រាជធានីភ្នំពេញ ៖ ជាអំពើដ៏សាហាវយង់ឃ្នងបំផុតមួយដែលត្រូវតែថ្កោលទោស ខណៈដែលយុវជនម្នាក់ត្រូវ ក្រុមគ្រួសារហៅរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីយុវជនរូបនេះត្រូវបានក្រុម ស្ទាវអន្ធពាលវាយទាត់ធាក់យ៉ាងដំណំ រហូតដល់សន្លប់រួចកាត់សរសៃដៃសរសៃជើងបង្ហូរឈាម ហើយ នាំគ្នាគេចបាត់អស់ទៅ ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះលេខ4E4 ផ្លូវលេខ217 ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញរាជធានីភ្នំពេញ កាលពីវេលាម៉ោង៥ និង៣០ នាទីល្ងាច ថ្ងៃទី៨ មិថុនា ។
យុវជនរងគ្រោះក្នុងអំពើហិង្សាដ៏កាចសាហាវដោយត្រូវគេកាត់សរសៃដៃសរសៃជើងនេះ ត្រូវគេស្គាល់ឈ្មោះ ម៉េង សូនី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ5AE3 ផ្លូវលេខ67 សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ចំណែកជនដៃដល់ឈ្មោះ ស៊ុម ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ4E4 ផ្លូវ២១៧ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុប្រហែលមួយសប្តាហ៍យុវជន រងគ្រោះបានខ្ចីម៉ូតូឆាលីរបស់ឈ្មោះស៊ុម ពិសិដ្ឋ (ជនដៃដល់)រួចមកធ្វើឱ្យបាត់... លុះមកដល់ថ្ងៃទី៩ មិថុនា ជនដៃដល់បានហៅជនរងគ្រោះឱ្យមកកាន់ផ្ទះរបស់ខ្លួន (ផ្ទះជួលកើតហេតុ) រហូតដល់ម៉ោង៥ និង៣០នាទី ល្ងាច នាថ្ងៃដដែល ស្រាប់តែមានការភ្ញាក់ផ្អើលឆោឡោមួយកើតឡើង ពេលនោះសមត្ថកិច្ចមូលដ្ឋាន បានទៅ ដល់ឃើញយុវជនរងគ្រោះម៉េង សូនី ដេកផ្កាប់មុខមានឈាមហូរជោកជាំនៅក្បែរខ្លួន ដោយបន្សល់ ទុកកាំបិតសាំងគីមមួយ និងឈើជ្រុងមួយកំណាត់ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន រៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុឈ្មោះ ស៊ុម ពិសិដ្ឋ (ជនដៃដល់) បានហៅឈ្មោះ ម៉េង សូនី (ជនរងគ្រោះ) ពីផ្ទះរបស់ជនរងគ្រោះមកផ្ទះជួលរបស់ជនដៃដល់ លុះមក ដល់ពួកគេនាំគ្នាជក់ថ្នាំញៀន និងផឹកស្រា ។ ក្រោយមកទំនងជាជនដៃដល់មានចិត្តខឹងទៅលើជនរងគ្រោះ ដែលខ្ចីម៉ូតូឆាលី និងបានធ្វើឱ្យបាត់ ទើបយកដំបងវាយចំក្បាលសន្លប់ រួចយកកាំបិតសាំងគីមអារសរសៃដៃ និង សរសៃជើងបង្ហូរឈាមក្នុងចេតនាឱ្យស្លាប់ ដែលអំពើហិង្សានេះត្រូវបានគេសន្និដ្ឋានថា ជាគំរោងគិតទុជាមុន។ ប៉ុន្តែបន្ទាប់ពីជនដៃដល់គេចខ្លួនមានអ្នកជិតខាងប្រទះឃើញ ទើបរាយការណ៍ឱ្យសមត្ថកិច្ចមូលដ្ឋាន មកជួយ អន្តរាគមន៍ នាំយុវជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។ សមត្ថកិច្ចនិយាយថា យុវជនរងគ្រោះ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតបន្ទាប់ពីវេជ្ជបណ្ឌិតធ្វើការវះកាត់តភ្ជាប់សរសៃឈាមឡើងវិញ។
នេះជាករណីទី២ហើយដែលបង្ហាញនូវរូបភាពសាហាវយង់ឃ្នងគួរឱ្យស្អប់ខ្ពើមបំផុត គឺករណីទី១កើតមាននៅ ខេត្តកំពង់ចាម ដែលកម្មករយានដ្ឋានម្នាក់ត្រូវបានថៅកែចិត្តខ្មៅរបស់ខ្លួនចាប់កាត់ម្រាមដៃម្រាមជើង ដោយ គ្រាន់តែខ្ចីម៉ូតូជិះហើយមិនបានវិលត្រឡប់មកទាន់ពេលកំណត់ ។ រហូតមកដល់ពេលនេះ ជនដៃដល់មិន ទាន់ចាប់ខ្លួនបាននៅឡើយទេ ។
ដកស្រង់ចេញពីគេហទំព័រ http://www.kohsantepheapdaily.com.kh
No comments:
Post a Comment