Monday, June 2, 2008

គិត​ច្រើន​ មិន​ចម្រើន​អាយុ

ការ​គិត​របស់​មនុស្ស​យើង​មាន​លក្ខណៈ​មិន​ដូច​គ្នា​ឡើយ។ ការ​គិត​ច្រើន​ហួស​ហេតុ​ពេក​អាច​ធ្វើ​ឲ្យ​មាន​ផល​វិបាក​ចំពោះ​ខ្លួន​ឯឯ​ ព្រោះ​នាំ​ឲ្យ​មាន​អារម្មណ៍​សោកសៅ​ និង​​មាន​ភាព​តាន​តឹង។ ដើម្បី​សម្រួល​មិន​ឲ្យ​គិត​ច្រើន​ លោក​អ្នក​គួរ​តែ​រក​ដំណោះ​ស្រាយ​មួយ​ដ៏​ប្រសើរ​មក​អនុវត្ត ព្រោះ​កាល​ណា​ទុក​កាន់​តែ​យូរ​អាច​មាន​បញ្ហា​ធ្ងន់ធ្ងរ​បាន។

លោក​ស្រី​វេជ្ជបណ្ឌិត​ ចក​ ធីតា​ ឯកទេស​វិកល​វិទ្យា​បាន​ចូល​ខ្លួន​មក​បកស្រាយ​នូវ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​ការ ​គិត​ច្រើន​ ជូន​លោក​អ្នក​បាន​ជ្រាប​តាម​ទស្សនាវដ្ដី​សុខភាព​យើង។

ស្ថាន​ភាព​គិត​ច្រើន

គិត​ច្រើន​ជា​កង្វល់​ដែល​ពាក់​ព័ន្ធ​នឹង​ការងារ​បញ្ហា​គ្រួសារ ឬ​បញ្ហា​ផ្សេងៗ​ទៀត​ដែល​បណ្ដាល​ឲ្យ​គិត​ច្រើន​ ដោយ​សារ​ដោះ​ស្រាយ​មិន​ចេញ​ ឬ​ពិបាក​ដោះ​ស្រាយ។ បញ្ហា​នៃ​កង្វល់​អាច​មក​ពី​កង្វះ​ការ​ទទួល​ខុស​ត្រូវ​ និង​មិន​យល់​ចិត្ត​គ្នា​រវាង​អ្នក​នៅ​ជុំ​វិញ​ខ្លួន។​ បញ្ហា​នេះ​ច្រើន​កើត​លើ​លោក​អ្នក​ដែល​ឧស្សាហ៍​ ឬ​ព្យាយាម​នឹង​ការងារ ឬ​ជា​មនុស្ស​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​អ្នក​ដ៏​ទៃ​ជា​ដើម។

មូល​ហេតុ​ដែល​នាំ​ឲ្យ​គិត​ច្រើន

គ្មាន​នរណា​ម្នាក់​លើ​លោក​នេះ​មិន​ចេះ​គិត​ ឬ​គ្មាន​រឿង​ដែល​ត្រូវ​គិត​នោះ​ទេ​ គ្រាន់​តែ​តិច​ឬ​ច្រើន​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្ដែង​តែ​ប៉ុណ្ណោះ។ បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​តែងតែ​ជួប​ និង​គិត​ជា​ប្រចាំ​នោះ​មាន​ដូច​ជា​៖

បញ្ហា​គ្រួសារ​ ៖ គ្មាន​អ្វី​ពិបាក​ដោះស្រាយ​ជាង​រឿង​នេះ​ទេ ព្រោះ​បញ្ហា​គ្រួសារ​ស្មុគស្មាញ​ដោះស្រាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ រឿង​រ៉ាវ​នេះ​ ហើយ​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​មួយ​ចំនួន​ស្មុគស្មាញ​រហូត​ដល់​ក្លាយ​ជា​មាន​ វិបត្តិ។

បញ្ហា​ការងារ ៖ សង្គម​បច្ចុប្បន្ន​បញ្ហា​ការងារ​ និង​គ្រួសារ​ដើរ​ទន្ទឹម​គ្នា​។ ការងារ​មាន​ច្រើន​យ៉ាង​ខុសៗ​គ្នា​ ការងារ​មួយ​ចំនួន​ទាមទារ​ការ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ម៉ត់​ចត់​ ម្ល៉ោះ​ហើយ​ទើប​លោក​អ្នក​ចាំ​បាច់​ត្រូវ​ប្រើ​ការ​គិត​ច្រើន​ដែល​ជួន​កាល​ គិត​ហួស​កម្រិត​ធ្វើ​ឲ្យ​មាន​បញ្ហា​។ សម្ពាធ​ការងារ​ធ្ងន់ធ្ងរ បរិស្ថាន​កន្លែង​ធ្វើ​ការ​មិន​ប្រសើរ​ គ្មាន​ទំនាក់ទំនង​មិត្ត​រួម​ការងារ​សុទ្ធ​តែ​ជា​ដើម​ចម​នៃ​ការ​គិត។

បញ្ហា​សេដ្ឋកិច្ច ៖ ប្រាក់​ចំណូល​មាន​កម្រិត​តិចតួច​មិន​សមស្រប​និង​តម្រូវ​ការ​ចំណាយ​បាន​ក្លាយ ​ជា​ប្រធាន​បទ​ចម្បង​ក្នុង​ការ​គិត​ ព្រោះ​ថា​ បើ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ នោះ​គ្រប់​ចង្វាក់​នៃ​ការ​រស់​នៅ​ត្រូវ​រាំង​ស្ទះ​ ឬ​ខកខាន។

បញ្ហា​សង្គម ៖ សង្គ្រាម​ អសន្តិសុខ​ គ្រោះ​មហន្តរាយ​ និង​គ្រោះ​ធម្មជាតិ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​កង្វល់​នៅ​ក្នុង​ចិត្ត​ ភ័យ​ខ្លាច​គ្រប់​ពេល​វេលា។ នេះ​ក៏​ជា​មូល​ហេតុ​នាំ​ឲ្យ​មាន​ការ​គិត​ច្រើន​ដែរ។ បញ្ហា​សង្គម​ក៏​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្លាយ​ទៅ​ជា​អ្នក​ជំងឺ​ផ្លូវ​ ចិត្ត​ដោយ​មិន​ដឹង​ខ្លួន។

វិធី​ព្យាបាល​ការ​គិត​ច្រើន


ដើម្បី​បញ្ចៀស​ការ​គិត​ទាំង​នេះ​ លោក​អ្នក​ត្រូវ​ហ៊ាន​ទទួល​នូវ​អ្វី​ដែល​ជា​ការ​ពិត​ចំពោះ​ខ្លួន​ឯង​ និង​អ្នក​ដែល​នៅ​ជុំ​វិញ​ ព្រោះ​គ្មាន​អ្នក​ណា​ដឹង​អ្វី​ដែល​ជា​ការ​ពិត​ជាង​លោក​អ្នក​ខ្លួន​ឯង​ឡើយ​។ ប្រសិន​ជា​អាច​គិត​បែប​នេះ​បាន​នោះ​លោក​អ្នក​ប្រាកដ​ជា​ទទួល​ជោគជ័យ​សម្រាប់ ​អ្វី​កំពុង​តែ​ប្រតិបត្តិ​ ជា​ពិសេស​អាច​បំបាត់​នូវ​ការ​គិត​ច្រើន​ទៀត​ផង​។ ម្យ៉ាង​ទៀត​លោក​អ្នក​មិន​ត្រូវ​ទុក​ចិត្ត​អ្នក​ដទៃ​ច្រើន​ជាង​ខ្លួន​ឯង​នោះ​ ទេ​ ព្រោះ​អាច​មាន​វិប្បដិសារី​ នៅ​ពេល​ក្រោយ។ ប្រការ​មួយ​ទៀត​លោក​គួរ​រក​ពេល​សម្រាក​ពី​ការ​សិក្សា​ ឬ​ការងារ​ទៅ​លម្ហែ​កម្សាន្ត​ខ្លះ​ ទើប​ជួយ​កាត់​បន្ថយ​នូវ​ការ​គិត​ច្រើន​បាន។ សំខាន់​លោក​អ្នក​ត្រូវ​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ពិត​ និង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ ការ​តវ៉ា​យក​ចាញ់​ឈ្នះ​ និង​គិត​ច្រើន​ ឬ​គិត​ផ្ដេសផ្ដាស​វា​មាន​បាន​រើក​ចម្រើន​អ្វី​ឡើយ។

ផល​វិបាក​នៃ​ការ​គិត​ច្រើន​

ការ​គិត​ច្រើន​អាច​ធ្វើ​ឲ្យ​លោក​អ្នក​មួយ​ចំនួន​ទៅ​ជា​អ្នក​ជំងឺ​ផ្លូវ​ ចិត្ត។ ការ​ធ្វើ​អត្តឃាត​ចំពោះ​ខ្លួន​ឯង​គឺ​ដោយ​សារ​ពិបាក​ក្នុង​អារម្មណ៍​ ឬ​ចាក​ចេញ​ពី​ផ្ទះ​ និង​បង្ក​ជម្លោះ​ជា​មួយ​អ្នក​ដទៃ​ជា​ដើម​។ លោក​អ្នក​មាន​ទឹក​មុខ​ស្រពាប់​ស្រ​ពោន​ និង​កាយ​វិការ​សោះ​អង្គើយ​ ជា​មួយ​អ្នក​នូវ​ជុំ​វិញ​ខ្លួន​រហូត​ដល់​និយាយ​មិន​ចេញ​ទៀត​ផង។ បើ​លោក​អ្នក​មិន​ព្រម​បោះបង់​នូវ​ការ​គិត​ច្រើន​នោះ​ទេ​ ការ​ពិបាក​នឹង​ត្រូវ​ធ្លាក់​មក​លើ​ខ្លួន​ឯង​ដដែល។

វិធី​ទប់​ស្កាត់​ការ​គិត​ច្រើន

ខាង​ក្រោម​នេះ​ ជា​វិធី​មួយ​ដ៏​ល្អ​បំផុត​ចំពោះ​លោក​អ្នក​អំពី​រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​នឹង​ការ​គិត​ផ្សេងៗ។

  • គួរ​យក​បញ្ហា​មក​ដោះ​ស្រាយ​ ចៀសវាង​ការ​លាក់​ទុក​ ប្រសិន​បើ​លោក​អ្នក​អាច​ធ្វើ​ទៅ​បាន
  • ពិភាក្សា​ជា​មួយ​ដៃ​គូ​ដែល​អាច​ទុក​ចិត្ត​បាន
  • ត្រូវ​គិត​ថា​ អ្នក​ណា​ក៏​មាន​បញ្ហា​ដែរ​ មិន​អាច​ចៀស​បាន​ឡើយ
  • មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​មើល​ងាយ​ ឬ​វាយ​តម្លៃ​លោក​អ្នក​បាន​ (និយាយ​ច្រើន​ឆាប់​ទុក​ចិត្ត​អ្នក​ដទៃ)
  • មិន​ត្រូវ​មើល​មនុស្ស​ក្នុង​ផ្លូវ​ល្អ​ពេក​ឡើយ​ ព្រោះ​អាច​មាន​បញ្ហា​នៅ​ពេល​ក្រោយ​ នាំ​ឲ្យ​ខក​ចិត្ត
  • សហការ​ និង​បង្កើត​ភាព​ស្និត​ស្នាល​ជា​មួយ​អ្នក​នៅ​ជុំវិញ​ខ្លួន
  • ចៀសវាង​ទំនាស់​ឲ្យ​បាន​ច្រើន​បំផុត
  • ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ច្រើន
  • បែង​ចែក​ពេល​វេលា​ដើរ​កម្សាន្ត​
  • ត្រូវ​ប្រយ័ត្ន​ពាក្យ​សម្ដី​ដែល​អ្នក​ដទៃ​និយាយ​មក​កាន់​ខ្លួន​ ព្រោះ​មាន​អ្នក​ខ្លះ​មាន​បំណង​ល្អ​​ចំពោះ​យើង​ ហើយ​ក៏​មាន​អ្នក​ខ្លះ​មិន​ល្អ​ផង​ដែរ។

ដំបូន្មាន​អ្នក​ប្រឹក្សា

គិត​ច្រើន​ធ្វើ​ឲ្យ​លោក​អ្នក​មួយ​ចំនួន​មាន​ការ​លំបាក​ក្នុង​អារម្មណ៍​ រហូត​អាច​ទៅ​ជា​គិត​ខ្លី។ ហេតុ​ដូច​នេះ​លោក​អ្នក​គួរ​គិត​ថា​ កើត​មក​ជា​មនុស្ស​ត្រូវ​តែ​ជួប​ទាំង​ល្អ​ទាំង​អាក្រក់​។ ដើម្បី​កាត់​បន្ថយ​បញ្ហា​គិត​ច្រើន​ អ្នក​គប្បី​ធ្វើ​ដំណោះ​ស្រាយ​ចំពោះ​ខ្លួន​ឯង​ជា​មុន​សិន​ទើប​ដំណោះ​ស្រាយ​ជា ​មួយ​អ្នក​ដទៃ​បាន​សម្រេច៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh

No comments: