងករណីតុលាការកាត់ក្តី សំរេចឱ្យលែងលះគ្នា គឺលោកស្រីសុំឱ្យតុលាការសំរេចយកការបែងចែក ទ្រព្យសម្បត្តិ ជូនភាគីទាំង២តាមកំណត់ហេតុព្រាងដែល ធ្វើឡើងនៅថ្ងៃទី៩ ឧសភា ដដែល ។ អង្គសវនាការ ជំនះក្តីខាងលើនេះត្រូវបានលោកចៅក្រមអ៊ិត សុធា ប្រកាសលើកពេលទុកជំរះនៅថ្ងៃទី១១ មិថុនា ឆ្នាំ ២០០៨ វេលាម៉ោង៨ព្រឹកតាមនីតិវិធីច្បាប់ ។
សូមរំលឹកថា មូលហេតុដែលនាំឱ្យលោក យឿន ប្ញទ្ធី សំរេចចិត្តប្តឹងតុលាការសុំលែងលះជាមួយប្រពន្ធនោះ គឺដោយសាររូបលោកចោទប្រពន្ធថា ក្បត់ចិត្តពីលោកថតរូបឱ្យប្រុសកៀក.ក នៅក្នុងសមុទ្រក្រុងព្រះ សីហនុ។ ជាមួយគ្នានេះដែរ លោកក៏បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់អតីតប្រពន្ធ លោកដែលថា រូបលោកបណ្តើរស្រីឡើងសណ្ឋាគារភ្នំពេជ្រ កាលពីយប់ថ្ងៃទី៤ មិថុនា រហូតកាសែតចុះផ្សាយ តាមការអះអាងរបស់អតីតប្រពន្ធរបស់លោក (យឿន ប្ញទ្ធី) ។ ដោយឡែក លោកស្រី ឃឹម សុទុំបានរៀបរាប់ថា ការថតរូបនៅក្នុងដំណើរលំហែកាយឯមាត់សមុទ្រនោះ គឺរូបនាងថតពិតមែន ប៉ុន្តែពេល ថតនោះ គឺមានការថតរូបច្រើនប៉ុស្តិ៍ជួបជុំជាមួយកូនទាំងអស់គ្នា រួមទាំងជាងៗធ្វើផ្ទះ ។ លោកស្រីបន្តថា បើលោកស្រីមានចិត្តក្បត់ពីប្តីលោកស្រីមិនបាច់តាមសុំរួមរស់ជាមួយបន្តទៀតធ្វើអ្វី ។ លើសពីនេះទៅទៀត លោកស្រីបានបញ្ជាក់ថា អ្នកថតរូបជាមួយលោកស្រីនោះ គឺជាបងប្អូនជីដូនមួយជាមួយប្តីរបស់នាង ។ លោក ស្រីបន្តថា ក្រោយពេលដែលរូបគាត់រួមជាមួយជាងធ្វើផ្ទះដែលជ្រុលដៃលើកកៀក.កគាត់ ថតរូបកណ្តាល ចំណោមមនុស្សជាច្រើននាក់នោះដឹងថា ប្តីនាងខឹងក៏សំរេចចិត្តសុំទោសប្តីទាំងអស់គ្នា គ្មានបំណងអាក្រក់ឡើយ គឺការសប្បាយភ្លេចគិត ក៏ជ្រុលលើកដៃកៀក.កប្រពន្ធ ឈ្មោះយឿន ប្ញទ្ធី ទាំងអចេតនាតែម្តង ។
លោកស្រីឃឹម សុទុំ និយាយថា មូលហេតុដែលនាំឱ្យប្តីលោកស្រីចិត្តដាច់ពីលោកស្រី នោះគឺដោយសារ គាត់មានស្រីផ្សេង។ ទោះជាយ៉ាងនេះក្តី លោកស្រីនៅតែទទូចចង់រួមរស់ជាមួយប្តីលោកស្រីវិញដដែល មិនខុសពីបទចំរៀងសិលាចាំប្តីនោះទេ ។
សង្ឃឹមថា តុលាការខេត្តកណ្តាលនឹងធ្វើការពិចារណាល្អិតល្អន់មុននឹងសំរេចកាត់ក្តីលើរឿងរ៉ាវក្តីខាងលើនេះ ដើម្បីអនាគតក្មេងៗទាំង៣នាក់ជាកូនរបស់គូភាគីទាំង២។

ដកស្រង់ចេញពីគេហទំព័រ http://www.kohsantepheapdaily.com.kh/

No comments: