ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវផិតក្បត់លួចមានសហាយជាមួយសង្ឃ ដែលបែកធ្លាយក្នុងគ្រួសារមួយ កាលពីចុងខែឧសភា ត្រូវបានក្លាយជាពាក្យបណ្តឹងជាសាធារណៈដាក់ចូលអធិការដ្ឋានប៉ូលិសស្រុកអន្លង់វែង ដោយបុរសជាប្តីបានប្តឹងប្រឆាំងទៅនឹងភិក្ខុសង្ឃមួយអង្គថា បានលួចសេពមេថុនជាមួយប្រពន្ធរបស់ខ្លួន ទីបំផុតសង្ឃដែលលួចរួមមេត្រីជាមួយប្រពន្ធគេនោះ ក៏ត្រូវបានចាប់ផ្សឹកឱ្យទៅជាគ្រហស្ថ ដែលនេះគឺជា ទោសកំហុសចៀសមិនផុតមួយគឺខ្លួនបួសជាបព្វជិត តែបានលួចប្រព្រឹត្តកាមកិលេសប្រាសចាកវិន័យ ។
ទោះបីជាបែបណា រឿងរ៉ាវនេះជាបញ្ហាបុគ្គលមិនមែនជារឿងអាស្រូវបង្កឱ្យខូចឈ្មោះក្នុងវិស័យព្រះពុទ្ធ សាសនានោះឡើយ។
តាមប្រភពព័ត៌មានទាក់ទងនឹងព្រះសង្ឃលួចសេពមេថុនជាមួយប្រពន្ធគេនេះ ត្រូវបានរាយការណ៍ឱ្យដឹងថា សង្ឃនាម វណ្ណ សុជាតិ ព្រះជន្ម៣៥ឆ្នាំ គង់នៅវត្តពុទ្ធោភវនា ដែលស្ថិតនៅក្នុងភូមិត្រពាំងត្រាវ ឃុំត្រពាំងត្រាវ ស្រុកអន្លង់វែង ត្រូវបានទទួលនូវការចោទប្រកាន់ពីបុរសឈ្មោះចក់ ឈុន អាយុ៥២ឆ្នាំ មានមុខរបរជាអ្នកដើរលេងភ្លេងការ និងជាប្តីរបស់នាងមឿន សុខា អាយុ២៣ឆ្នាំ ជាស្ត្រីមានកូន១ ។ តាមការចោទប្រកាន់នោះបានឱ្យដឹងកាលពីថ្ងៃទី២៨ ឧសភា ចុងខែកន្លងមកនេះថា នៅវេលាម៉ោង៨យប់ ភិក្ខុសង្ឃ ដែលលួចប្រតិព័ទ្ធស្នេហាលើនាងមឿន សុខា នោះបានឆក់ឱកាសដែលបុរសជាប្តីរបស់នាងទៅដេក នៅផ្ទះប្រពន្ធចុងក៏បានលួចរួមមេត្រីជាមួយនាង ។ ភាពមិនគប្បីនេះមិនបានរំលង ពីស្ត្រីជាម្តាយដែលនៅក្នុង ផ្ទះជាមួយឡើយ ទើបមានការផ្តល់ដំណឹងដល់បុរសជាប្តី ក៏ឈានទៅដាក់ពាក្យប្តឹងជុំវិញព្រះសង្ឃលួច បេះដូងប្រពន្ធរបស់ខ្លួននេះ ។
ស្ត្រីដែលលង់ស្នេហ៍ជាមួយសង្ឃអាយុ២៣ឆ្នាំ និងបុរសជាប្តីអាយុ៥២ឆ្នាំ (រូបថត សំរោង)
ស្ត្រីវ័យក្មេងមានប្តីចំណាស់លួចមានសហាយជាមួយព្រះសង្ឃ បានសារភាពថា នាងបានស្រឡាញ់គ្នាទៅវិញ ទៅមកជាមួយសង្ឃអង្គនេះយូរមកហើយ។ នាងធ្លាប់រាប់អានគ្នាតាំងពីភិក្ខុសង្ឃនេះមិនទាន់បួសម៉្លេះ លុះ បានបួសរៀនក៏នៅតែមកលេងផ្ទះនាងព្រោះនៅក្បែរវត្ត ។ ការរាប់អានបន្តិចម្តងៗ ក៏កើតមានចិត្តស្រឡាញ់ គ្នា ណាមួយនាងក៏មិនមែនជាប្រពន្ធដើមគេដែរ គឺប្រពន្ធទី៤ទៅហើយ ។ លុះដល់ប្តីរបស់នាងមិននៅផ្ទះ ព្រោះរវល់តែទៅដេកសប្បាយនៅតែផ្ទះប្រពន្ធទី៣ នាងត្រូវបានព្រះសង្ឃព្រះនាម វណ្ណ សុជាតិ មកផ្ទះគេង ជាមួយនាងរហូតម្តាយបង្កើតរបស់នាងទាន់ ក៏បានប្រាប់ប្តីនាងឱ្យទៅប្តឹងប៉ូលិស ។
នាងបានបញ្ជាក់ថា ប្តីរបស់នាងមានប្រពន្ធរហូតទៅដល់៤នាក់ តែសព្វថ្ងៃនៅសល់តែ៣នាក់ទេ ប្រពន្ធទី១មាន អាយុ៥០ឆ្នាំ បានចូលទៅនៅវត្ត ឯប្រពន្ធទី២ក៏ទៅមានប្តីទៀត នៅសល់ប្រពន្ធទី៣នៅក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ឯនាងគឺជាប្រពន្ធទី៤ ។
សង្ឃនាម វណ្ណ សុជាតិ លោកបានបដិសេធថា មិនបានសេពមេថុនជាមួយគ្នាទេ តែបានទទួលស្គាល់ថា លោកបានសុំស្រឡាញ់នាង គឺបាននិយាយមែន តែត្រង់ថា ចូលទៅរួមដំណេកនោះ ពុំមានទេ តែក្នុង អំឡុងយប់នោះ លោកបានមកគង់នៅផ្ទះអាចារ្យម្នាក់ មិនដូចពាក្យចោទប្រកាន់នោះឡើយ។ ទោះជាមាន ការបដិសេធន៍យ៉ាងណាក៏ដោយ គណៈកម្មការវត្តដែលបានចូលរួមធ្វើការដោះស្រាយនោះរួមមាន ព្រះគ្រូ ព្រះនាម សោម រ៉ន តំណាងព្រះអនុគណស្រុកអន្លង់វែង, ព្រះនាមរិន មុនីរ័ត្ន តំណាងវិន័យធរ, ព្រះនាម ហ៊ួ រនតៈ តំណាងព្រះធម្មធរ និងលោកឈាត នី មន្ត្រីធម្មការស្រុកអន្លង់វែង បានសំរេចចោទជាឯកឆន្ទ ទៅលើសង្ឃនាម វណ្ណ សុជាតិ ថា បានប្រព្រឹត្តខុសនិងបរាជិក ដោយមានការអះអាងពីស្ត្រីឈ្មោះមឿន សុខា ថា ព្រះសង្ឃបានទៅរួមដំណេកជាមួយនាង ។ ទោះបីលោកមិនទទួលស្គាល់ តែលោកបានទទួលស្គាល់ថា លោកបាននិយាយសុំស្រឡាញ់រូបនាងទាំងខ្លួនស្ថិតនៅជាសង្ឃ ហើយការចេញពីវត្តទៅគង់នៅខាងក្រៅវត្ត ធ្វើឱ្យខុសនឹងវិន័យសង្ឃទៅហើយ គឺត្រូវតែផ្សឹកលោកមិនអាចទុកនៅតទៅទៀតនាំឱ្យខូចដល់វិស័យព្រះពុទ្ធ សាសនាឡើយ ហើយនៅវេលាម៉ោង៥ល្ងាចថ្ងៃទី៨ មិថុនា បន្ទាប់ពីផ្សឹកហើយ ក៏បានប្រគល់មកឱ្យសមត្ថកិច្ច ប៉ូលិសចាត់វិធានការដោះស្រាយនៅអធិការដ្ឋានស្រុកតាមនីតិវិធី ។
បើតាមការឱ្យដឹងពីមន្ត្រីប៉ូលិសនិយាយថា បន្ទាប់ពីបានប្រគល់អតីតសង្ឃឱ្យប៉ូលិសរួចមក សមត្ថកិច្ចបានធ្វើការ សំរបសំរួលគ្នា ដើម្បីបញ្ចប់រឿងអាស្រូវនេះ ដោយពុំមានតម្រូវឱ្យបង់ជាថវិកាសងជំងឺចិត្ត ឬបែបណា នោះឡើយ ។
No comments:
Post a Comment