ខេត្តកំពត ៖ បាតុភូតធម្មជាតិឥតមេត្តាបានបង្កើតឱ្យមានសោកនាដកម្មគួរឱ្យរន្ធត់ គឺ២នាក់ប្តីប្រពន្ធ ត្រូវ រន្ទះបាញ់ស្លាប់ទាំង២នាក់បន្សល់ទុកកូនប្រុសស្រី៧នាក់ឱ្យកំព្រាកណ្តាលព្យុះភ្លៀង ។
ហេតុការណ៍រន្ទះបាញ់នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី៨ មិថុនា ខណៈពេលដែល ២នាក់ប្តី-ប្រពន្ធជិះម៉ូតូឌុបគ្នាមកពីផ្សារកំពង់ត្រាច ហើយផ្ទៃមេឃបង្កភាពអួអាប់ធ្លាក់ភ្លៀង និងខ្យល់ បោកបក់ ក៏បង្ខំចិត្តចូលជ្រកភ្លៀងនៅរោងម៉ាស៊ីនកិនស្រូវមួយស្ថិតនៅ ក្នុងភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ហើយក៏ជួបគ្រោះអកុសលបែប នេះតែម្តង។
បើតាមលោកសេង សំអុល នាយប៉ុស្តិ៍ប៉ូលិសរដ្ឋបាលឃុំបឹងសាលាខាងជើងបានប្រាប់កោះសន្តិភាពថា ក្រោយ ពីកើតហេតុដូចខាងលើហើយ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈ្មោះលឹម ផាត ហៅយឺត អាយុ៣៥ឆ្នាំ បានរត់ មកប្តឹងប៉ូលិសថា មានរន្ទះបាញ់មនុស្សស្លាប់ពីរនាក់នៅក្នុងរោងម៉ាស៊ីនរបស់ខ្លួន ។ ពេលប៉ូលិសមកពិនិត្យ ដំបូង អ្នកស្លាប់ទាំងពីរនាក់មិនមាននរណាបានស្គាល់អត្តសញ្ញាណថានៅទីណាទេ ហើយការស្លាប់ទាំងពីរនាក់ នេះ ក៏មិនមានការចាប់អារម្មណ៍ថា ជាប្តីប្រពន្ធដែរ លុះប៉ូលិសឆែកមើលនៅនឹងខ្លួនបុរសជាប្តី ទើបដឹងថា ជនរងគ្រោះជាប្តី ឈ្មោះញ៉េ ប៊ុណ្ណា អាយុ៣៧ឆ្នាំ ឯប្រពន្ធ ឈ្មោះគង់ រឿន អាយុ៤១ឆ្នាំ នៅភូមិកោះត្នោត ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ។
សពបុរសជាប្តីដែលរន្ទះបាញ់ស្លាប់(រូបថត នាយកឺប)
លោកសេង សំអុល បានឱ្យដឹងទៀតថា នៅនឹងខ្លួនជនរងគ្រោះគេឃើញមានលុយខ្មែរមួយលានរៀល ទូរស័ព្ទដៃមួយ និងម៉ូតូធុនសេ១០០ ផលិតនៅប្រទេសចិន ពណ៌ខ្មៅមួយគ្រឿង ។
គ្រួសាររងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ទាំង២នាក់ប្តីប្រពន្ធនេះ ទើបតែលក់ដីភូមិ និងស្រែអស់កាលពីពេល ថ្មីៗកន្លងទៅបានជាង៦ពាន់ដុល្លារ ហើយត្រូវទៅទិញដីនៅខេត្តសៀមរាប ដោយនាំកូនប្រុសស្រីទាំង៧នាក់ ទៅផង ប៉ុន្តែមិនទាន់បានទៅទេ ដោយគិតថានាំប្រពន្ធទៅផ្សារទិញអង្ករ និង អីវ៉ាន់មួយចំនួនសិន ទំរាំដល់ ថ្ងៃទៅខេត្តសៀមរាប ។ ក្រោយពីទិញអីវ៉ាន់ហើយ ក៏ជិះម៉ូតូឌុបគ្នាត្រឡប់មកផ្ទះវិញ លុះមកដល់ចំណុច ភូមិព្រៃទប់ ក៏មានភ្លៀង និងព្យុះទើបចូលទៅជ្រកភ្លៀងក្នុងរោងម៉ាស៊ីនស្រូវ។
បើតាមស្ត្រីជាម្ចាស់រោងម៉ាស៊ីនកិនស្រូវនិយាយថា មុនពេលកើតហេតុប្រពន្ធជនរងគ្រោះបានឈរផ្អែកនឹង សសររោងម៉ាស៊ីនមិនទាន់ដោះក្រណាត់ភ្លៀងផង ចំណែកប្តីឈរក្នុងរោងម៉ាស៊ីនឃ្លាតគ្នាប្រហែលជា៣ម៉ែត្រ ពីប្រពន្ធ រីឯក្មេងៗចំនួន២នាក់ទៀតជាកូនរបស់គាត់ (ម្ចាស់រោងម៉ាស៊ីន) អង្គុយនៅក្នុងរោងនោះដែរ ។ ខណៈនោះស្រាប់តែមានផ្លេកបន្ទោរព្រាកៗ និងមានរន្ទះផង ហើយស្ត្រីជាប្រពន្ធបានដួល ឯប្តីក៏ដួលដែរ ចំណែក ក្មេងៗ២នាក់គ្រាន់តែសន្លប់ ។ នៅលើសាកសពទាំង២នាក់ប្តីប្រពន្ធ គេឃើញមានស្នាមរោលខ្មៅ និងស្នាម ជាំនៅខាងខ្នង ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។
ដកស្រង់ចេញពីគេហទំព័រ http://www.kohsantepheapdaily.com.kh/
No comments:
Post a Comment