Tuesday, June 3, 2008

ជីវិត​ពិត​របស់​ខ្ញុំ!

កំពង់​ឆ្នាំង​៖ ក្មួយ​ស្រី​ ហ៊ាន​ ស្រីម៉ា​ ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​៦​ (ក) នៃ​សាលា​បឋម​សិក្សា​គំរូ​ក្រុង​ខេត្ត​កំពង់​ឆ្នាំង។ ក្មួយ​ស្រី​កើត​នៅ​ថ្ងៃ​ទី​៦​ ខែ​សីហា​ ១៩៩៥​ មាន​បង​ប្អូន​បង្កើត​ទាំងអស់​៤​នាក់​ហើយ​ពួក​គេ​ គឺ​ជា​ក្មេង​កំព្រា​ឪពុក​ម្ដាយ​ស្លាប់​​ដោយ​សារ​ជំងឺ​អេដស៍។ សព្វ​ថ្ងៃ​ពួក​គេ​រស់​នៅ​លើ​ខ្ទម​ក៏​តូច​មួយ​ ស្ថិត​នៅ​ក្នុង​ភូមិ​កណ្ដាល​ ឃុំ​កំពង់​ឆ្នាំង​ ស្រុក​កំពង់​ឆ្នាំង​ ដោយ​មាន​ការ​មើល​ថែ​ពី​ជី​ដូន​ចាស់។

នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​ ក្មួយ​ស្រី​ ហ៊ាន​ ស្រីម៉ា​ បាន​រៀបរាប់​ពី​ជីវិត​ពិត​របស់​ក្មួយ​ដែល​រស់​នៅ​ក្នុង​នាម​ជា​ក្មេង​កំព្រា ​ក្រីក្រ​ ដែល​តស៊ូ​​ដើម្បី​​រស់​ផង​ និង​ដើម្បី​រៀន​សូត្រ​ផង​ យ៉ាង​លំបាក​លំបិន​គួរ​ឲ្យ​អាសូរ​បំផុត។

ក្មួយ​ស្រី​បាន​រៀបរាប់​ថា​ នាង​ខ្ញុំ​គឺ​ជា​កូន​ទី​៤​ក្នុង​ចំណោម​បង​ប្អូន​បង្កើត​៤​នាក់​ ដោយ​មាន​ផ្ទុក​មេរោគ​អេដស៍​ចម្លង​ពី​ឪពុក​ និង​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​ផង។ នាង​ខ្ញុំ​រស់​នៅ​ក្នុង​សង្គម​ត្រូវ​​បាន​អ្នក​ជិត​ខាង​ជួយ​មើល​ការ​ ខុសត្រូវ​អាណិត​អាសូរ​នៅ​ពេល​ខ្លះ​មិត្ត​ភក្ដិ​មាន​ផ្ទះ​នៅ​ជិត​គ្នា​ គេ​បាន​ឲ្យ​នំ​ចំណី​ហូប​ហើយ​ចំណែក​ថវិកា​ចាយ​វាយ​រាល់​ថ្ងៃ​ គឺ​បាន​អង្គការ​ជួយ​ជា​ទឹក​ប្រាក់​ខ្លះៗ។ នៅ​ផ្ទះ​បាន​លោក​យាយ​ជួយ​មើល​ការ​ខុស​ត្រូវ​បន្តិចបន្តួច​ ពី​ព្រោះ​គាត់​មាន​អាយុ​ច្រើន​ណាស់​ទៅ​ហើយ។ រីឯ​នៅ​មន្ទីរពេទ្យ​បាន​ផ្ដល់​ថ្នាំ​សម្រាប់​ឲ្យ​ខ្ញុំ​ហូប​ជា​ប្រចាំ។

រាល់​ថ្ងៃ​គ្រួសារ​ខ្ញុំ​មាន​ម្ហូប​អាហារ​មិន​គ្រប់គ្រាន់​សម្រាប់​ហូប​ ចុក​ទេ​ នៅ​ពេល​ខ្លះ​ប្រាក់​សម្រាប់​ទិញ​អង្ករ​ដាំ​បាយ​ហូប​ បង​ខ្ញុំ​ត្រូវ​ដើរ​ខ្ចី​បុល​គេ​ ពីព្រោះ​ប្រាក់​ដែល​អង្គការ​ជួយ​ត្រូវ​ចាត់​ចែង​ទិញ​សំលៀកបំពាក់​ សម្ភារៈ​សិក្សា​និង​ចំណាយ​ផ្សេងៗ​ទៀត។ មុន​ពេល​ទៅ​សាលារៀន​បើ​មាន​បាយ​កក​នៅ​សល់​ខ្ញុំ​ហូប​ ហើយ​ទុក​​ឲ្យ​បង​ប្រុស​ខ្ញុំ​បន្តិច​ នៅ​មុន​ពេល​គាត់​ចេញ​ទៅ​ធ្វើ​ការ​​ ហើយ​រាល់​ថ្ងៃ​ខ្ញុំ​ទៅ​រៀន​គ្មាន​ប្រាក់​សម្រាប់​ទិញ​បាយ​ បបរ​ ឬ​នំ​ចំណី​ហូប​ឡើយ។ នាង​ខ្ញុំ​មាន​សំលៀកបំពាក់​សម្រាប់​មក​រៀន​តែ​​មួយ​កំប្លេ​ប៉ុណ្ណោះ​ នៅ​ពេល​យប់​ខ្ញុំ​ធ្វើ​កិច្ចការ​ដែល​អ្នក​គ្រូ​ដាក់​ឲ្យ​ ដោយ​ចង្កៀង​ប្រេងកាត​ នៅ​ពេល​ណា​អស់​ប្រេង​គ្មាន​ប្រាក់​ទិញ​នាង​ខ្ញុំ​បាន​បិទ​សៀវភៅ​ទុក​ ហើយ​ចាំ​ទៅ​ធ្វើ​បង្ហើយ​នៅ​សាលា។

នាង​ខ្ញុំ​មាន​សុខភាព​ខ្សោយ​ដោយ​មាន​ផ្ទុក​នូវ​មេរោគ​អេដស៍​ឧស្សាហ៍​ហត់។ ឯ​បង​ប្រុស​របស់​ខ្ញុំ​​ឧស្សាហ៍​ឈឺ​ក្បាល​ អស់​កម្លាំង​ល្ហិតល្ហៃ។ ការ​សិក្សា​របស់​នាង​ខ្ញុំ​បាន​លទ្ធផល​ជា​មធ្យម។ ទោះ​ជា​​មាន​កិច្ចការ​រវល់​យ៉ាង​ណា​ក្ដី​ ក៏​ខ្ញុំ​ឆ្លៀត​នៅ​ពេល​យប់​អាន​សៀវភៅ​ និង​ធ្វើ​កិច្ចការ​ដែល​អ្នក​គ្រូ​ដាក់​ឲ្យ។

នៅ​ក្នុង​គ្រួសារ​របស់​នាង​ខ្ញុំ​ មិន​ធ្លាប់​មាន​ជម្លោះ​នឹង​គ្នា​ទេ​ ខ្ញុំ​ស្រឡាញ់​បងប្អូន​និង​អាណិត​យាយ​ខ្ញុំ​ណាស់​ នៅ​ពេល​រៀន​ខ្ញុំ​ស្រឡាញ់​មិត្តភក្ដិ​ និង​គោរព​លោក​គ្រូ​ អ្នក​គ្រូ​ នាង​ខ្ញុំ​ចង់​រៀន​ឲ្យ​បាន​ចប់​ថ្នាក់​ទី​១២​ ដើម្បី​ប្រឡង​ចូល​ធ្វើ​ការ​រក​ប្រាក់​ជួយ​សម្រួល​ការ​លំបាក​ជីវភាព​ក្នុង​​ គ្រួសារ​ ប៉ុន្តែ​ប្រហែល​ជា​គ្មាន​វាសនា​ទេ​ ព្រោះ​អី​លោក​យាយ​របស់​ខ្ញុំ​​មាន​សុខភាព​ខ្សោយ​ និង​ការ​រក​ប្រាក់​ដើម្បី​ផ្គត់ផ្គង់​ទៅ​ថ្ងៃ​អនាគត​មិន​បាន។ ខ្ញុំ​ចង់​ឲ្យ​គ្រួសារ​​ខ្ញុំ​មាន​ជីវភាព​ធូរធារ​ មាន​ការងារ​ធ្វើ​ និង​ចង់​ឲ្យ​លោក​យាយ​ខ្ញុំ​មាន​សុខភាព​ល្អ​ មាំមួន​ មិន​ចង់​ឃើញ​ មិន​ចង់​ជួប​នូវ​អំពើ​ហិង្សា​ និង​ពាក្យ​តិះដៀល​ពី​អ្នក​ដទៃ​ឡើយ។

ខ្ញុំ​ចង់​ឲ្យ​លោក​នាយក​ លោក​គ្រូ​ អ្នក​គ្រូ​ និង​មិត្តភក្ដិ​ទាំងអស់​ ជួយ​ផ្ដល់​ជា​គំនិត​សិក្សា​ដល់​ខ្ញុំ​ និង​មេត្តា​ជួយ​ឧបត្ថម្ភ​ជា​សម្ភារៈ​សិក្សា​ និង​ថវិកា​ដល់​នាង​ខ្ញុំ​ផង​ដើម្បី​ឲ្យ​​នាង​ខ្ញុំ​បាន​រៀន​សូត្រ​បន្ត​ទៀត។ ខ្ញុំ​អរគុណ​លោក​យាយ​ខ្ញុំ​ ដែល​បាន​ចិញ្ចឹម​មើល​ថែ​ខ្ញុំ​ និង​អរគុណ​លោក​គ្រូ​ អ្នកគ្រូ​ព្រម​ទាំង​មិត្ដភក្ដិ​ទាំងអស់​ដែល​បាន​ជួយ​ផ្ដល់​ជា​សម្ភារៈ​ សិក្សា​ ថវិកា​ និង​បាន​ជួយ​ផ្ដល់​​ជា​កម្លាំង​ចិត្ត​ដល់​ខ្ញុំ​ក្នុង​ការ​រៀន​សូត្រ៕

ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh

No comments: