ខេត្តបាត់ដំបង ៖ សិស្សសាលារាប់រយនាក់ រួមទាំងអ្នកហែក្បួនគណបក្សនយោបាយផង ភ្ញាក់ផ្អើលទាំងព្រឹក បន្ទាប់ពីរថយន្តទំនើបមួយគ្រឿងម៉ាកវីហ្គោបានបោះពួយបុករះបង្គោលភ្លើង ដាំលំអសួនច្បារមាត់ស្ទឹងសង្កែ បាក់អស់ចំនួន៣ដើម កាលពីម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី ២៦ មិថុនា តាមបណ្តោយផ្លូវលេខ១មុខអនុ វិទ្យាល័យសោហឺ ស្ថិតក្នុងភូមិព្រែកមហាទេព ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ។ រថយន្តនោះក្រពឹតមុខខ្ទេច រីឯអ្នកបើកបររបួសតិចតូច ។ អ្វីដែលគួរឱ្យកត់សំគាល់ដែរគឺអ្នកបើករថយន្តធុនទំនើបនោះជាកូនស្រីលោក ឧកញ៉ាម្នាក់ ។
មន្ត្រីនគរបាលសណ្តាប់ធ្នាប់ស្រុកបាត់ដំបងដែលទៅពិនិត្យកន្លែងកើតហេតុនិយាយថា លោកពុំទាន់ស្គាល់ ឈ្មោះអ្នកបើកបរនៅឡើយទេ ដោយសារមានសាច់ញាតិដឹកជំលៀសចេញទៅផុតបន្តិច នៅសល់តែរថយន្ត ក្រពឹតមុខនោះប៉ុណ្ណោះ ។ ទោះជាយ៉ាងណាមានសាក្សីជាច្រើននាក់ស្គាល់ច្បាស់ថា អ្នកបើកបររថយន្តនោះ ជាកូនស្រីលោកឧកញ៉ា ដែលជាថៅកែស្ថានីយប្រេងដ៏ធំមួយក្នុងខេត្តបាត់ដំបង ។
សមត្ថកិច្ចឱ្យដឹងថា រថយន្តុនោះម៉ាកវីហ្គោពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 2A-4518 បានក្រពឹតរួញផ្នែក ខាងមុខទាំងស្រុង និងបែកកញ្ចក់ក្រោយ ប៉ុន្តែពុំបង្កឱ្យមានរបួសដល់អ្នកដំណើរទេ ។ រថយន្តបានបញ្ឈប់ ល្បឿនខណៈបុកគល់ដើមជើងគោនៅលើសួនច្បារ ក្រោយពេលបុករះបាក់បង្គោលភ្លើងលំអសួនច្បារអស់ ចំនួន៣ដើមបន្តបន្ទាប់គ្នារួចមក ។
សាក្សីភាគច្រើនជាកូនសិស្សនិយាយថា អ្នកបើកបររថយន្តទំនងជាវិលមុខ ព្រោះពេលចុះពីរថយន្តឃើញ យកដៃខ្ទប់មុខ ។ រថយន្តនោះបានបើកក្នុងល្បឿនលឿន លុះទៅដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតឡើង លើចិញ្ចើមថ្នល់ខាងស្តាំរួចកិនលើកង់សិស្សសាលាម្នាក់ក្រពឹតអស់ ។ បន្ទាប់មករថយន្តជ្រុលទៅបុករះ បង្គោលភ្លើងបាក់ដូចដើមចេកជាបន្តបន្ទាប់ ហើយចុងក្រោយទៅជាប់នឹងកំណាត់គល់ឈើលើសួន ។
សាក្សីនិយាយថា បើកុំតែបុកគល់ឈើនោះរថយន្តអាចបន្តទៅបុកបង្គោលភ្លើងទៀត ឬក៏បុកក្បួនដង្ហែ គណបក្ស និងសិស្សសាលាដែលកំពុងធ្វើចរាចរលើដងផ្លូវ ។ រថយន្តនោះត្រូវនគរបាលសណ្តាប់ធ្នាប់ស្រុក បាត់ដំបងស្ទូចយកទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ តាមសាក្សីស្គាល់ថា អ្នកបើករថយន្តនោះ ជាកូនស្រីរបស់លោកឧកញ៉ា វេង ស៊្រុន ។
ដកស្រង់ចេញពីគេហទំព័រ http://www.kohsantepheapdaily.com.kh/
No comments:
Post a Comment