Thursday, June 12, 2008

ស្ត្រី​៣​នាក់​ជាប់​ចោទ​លូក​ហោប៉ៅ​យក​លុយ​សន្តិសុខ​ផ្សារ​ស៊ិនជូរីផ្លាហ្សា​ចាប់​ឱ្យ​ប៉ូលិស​


ស្ត្រីវ័យក្មេងប្រកបរបរជាជនទុចរិត (រូបថត ចោមចៅ)

រាជធានីភ្នំពេញ ៖ ស្ត្រីជាប់សង្ស័យ៣នាក់ បានត្រូវក្រុមសន្តិសុខយាមផ្សារស៊ិនជូរីផ្លាហ្សាចាប់ខ្លួនប្រគល់ ទៅឱ្យប៉ូលិសធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីពួកគេធ្វើសកម្មភាពលូក ហោប៉ៅអាវយកលុយពីស្ត្រីម្នាក់ដែលកំពុងដើររកទិញម្ហូបនៅក្នុងផ្សារខាងលើ ។

ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១០ មិថុនា ឆ្នាំ ២០០៨ នៅក្នុងផ្សារស៊ិនជូរីផ្លាហ្សាដែល មានទីតាំងស្ថិតនៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្ត្រីដែលត្រូវសន្តិសុខផ្សារចាប់ខ្លួនប្រគល់ឱ្យប៉ូលិសនោះរួមមាន១-ឈ្មោះយោន ភួង អាយុ១៩ឆ្នាំ ២-ឈ្មោះ គឹម ស្រីម៉ៅ អាយុ២០ឆ្នាំ ៣-ឈ្មោះរស់ ស្រីនួន អាយុ១៨ឆ្នាំ ពួកគេទាំង៣នាក់ស្នាក់នៅផ្ទះជួលក្នុងភូមិ ប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌដង្កោ ។ ចំណែកឯស្ត្រីដែលត្រូវជនសង្ស័យខាងលើធ្វើសកម្មភាព លូកយកលុយនោះ ឈ្មោះអាត សារ៉ន អាយុ៣៤ឆ្នាំ ជាកម្មការិនីសំណង់មានទីលំនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌដង្កោបានអះអាងថា បាត់លុយអស់ចំនួន១១០ដុល្លារ ។
តាមប្រភពព័ត៌មានមួយបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ស្ត្រីរងគ្រោះបានជិះម៉ូតូចេញពីផ្ទះជួល ឆ្ពោះទៅផ្សារស៊ិនជូរី ផ្លាហ្សា ដើម្បីរកទិញម្ហូប ។ លុះពេលទៅដល់នាងបានដើរចូលទៅក្នុងផ្សារ ពេល នោះស្រាប់តែស្ត្រីសង្ស័យទាំង៣នាក់បានធ្វើសកម្មភាព​លូក​ហោ​ប៉ៅ​យក​លុយ​តែ​ម្តង​ ។​ ក្នុងសកម្មភាពនោះ ត្រូវបានគេដឹងថា ស្ត្រីសង្ស័យម្នាក់បានប្រើល្បិចធ្វើជាដើរបុកស្ត្រីរងគ្រោះ ហើយបក្សពួកម្នាក់ជាអ្នកឆ្លៀត ឱកាសលូកហោប៉ៅអាវយកលុយ ។ ក្រោយពេលលូកយកបានលុយហើយគេបានយកលុយនោះហុច បណ្តោះទៅឱ្យបក្សពួកម្នាក់ទៀតយ៉ាងរហ័សប្រៀបដូចអ្នកលេង​សៀក​រហស្សកម្ម​ដូច្នេះ​ដែរ​ ។
ប្រភពដដែលបានបន្តទៀតថា ក្នុងខណៈនោះដោយសារតែស្ត្រីរងគ្រោះមានការឈ្លាសវៃដែរក៏បានដឹងថា ជន សង្ស័យលូកយក​លុយ​ពី​ក្នុង​ហោប៉ៅ​អាវ​របស់​ខ្លួន​ហើយ​ ក៏បានស្រែកឆោឡោឱ្យគេជួយ ។ ភ្លាមៗនោះប្រជា ពលដ្ឋដែលទៅរកទិញអីវ៉ាន់ និងសន្តិសុខយាមផ្សារខាងលើ ក៏បាននាំគ្នាដេញព័ទ្ធចាប់បានទាំង៣នាក់តែម្តង។
ក្រោយពេលចាប់ស្ត្រីទាំង៣នាក់បាន ក្រុមសន្តិសុខពុំបានប្រគល់ទៅឱ្យប៉ូលិសមូលដ្ឋានភ្លាមៗទេ គឺបាននាំយក ទៅឃុំខ្លួននៅក្នុងប៉ុស្តិ៍យាមរបស់ខ្លួនរហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ទើប​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​ ។​ ប្រភព ដដែលបានបន្តទៀតថា នៅពេលទទួលជនសង្ស័យពីក្រុមសន្តិសុខ ប៉ូលិសឆែកខ្លួនប្រទះឃើញមានលុយតែ ១០ដុល្លារប៉ុណ្ណោះ ចំណែកឯលុយ១០០ដុល្លារទៀតមិនឃើញឡើយ។ គេពុំដឹងថា លុយទាំងនោះត្រូវក្រុម សន្តិសុខដកទុក ឬបែបណានោះទេ ប៉ុន្តែស្ត្រីរងគ្រោះបានអះអាងថា លុយរបស់ខ្លួនដែលបាត់មានចំនួន ១១០ដុល្លារ។ ក្រុមជនសង្ស័យបានបំភ្លឺប្រាប់ប៉ូលិសថា ក្រោយពេលចាប់ខ្លួនពួកគេក៏ត្រូវក្រុមសន្តិសុខ ធ្វើការ ឆែកឆេរខ្លួនប្រាណរកលុយដែរ តែពុំដឹងថា ក្រុមសន្តិសុខទាំងនោះយកលុយដែលពួកគេលួចបានចំនួនប៉ុន្មាន និង ទុកប៉ុន្មាននោះឡើយ ។
មន្ត្រីប៉ូលិសនិយាយថា កន្លងមកសន្តិសុខផ្សារខាងលើក៏ដូចជាសន្តិសុខផ្សារមួយចំនួនទៀតដែរ ពេលចាប់ បានចោរលួច ចោរលូកហោប៉ៅ ឬចោរបន្លំយកកាឡៃដូរមាសជាដើម ពួកគេពុំបានប្រគល់ឱ្យប៉ូលិសភ្លាមៗទេ ច្រើនតែយកទៅកាន់ប៉ុស្តិ៍របស់ខ្លួនគោះរកលុយ បើបានលុយដោះលែងភ្លាម ប៉ុន្តែបើគោះលុយមិនបាន ទើប ប្រគល់ឱ្យប៉ូលិសធ្វើការសាកសួរ ។ ដូចជាពេលនេះពួកគេចាប់បានចោរលូកហោប៉ៅយកទៅសួរនាំអស់ចិត្ត ទើបប្រគល់ឱ្យប៉ូលិស តែអ្វីដែលធ្វើឱ្យមានបញ្ហាកើតឡើង គឺបាត់លុយជនរងគ្រោះចំនួន១០០ដុល្លារពុំដឹងថា នរណាជាអ្នកយកបន្តឡើយ ។


ដកស្រង់ចេញពីគេហទំព័រ http://www.kohsantepheapdaily.com.kh

No comments: