ភ្នំពេញ ៖ នារីសិស្សសាលាម្នាក់ បានស្លាប់ ខណៈពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរយ៉ាងធ្ងន់ធ្ងរនៅតាមផ្លូវ។ គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅត្រង់ផ្លូវបំបែករវាងផ្លូវលេខ៦៣ (ត្រសក់ផ្អែម) និងផ្លូវលេខ៣៩២ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី ២១ ខែ មិថុនា។ រថយន្តបង្កគ្រោះថ្នាក់ដែលបើកបរដោយក្មេងស្ទាវម្នាក់នោះ បានគេចខ្លួនរួចពីការទទួលខុសត្រូវចំពោះមុខច្បាប់ ទោះបីជាសមត្ថកិច្ចបានស្គាល់ភិនភាគរថយន្តមួយចំនួនក្ដី។
ប៉ូលិសចរាចរខណ្ឌចំការមន បានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ កេត ចរិយា ហៅ លុច្ស អាយុ ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២F2 វិទ្យាល័យបឹងកេងកង ទីលំនៅផ្ទះលេខ ១៨E0 ផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ ជនរងគ្រោះរបួសត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរ ទោះបីជានាងមានពាក់មួកការពារសុវត្ថិភាពក្ដី។ នាងធ្វើដំណើរដោយម៉ូតូគុបចង្កៀងជ្រុង ពាក់ស្លាក់លេខភ្នំពេញ 1T0467 តែម្នាក់ឯងចេញពីសាលារៀនបឹងកេងកង។
សាក្សីដែលជាសិស្សសាលាបឹងកេងកងបាននិយាយឲ្យដឹងថា ព្រឹកថ្ងៃទី ២១ ខែ មិថុនា នេះ សិស្សថ្នាក់ទី១២ មានការប្រឡងនៅតាមសាលា។ បន្ទាប់ពីប្រឡងចប់ នារីរងគ្រោះ កេត ចរិយា ក៏បានជិះម៉ូតូតាមផ្លូវលេខ៣៩២ ពីលិចមកកើត ឆ្ពោះមកផ្សារបឹងកេងកង ដែលមានម្ដាយកំពុងលក់ដូរនៅទីនោះ។
ប៉ុន្តែពេលនាងជិះម៉ូតូមកដល់ ផ្លូវបំបែកត្រសក់ផ្អែម ស្រាប់តែរថយន្តCorolla មួយគ្រឿងបើកដូចហោះពីជើងទៅត្បូង បុកម៉ូតូនាងទាំងកំរោលតែម្ដង។ ម៉ូតូរបស់នាងខ្ទាតទៅម្ខាងផ្លូវ ហើយនាងត្រូវរថយន្តកិនចំក្បាល បណ្ដាលឲ្យបែកមួកការពាររហូតដល់របួសក្បាលឈាមយ៉ាងជោកជាំ ហើយបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈពេលរថយន្តសង្គ្រោះបន្ទាន់បញ្ជូនដល់មន្ទីរពេទ្យ។
សាក្សីបានបញ្ជាក់ប្រាប់ប៉ូលិសថា រថយន្តបង្កហេតុបើកបរដោយក្មេងស្ទាវម្នាក់។ រថយន្តនេះបើកយ៉ាងលឿនដោយមានការប្រដេញតាមដោយម៉ូតូមួយគ្រឿង ពីរគ្រឿងសុទ្ធតែក្មេងស្ទាវដូចគ្នា ហាក់បីដូចជាមានជម្លោះឬក៏ប្រឡែងគ្នាលេង។ ក្រោយពីបង្កគ្រោះថ្នាក់ រថយន្តកាន់តែបន្ថែមល្បឿនឆ្ពោះទៅត្បូងគេចខ្លួនបាត់ទៅ។ សាក្សីជាច្រើននាក់ដែលប៉ូលិសបានសាកសួរនៅកន្លែងកើតហេតុបាននិយាយ ថា រថយន្តបង្កហេតុខាងលើម៉ាក COROLLA ពណ៌ពងក្រសារ ពាក់ស្លាកលេខភ្នំពេញ2B-3418។
តាមរយៈការបង្ហាញអំពីស្លាកលេខរថយន្តខាងលើ ប៉ូលិសនៅតាមដងផ្លូវបានចាំឃ្លាំមើលប៉ុន្តែមិនបានជួបប្រទះនៅ ឡើយទេ។ ទោះបីជាយ៉ាងនេះក្ដីប៉ូលិសអះអាងថា ស្គាល់ស្លាកលេខប៉ុណ្ណឹងហើយ មិនពិបាកក្នុងការស្វែងរកអ្នកបើកបរ និងម្ចាស់រថយន្តនោះឡើយ។
ប៉ូលិសនិយាយថា : រថយន្តបានរំលោភទាំងស្រុងលើច្បាប់ចរាចរ ដោយបើកបរលឿនហួសប្រមាណ ទោះបីជាមកដល់ផ្លូវបំបែកត្រូវបន្ថយល្បឿនក្ដី៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh
No comments:
Post a Comment