នៅក្នុងសង្គមខ្មែររបស់យើងបញ្ហាការរើសអើងនៅតែមាន ដោយសារពួកគេមិនទាន់បានយល់ដឹងពីបញ្ហាពិការភាពយ៉ាងដូចម្ដេចទេ។ គេច្រើនគិតថា ឲ្យតែជាស្ត្រីពិការ គឺជាមនុស្សដែលធ្វើអ្វីមិនកើតជានិច្ច ហើយការរើសអើងមកលើស្ត្រី និងកុមារពិការ វាក៏បានជះឥទ្ធិពលយ៉ាងខ្លាំងផងដែរនៅកម្ពុជា។
យើងក៏បានលើកយកខ្សែជីវិតរបស់ស្ត្រីពិការម្នាក់ ឈ្មោះ សៅ សាឃឿន មាន អាយុ៤៤ឆ្នាំ។ គាត់រស់នៅក្នុង ភូមិគ្រួស ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ស្ត្រីពិការ សៅ សាឃឿន បានធ្លាក់ខ្លួនពិកាតាំងពី អាយុ១៤ឆ្នាំ ដោយសារជំងឺខ្យល់គរ នៅពេលនោះគាត់កំព្រា ដោយសារឪពុកម្ដាយបានស្លាប់ចោលតាំងពីជំនាន់ ប៉ុល ពត មក។ គាត់ត្រូវបានស្ត្រីម្នាក់យកមកចិញ្ចឹម ហើយក៏បានយកទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តស្វាយរៀង។ នៅពេលជាមក គាត់បែរទៅជាខ្វេរដៃ ខ្វេរជើង ហើយនិយាយមិនសូវដឹងអី។ គាត់ធ្លាក់ខ្លួនក្លាយជាជនពិការបញ្ញាអាប់រហូតមកដល់សព្វថ្ងៃ នេះ។
ស្ត្រីពិការ សៅ សាឃឿន ត្រូវបានគេចាប់រំលោភបីលើក។ ដោយសារតែភាពពិការ មិនអាចឲ្យបងធ្វើការអ្វីកើតទេ។ សព្វថ្ងៃគាត់ប្រកបរបរដើរសុំទានគេសម្រាប់យកមកចិញ្ចឹមជីវិត និងកូន។
កាលពីថ្ងៃមួយ គាត់ត្រូវបានជនល្មើស គឹម សារិត អាយុ៤៤ឆ្នាំ មុខរបរសព្វថ្ងៃធ្វើជាពេទ្យ នៅឃុំគ្រួស បានចាប់រំលោភ គាត់ចំនួនពីរដងហើយ។ ដោយសារតែកូនឈឺ ហើយស្ត្រីពិការបានយកកូនទៅសុំថ្នាំពេទ្យ នៅក្នុងមន្ទីរពេទ្យ ហើយ ឈ្មោះ គឹម សារិត បានប្រាប់ថានៅថ្ងៃនេះពេទ្យមិនមានអ្នកណាគេមកធ្វើការទេ ចាំថ្ងៃ អាទិត្យ ម៉ោង៨ព្រឹក ចាំមកយកថ្នាំទើបគេធ្វើការ។ នៅថ្ងៃ អាទិត្យ ស្ត្រីពិការនោះក៏បានមកសុំថ្នាំពីពេទ្យ ឆ្លៀតពេលនោះឈ្មោះ គឹម សារិត បានចាប់រំលោភគាត់តែម្ដង។
លើកទីពីរ ជនល្មើសរូបនេះ បានណាត់ឲ្យគាត់មកយកថ្នាំរៀងរាល់ថ្ងៃ អាទិត្យ ហើយឆ្លៀតឱកាសល្អ ហើយស្ងាត់ក៏ចាប់រំលោភម្ដងទៀត ហើយគំរាមថា បើប្រាប់គេឲ្យដឹងត្រូវសម្លាប់ និងបាញ់ចោល។ គាត់មិនហ៊ាននិយាយប្រាប់គេទេ ដោយសារបងធ្លាប់ជួបនឹង[ការ]គំរាមកាលពីលើកមុនម្ដងដែរ នៅពេលដែលបងមាន អាយុ៣៧ឆ្នាំ។ កាលណោះបានត្រូវជនល្មើសមិនស្គាល់មុខចាប់រំលោភបានកូនប្រុស ម្នាក់។ មកដល់ពេលនេះកូនមានអាយុ៨ឆ្នាំហើយ។ ដោយសារតែគាត់បាននិយាយប្រាប់អ្នកជិតខាងពីឈ្មោះជនល្មើសដែលចាប់ រំលោភរូបគាត់ ទើបជនល្មើសរូបនេះបានវាយធ្វើបាបគាត់ បណ្ដាលឲ្យបែកក្បាល ហើយគ្មានអ្នកណាមើលថែទាំ និងរកខុសត្រូវឲ្យគាត់ទេ ដោយគេគិតថា គាត់ជាជនពិការ ហើយមិនសូវដឹងអីទៀតផង។
ពេលគាត់មាន អាយុ៤៣ឆ្នាំ ត្រូវបានជនល្មើសឈ្មោះ គឹម សារិត រំលោភគាត់ម្ដងទៀត ដែលជាបុរសទី២។ មកដល់ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ឈ្មោះ សៅ សាឃឿន មានជំងឺហើមជើង ហើយវេទិកាស្ត្រីពិការ បានធ្វើការទំនាក់ទំនងជាមួយអង្គការដៃគូជួយយកទៅព្យាបាល និងជួយសម្រួលដល់គ្រប់ខែ សម្រាប់កើតកូនស្រី ដែលកើតមកនៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ អង្គការ SSA បានជួយថវិកាសម្រាប់ឆ្លងទន្លេនៅភ្នំពេញ ហើយត្រឡប់មកផ្ទះវិញនៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០០៨។ ស្ត្រីពិការដោយរងគ្រោះ ធ្វើការសំណូមពរឲ្យអង្គការជួយរកយុត្តិធម៌ផង ធ្វើយ៉ាងណាឲ្យជនល្មើសជួយចិញ្ចឹមកូន ព្រោះគាត់ពុំមានលុយសម្រាប់ចិញ្ចឹមទេ សព្វថ្ងៃអត់ប្រកបរបរអីកើតទេ។ ហើយវេទិកាអភិវឌ្ឍន៍ស្ត្រី និងកុមារពិការខេត្តស្វាយរៀង សំណូមពរឲ្យរាជរដ្ឋាភិបាលអង្គការស្ថាប័ននានាជួយដល់ក្រុមគ្រួសារ របស់គាត់ ដូចជា សម្ភារៈ ថ្លៃសេវាព្យាបាលដោយឥតគិតថ្លៃ។ វេទិកាស្ត្រីអភិវឌ្ឍន៍កុមារពិការ កំពុងធ្វើការបញ្ចុះបញ្ចូល អង្គការអាដហុក អង្គការលីកាដូ និងខាងកាសែត ព្រមទាំងអាជ្ញាធរដែនដី បានជួយធ្វើអន្តរាគមន៍។
មកដល់ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០០៨ វេទិកាស្ត្រី សហការជាមួយប៉ូលិសព្រហ្មទណ្ឌ បានយកជនល្មើសមកទទួលខុសត្រូវតាមផ្លូវច្បាប់ មកដល់ពេលនេះបានជោគជ័យហើយ៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh
No comments:
Post a Comment