Saturday, June 14, 2008

ទឹក​ប្រហុក​ អន្លក់​ខ្ចី

គ្រឿង​ផ្សំ​

ត្រី​ងៀត​អាំង​ ២​-៣​​ ដុំ, ម្ទេស​ក្រៀម​ម៉ដ្ឋ​ ១/២ ស្លាបព្រាបាយ​, ខ្លាញ់​ជ្រូក​ហាន់​ជា​ដុំ​តូចៗ​ កន្លះ​ចាន​ចង្កឹះ​, ទឹក​ក្រូច​ឆ្មារ​ ២​ ស្លាបព្រាបាយ​, ប្រហុក​ កន្លះ​ខាំ​, ប៊ីចេង​អាជីណូម៉ូតូ​ ឬ​ម្សៅស៊ុបរ៉តឌី​ បន្តិចបន្តួច​, អំបិល​ម៉ដ្ឋ​ ២​ ស្លាបព្រាកាហ្វេ​, ត្រី​ចៀន​ (ត្រី​អ្វី​ក៏​បាន​ តាម​ចូលចិត្ត) ១​-២ ក្បាល​, បន្លែ​ផ្សេងៗ​តាម​ចូលចិត្ត​ (ត្រសក់​, ត្រកួន​, សណ្ដែក​គួរ​, កញ្ឆែត​, ប្រពាយ​, ត្រប់វែង​, ត្រប់ស្រួយ​, ទំពាំង​ស្ងោរ...)។

វិធី​ធ្វើ​

១.យក​ប្រហុក​ដាក់​ក្នុង​ឆ្នាំង​ ដាក់​ទឹក​ចូរ​ រម្ងាស់​ឲ្យ​រលួយ​ នៅ​សល់​តែ​ឆ្អឹង​ដួស​យក​ទឹក​ប្រហុក​ ១​ចាន​ចង្កឹះ។
២.ម្ទេស​ក្រៀម​ លីង​ឲ្យ​ស្រួយ​ រួច​យក​ទៅ​បុក​ឲ្យ​ម៉ដ្ឋ។
៣.ត្រី​ងៀត​ អាំង​ឲ្យ​ឆ្អិន​ រួច​យក​មក​បេះ​យក​តែ​សាច់​ ប្រមាណ​កន្លះ​ចាន​ចង្កឹះ​ហើយ​បុក​សាច់​ត្រី​ងៀត​ឲ្យ​ម៉ដ្ឋ។
៤.ចំហៀវ​ខ្លាញ់​ជ្រូក​ ហើយ​យក​តែ​កាក​ខ្លាញ់​ជ្រូក​ (ចំណុះ​ខ្លាញ់) មក​ហាន់​តូចៗ​ប្រមាណ​កន្លះ​ចាន​ចង្កឹះ។
៥.យក​ទឹក​ប្រហុក​ ម្ទេស​ម៉ដ្ឋ​ សាច់​ត្រី​ងៀត​ម៉ដ្ឋ​ ទឹក​ក្រូច​ឆ្មារ​ និង​ចំណុះ​ខ្លាញ់​មក​ផ្សំ​បញ្ចូល​គ្នា​ កូរ​ឲ្យ​ចូល​គ្នា​សព្វ​ ដាក់​ប៊ីចេង​អាជីណូម៉ូតូ​ ឬ​ម្សៅ​ស៊ុប​រ៉តឌី​ ចូល​បន្តិច​ភ្លក្ស​រសជាតិ​​មើល​ បើ​សាប​ពេក​ ថែម​អំបិល​ម៉ដ្ឋ​បន្តិច​ ទទួល​ទាន​ជា​មួយ​បន្លែ​ និង​ត្រី​ចៀន​ ដែល​អ្នក​ចូលចិត្ត៕
ដកស្រង់​ចេញពី​គេហទំព័រ http://women.open.org.kh

No comments: