Monday, June 9, 2008

យក​កូន​ចេញ​ អាច​បង្ក​ការ​ធ្លុះ​ ឬ​ធ្លាយ​ស្បូន

នៅ​ពេល​មាន​ផ្ទៃពោះ​ ស្ត្រី​គ្រប់រូប​អាច​ពើប​ប្រទះ​នឹង​បាតុភាព​គ្រោះថ្នាក់​ជា​ច្រើន​ ទាំង​នៅ​ពេល​ពពោះ​ និង​នៅ​ពេល​សម្រាល។​ ដោយ​សារ​ប្រការ​អស់​ទាំង​នេះ​ហើយ​ ទើប​នៅ​ពេល​មាន​ផ្ទៃពោះ​ក្រសួង​សុខាភិបាល​ទទូច​ឲ្យ​ស្ត្រី​ទាំងអស់​ទៅ​ ពិនិត្យ​ពោះ​ និង​សម្រាល​កូន​នៅ​មន្ទីរពេទ្យ។​ ប្រការ​គ្រោះថ្នាក់​អាច​កើត​ឡើង​ពី​ការ​ធ្វេសប្រហែស​របស់​ស្ត្រី​ខ្លួន​ឯង​ ផ្ទាល់​ ឬ​ក៏​គ្រូពេទ្យ​ តួយ៉ាង​ដូចជា​បញ្ហា​ធ្លុះ​ ឬ​ធ្លាយ​ស្បូន​ដែល​អាច​បណ្ដាល​ឲ្យ​ស្ត្រី​ជា​ម្ដាយ​ និង​កូន​បាត់បង់​ជីវិត​បាន។

ដើម្បី​ជម្រាប​ជូន​លោក​អ្នក​ក៏​ដូចជា​ស្ត្រី​មាន​ផ្ទៃពោះ​ឲ្យ​មាន​ការ​ ប្រុងប្រយ័ត្ន​ពី​បញ្ហា​ធ្លុះ​ ឬ​ធ្លាយ​ស្បូន​នេះ​ សូម​ស្វែង​យល់​តាម​រយៈ កិច្ច​សម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត​ ថៃហ្វា​ វីហ្គង់​ ឯកទេស​សម្ភព​ និង​រោគ​ស្ត្រី​ នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​ ជាមួយ​ទស្សនាវដ្ដី​ សុខភាព​យើង។


ធ្លុះ​ ឬ​ធ្លាយ​ស្បូន​ គឺ​ជា​អ្វី?

ជា​ទូទៅ​បញ្ហា​ធ្លុះ ​ឬ​ធ្លាយ​ស្បូន​នេះ​គឺ​កើត​មាន​ពី​២​ ទៅ​៥​ភាគរយ​ ជា​ផលវិបាក​មួយ​ដែល​គេ​ជួប​ប្រទះ​នៅ​ពេល​មាន​ការ​បឺត​ ឬ​កាយ​សម្អាត​ក្នុង​ស្បូន​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ពេល​រំលូត​កូន​ ពេល​ធ្លាក់​ឈាម​ខ្លាំង​ ឬ​ពេល​សង្ស័យ​ថា​មាន​ដុំ​មហារីក​របស់​ស្រទាប់​រដូវ។​ មាន​មធ្យោបាយ​ពីរ​ដែល​គេ​ប្រើ​ពេល​សម្អាត​ស្បូន​ គឺ​ការ​ប្រើ​បំពង់​បឺត​ និង​ការ​ប្រើ​ក្រវ៉ា​កាយ។​ ប្រដាប់​ទាំងពីរ​នេះ​អាច​ធ្វើ​ឲ្យ​ធ្លុះ​ស្បូន​ដូចគ្នា​ ដែល​អាច​កើត​ឡើង​ គឺ​អាស្រ័យ​នឹង​ស្ថានភាព​ស្បូន​ ស្ថានភាព​មាត់​ស្បូន​ និង​បទពិសោធន៍​របស់​គ្រូពេទ្យ។


រោគ​សញ្ញា​នៃ​ការ​ធ្លុះ​ ឬ​ធ្លាយ​ស្បូន

រោគ​សញ្ញា​ដែល​ធ្វើ​ឲ្យ​យើង​គិត​ដល់​ធ្លុះ​ ឬ​ធ្លាយ​ស្បូន​ គឺ​អ្នក​ជម្ងឺ​ឈឺ​ខ្លាំង​ និង​មាន​ស្ថានភាព​ឡេះឡះ​ ឈាម​ហូរ​ចេញ​មក​ក្រៅ​កាន់​តែ​ច្រើន​ សម្ពាធ​ឈាម​របស់​អ្នក​ជម្ងឺ​កាន់​តែ​ទាប​ រី​ឯ​ចង្វាក់​បេះដូង​កាន់​តែ​ញាប់​ ហើយ​បំពង់​បឺត​ ឬ​ក្រវ៉ា​កាយ​អាច​រុល​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ស្បូន។​ បើ​សិន​ជា​ពិនិត្យ​អេកូសាស្ត្រ​អាច​ធ្វើ​ឲ្យ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​កាន់​ តែ​ច្បាស់ ដោយ​បង្ហាញ​ពី​ទឹក​ ឬ​ឈាម​នៅ​ក្នុង​ពោះ​ និង​ឃើញ​ប្រដាប់​ប្រដា​បឺត​ឬ​កាយ​របស់​គ្រូពេទ្យ​ចេញ​ផុត​ពី​ស្បូន​ចូល​ទៅ​ ក្នុង​ពោះ។​ អេកូសាស្ត្រ​អាច​ឲ្យ​គ្រូពេទ្យ​បន្ត​ការ​បឺត​ ឬ​កាយ​នូវ​អ្វី​ដែល​នៅ​ក្នុង​ស្បូន​បន្ត​ទៀត​ ដោយ​ជួយ​កំណត់​ទីតាំង​នៃ​កន្លែង​ធ្លាយ​ និង​កន្លែង​ដែល​ចាំបាច់​ត្រូវ​បឺត​ ឬ​កាយ។

ក្នុង​ករណី​ដែល​គ្មាន​អេកូសាស្ត្រ​ ការ​បឺត​ឬ​កាយ​ត្រូវ​តែ​បញ្ឈប់​នៅ​ពេល​សង្ស័យ​ថា​ មាន​ធ្លុះ​ ឬ​ធ្លាយ​ស្បូន។​ នៅ​ពេល​នោះ​គឺ​មាន​បញ្ហា​ពីរ​ដែល​កើត​ឡើង​គឺ​ការ​ហូរ​ឈាម​នៅ​ខាង​ក្នុង​ ស្បូន​ និង​ការ​សល់​ខាង​ក្នុង​ស្បូន​នូវ​អ្វី​ដែល​គ្រូពេទ្យ​ចង់​បឺត​ ឬ​កាយ​យក​ចេញ​នៅ​មុន​ពេល​ដែល​ស្បូន​មិន​ទាន់​ធ្លុះ​ធ្លាយ។


ដំបូន្មាន​អ្នក​ជំនាញ

ដូចនេះ​រាល់​ការ​បឺត​ ឬ​កាយ​កូន​ ឬ​សម្អាត​ស្បូន​ដែល​មាន​ដាក់​ប្រដាប់​ប្រដា​ចូល​ទៅ​ក្នុង​ស្បូន​ សូម​លោកស្រី​អ្នក​នាង​ទាំងអស់​មេត្តា​ជ្រើសរើស​រក​ទីកន្លែង​ និង​គ្រូពេទ្យ​ដែល​មាន​សមត្ថភាព​ ទើប​អាច​ដោះស្រាយ​បាន​នៅ​ពេល​ដែល​បញ្ហា​ធ្លុះ​ ឬ​ធ្លាយ​ស្បូន​មក​ដល់។​ ការ​ទៅ​រក​គ្រូពេទ្យ​ដែល​មិន​មាន​ជំនាញ​ ហាក់​បីដូច​ជា​លោក​ស្រី​អ្នក​នាង​ទៅ​រក​ភាព​គ្រោះថ្នាក់​ដូច្នេះ​ដែរ។


ការ​ព្យាបាល​បញ្ហា​ធ្លុះ​ ឬ​ធ្លាយ​ស្បូន

គ្រប់​ករណី​ធ្លុះ​ ឬ​ធ្លាយ​ស្បូន​ អ្នក​ជម្ងឺ​មិន​ប្រាកដ​ថា​ត្រូវ​តែ​ទទួល​ការ​វះកាត់​ដើម្បី​ដេរ​ភ្ជិត​ស្បូន ​វិញ​ទេ។​ បើ​សិន​ជា​ស្ថានភាព​អ្នក​ជម្ងឺ​នៅ​ល្អ​ អ្នក​ជម្ងឺ​ត្រូវ​នៅ​សម្រាក​ពេទ្យ​ពី​២​ ទៅ​៣​ថ្ងៃ​ ដើម្បី​ទទួល​ការ​ព្យាបាល​ និង​តាមដាន​ក្នុង​បំណង​ចៀសវាង​ការ​ហូត​ឈាម​ និង​មេរោគ​រាតត្បាត​ចូល​ទៅ​ក្នុង​ពោះ។​ ផ្ទុយ​ទៅ​វិញ​បើ​សិន​ជា​ស្ថានភាព​អ្នក​ជម្ងឺ​បង្ហាញ​ថា​មាន​បន្ត​ការ​ហូរ​ ឈាម​នៅ​ខាង​ក្នុង​ពោះ​ ឬ​ចេញ​មក​ខាង​ក្រៅ​ស្បូន​ អ្នក​ជម្ងឺ​ត្រូវ​ទទួល​ការ​វះកាត់​ជា​បន្ទាន់។​ ការ​វះកាត់​អាច​ត្រឹម​តែ​រក​មើល​ក្រែង​មាន​ធ្លុះ​សរីរាង្គ​ណា​ផ្សេង​ទៀត​ ដូចជា​ប្លោក​នោម​ ឬ​ពោះ​វៀន​ ដើម្បី​ដេរ​ភ្ជិត​កន្លែង​ដែល​ធ្លុះ ឬ​ក៏​អាច​ឈាន​ទៅ​ដល់​ការ​កាត់​ស្បូន​ចោល​ដើម្បី​ឃាត់​ឈាម៕

ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh

No comments: