ភ្នំពេញ ៖ ស្ត្រីពីរនាក់ទៀត ដែលត្រូវគេបោកយកទៅធ្វើទាសករផ្លូវភេទ និងទាសករកម្លាំង ក្រោមរូបភាពរៀបការទៅរស់នៅកោះតៃវ៉ាន់នោះ បានវិលមកកាន់ប្រទេសកម្ពុជាវិញហើយក្រោមការជួយសម្របសម្រួលរបស់ អង្គការក្រៅរដ្ឋាភិបាលមួយ។ ពួកនាងជាស្ត្រីទី២ និងទី៣ ដែលបានរំដោះផុតពីនរកនៅកោះតៃវ៉ាន់នោះ បន្ទាប់ពីនារីទី១ បានមកដល់កម្ពុជាកាលពីខែមុន។
នាង ស.គ និង នាង ឡ.ហ មានដើមកំណើតជាអ្នកស្រុកកោះធំ ខេត្តកណ្ដាល។ នាង ស.គ បានប្រាប់រស្មីកម្ពុជាថា ពួកនាងអាចចាកចេញពីកោះតៃវ៉ាន់មកដល់ប្រទេសកំណើតវិញដោយសារការ ជួយជ្រោមជ្រែងសម្របសម្រួលពី អង្គការខារ៉ាមខាំបូឌៀ សហការជាមួយបណ្ដាញ Migrant Forum Asia មានមូលដ្ឋាននៅកោះតៃវ៉ាន់ និងអង្គភាពអន្តោប្រវេសន៍តៃវ៉ាន់។ នាង ស.គ បានរំពឹងថា រស់នៅកោះតៃវ៉ាន់អាចមានសេចក្ដីសុខជាមួយស្វាមី ដែលជាបុរសតៃវ៉ាន់ ហើយអាចមានប្រាក់កាសផ្ញើមកគ្រួសារនៅឯស្រុកកំណើត ដើម្បីជួយបន្ថយភាពក្រីក្រដល់បងប្អូនឪពុកម្ដាយ។ ប៉ុន្តែអ្វីៗវាមិនដូចការរំពឹងគិតនោះទេ។ នាងរំលឹកថា ពេលទៅដល់ទឹកដីកោះតៃវ៉ាន់ នាងបានជួបប្ដីហេងស៊យរបស់នាងប្រមាណ៣នាទីប៉ុណ្ណោះ នៅឯព្រលានយន្តហោះ បន្ទាប់មកបុរសនោះគេចខ្លួនបាត់។ នាងក៏ត្រូវបានគេនាំទៅធ្វើការនៅកន្លែងលក់សាច់ជ្រូក មាន់ ទា មួយកន្លែង។ នៅទីនោះហើយដែលនាងទទួលនូវការរំលោភបំពានលើផ្លូវកាយ និងផ្លូវចិត្ត។ ក្បាលរបស់នាងម្ដងម្កាលបានបែកចេញឈាមសស្រាក់ដោយសារថៅកែវាយនឹង វែក ឬស្លាបព្រា ដោយមិនបានព្យាបាល ឬយកទៅពេទ្យទេ ព្រោះខ្លាចអាជ្ញាធរតៃវ៉ាន់ដឹង។ ការវាយដំលើរូបនាង ពីព្រោះតែនាងមិនចេះស្ដាប់ភាសាចិន ហើយគេដៀលថាល្ងង់។
នាង ស.គ បានរៀបរាប់ទាំងទឹកភ្នែកថា «ខ្ញុំមិននឹកស្មានថា បានមកផ្ទះជួបជុំឪពុកម្ដាយបងប្អូនវិញទេ ពីព្រោះកាលរស់នៅឯកោះតៃវ៉ាន់ គ្មានដំណឹង គ្មានការទាក់ទងមកស្រុកកំណើត ហើយពីមួយថ្ងៃទៅមួយថ្ងៃទទួលរងនូវការវាយធ្វើបាបពីថៅកែ ព្រមទាំងធ្វើការស្ទើរគ្មានម៉ោងឈប់សម្រាកទេ»។
ដោយឡែកប្ដីហេងស៊យរបស់នាងវិញ មិនដឹងធ្វើអ្វីប្រាកដទេនៅតៃវ៉ាន់នោះ។ នាងគ្រាន់តែស្គាល់ថា ឈ្មោះ ឌឺយ៉ាំងចុងស៊ឺ ដោយឮតាមគេហៅរហូតមកដល់ពេលនេះនាងមិនដឹងថាប្ដីហេងស៊យនោះរស់ នៅឯណា? និងទៅជាយ៉ាងណាទេចំពោះផ្លូវច្បាប់របស់តៃវ៉ាន់។
ដោយឡែកនាង ឡ.ហ វិញក៏មានស្រុកកំណើតនៅឃុំស្រុកជាមួយនាង ស.គ ដែរ។ នាង ឡ.ហ បានប្រាប់រស្មីកម្ពុជាថា មុនត្រូវចាកចេញទៅកោះតៃវ៉ាន់ ម្ដាយឪពុកនាងមិនយល់ព្រមទេ «ប៉ុន្តែដោយគ្រួសារខ្ញុំក្រពេក ខ្ញុំសម្រេចចិត្តដោយខ្លួនឯងរៀបអាពាហ៍ពិពាហ៍ជាមួយបុរសតៃវ៉ាន់ សង្ឃឹមថានឹងអាចបានប្រាក់ខ្លះដើម្បីជួយដល់ឪពុកម្ដាយប៉ុន្តែវា ផ្ទុយស្រឡះខ្ញុំត្រូវគេបោកយកទៅលក់នៅលើកោះតៃវ៉ាន់ អស់ជិតបួនឆ្នាំ»។
នាង ឡ.ហ បានចាកចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម ហើយបន្តឆ្ពោះទៅកោះតៃវ៉ាន់ កាលពីអំឡុងខែ មករា ឆ្នាំ ២០០៥។ ក្នុងរយៈពេលនោះ នាងបានជួបមុខប្ដីហេងស៊យរបស់នាងតែម្ដងគត់នៅព្រលានយន្តហោះ ប្រទេសវៀតណាម ហើយប្ដីនាងបានសន្យាថានឹងទៅជួបគ្នានៅតៃវ៉ាន់។ នាងរំលឹកថា ពេលទៅដល់កោះតៃវ៉ាន់មិនបានជួបប្ដីហេងស៊យនោះទេ ប៉ុន្តែបែរជាត្រូវគេយកទៅឲ្យធ្វើការនៅកន្លែងលក់សាច់ជ្រូកវិញ ហើយបន្ទាប់មកបន្តនាំនាងឲ្យធ្វើការនៅកន្លែងរង្គសាលម៉ាស្សា។ ទីនោះហើយ ដែលអំពើរំលោភបំពានលើកម្លាំងពលកម្ម និងរាងកាយបានកើតឡើងលើរូបនាងកាន់តែធ្ងន់ធ្ងរឡើងចំណែកប្រាក់ ប្រចាំខែក៏ត្រូវបានថៅកែដែលនាំនាងទៅកាត់យកស្ទើរអស់ក្នុងមួយ ខែៗ ដោយសារយកលេសថាពុំទាន់សងគេរួចក្នុងការចំណាយ មុនត្រូវបានមកដល់កោះតៃវ៉ាន់។
លោក យ៉ា ណាវុធ នាយកប្រតិបត្តិនៃអង្គការខារ៉ាមខាំបូឌៀ បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលអង្គការលោកបានសហការជាមួយបណ្ដាញ Migrant Forum Asia ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ និងអង្គភាពអន្តោប្រវេសន៍តៃវ៉ាន់ ធ្វើអន្តរាគមន៍ដើម្បីនាំស្ត្រីទាំងនេះវិលត្រឡប់មកមាតុប្រទេសវិញ។
លោក យ៉ា ណាវុធ បានបញ្ជាក់ថា បើតាមការប៉ាន់ប្រមាណ មានស្ត្រីខ្មែរប្រមាណជា ៥.០០០នាក់ទៀតកំពុងរស់នៅលើកោះតៃវ៉ាន់ ចំនួនភាគច្រើននៃពួកគេបានរៀបអាពាហ៍ពិពាហ៍ជាមួយបុរសតៃវ៉ាន់។
ទាក់ទិននឹងការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេស សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងនាឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០០៧ និងលើកទិសដៅការងារឆ្នាំ២០០៨ របស់ក្រសួងមហាផ្ទៃដែលមានខ្លឹមសារថា តាមការអង្កេតជាក់ស្ដែង ការរៀបអាពាហ៍ពិពាហ៍មួយចំនួនបានធ្វើឡើងដោយសុំច្បាប់ត្រឹមត្រូវ និងមានគោលបំណងដើម្បីរួមរស់ជាគ្រួសារប្ដីប្រពន្ធពិតប្រាកដមែន ប៉ុន្តែទន្ទឹមនឹងនេះក៏មានអាពាហ៍ពិពាហ៍មួយចំនួនជាអាពាហ៍ពិពាហ៍ ក្លែងក្លាយ បោកបញ្ឆោត ដោយមានអ្នករត់ការជាខ្សែបណ្ដាញ ឬបើកក្រុមហ៊ុនអាជីវកម្មធ្វើបែបបទរៀបចំឡើងគ្រាន់តែជារូបភាពអាច នាំនារីខ្មែរទៅបរទេសសម្រាប់ធ្វើស្ត្រីបម្រើការការតាមផ្ទះ ឬត្រូវគេលក់ឲ្យទៅមេបនដើម្បីបម្រើផ្លូវភេទ។ ដូច្នេះសម្ដេចតេជោ បានស្នើសុំឲ្យផ្អាកជាបណ្ដោះអាសន្ននូវការអនុញ្ញាតឲ្យរៀប អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជាជាមួយជនបរទេស៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh
No comments:
Post a Comment