Thursday, June 12, 2008

និស្សិត​ឆ្នើម​១០​នាក់​ ទទួល​អាហារូបករណ៍​Fullbright​ ទៅ​សិក្សា​នៅ​អាមេរិក​

រាជធានី​ភ្នំពេញ​ ៖​ និស្សិត​ឆ្នើម​កម្ពុជា​ចំនួន​១០​នាក់​ បាន​ទទួល​អាហារូបករណ៍​ Fullbright​ ទៅ​សិក្សា​ថ្នាក់​បណ្ឌិត​ និង​អនុ​បណ្ឌិត​នៅ​សហរដ្ឋ​អាមេរិក​រយៈ ពេល​មួយ​ឆ្នាំ​ និង​រយៈ​ពេល​ពីរ​ឆ្នាំ​ត្រូវ​បាន​ស្វាគមន៍​ដោយ​លោក​ កុល​ ផេង​ ទេសរដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​លោក​ ចូសេហ្វ​ មូសូមេលី​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ និង​មាតាបិតា​កាល​ពី​ថ្ងៃ​ទី​ ១២​ មិថុនា​ ២០០៨​ នៅ​ស្ថានទូត​អាមេរិក​មុន​ពេល​ពួក​គេ​ចាក​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ ក្នុង​ចុង​ខែ​ មិថុនា​នេះ។

និស្សិត​ដែល​នឹង​ចេញ​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​សំរាប់​អាហារូបករណ៍​ Fullbright​ ឆ្នាំ​ ២០០៨​ -​ ២០០៩​ រួម​មាន​ ១-​ កញ្ញា​ ឃុន​ ចាន់ណារី​ (បណ្ឌិត​សេដ្ឋកិច្ច),​ ២-​ លោក​ ជា​ កញ្ញារិទ្ធិ​ (អនុ​បណ្ឌិត​គណិតវិទ្យា),​ ៣-​ កញ្ញា​ ប្រាក់​ ឋនវតី​ (អនុ​បណ្ឌិត​ផ្នែក​ភាព​ជា​អ្នក​ដឹកនាំ),​ ៤-​ កញ្ញា​ ប៉ោ​ ស៊ីដូនី​ (អនុ​បណ្ឌិត​អប់រំ),​ ៥-​ លោក​ ស៊ីម​ ហូយឈុន​ (អនុ​បណ្ឌិត​គ្រប់គ្រង),​ ៦-​ កញ្ញា​ អ៊ូ​ ជូលី​ (បណ្ឌិត​បរិស្ថាន),​ ៧-​ កញ្ញា​ ស​ សម្ផស្ស​ (អនុ​បណ្ឌិត​អប់រំ),​ ៨-​ កញ្ញា​ គឹម​ សូលីដា​ (អនុ បណ្ឌិត​កុំព្យូទ័រ),​ ៩-​ លោក​ ជូ​ ចំណាន​ (អនុ​បណ្ឌិត​គ្រប់គ្រង)​ និង​ ១០-​ លោក​ ហោ​ សុខហាក់​ (អនុ​បណ្ឌិត​គមនាគមន៍)។

លោក​ កុល​ ផេង​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ថ្លែង​ថា​ និស្សិត​ទាំង​១០​នាក់​នេះ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ ហើយ​ពួក​គេ​ជា​និស្សិត​ពូកែ​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ស្ថានទូត​អាមេរិក​ ឆ្លង​កាត់​ការ​ប្រលង​ភាសា​អង់គ្លេស​យ៉ាង​ល្អ។​ លោក​បន្ថែម​ថា​ "ខ្ញុំ​ស្វាគមន៍​ពួក​គេ​ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​អាមេរិក​ ហើយ​សង្ឃឹម​ថា​ ពួក​គេ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​ និង​វិលត្រឡប់​មក​ប្រទេស​ជាតិ​វិញ​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ"។

លោក​ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្លែង​ថា​ និស្សិត​១០​នាក់​ថ្មី​នេះ​ បាន​ទទួល​អាហារូបករណ៍​ Fullbright​ ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ថ្នាក់​អនុ​បណ្ឌិត​ ហើយ​ពួក​គេ​នឹង​ទៅ​ចូលរួម​ជា​មួយ​និស្សិត​កម្ពុជា​៨​នាក់​ទៀត​ ដែល​កំពុង​សិក្សា​នៅ​អាមេរិក​ក្រោម​ការ​ឧបត្ថម្ភ​ដោយ​កម្មវិធី​អាហារូបករណ៍​ Fullbright​ សរុប​មាន​និស្សិត​ខ្មែរ​ចំនួន​១៨​នាក់​ ដែល​ទទួល​អាហារូបករណ៍​ Fullbright។

លោក​បន្ថែម​ថា​ "នេះ​ជា​ពេលវេលា​រំភើប​សម្រាប់​អ្នក​ទាំងអស់​គ្នា។​ អ្នក​ប្រហែល​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ តែ​អ្នក​នឹង​ត្រូវ​ឈាន​ជើង​ចូល​ទៅ​ក្នុង​ការ​ផ្សង​ព្រេង​មួយ​ដែល​នឹង​ធ្វើ​ ឲ្យ​ជីវិត​របស់​អ្នកមាន​ការ​ផ្លាស់ប្ដូរ។​ អ្នក​មិន​ត្រឹម​តែ​នឹង​ចូលរួម​ក្នុង​កម្មវិធី​សិក្សា​ដែល​នឹង​ពង្រឹង​ជំនាញ​ និង​ការ​អភិវឌ្ឍន៍​សម្រាប់​ខ្លួន​អ្នក​ប៉ុណ្ណោះ​ទេ​ តែ​អ្នក​ក៏​នឹង​ត្រូវ​ដើរ​តួ​ជា​ឯកអគ្គរដ្ឋទូត​វប្បធម៌​នៅ​សហរដ្ឋ​អាមេរិក​ ផង​ដែរ​ ដោយ​ធ្វើ​ឲ្យ​ជន​ជាតិ​អាមេរិក​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​ប្រទេស​ កម្ពុជា"។

កម្មវិធី​អាហារូបករណ៍​ Fullbright​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សភា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​ ១៩៤៥​ ដើម្បី​ "បង្កើន​ការ​យល់​គ្នា​រវាង​ប្រជាជន​នៅ​សហរដ្ឋ​អាមេរិក​ និង​ប្រជាជន​នៃ​បណ្ដា​ប្រទេស​ដទៃ​ទៀត"។​ កម្មវិធី​អាហារូបករណ៍​នេះ​ត្រូវ​បាន​បង្កើត​អោយ​មាន​ឡើង​វិញ​នៅ​ក្នុង​ ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ ១៩៩៤។​ ចាប់​តាំង​ពី​ពេល​នោះ​មក​និស្សិត​កម្ពុជា​ចំនួន​៩៤​នាក់​ តាមរយៈ​កម្មវិធី​នេះ​បាន​ទៅ​សិក្សា​ថ្នាក់​ក្រោយ​ឧត្ដមសិក្សា​ក្នុង​សហរដ្ឋ​ អាមេរិក​ ហើយ​មាន​អ្នក​ឯកទេស​ជាន់​ខ្ពស់​របស់​អាមេរិក​ប្រហែល​៣៥​នាក់​ បាន​មក​ធ្វើ​ការ​តាម​សាកលវិទ្យាល័យ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ទឹក​ប្រាក់​សម្រាប់​កម្មវិធី​ Fullbright​ សម្រាប់​ប្រទេស​កម្ពុជា​ចំនួន​៥​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ ឆ្នាំ​ៗ។

មាន​អ្នក​ត្រឡប់​មក​ពី​សិក្សា​ក្នុង​កម្មវិធី​ Fullbright​ មួយ​ចំនួន​កំពុង​តែ​ធ្វើ​ការ​ក្នុង​មុខ​តំណែង​សំខាន់​ៗ​ ក្នុង​ក្រសួង​ហិរញ្ញវត្ថុ​ ក្រសួង​កសិកម្ម​ ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ និង​ក្រសួង​មហាផ្ទៃ​ជា​ដើម។​ មាន​ច្រើន​នាក់​ផ្សេង​ទៀត​កំពុង​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​តាម​ សាកលវិទ្យាល័យ​នានា​ និង​ជា​មន្ត្រី​កម្មវិធី​ថ្នាក់​ជាតិ​ក្នុង​កម្មវិធី​សុខភាព​ និង​កម្មវិធី​ផ្សេងៗ​ទៀត​ផ្នែក​អភិវឌ្ឍន៍​ជនបទ​ ដែល​គាំទ្រ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អង្គការ​អន្តរជាតិ​ផ្សេង​ៗ។

ដើម្បី​អាច​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ក្នុង​កម្មវិធី​ Fullbright​ អ្នក​ដាក់​ពាក្យ​សុំ​ត្រូវ​តែ៖

-​ មាន​ប្រវត្តិ​នៃ​ការ​សិក្សា​ច្បាស់លាស់​ និង​ពិន្ទុ​ល្អ​ប្រពៃ​នៅ​ក្នុង​ការ​សិក្សា​ពី​មុន​មក។

-​ មាន​សញ្ញាប័ត្រ​បរិញ្ញា​ពី​មហាវិទ្យាល័យ​ឬ​សាកលវិទ្យាល័យ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់។

-​ មាន​ជំនាញ​ផ្នែក​ភាសា​អង់គ្លេស​គ្រប់​គ្រាន់​ ពិន្ទុ​ TOEFL​ យ៉ាង​តិច​៥៥០។

-​ អាច​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​នៅ​ឯ​បរទេស​បាន។

-​ មាន​សុខភាព​ល្អ​ហើយ​អាច​ចូលរួម​ក្នុង​កម្មវិធី​សិក្សា​ដែល​មាន​ការ​ពិបាក។

កម្មវិធី​អាហារូបករណ៍​ Fullbright​ ឧបត្ថម្ភ​លើ​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​សហរដ្ឋ​អាមេរិក​ ថ្លៃ​សិក្សា​ ថ្លៃ​បង់​ផ្សេង​ៗ​ និង​សោហ៊ុយ​ចំណាយ​លើ​ការ​រស់​នៅ​សម្រាប់​និស្សិត​ពេញ​ម៉ោង​ថ្នាក់​ក្រោយ​ ឧត្ដម​សិក្សា៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh

No comments: