ភ្នំពេញ ៖ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបាននិយាយឲ្យដឹងថា ក្នុងរយៈពេល៤ខែ ក្នុងឆ្នាំ២០០៨នេះមានកុមារី និងស្ត្រីចំនួន១៨៥ករណី បានទទួលរងនូវការរំលោភផ្លូវភេទដែលចំនួននេះមានប្រហាក់ប្រហែល គ្នាបើប្រៀបធៀបទៅនឹងរយៈពេល៤ខែ ដូចគ្នាឆ្នាំ២០០៧កន្លងមកនេះ។
លោក នី ចរិយា ប្រធានផ្នែកអង្កេតសមាគមអាដហុក បាននិយាយថា ក្នុងរយៈពេល៤ខែ គឺចាប់ពីខែមករាដល់ខែមេសា ឆ្នាំ២០០៨ នេះមានកុមារី និងស្ត្រីចំនួន១៨៥ករណីបានទទួលរងនូវការរំលោភសេពសន្ថវៈ ពីសំណាក់ជនល្មើស។ អត្រានេះប្រើប្រៀបធៀបទៅនឹងរយៈពេល៤ខែដូចគ្នាក្នុងឆ្នាំ២០០៧ មានចំនួនប្រហាក់ប្រហែលគ្នា តែខុសគ្នាត្រង់ថា នៅឆ្នាំ២០០៧ ចំនួនកុមារចាប់ពីអាយុ១០ឆ្នាំ ដល់១៧ឆ្នាំ មានច្រើនជាងឆ្នាំ២០០៨នេះ មានតែ៨០ករណី។
លោក នី ចរិយា បាននិយាយបន្តឲ្យដឹងទៀតថា ក្រៅពីនេះក្នុងរយៈពេល៤ខែនេះ ក្នុងចំណោម១៨៥ករណី មានកុមារអាយុក្រោម៥ឆ្នាំ ១៣ករណី អាយុចាប់ពី៦ឆ្នាំដល់ក្រោម១០ឆ្នាំ មាន២២ករណី។ ចាប់ពី១០ឆ្នាំដល់១៧ឆ្នាំ មាន៨០ករណី និងពីអាយុ១៨ឆ្នាំឡើងទៅ មាន៧០ករណី។
បើតាមលោក នី ចរិយា បានលើកឡើងទៀតថា ខេត្ត - ក្រុង ដែលមានករណីការរំលោភសេពសន្ថវៈ ច្រើនជាងគេគឺខេត្តកំពង់ចាម មាន៣៣ករណី ហើយខេត្តតិចជាងគេមានខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគីរី។ល។
ពាក់ព័ន្ធទៅនឹងមូលហេតុដែលនាំឲ្យកើតមានករណីរំលោភសេពសន្ថវៈនេះ លោក នី ចរិយា បានពន្យល់ថាដោយសារតែពាក់ព័ន្ធទៅនឹងនិទ្ទណ្ឌភាព។ មានន័យថាជនល្មើសដែលប្រព្រឹត្តមិនត្រូវបានវិនិច្ឆ័យទោសឲ្យបាន ត្រឹមត្រូវទេ ដែលធ្វើឲ្យជនល្មើសរួចខ្លួន។ លោកបានលើកឧទាហរណ៍បញ្ជាក់ថា ក្នុងចំណោម៣៥ករណី មានតែ២២ករណីទេ ដែលជនល្មើសត្រូវបានចាប់ខ្លួនតែមិនទាន់ដាក់ទោសនៅឡើយ។
លោកបាននិយាយថា ភាគច្រើនជនល្មើសដែលបានប្រព្រឹត្តទៅលើកុមារីក្រោមអាយុ១០ឆ្នាំ ព្រោះជនរងគ្រោះមានអាយុតិច ហើយត្រូវការធ្វើកោសល្យវិច័យត្រឹមត្រូវ និងការស៊ើបអង្កេតច្បាស់លាស់ដែលធ្វើឲ្យជនល្មើសងាយស្រួលក្នុងការ ដោះបន្ទុកជាងមនុស្សពេញវ័យ។ ម្យ៉ាងទៀតនៅកម្ពុជានៅមិនទាន់មានតុលាការកុមារ ជាហេតុធ្វើឲ្យមានការលំបាកក្នុងការកាត់ក្ដី។ ក្រៅពីនិទ្ទណ្ឌភាពហើយជាធម្មតានៅតាមជនបទភាគច្រើន តែងតែគិតថា ការរំលោភសេពសន្ថវៈវាជាករណីរដ្ឋប្បវេណីដោយភាគីទាំងសងខាងធ្វើការ សម្រុះសម្រួលគ្នាដោយមានសមត្ថកិច្ចជាអ្នកសម្រុះសម្រួល ដែលតាមពិតរឿងការរំលោភសេពសន្ថវៈជារឿងព្រហ្មទណ្ឌជនល្មើសត្រូវមាន ទោសតាមច្បាប់។
ការហូរចូលនូវវប្បធម៌បរទេសពិសេសការបញ្ចាំងវីដេអូអាសអាភាស ធ្វើឲ្យយុវវ័យ និងមនុស្សមួយចំនួនមានចំណង់ចង់រួមភេទ ពេលដែលពួកគេបានទស្សនាហើយកុមារី និងស្ត្រីគឺជាគោលដៅរបស់ពួកគេគួបផ្សំនឹងបញ្ហាសុវត្ថិភាពធូររលុង ដែលបង្កលក្ខណៈងាយស្រួលដល់ពួកគេធ្វើសកម្មភាព។ ការផ្សព្វផ្សាយអប់រំនៅមានកម្រិតនៅតាមតំបន់ជនបទក៏ជាមូលហេតុ សំខាន់មួយដែលនាំឲ្យអំពើចាប់រំលោភសេពសន្ថវៈមានការកើនឡើងផងដែរ៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh
No comments:
Post a Comment