Monday, June 16, 2008

ជួប​ជាមួយ ​សិស្ស​កម្ពុជា​ ដែល​ទទួល​បាន​មេដាយ​សំរឹទ្ធិ​ពី​ការ​ប្រឡង​អូឡាំព្យាដ​ពិភពលោក​២០០៨​ នៅ​ទួរគី​ដែល​មាន​សិស្ស​មក​ពី​១១០​ប្រទេស​ចូលរួម​

ភ្នំពេញ​៖ ក្នុង​ចំណោម​សិស្សានុសិស្ស​ចំនួន​រាប់​រយ​នាក់​មក​ពី​បណ្ដា​ប្រទេស​នានា​ ចំនួន​​១១០​ប្រទេស​នៅ​លើ​ពិភពលោក​នោះ​ កុមារី​កម្ពុជា​ម្នាក់​បាន​ក្លាយ​ជា​ម្ចាស់​​ជ័យលាភី​ចំណាត់​ថ្នាក់​លេខ​៤​ ទទួល​មេដាយ​សំរឹទ្ធិ​ពី​ការ​ប្រឡង​អូឡាំព្យាដ​ពិភពលោក​​២០០៨​ដែល​បាន​ ប្រារព្ធ​ធ្វើ​ឡើង​​នៅ​ក្នុង​​ប្រទេស​ទួរគី​កាល​ពី​អំឡុង​ពាក់កណ្ដាល​ខែ​ ឧសភា​ដល់​ដើម​ខែ​មិថុនា​ ឆ្នាំ​២០០៨​កន្លង​មក​នេះ។

ក្រោយ​ពេល​បាន​វិល​ត្រឡប់​មក​ដល់​មាតុ​ប្រទេស​វិញ​នោះ​នៅ​ក្នុង​ បទសម្ភាសន៍​មួយ​ជាមួយ​អ្នក​យក​ព័ត៌មាន​​កម្ពុជា​​ថ្មី​កាល​ពី​ចុង​សប្ដាហ៍​ កន្លង​មក​ កុមារី​កម្ពុជា​​ម្នាក់​នេះ​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា​ នាង​មាន​​ឈ្មោះ​ ជា​ ម៉ាលីនី​ សព្វ​ថ្ងៃ​មាន​អាយុ​១៥​ឆ្នាំ​ហើយ។ បច្ចុប្បន្ន​នាង​កំពុង​បន្ត​ការ​​សិក្សា​នៅ​សាលា​ ZAMAN អន្តរជាតិ​​ក្រុង​ភ្នំពេញ​ក្នុង​ថ្នាក់​​ទី​១០​ ដោយ​ជា​មួយ​គ្នា​នេះ​ នាង​ត្រូវ​បាន​​សាលា​ជ្រើសរើស​ឲ្យ​ប្រឡង​​ប្រជែង​ជាមួយ​នឹង​សិស្ស​​ផ្សេង​ ទៀត​នៅ​ក្នុង​សាលា​ដើម្បី​ទៅ​ចូល​រួម​ប្រកួតប្រជែង​នៅ​ក្នុង​ការ​ប្រឡង​ អូឡាំព្យាដ​ពិភពលោក​២០០៨​នៅ​ប្រទេស​ទួរគី។

កុមារី​ ជា​ ម៉ាលីនី​ ប្រាប់​ថា​ សំរាប់​ប្រទេស​កម្ពុជា​នាង​និង​សិស្ស​កម្ពុជា​ចំនួន​២​រូប​ផ្សេង​ទៀត​ត្រូវ​ បាន​សាលា​ ZAMAN ជ្រើសរើស​ឲ្យ​ទៅ​ចូល​រួម​​ក្នុង​ការ​ប្រឡង​អូឡាំព្យាដ​ពិភពលោក​២០០៨​នេះ​ ដោយ​នាង​បាន​ចាកចេញ​ពី​មាតុ​ប្រទេស​ទៅ​កាន់​ប្រទេស​ទួរគី​កាល​ពី​ថ្ងៃ​ទី​១២ ​ ខែ​ឧសភា​ ឆ្នាំ​២០០៨​កន្លង​មក​ ហើយ​បាន​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ​កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​មិថុនា​ ឆ្នាំ​២០០៨។

ជាមួយ​នឹង​ការ​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​នេះ​ កុមារី​ ជា​ ម៉ាលីនី​ក៏​បាន​នាំ​យក​មក​ជា​មួយ​ផង​ដែរ​នូវ​ជ័យ​លាភី​ចំណាត់​ថ្នាក់​លេខ​៤​ និង​មេដាយ​​សំរឹទ្ធិ​ពី​ការ​​ប្រឡង​​អូឡាំព្យាដ​ពិភពលោក​២០០៨​ នេះ​ផង​ដែរ។

នាង​បាន​និយាយ​ប្រាប់​ទៀត​ថា​ នៅ​ក្នុង​​ការ​ប្រឡង​នេះ​មាន​សិស្ស​រាប់​រយ​នាក់​មក​ពី​គ្រប់​​ទ្វីប​ក្នុង​ ពិភពលោក​បាន​ចូល​រួម​ប្រកួតប្រជែង​លើ​​វិញ្ញាសា​ប្រឡង​​ចំនួន​៣​គឺ​ ការ​ច្រៀង​ចម្រៀង​ ស្មូត្រ​កំណាព្យ​ និង​ការ​សរសេរ​អត្ថបទ​ដែល​ប្រើ​ជា​ភាសា​ទួរគី​ដោយ​មាន​ការ​ផ្សាយ​បន្ត​ ផ្ទាល់​តាមរយៈ​កញ្ចក់​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ​ទួរគី​ថែម​ទៀត។

ការ​ប្រឡង​ក្នុង​វគ្គ​ដំបូង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ទី​ក្រុង​អង់ការ៉ា​ ដោយ​គណៈកម្មការ​ផ្ដល់​ពិន្ទុ​បាន​សម្រេច​ជ្រើសរើស​យក​តែ​អ្នក​ទទួល​ជ័យ​លាភី ​ចំនួន​១០​នាក់​ប៉ុណ្ណោះ​ ក្នុង​នេះ​កុមារី​ ជា​ ម៉ាលីនី​ត្រូវ​បាន​គណៈកម្មការ​ផ្ដល់​ពិន្ទុ​សម្រេច​​ការ​ជ្រើសរើស​ឲ្យ​ស្ថិត ​ក្នុង​ជ័យលាភី​នេះ​ពោល​ គឺ​សម្រាប់​កុមារ​ដែល​រស់​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​តែ​នាង​ ម្នាក់​ និង​សិស្ស​ម្នាក់​ទៀត​ដែល​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី​​តែ​ប៉ុណ្ណោះ។

កុមារី​ ជា​ ម៉ាលីនី​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​​ថា​ ដោយ​ឡែក​នៅ​ក្នុង​វគ្គ​ប្រឡង​ផ្ដាច់​ព្រ័ត្រ​ នាង​ទទួល​បាន​​ជ័យ​លាភី​ចំណាត់ថ្នាក់​លេខ​៤​ ដែល​ក្នុង​នោះ​ការ​ផ្ដល់​ពិន្ទុ​គេ​ក៏​ធ្វើ​ឡើង​តាមរយៈ​ការ​ផ្ញើសារ​ SMS ពី​ទស្សនិកជន​ផង​ដែរ។

ការ​ប្រឡង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ត្រូវ​​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ ទីក្រុង​អ៊ីស្ដាំប៊ូល​នៃ​ប្រទេស​ទួរគី​ ដោយ​ក្នុង​នោះ​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​លើ​សិស្ស​ដែល​មក​ពី​ប្រទេស​ អាហ្សាបៃហ្សង់​ លេខ​​២​បាន​ទៅ​លើ​សិស្ស​ដែល​មក​ពី​ប្រទេស​ទួរម៉ានីស្ថាន​ លេខ​៣​បាន​ទៅ​លើ​សិស្ស​ដែល​មក​ពី​ប្រទេស​តាចាគីស្ថាន​ និង​លេខ​៤​ គឺ​បាន​មក​លើ​រូប​នាង​ផ្ទាល់​តែ​ម្ដង។

ក្រោយ​ការ​ទទួល​ជ័យលាភី​នេះ​ នាង​ត្រូវ​បាន​ទទួល​ការ​អញ្ជើញ​ពី​ស្ថានីយ​ទូរទស្សន៍​ជាតិ​នៃ​ប្រទេស​ទួរគី​ ឲ្យ​ចូលរួម​ក្នុង​ការ​សម្ភាសន៍​ផ្សាយ​បន្ត​ផ្ទាល់។

កុមារី​ ជា​ ម៉ាលីនី​ ប្រាប់​ថា​ នៅ​ក្នុង​កម្មវិធី​សម្ភាសន៍​នេះ​ មជ្ឈដ្ឋាន​ទស្សនិកជន​ទូទៅ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​នៅ​ពេល​ដែល​គេ​ បាន​ឮ​ថា​ នាង​ជា​សិស្ស​មក​ពី​ប្រទេស​កម្ពុជា។

នាង​បាន​និយាយ​ប្រាប់​ទស្សនិកជន​ទូទៅ​អំពី​ស្ថានភាព​ភូមិសាស្ត្រ​ និង​អំណោយ​ផល​ធម្មជាតិ​​ដ៏​ល្អ​របស់​ប្រទេស​កម្ពុជា​​ហើយ​ពិសេស​បំផុត​នោះ​ នាង​ក៏​បាន​និយាយ​ប្រាប់​ទស្សនិកជន​ទូទៅ​អំពី​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​ របស់​ប្រទេស​កម្ពុជា​​ដែល​មាន​ប្រាសាទ​អង្គរវត្ត​ ប្រាសាទ​បុរាណ​នានា​ជា​ច្រើន​​រួម​ទាំង​សម្បត្តិ​ធម្មជាតិ​វប្បធម៌​ និង​អរិយធម៌​ដ៏​ល្អ​ជា​ច្រើន​ទៀត​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទូទៅ​ផង​ ដែរ។

គួរ​បញ្ជាក់​បន្ថែម​ថា​ កុមារី​ ជា​ ម៉ាលីនី​ គឺ​ជា​ប្អូន​ស្រី​បង្កើត​របស់​លោក​ ជា​ វិបុល​ អតីត​ Freshie Boyចំណាត់ថ្នាក់​​លេខ​១​កាល​ពី​ឆ្នាំ​២០០៣​ ដែល​បច្ចុប្បន្ន​ជា​ពិធីករ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​​របស់​ស្ថានីយ​ទូរទស្សន៍​ រាជធានី​ភ្នំពេញ​ប៉ុស្តិ៍​លេខ​៣។

នាង​ជា​កូន​ទី​៤​ ក្នុង​ចំណោម​បងប្អូន​បង្កើត​ចំនួន​៤​នាក់​ដែល​មាន​ឪពុកម្ដាយ​​បម្រើ​ការងារ​ នៅ​ក្នុង​ស្ថានទូត​សហរដ្ឋអាមេរិក​ក្រុង​ភ្នំពេញ​ប្រចាំ​ប្រទេស​កម្ពុជា។

កុមារី​ ជា​ ម៉ាលីនី​ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​​ដែរ​ថា​ នៅ​ក្នុង​ប្រឡង​អូឡាំព្យាដ​ពិភពលោក​២០០៨​នេះ​ ក៏​មាន​សិស្ស​មក​ពី​សហរដ្ឋអាមេរិក​ ប្រេស៊ីល​ កាណាដា​ បារាំង​ និង​អង់គ្លេស​ជា​ដើម​ចូល​រួម​ប្រកួតប្រជែង​​ផង​ដែរ​ ដែល​ក្នុង​នេះ​កម្មវិធី​ប្រឡង​ធ្វើ​ឡើង​ក្នុង​គោលបំណង​ឲ្យ​យុវជន​​យុវនារី​ និង​យុវសិស្ស​ទូទាំង​ពិភពលោក​បាន​ស្គាល់​គ្នា​ ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ឲ្យ​មាន​សាមគ្គីភាព​ល្អ​រវាង​គ្នា​នឹង​គ្នា​ថែម​ទៀត​ផង។

នៅ​ចុង​បញ្ចប់​នៃ​បទសម្ភាសន៍​ កុមារី​​ ជា​ ម៉ាលីនី​ ក៏​បាន​ធ្វើ​ការ​ផ្ដាំ​ផ្ញើ​ដល់​សិស្សានុសិស្ស​ខ្មែរ​ទាំងអស់​​ខិតខំ​ ប្រឹងប្រែង​ក្នុង​​ការ​រៀន​សូត្រ​ដើម្បី​ក្រេប​ជញ្ជក់​យក​ចំណេះដឹង​​ទៅ​ បម្រើ​សង្គម​គ្រួសារ​ និង​សង្គម​ជាតិ​ឲ្យ​មាន​ការ​រីកចម្រើន​ទ្វេ​ឡើង​ថែម​ទៀត៕


ដកស្រង់​ចេញ​ពី​គេហទំព័រ http://women.open.org.kh

No comments: