ខេត្តកណ្តាល ៖ បុរសម្នាក់បានផឹកថ្នាំពុលធ្វើអត្តឃាតបណ្តាលឱ្យស្លាប់ភ្លាម ដោយមិនអាចឱ្យក្រុមគ្រួសារ យកទៅសង្គ្រោះទាន់ឡើយ ។ ការប្រល័យជីវិតរបស់ខ្លួននេះ ត្រូវគេអះអាងថា បុរសនេះបានលែងលះ ជាមួយប្រពន្ធមួយរយៈហើយ ក៏មកសុំមូលគ្នាជាមួយប្រពន្ធវិញ តែនាងជាប្រពន្ធមិនព្រម ក៏សំរេចចិត្តផឹកថ្នាំ ធ្វើអត្តឃាតបែបនេះតែម្តង។
ហេតុការណ៍បុរសទាល់ច្រកផឹកថ្នាំពុលសម្លាប់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១១ មិថុនា ឆ្នាំ២០០៨ នៅលើផ្ទះប្រពន្ធ ស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ បុរស នេះឈ្មោះម៉ៅ ទិត អាយុ៣៨ឆ្នាំ មានទីលំនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ជាកសិករ ចំណែកប្រពន្ធឈ្មោះមឺន ឈុននី អាយុ៣៧ឆ្នាំ មុខរបរលក់ត្រី និងមានកូនប្រុស២នាក់ ។
តាមស្ត្រីឈ្មោះមឺន ឈុននី បាននិយាយថា រូបគាត់និងប្តីបានលែងលះគ្នារយៈពេល៥ខែមកហើយ ដោយ មានអាជ្ញាធរមូលដ្ឋានដឹងឮផងដែរ ហើយការលែងលះគ្នានេះ គឺរូបគាត់ជាប្រពន្ធបានបង់លុយឱ្យប្តីចំនួន ៣លានរៀលថែមទៀត ។ នៅថ្ងៃទី១០ មិថុនា ប្តីរូបនេះបានមកសុំមូលគ្នាជាប្តីប្រពន្ធវិញ តែគាត់មិនព្រម លុះយប់ថ្ងៃទី១១ មិថុនា ស្រាប់តែមកគោះទ្វារផ្ទះឱ្យគាត់ជាប្រពន្ធបើកដោយស្រែកថា គេបានផឹកថ្នាំពុល (ថ្នាំបាញ់បន្លែ)។ ខណៈនោះរូបគាត់បានបើកទ្វារក៏ឃើញប្តីប្រកាច់បែកពពុះមាត់ ព្រមទាំងមានដបថ្នាំ នៅក្បែរខ្លួន ទើបមានការផ្អើលឆោឡោដល់អ្នកជិតខាងមកជួយ តែបានតែមួយសន្ទុះក៏ស្លាប់ទៅ ។
តាមអ្នកភូមិបាននិយាយថា ក្រោយពីបុរសនោះលែងលះជាមួយប្រពន្ធក៏ទៅរស់នៅជាមួយបងប្រុស នៅភូមិគោកអណ្តែត ហើយមួយថ្ងៃៗគិតតែពីផឹកស្រាស្រវឹងខួបតែម្តង ។ ចំណែកលោកសោម សាក់ ជាមេភូមិគោកអណ្តែតបានឱ្យដឹងទៀតថា បុរសដែលផឹកថ្នាំពុលធ្វើអត្តឃាតនេះ គឺជាសមាជិក របស់គណបក្ស សម រង្ស៊ីទៀតផង ។ សពបុរសឈ្មោះម៉ៅ ទិត ត្រូវបានក្រុមគ្រួសារបងប្អូនយកមកបញ្ចុះនៅព្រឹកថ្ងៃទី១២ មិថុនា ដោយមិនបានធ្វើបុណ្យឱ្យផងទេ ។ ម៉្យាងទៀតនៅពេលកម្លាំងព្រហ្មទណ្ឌស្រុក-ខេត្ត និងប៉ូលិស បច្ចេកទេសខេត្តចុះទៅសុំគាស់សាកសពដើម្បីពិនិត្យឱ្យបានច្បាស់ថា ជនរងគ្រោះពិតជាផឹកថ្នាំពុលធ្វើ អត្តឃាត ឬយ៉ាងណានោះ ក៏ត្រូវបងៗជនរងគ្រោះសំណូមពរមិនឱ្យគាស់មកពិនិត្យទេ ដោយអះអាងថា ប្អូនប្រុសរបស់គាត់ពិតជាផឹកថ្នាំពុលធ្វើអត្តឃាតប្រាកដមែន ។
ដកស្រង់ចេញពីគេហទំព័រ http://www.kohsantepheapdaily.com.kh/
No comments:
Post a Comment