Thursday, June 12, 2008

ប្លន់​ផ្ទះ​អ្នក​លក់​មាស​កក្រើក​ទី​រួម​ខេត្ត​ព្រះវិហារ

លំនៅឋានប្រជាពលរដ្ឋដែលចោរបានឡើងប្លន់កាលពីយប់ (រូបថត វន្ថា)

ខេត្តព្រះវិហារ ៖ អំពើចោរកម្មប្លន់ប្រដាប់អាវុធដែលមិនធ្លាប់កើតមាននៅទីរួមខេត្តព្រះវិហារ ដែលជាខេត្ត ដាច់ស្រយាលមួយ បានធ្វើឱ្យមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា។ នោះ គឺសកម្មភាពប្លន់ផ្ទះអ្នកលក់មាសទាំងក្បាល ព្រលប់ ដែលគិតជាទឹកប្រាក់បាត់បង់អស់ចំនួនជាង១ម៉ឺនដុល្លារ ។ អំពើប្លន់នេះក៏បានធ្វើឱ្យម្ចាស់ផ្ទះ២នាក់ប្តី-ប្រពន្ធរងរបួសផងដែរ ហើយក្រុមជនសង្ស័យក៏បានគេចខ្លួនបាត់ស្រមោល ។ ចំណែកសមត្ថកិច្ចជំនាញ បានត្រឹមអះអាងថា កំពុងធ្វើការស្រាវជ្រាវវែកមុខក្រុមចោរនោះហើយ ដើម្បីនាំខ្លួនឱ្យតុលាការកាត់ទោស ទៅតាមច្បាប់ ។


យោងតាមសេចក្តីរាយការណ៍ពីអំពើប្លន់ ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលជាទូទៅនៅទីរួមខេត្តព្រះវិហារ នេះបានឱ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១០ ខែមិថុនា ក្រុមជនសង្ស័យចំនួន៥នាក់ ប្រដាប់ ដោយកាំភ្លើងចំនួន៤ដើម ដែលក្នុងនោះមានកាំភ្លើងខ្លីចំនួន៣ដើម និងកាំភ្លើងវែងចំនួន១ដើម បានចូល ទៅធ្វើសកម្មភាពប្លន់ក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្នុងភូមិសំរោង ឃុំកំពង់ប្រណាក ស្រុកត្បែង មានជ័យ គឺស្ថិតនៅចំកណ្តាលទីរួមខេត្តព្រះវិហារតែម្តង ។ ម្ចាស់ផ្ទះរងគ្រោះមានប្តីឈ្មោះយី ប៉េង អាយុ ៤៣ឆ្នាំ ជានាយទាហានស្រាវជ្រាវរបស់អគ្គបញ្ជាការកងទ័ពជើងគោក និង ភរិយាឈ្មោះជួន វណ្ណាបុល ជាអ្នករកស៊ីលក់មាស និងប្តូរប្រាក់ក្នុងផ្សារកំពង់ប្រណាក ។ តាមប្រភពព័ត៌មានឱ្យដឹងទៀតថា នៅពេល មានអំពើប្លន់នេះ គឺខណៈពេលដែលម្ចាស់ផ្ទះជាប្រពន្ធកំពុងរៀបចំទុកដាក់របស់របរ ហើយចូលបន្ទប់ទឹក រីឯប្តីដេកមើលទូរទស្សន៍នៅលើផ្ទះស្រាប់តែមានជនសង្ស័យចំនួន៤នាក់ បានឡើងទៅលើផ្ទះ និងបានយក កាំភ្លើងខ្លីវាយក្បាលបុរសជាប្តីផ្ទួនៗគ្នា ធ្វើឱ្យបែកក្បាលហូរឈាម ហើយមិនតែប៉ុណ្ណោះពួកចោរបានយកដំបង វាយថែមទៀត រួចយកខ្សែចងដៃទាំងពីរមិនឱ្យរើបំរះ រួចហើយទើបពួកគេនាំគ្នារើកកាយពេញផ្ទះរហូត ដល់រកឃើញកេសដែក១ ដែលក្នុងកេសនោះមានមាសនិងប្រាក់ដែលជាទំនិញដាក់តាំងលក់ជា​ប្រចាំ​នៅ​ក្នុង​ ទូដែលមានទឹកប្រាក់សរុប ប្រមាណជាង១០.០០០ដុល្លារអាមេរិក។ ចំណែកឯប្រពន្ធដែលកំពុងងូតទឹកនៅក្នុង បន្ទប់ទឹកនោះពេលឮស្នូរសំលេងប្រតាយប្រតប់គ្នានៅលើផ្ទះក៏បានចេញពី​បន្ទប់​ទឹក​ តែអកុសលត្រូវបានចោរ ម្នាក់ដែលចាំនៅក្រោមផ្ទះចាប់ដៃជាប់ ហើយវាយនឹងស្នាប់កាំភ្លើងខ្លីចំគុម្ពត្រចៀកបណ្តាលឱ្យគាត់ងងឹត មុខដូល រួចហើយចោរម្នាក់នោះបានចាប់អូសគាត់យកទៅបោកផ្ទប់នឹងពាងទឹកធ្វើឱ្យ​សន្លប់​បាត់​ស្មារតី​ ហើយ​ ឆ្លៀតពេលបេះយកគ្រឿងអលង្ការដែលពាក់នៅជាប់ខ្លួនទាំងអស់។

បុរសជាប្តីរងរបួសក្បាលធ្ងន់ធ្ងរដោយចោរវាយ (រូបថត វន្ថា)

តាមប្រភពព័ត៌មានថា រយៈពេល៥នាទីក្រោយមកកូនប្រុសអ្នករងគ្រោះម្នាក់អាយុ១៣ឆ្នាំ មកពីរៀនគួមិន ទាន់បានចូលក្នុងរបងផ្ទះផងក៏ត្រូវក្រុមចោរបាញ់បញ្ឆិតក្បាលមួយគ្រាប់ ធ្វើឱ្យក្មេងប្រុសរូបនោះភ័យរត់ទៅ ហៅអ្នកជិតខាងឱ្យជួយ ដែលនៅពេលនោះសមត្ថកិច្ចប៉ូលិសនិងប៉េអឹមក៏បានទៅដល់កន្លែង​កើត​ហេតុ​ដែរ ​តែបានយឺតជាងក្រុមចោរមួយជំហានទៅហើយ ពីព្រោះក្រុមចោរបានរត់គេចខ្លួនទៅបាត់អស់ ហើយ សមត្ថកិច្ចបានត្រឹមតែចូលទៅនាំជនរងគ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែក​១៦​មករា​ ដែលស្ថិតនៅក្នុងទីរួម ខេត្តប៉ុណ្ណោះ ។
តាមព័ត៌មាននៅព្រឹកថ្ងៃទី១១ មិថុនា ឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ប្តី-ប្រពន្ធ ដោយសាររងរបួស ធ្ងន់ធ្ងរពេកមិនអាចព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តបាន ក៏ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យក្រុងភ្នំពេញដើម្បី ធ្វើការសង្គ្រោះ ។
ដកស្រង់ចេញពីគេហទំព័រ http://www.kohsantepheapdaily.com.kh/

No comments: