នៅក្នុងពិធីផ្ដល់រង្វាន់ដល់សិស្សពូកែទូទាំងប្រទេស ទូទាំងរាជធានីភ្នំពេញនៅក្នុងវិទ្យាល័យអនុវត្តនាព្រឹកថ្ងៃទី ៩ ខែ មិថុនា នេះអ្វីដែលជាការភ្ញាក់ផ្អើលនោះគឺ នៅពេលដែលអ្នកស្រីនាយិកាវិទ្យាល័យអនុវត្ត បានប្រកាសថា រឹតតែពិសេសជាងនេះទៅទៀតនោះគឺនៅថ្ងៃទី ៥ មីនា ២០០៨ នេះសិស្ស ជា សុវណ្ណារាជ រៀនថ្នាក់ទី ១០ «គ» ប្រឡងជាប់លេខ១ បានទទួលមេដាយមាស ផ្នែកគណិតវិទ្យាក្នុងការប្រឡងគណិតវិទ្យាពិភពលោកតាមរយៈ អ៊ីនធឺណិត។
ជា សុវណ្ណារាជ កើតនៅថ្ងៃទី ២២ ខែ មីនា ១៩៩៤ នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជា សុវណ្ណារាជ ជាកូនទោលក្នុងគ្រួសារដែលមានឪពុកឈ្មោះ ជា សុផល ជាសាស្ត្រាចារ្យបង្រៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងម្ដាយឈ្មោះ ផល្លី ដា ជាមេផ្ទះ។
រស្មីកម្ពុជាបានជួបដោយផ្ទាល់ជាមួយមាតាបិតារបស់ ជា សុវណ្ណរាជ ដល់លំនៅស្ថានដែលស្ថិតនៅផ្ទះលេខ ១៥៣អឺអង ផ្លូវលេខ ២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោក ជា សុផល ជាមួយនឹងអ្នកស្រី ផល្លី ដា បានស្វាគមន៍យើងដោយរាក់ទាក់ និងស្និទ្ធស្នាល។ នៅក្នុងលំនៅស្ថានដែលមានទំហំតូចល្មម តែមានការរៀបចំប្រកបដោយសណ្ដាប់ធ្នាប់ ម្ចាស់ផ្ទះបានអញ្ជើញយើងអង្គុយនៅលើសាឡុងដោយបង្ហាញនូវសញ្ញាប័ត្រ និងមេដាយមាសកូនប្រុសរបស់លោកដែលទទួលបាន។ នៅពីក្រោយមេដាយមាសនោះមានឆ្លាក់ឈ្មោះជាភាសាអង់គ្លេសដាក់ថា WORLD MATHS DAY នៅពីក្រោមជាបន្តបន្ទាប់ទៀតមានអក្សរ 5 March 2008 ឈ្មោះ sivanreach Chea អក្សរ Mathlatics Home User និងចុងក្រោយមានសរសេរអក្សរថា First Place Cambodia។ នៅផ្នែកខាងមុខនៃមេដាយមានរូបផែនទីពិភពលោកនៅចំកណ្ដាល និងព័ទ្ធជុំវិញដោយទង់ជាតិប្រទេសចំនួន១២។ បន្ទាប់មកគឺសញ្ញាប័ត្រចំនួន២សន្លឹក ដែលមានសរសេរជាអក្សរអង់គ្លេសបញ្ជាក់ឈ្មោះសញ្ជាតិ និងពិន្ទុដែល ជា សុវណ្ណារាជ ទទួលបានដែលមានរហូត១៥៣៨១ ពិន្ទុក្នុងការប្រកួត។
លោក ជា សុផល បានមានប្រសាសន៍ថា លោកពិតជាមានការភ្ញាក់ផ្អើលយ៉ាងនៅពេលដែលភ្នាក់ងារប្រៃសណីយ៍ ប្រគល់កញ្ចប់អីវ៉ាន់ និងបើកមើលឃើញមេដាយមាសជាមួយនឹងសញ្ញាប័ត្រចំនួន២ ដែលមានឈ្មោះកូនប្រុសរបស់លោក។
លោក ជា សុផល បានថ្លែងថា លោកមានមោទនភាពខ្លាំងណាស់ក្នុងនាមឪពុកដែលកូនប្រុសបានទទួលនូវ មេដាយមាសពិភពលោកផ្នែកគណិតវិទ្យា ទោះបីការប្រគល់ឲ្យតាមរយៈការផ្ញើតាមប៉ុស្តិ៍មកឲ្យក៏ដោយ តែនេះគឺជាកិត្តិយស កេរ្តិ៍ឈ្មោះសម្រាប់គ្រួសារលោក ក៏ដូចជាសម្រាប់ជាតិកម្ពុជាទាំងមូលតែម្ដង។
លោក ជា សុផល បានបន្តថា តាមពិតបន្ទាប់ពីប្រឡងបានមួយសប្ដាហ៍រួចមក លោកបានទទួលអ៊ីមែលមួយពីប្រទេសអូស្ត្រាលី អបអរសាទរចំពោះជ័យលាភីដែល សុវណ្ណារាជ ទទួលហើយគេបានផ្ញើឯកសារឲ្យ សុវណ្ណារាជ បំពេញដើម្បីទៅទទួលយកមេដាយនេះនៅប្រទេសអូស្ត្រាលីតែម្ដង។ ក៏ប៉ុន្តែក្រោយមកបានបញ្ជាក់មកវិញជាមួយការសុំទោស ដោយសារ សុវណ្ណារាជ នៅជាកុមារ ដូចនេះការធ្វើដំណើរអាចជួបការលំបាកច្រើនទើបគណៈកម្មការសម្រេចផ្ញើ មេដាយនេះមកឲ្យនៅប្រទេសនីមួយៗវិញ ហើយយើងទើបទទួលកាលពីថ្ងៃទី ២ មិថុនា ២០០៨នេះ។
លោក ជា សុផល បានបន្តថា ដំបូងលោកមិនមានបំណងឲ្យអ្នកផ្សេងដឹងអំពីជ័យលាភីរបស់កូនប្រុស នោះទេ ហើយកូនប្រុសលោកក៏មិនចង់ឲ្យមិត្តភក្ដិរបស់ខ្លួនដឹងដែរ។ ក៏ប៉ុន្តែភរិយារបស់លោក ដោយត្រេកអរជាមួយការខិតខំរបស់កូន និងជ័យលាភីរបស់កូនក៏បានជម្រាបរឿងនេះជូនដល់អ្នកស្រីនាយិកា វិទ្យាល័យអនុវត្តបានដឹង ហើយចំពេលដែលសាលាក៏បានធ្វើពិធីប្រគល់រង្វាន់ជូនសិស្សពូកែនោះ លោកស្រីនាយិកាក៏បានបញ្ចូលឈ្មោះកូនប្រុសលោកទៅក្នុងចំណោមសិស្ស ឆ្នើមប្រចាំសាលា ហើយទទួលបានរង្វាន់លើកទឹកចិត្តជាសម្ភារៈសិក្សាមួយចំនួនផងដែរ។
ជា សុវណ្ណារាជ ដែលមានចរិតសុភាពរាបសា បានប្រាប់ឲ្យដឹងថាពេលទំនេរប្អូនតែងមើលទូរទស្សន៍ប៉ុស្តិ៍ CN ដែលជាប៉ុស្តិ៍គំនូរជីវចល ហើយថ្ងៃមួយប្រទះឃើញសេចក្ដីជូនដំណឹងអំពីការប្រឡងគណិតវិទ្យា ដែលធ្វើឲ្យប្អូនចាប់អារម្មណ៍យ៉ាងខ្លាំងរង់ចាំថ្ងៃនោះមកដល់ គឺនៅថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០០៨ ដែលការប្រឡងមានរយៈ ពេល២ថ្ងៃ ក្នុងរយៈពេល៤៨ម៉ោង។ ក៏ប៉ុន្តែប្អូនប្រឡងបានតែប្រមាណ៨ម៉ោងប៉ុណ្ណោះ ព្រោះជាប់រៀន មានតែម៉ោងទំនេរពេលយប់ប្អូន បានទៅជួលអ៊ីនធឺណិតមួយម៉ោង ១.០០០រៀល នៅក្បែរផ្ទះចូលរួមប្រកួតឆ្លើយជាមួយសំណួរនៅលើអ៊ីនធឺណិត ដែលមួយសំណួរៗមានរយៈ ពេលឆ្លើយតែមួយនាទីប៉ុណ្ណោះ បើឆ្លើយត្រូវ ឬមិនត្រូវគឺវាលោតចេញសំណួរថ្មីទៀត ហើយប្អូនចេះតែព្យាយាមឆ្លើយបានស្ទើរគ្រប់សំណួរដោយប្រើខួរក្បាល គិតយ៉ាងរហ័សជាទីបំផុត។
នៅក្នុងឯកសារដែលភ្ជាប់មកជាមួយមេដាយមាសនោះ បានបង្ហាញឲ្យឃើញថា នៅក្នុងការប្រឡងសិស្សដែលទទួលបានពិន្ទុខ្ពស់ ហើយទទួលបានមេដាយមាសនោះមានចំនួន១០នាក់ហើយអ្នកទទួលបានពាន រង្វាន់ចំនួន ១០០នាក់ ក្រៅពីនេះសិស្សរាប់ពាន់នាក់ទៀតទទួលបានត្រឹមលិខិតបញ្ជាក់ និងលិខិតសរសើរ។
ការប្រឡងនេះមានសិស្សនៅជុំវិញពិភពលោកបានចូលរួម។ នេះជាលើកទីមួយដែលសិស្ស ជា សុវណ្ណារាជ សិស្សនៃប្រទេសកម្ពុជាបានចូលរួមប្រឡងតាមអ៊ីនធឺណិត ហើយទទួលបានមេដាយមាសថែមទៀត។
លោក ជា សុផល បានបន្តថា សុវណ្ណារាជ ជាកូនដ៏ល្អប្រកបដោយគន្លងធម៌ ស្ដាប់បង្គាប់ឪពុក ម្ដាយគោរពចាស់ទុំ ពិសេសនោះគឺគេជាសិស្សល្អដែលទទួលបានការសរសើរពីលោកគ្រូអ្នក គ្រួដោយសារតែគេរៀនពូកែ ជាប់ចំណាត់ថ្នាក់លេខ១ និងលេខ២ជារៀងរាល់ខែ តាំងពីថ្នាក់តូចមកម្ល៉េះ។ មកដល់ពេលនេះគេទទួលបានសញ្ញាប័ត្រ និងលិខិតបញ្ជាក់ការសិក្សាចំនួន១១ ដែលសុទ្ធតែជាជ័យលាភីល្អប្រសើរទាំងផ្នែកភាសាអង់គ្លេស និងកុំព្យូទ័រ។
ការទទួលបានមេដាយមាសរបស់ ជា សុវណ្ណារាជ គួរតែត្រូវបានទទួលការលើកទឹកចិត្តច្រើនជាងនេះបើទោះបីជាការ ប្រឡងតាមអ៊ីនធឺណិតក៏ដោយ តែនោះគឺជាការប្រឡងនៅទូទាំងពិភពលោកដែលមានប្រទេសជាង១០០ចូលរួម និងមានសិស្សរាប់សែននាក់ចូលរួមប្រកួត។ គេសង្ឃឹមថា ក្រសួងអប់រំ និងរដ្ឋាភិបាលប្រាកដជាផ្ដល់នូវការលើកទឹកចិត្តចំពោះ ជា សុវណ្ណារាជ ម្នាក់ប៉ុណ្ណោះ ដែលបានចូលរួមការប្រឡងនេះ៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh
No comments:
Post a Comment