ខេត្តបាត់ដំបង៖ តាមលិខិតអនាមិក១ច្បាប់ ផ្ញើជូនដល់លោកប្រធានការិយាល័យសង្គមកិច្ចស្រុកសង្កែ មានខ្លឹមសារថាពួកគេជាគ្រួសាររស់នៅជុំវិញមណ្ឌលកុមារសន្តិភាពទី ២ បានដឹងយ៉ាងច្បាស់ថា មានក្មេងប្រុសម្នាក់ឈ្មោះ រិន សុផល អាយុ ១៥ឆ្នាំ រស់នៅក្នុងមណ្ឌលនេះ បានចាប់រំលោភក្មេងស្រីម្នាក់អាយុ ៦ឆ្នាំ និងម្នាក់ទៀតអាយុ ៧ឆ្នាំ ជាក្មេងរស់នៅក្នុងមណ្ឌលជាមួយគ្នា ហើយមន្ត្រីមជ្ឈមណ្ឌលបានបំបិទរឿងនេះ តែតាមការធ្វើកោសល្យវិច័យរបស់គ្រូពេទ្យបង្ហាញថា ក្មេងស្រីទាំង២មានដំបៅនៅប្រដាប់ភេទ និងគ្មានបុគ្គលិកណាមើលថែទាំទេ ព្រោះមានតែគ្រូម្នាក់គត់មើលក្មេង១៦៨នាក់។ ដោយខ្លោចចិត្តអាណិតក្មេងស្រី ទើបមានអ្នកទម្លាយព័ត៌មាននេះ។
ទីតាំងមណ្ឌលកុមារសន្តិភាពទី២ ស្ថិតនៅក្នុងភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ។ ក្រោយពីបានទទួលលិខិតអនាមិកនេះហើយ កម្លាំងសមត្ថកិច្ចប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានចុះធ្វើការស្រាវជ្រាវ។ តាមការបំភ្លឺរបស់កុមារី អាយុ ៧ឆ្នាំ រស់នៅក្នុងមណ្ឌលកុមារសន្តិភាពទី២ ថា កាលពីខែ ឧសភា ឆ្នាំ ២០០៨ ពេលភ្ញាក់ពីដេក ពេលថ្ងៃនាងបានទៅលេងនៅមុខផ្ទះធំក្នុងមណ្ឌលដោយមានគ្នា៤នាក់។ ពេលកំពុងលេងនោះ ឈ្មោះ ផល បានចាប់ទាញដៃនាងទៅក្នុងផ្ទះធំ ហើយផ្ដួលទៅលើការ៉ូ បន្ទាប់មកក៏ចាប់រំលោភ ដែលពេលនោះនាងឈឺផ្សារណាស់។ ក្រោយពីរំលោភបានសម្រេចហើយ ក៏មានក្មេងស្រីម្នាក់ទៀតដើរមកដល់ ឯឈ្មោះ ផល នេះ ក៏យកខ្នើយកើយមកវាយក្បាលនាងធ្វើហាក់ដូចជាប្រឡែងលេង។ ចំណែកកុមារី អាយុ ៦ ឆ្នាំ បានបំភ្លឺថា ក្រោយពេលងើបពីដេកនាងបានទៅលេងនៅក្រោមផ្ទះធំក្នុងមណ្ឌលជាមួយ ក្មេងប្រុសម្នាក់ដែលពេលកំពុងលេងនោះ ឈ្មោះ ផល បានមកដល់រួចចាប់ពនាងឡើងទៅលើផ្ទះធំ រួចចាប់រំលោភតែមិនបានសម្រេចទេ ហើយនាងក៏រត់ចុះមកក្រោមវិញ។
តាមស្ត្រី ឈ្មោះ សេង ស៊ីណា អាយុ ៥២ឆ្នាំ មានទីលំនៅភូមិព្រែកស្នោ ឃុំសំរោង ស្រុកសង្កែ បានឲ្យដឹងថា កាលពីថ្ងៃទី ២១ ឧសភា វេលាម៉ោងប្រហែល និង ៣០នាទីយប់ គាត់បានទទួលដំណឹងពីក្មេងស្រីម្នាក់ដែលបានដឹកដៃក្មេងស្រី រងគ្រោះមកជួប ហើយប្រាប់ថា ឈ្មោះ ផល បានចាប់រំលោភនាង បានពេលនោះគាត់បានសាកសួរ ហើយក្មេងស្រី និយាយប្រាប់គាត់ទាំងអស់។
នៅចំពោះមុខសមត្ថកិច្ចប៉ូលិស កាលពីថ្ងៃទី ៤ មិថុនា ២០០៨ ឈ្មោះ រិន សុផល បានសារភាពពីការចាប់រំលោភក្មេងស្រី ទាំង ២នាក់ជាបន្តបន្ទាប់។ តាមការពិនិត្យលិខិតអនាមិកកំណត់ហេតុបំភ្លឺ និងការស្រាវជ្រាវរបស់ប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានខេត្តបាត់ដំបង បានសន្និដ្ឋានថា ឈ្មោះ រិន សុផល ភេទ ប្រុស អាយុ ១៥ឆ្នាំ ពិតជាបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ លើកុមារីរងគ្រោះទាំង២នាក់ខាងលើប្រាកដមែន ដែលបានបំពារបំពាននឹងមាត្រា៥ នៃច្បាប់ស្ថានទម្ងន់ទោសបទឧក្រិដ្ឋ។ បច្ចុប្បន្នស្នងការដ្ឋានខេត្តបានរៀបចំសំណុំរឿងឈ្មោះ រិន សុផល បញ្ជូនទៅសាលាដំបូង។
ការធ្វើទំនាក់ទំនងទៅលោកនាយកមណ្ឌលមិនបានទទួលជោគជ័យនោះទេ ដោយសារមិនចង់ផ្ដល់ព័ត៌មាន ព្រោះវាប៉ះពាល់ទៅដល់មណ្ឌល តែទោះបីជាយ៉ាងណាបានបង្ហាញថា មណ្ឌលនេះទំនងជាការគ្រប់គ្រងកុមារធូរលុង ឬមិនដិតដល់ទើបមានការឆកល្វែងបែបនេះ៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh
No comments:
Post a Comment