ខេត្តកំពង់ឆ្នាំង ៖ សិស្សវិទ្យាល័យម្នាក់ ក្នុងចំណោមពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារត្រូវក្រពើ មួយក្បាលខាំ ខណៈដែលគេចុះទៅចាប់កាលពីវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី១០ មិថុនា ២០០៨ នៅ ក្នុងស្រះទឹកដែលសិស្សនោះស្នាក់នៅចាំដីឱ្យគេ ស្ថិតក្នុងភូមិស្រែព្រីង ឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ។
ក្រុមគ្រូពេទ្យដែលបានធ្វើការលាងរបួស និងដេរមុខរបួសឱ្យសិស្សដែលរងគ្រោះ ដោយសត្វក្រពើខាំនេះ បានប្រាប់ថា ជនរងគ្រោះឈ្មោះជា ចេងហាក់ អាយុ១៦ឆ្នាំ ស្នាក់នៅក្នុងខ្ទមចាំដីឱ្យគេនៅភូមិ-ឃុំកន្លែង កើតហេតុខាងលើ មានទីលំនៅពិតប្រាកដភូមិកោះថ្កូវ ឃុំព្រៃគ្រី ស្រុកជលគីរី ចំណែកម្នាក់ទៀតដែល គ្រាន់តែរបួសបន្តិចបន្តួចនោះ ពុំស្គាល់ឈ្មោះទេ ។ តាមការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរ ស្រះទឹកនោះ បានប្រាប់ថា ស្រះទឹកនោះជារបស់មន្ត្រីសុរិយោដីម្នាក់ ហើយសិស្សវិទ្យាល័យព្រះបាទសុរាម្រឹត ដែលមានផ្ទះនៅឆ្ងាយដោយសារស្គាល់គ្នាក៏សុំខ្ទមដែលសង់លើមាត់ស្រះទឹកនោះស្នាក់នៅដើម្បីរៀនសូត្រ។
នៅថ្ងៃកើតហេតុក្មេងប្រុសទាំងនោះបានចុះដងទឹកស្រះដែលមានជំរៅត្រឹមចង្កេះមនុស្សចាស់ និងមានកូន ឈូក និងស្មៅដុះពេញ ក៏ស្រាប់តែប្រទះឃើញក្រពើមួយក្បាលមានប្រវែងប្រហែល១,៧០ម៉ែត្រ នៅ មាត់ស្រះទឹកដែលពុំដឹងជារួចពីណាមកទេ។ ពេលឃើញដូចនោះ ពួកគេទាំងពីរនាក់ក៏នាំគ្នាចុះចាប់ ប៉ុន្តែខណៈ ជិតចាប់បានហើយ ក៏ត្រូវក្រពើរើរួច ហើយបកខាំជនរងគ្រោះ ឈ្មោះជា ចេងហាក់ បណ្តាលឱ្យរបួសជា ទម្ងន់។ ខណៈនោះដែរ ក្មេងប្រុសម្នាក់ទៀតក៏ទាញបានដំបងវាយទៅលើក្រពើនោះ រំដោះជនរងគ្រោះឱ្យរួច ផុតពីចង្កូមក្រពើ រួចដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។ ក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះត្រូវ ក្រពើខាំភ្លៅខាងឆ្វេងយ៉ាងខ្លាំង បណ្តាលឱ្យរបួសធ្ងន់ ដេរ២៥ថ្នេរនិងរបួសដៃខាងស្តាំដេរ១៨ថ្នេរ។
ដោយឡែកក្មេងប្រុសម្នាក់ផ្សេងទៀត ដែលស្នាក់នៅជាមួយតែពុំបានចូលរួមចាប់ក្រពើទេនោះប្រាប់ថា ព្រឹក នោះក្រោយពីងើបពីដេក រូបគេនៅក្នុងខ្ទម ហើយក៏ស្រាប់តែឃើញសិស្សពីរនាក់នោះស្ទុះចូលក្នុងស្រះ ចាប់ ក្រពើ តែត្រូវក្រពើខាំ ឯរូបគេក៏ចូលទៅជួយដែរ ទើបឈ្មោះហាក់រួចខ្លួន។ តាមប្រភពព័ត៌មានដដែលបន្តថា សត្វក្រពើនេះ បានរួចពីទ្រុងចំនួនពីរក្បាលនៅល្ងាចថ្ងៃទី៩ មិថុនា និងមានខាំស្ត្រីម្នាក់បណ្តាលឱ្យរបួសដែរ នៅល្ងាចនោះ បន្ទាប់មកវាបានឡើងមកសម្ងំក្នុងស្រះដែលក្មេងពីរនាក់នោះឃើញចាប់បណ្តាលឱ្យរបួស។
បច្ចុប្បន្នក្រពើមួយក្បាលនៅក្នុងស្រះទឹកនោះនៅឡើយ ដែលពុំទាន់ចាប់ចេញទេ ព្រោះរង់ចាំម្ចាស់ដោះ ស្រាយ ប៉ុន្តែពុំដឹងថាជាក្រពើរបស់ម្ចាស់មួយណាទេ ព្រោះនៅម្តុំភូមិស្រែព្រីង និងភូមិត្រពាំងចិក្សានោះ សំបូរដោយអ្នកចិញ្ចឹមក្រពើច្រើនកន្លែង ។
ក្មេងប្រុសជំទង់ម្នាក់បានប្រាប់ថា ក្រពើនៅម្តុំនេះបានរួចស្ទើររៀងរាល់ឆ្នាំ ជួនកាលអ្នកស្រុកចាប់យកទៅលក់ ចំណែកក្មេងរងគ្រោះប្រហែលជាចង់បានយកទៅលក់ហើយ ទើបនាំគ្នាចាប់ដោយគ្មានបច្ចេកទេសបណ្តាល ឱ្យរងគ្រោះបែបនេះ ។
No comments:
Post a Comment