ខេត្តពោធិ៍សាត់ ៖ ជាការពិតណាស់នៅលើលោកសន្និវាសយើងនេះ មាតាបិតាគ្រប់រូបគ្រប់ជាតិសាសន៍តែងតែប្រាថ្នាចង់បានកូនប្រុស ស្រីមានរូបសម្បត្តិស្រស់ស្អាត មានគ្រប់លក្ខណសម្បត្តិ ឆ្លាតវៃ និងរស់នៅតាមគន្លងធម៌ ប៉ុន្តែបំណងទាំងនោះពុំមែនសុទ្ធតែបានសម្រេចទៅតាមសេចក្ដីប្រាថ្នា ចង់បាននោះទេ។ មានមាតាមួយចំនួនតូចពេលប្រសូតបុត្រា បុត្រីមក ខ្លះបាត់ដៃបាត់ជើង ខ្លះជាប់គ្នា ខ្វាក់ភ្នែក គ្មានលលាដ៍ក្បាល ដុះកន្ទុយ ក្បាលពីរខ្លួនមួយ និងគថ្លង់ជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាមាតាបិតា តែងតែមានទឹកចិត្តអាណិតស្រឡាញ់កូនប្រុសស្រីទាំងនោះជាដរាប ដែលនេះជាព្រហ្មវិហារចំពោះកូនប្រុសស្រី។
ជាក់ស្ដែង កុមារីម្នាក់ ឈ្មោះ ប៉ាត់ គឹមអ៊ី អាយុ ១៥ឆ្នាំ នៅភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានពិការតាំងពីកំណើត គឺកំបុតដៃស្ដាំត្រឹមស្មា ឯដៃឆ្វេងគ្មានម្រាម និងខ្លីខុសពីធម្មតាហើយត្រង់មិនអាចបត់បានទេ ប៉ុន្តែកុមារីរូបនេះប្រើជើងជំនួសដៃអាចធ្វើអ្វីៗបានដូចកុមារ មានអវយវៈគ្រប់លក្ខណៈដែរ លើកលែងតែបិទឡេវអាវ និងសិតសក់ប៉ុណ្ណោះ។
អ្នកស្រី ផុន អុន អាយុ ៤៤ឆ្នាំ ជាម្ដាយរបស់កុមារី ប៉ាត់ គឹមអ៊ី បាននិយាយប្រាប់ថា គាត់មិននឹកស្មានថា កូនស្រីរបស់គាត់ពេលធំឡើងអាចធ្វើអ្វីៗកើតស្ទើរតែដូចកុមារ ធម្មតានោះទេ ពោលគឺគេអាចហូបបាយសម្លបានដោយខ្លួនឯង ដោយយកស្លាបព្រាវែងរុញបញ្ចូលប្រហោងចុងដៃឆ្វេងដ៏តូចមួយ។ រីឯការសិក្សារៀនសូត្រវិញ នាងអាចសរសេរអក្សរបានដោយយកម្រាមជើងបើកសៀវភៅ ហើយយកប៊ិចថ្កៀបជាមួយមេជើង និងម្រាមជើងរួចសរសេរអក្សរ ឬគូររូបបានយ៉ាងងាយស្រួល។ ក្រៅពីនេះ នាងអាចជួយសម្រួលការងារផ្សេងៗបាន ដូចជាយោងទឹកអណ្ដូងលូ បោកគក់ខោអាវដោយប្រើម្រាមជើងម្ខាងកៀបច្រាស និងម្រាមជើងម្ខាងទៀតកៀបខោអាវ ជិះកង់ឌុបបងប្អូន មុជទឹកយកម្រាមជើងចាប់ត្រីអណ្ដែងពីក្នុងជើងសំណាញ់បោះមកលើគោក ដាំបាយ ពុះអុស ស្រោចសួនដំណាំដែលឧបត្ថម្ភគាំទ្រដោយ អង្គការដានីដា តាមរយៈគណៈកម្មាធិការប្រតិបត្តិ។ អ្នកស្រីឲ្យដឹងថា ប៉ាត់ គឹមអ៊ី សព្វថ្ងៃមានអាយុ១៥ឆ្នាំហើយ រៀនថ្នាក់ទី៨ នៅអនុវិទ្យាល័យហ៊ុន សែន ១០មករា បឹងកន្ទួត ក្នុងស្រុកក្រគរ ចម្ងាយ៤គីឡូម៉ែត្រពីផ្ទះ។ នាងជាកូនទី៤ ក្នុងចំណោមកូនស្រីទាំង៤នាក់ ដែលមានឪពុកឈ្មោះ លឹម សឹម អាយុ ៤៤ឆ្នាំ ជាមន្ត្រីរដ្ឋបាល ឃុំកំពង់ហ្លួង។
អ្នកស្រី ឈុំ គឹមឈឿន ជាគ្រូបន្ទុកថ្នាក់ឲ្យដឹងថា គឹមអ៊ី រៀនបានល្អបង្គួរ នាងជាសិស្សមានអត្តចរិតស្លូតបូត ធ្វើឲ្យមិត្តភក្ដិរាប់អានអាណិតស្រឡាញ់គ្រប់ៗគ្នា។ គឹមអ៊ី បាននិយាយដោយទឹកមុខញញឹមថា "ខ្ញុំចង់រៀនឲ្យបានខ្ពស់ តែមិនដឹងថាបានដែរឬក៏អត់ទេ ព្រោះឪពុកម្ដាយខ្ញុំជួនកាលក៏មានលុយ ជួនកាលក៏អត់"។ កន្លងមក អង្គការវឌ្ឍនភាព ស្រុកក្រគរ បានផ្ដល់កង់១គ្រឿង និងមានជនបរទេសបានផ្ដល់កង់១គ្រឿង តាមរយៈមន្ទីរសង្គមកិច្ចខេត្ត ប៉ុន្តែសព្វថ្ងៃនៅសល់តែកង់១គ្រឿងប៉ុណ្ណោះ ដែលនៅប្រើការបាន។ កុមារី ប៉ាត់ គឹមអ៊ី បានលើកដៃសំពះសុំឲ្យសប្បុរសជន ឬអង្គការដែលមានជំនាញខាងផ្នែកជួយសង្គ្រោះកុមារពិការ មេត្តាជួយឧបត្ថម្ភគាំទ្រឬបណ្ដុះបណ្ដាលនាងឲ្យមានអនាគតផង៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh
No comments:
Post a Comment