Monday, June 2, 2008

ជំងឺ​មហា​រីក​បំពង់​ក

បច្ចុប្បន្ន​មាន​ប្រមាណ​ជាង​៧២​ភាគ​រយ​ នៃ​អ្នក​កើត​ជំងឺ​មហា​រីក​បំពង់​ក​បាន​មក​ពិគ្រោះ​ និង​ព្យាបាល​ជំងឺ​នៅ​ដំណាក់​កាល​ធ្ងន់ធ្ងរ​។ ដោយ​សារ​តែ​មាន​ការ​ធ្វេស​ប្រហែស​ពី​បញ្ហា​សុខភាព​ ទើប​ធ្វើ​ឲ្យ​អត្រា​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​មហា​រីក​បំពង់​ក​មាន​ចំនួន​ កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ ជំងឺ​មហា​រីក​បំពង់​ក​ជា​ប្រភេទ​ជំងឺ​មួយ​ក្នុង​ចំណោម​ជំងឺ​កាច​សា​ហាវ​ជាង​ គេ​ចំនួន​៣​ ដែល​បច្ចុប្បន្ន​កំពុង​រាតត្បាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ឱកាស​ជា​សះ​ស្បើយ​មាន​តិច​តួច​បំផុត។

លោក​វេជ្ជ​បណ្ឌិត​ អ៊ាវ សុ​ខា​ ប្រធាន​ផ្នែក​ជំងឺ​មហា​រីក​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​ ចូល​ខ្លួន​មក​បក​ស្រាយ​នូវ​ចម្ងល់​ ដែល​ទាក់​ទង​នឹង​ជំងឺ​មហា​រីក​បំពង់​ក​ជូន​ប្រិយ​មិត្ត​អ្នក​អាន​តាមរយៈ​ ទស្សនាវដ្ដី​សុខ​ភាព​យើង។

ជំងឺ​មហា​រីក​បំពង់​ក

ជំងឺ​មហា​រីក​បំពង់​ក​សំដៅ​ដល់​ដុំ​សាច់​មួយ​នៅ​ក្នុង​បំពង់​ក​ ដែល​រាល​ដាល​ធំ​ឡើង​យ៉ាង​លឿន​ ដោយ​មិន​មាន​ការ​គ្រប់​គ្រង​ពី​ប្រព័ន្ធ​សរីរាង្គ។ ជំងឺ​នេះ​មិន​កើត​មាន​នៅ​តែ​មួយ​កន្លែង​នោះ​ទេ​ វា​អាច​ដាល​ដល់​សរីរាង្គ​ផ្សេង​ទៀត​ ដូចជា​ពី​បំពង់​ខ្យល់​ទៅ​សួត​ ខួរ​ក្បាល​ ថ្លើម​ ឆ្អឹង​ជា​ដើម​ រហូត​ដល់​ធ្វើ​ឲ្យ​លោក​អ្នក​បាត់​បង់​ជីវិត​ ប្រសិន​បើ​មិន​មាន​ការ​ព្យាបាល​ទាន់​ពេល​វេលា។

ការ​រីក​រាល​ដាល​នៃ​ជំងឺ​មហា​រីក​បំពង់​ក

លោក​អ្នក​គួរ​ចង​ចាំ​ថា​ ប្រសិន​បើ​ជំងឺ​មហា​រីក​បំពង់​ក​នេះ​រីក​រាល​ដាល​ទៅ​ដល់​កោសិកា​ផ្សេងៗ​ ហើយ​នោះ ពាក្យ​ថា​ ព្យាបាល​ជា​សម្រាប់​ជំងឺ​នេះ​មិន​មាន​ទៀត​ឡើយ​ គឺ​មាន​តែ​រង់​ចាំ​សេចក្ដី​ស្លាប់​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​បើ​ជំងឺ​នេះ​ ទើប​តែ​កើត​ ឬ​កើត​ត្រឹម​តែ​រាល​ដាល​កូន​កណ្ដុរ​អាច​ព្យាបាល​បាន​ មិន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ហើយ​ការ​ចំណាយ​ប្រាក់​កាស​ក៏​អស់​តិច​តួច​ដែរ។

ប្រព័ន្ធ​ទឹក​រងៃ​៖ នៅ​ពេល​ដែល​លោក​អ្នក​មាន​របួស​ ឬ​ដំបៅ​ផ្សេងៗ​ តែងតែ​ឃើញ​មាន​ទឹក​ថ្លាៗ​ចេញ​មក​ខាង​ក្រៅ​ដែល​ហៅ​ថា​ ទឹក​រងៃ។ ចំពោះ​ការ​រាល​ដាល​ជំងឺ​មហា​រីក​បំពង់​ក​ដោយ​សារ​ទឹក​រងៃ​ បង្ក​ឡើង​ទៅ​ជា​កូន​កណ្ដុរ​ នៅ​បរិវេណ​ក​របស់​លោក​អ្នក។

ចរន្ត​ឈាម​៖ មាន​សរសៃ​ឈាម​តូចៗ​ជា​ច្រើន​ទៅ​ចិញ្ចឹម​ដុំ​មហា​រីក​ បំពង់​ក​ ដែល​ធ្វើ​ឲ្យ​កោសិកា​នៃ​មហា​រីក​ដាច់​តាម​ចរន្ត​ឈាម​ចូល​ទៅ​ក្នុង​សរីរាង្គ​ ផ្សេងៗ​ទៀត។​ កន្លែង​ដែល​ងាយ​រាល​ដាល​មុន​គេ​នោះ​ គឺ​​នៅ​សួត​ព្រោះ​ចរន្ត​ឈាម​បរិវេណ​សួត​ដើរ​យឺត​ជាង​គេ​ ដែល​ងាយ​ធ្វើ​ឲ្យ​កោសិកា​មហារីក​នៅ​យ៉ាង​ស្រួល។ បន្ទាប់​មក​វា​អាច​រាលដាល​ទៅ​ខួរ​ក្បាល​ ឆ្អឹង​ ឬ​សរីរាង្គ​ដទៃ​ទៀត។

វិធីសាស្ត្រ​ធ្វើ​រោគ​វិនិច្ឆ័យ

ប្រសិន​បើ​លោក​អ្នក​សង្ស័យ​ពី​ជំងឺ​មហារីក​បំពង់​ក​គួរ​តែ​ទៅ​ធ្វើ​ការ​ ពិនិត្យ​នៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​ជំនាញ​ច្រឹប​សាច់​ដែល​ដុះ​នោះ​ពិនិត្យ​នៅ​ឯ​មន្ទីរ​ ពិសោធន៍​ ថា​មាន​ជំងឺ​មហារីក​បំពង់​ក​ប្រភេទ​ណា។ ជំងឺ​នេះ​មាន​៥​ប្រភេទ​ខុស​ៗ​គ្នា​ ក្នុង​នោះ​មាន​៩០​ភាគ​រយ​ជា​ប្រភេទ​ជំងឺ​មហា​រីក​បំពង់​ក​ កាស៊ីណូមអេឌែមម៉ូអ៊ីន។ បន្ទាប់​ពី​រក​ប្រភេទ​ជំងឺ​រួច​ គ្រូ​ពេទ្យ​ត្រូវ​ពិនិត្យ​សរីរាង្គ​កាយ​ ដើម្បី​ដឹង​ពី​ដំណើរ​ ឬ​ដំណាក់​កាល​នៃ​ជំងឺ​ ថា​តើ​ស្ថិត​នៅ​ដំណាក់​កាល​ធ្ងន់ធ្ងរ​ ឬ​ស្រាល។

រោគ​សញ្ញា​ជំងឺ​មហា​រីក​បំបង់​ក

ជំងឺ​មហា​រីក​បំពង់​ក​នៅ​ដំណាក់​កាល​ដំបូង​ គឺ​ស្ទើរ​តែ​មិន​មាន​រោគ​សញ្ញា​ទាល់​តែ​សោះ​ សូម្បី​តែ​គ្រូ​ពេទ្យ​ជំនាញ​ក៏​ដោយ។ លុះ​ដល់​ពេល​មាន​អាការ​ធ្ងន់ធ្ងរ​បន្តិច​ ទើប​អាច​ដឹង​ពី​រោគ​សញ្ញា​ខ្លះៗ​ ដូច​ជា​មាន​ដុះ​សាច់​នៅ​បំពង់​ក​ ដែល​អាច​ធ្វើ​ឲ្យ​កើត​កូន​កណ្ដុរ​ភាគ​ច្រើន​មិន​មាន​ការ​ឈឺ​ចាប់​ដូច​កូន​ កណ្ដុរ​ដែល​បង្ក​មក​ពី​ជំងឺ​ដទៃ​ទៀត​ទេ។ ជំងឺ​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ពេល​ខាក​កំហាក​មាន​លាយ​ឈាម​ ហូរ​ឈាម​តាម​ច្រមុះ​ ជួន​កាល​​មាន​ដុំ​សាច់​នៅ​ក្បែរ​បំពង់​សំឡេង​ ធ្វើ​ឲ្យ​ស្អកៗ ឬ​និយាយ​មិន​ចេញ​ និង​ញ៉ាំ​ចំណី​អាហារ​រាង​ទើសៗ។

មូល​ហេតុ​បង្ក​ជំងឺ​មហា​រីក​បំពង់​ក

ជំងឺ​មហារីក​បំពង់​ក​អាច​កើត​មាន​ឡើង​ដោយ​សារ​តែ​ការ​គ្មាន​អនាម័យ​ក្នុង ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ និង​ខ្វះ​ការ​យល់​ដឹង​ពី​អត្ថ​ប្រយោជន៍​ ឬ​គុណ​វិបត្តិ​ នៃ​ចំណី​អាហារ។

ការ​ទម្លាប់​ហូប​ចុក​ផ្ដេសផ្ដាស​៖ ភាគ​ច្រើន​ចាស់ៗ​នៅ​តាម​ជន​បទ​តែង​យល់​ឃើញ​ថា​ ការ​ជក់​បារី​ពិត​ជា​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អង្គកាយ​ពិត​មែន។ តែ​ចំពោះ​ការ​ជក់​ថ្នាំ​ជក់​ដែល​មូរ​ជា​មួយ​ក្រដាស​ ឬ​ជា​មួយ​ស្លឹក​សង្កែ​មិន​មាន​ប៉ះ​ពាល់​ដល់​សុខ​ភាព​ឡើយ​ ការ​យល់​បែប​នេះ​គឺ​ខុស​ទាំង​ស្រុង។ ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​បែប​នេះ​ មាន​គ្រោះថ្នាក់​ជាង​​ការ​ជក់​បារី​ទៅ​ទៀត​ ព្រោះ​គ្មាន​កន្ទុយ​ស្នោ​ដែល​ជា​តម្រង​ទប់​ស្កាត់​សារ​ធាតុ​ជ័រ​នៃ​ថ្នាំ​ ពោល​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​គ្រប់​ប្រភេទ​សុទ្ធ​តែ​ធ្វើ​ឲ្យ​កើត​ជំងឺ​ មហារីក​បំពង់​ក។ មិន​ត្រឹម​តែ​ថ្នាំ​ជក់​នោះ​ទេ​ សូម្បី​តែ​ស្រា​ មិន​ថា​ស្រា​ថ្លៃ​ ថោក​ ឬ​ស្រា​ជាន់​ធាង​ផ្អៀង​ខ្លួន(ទឹក​ត្នោត​ជូរ) គឺ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​លោក​អ្នក​ប្រឈម​នឹង​ជំងឺ​មហារីក​បំពង់​ក​ទាំង​ អស់។ ប្រសិន​បើ​លោក​អ្នក​ប្រព្រឹត្ត​ទាំង​ថ្នាំ​ជក់​ និង​​ស្រា​ កាន់​តែ​ធ្វើ​ឲ្យ​លោក​អ្នក​មាន​គ្រោះ​ថ្នាក់​ជាង​អ្នក​ដែល​មិន​បាន​ ប្រព្រឹត្ត​រហូត​ដល់​២០​ដង។

ការ​ខ្វះ​អនាម័យ​មាត់​ធ្មេញ​៖ បច្ចុប្បន្ន​ការ​សម្អាត​មាត់​ធ្មេញ​មាន​ច្រើន​នៅ​តាម​ទី​ក្រុង​ និង​ទី​ប្រជុំ​ជន​​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ ចំណែក​ឯ​នៅ​តាម​ជន​បទ​ខ្លះ​ មិន​សូវ​មាន​ការ​សម្អាត​មាត់​ធ្មេញ​បាន​ប្រសើរ​ទេ។ ខណៈ​ដែល​លោក​អ្នក​មិន​មាន​អនាម័យ​មាត់​ធ្មេញ​ល្អ​ អាច​ធ្វើ​ឲ្យ​មាន​រោក​ម្យ៉ាង​ឈ្មោះ​ អេបស្តែនបារៃរើស​(Ebsteinbarr Virus) ដែល​ចូល​ចិត្ត​រស់​នៅ​ក្នុង​មាត់​ និង​ក្រពេញ​ទឹក​មាត់​ យូរៗ​ទៅ​អាច​ធ្វើ​ឲ្យ​រលាក​បំពង់​ក​ ហើយ​អាច​ឈាន​ទៅ​កើត​ជំងឺ​មហា​រីក​បំពង់​ក​បាន​យ៉ាង​ងាយ។

ការ​បន្ត​ដោយ​តំណ​ពូជ​៖ ប្រសិន​បើ​លោក​អ្នក​មាន​ឪពុក​ម្ដាយ​មាន​ជំងឺ​មហា​រីក​បំពង់​ក​ អាច​ធ្វើ​ឲ្យ​លោក​អ្នក​ប្រឈម​និង​ជំងឺ​នេះ​ គ្រាន់​តែ​ក្នុង​អត្រា​៥​%​ភាគរយ​ប៉ុណ្ណោះ។

ការ​ព្យាបាល​ជំងឺ​មហា​រីក​បំពង់​ក

គ្រូ​ពេទ្យ​ជំនាញ​មាន​វិធី​បី​យ៉ាង​ ដើម្បី​ព្យាបាល​ជំងឺ​មហារីក​បំពង់​ក​ ដោយ​ការ​ប្រើ​វិធី​វះ​កាត់​ ការ​ស្អំ​ដោយ​កាំ​រស្មី និង​ប្រើ​ថ្នាំ​គីមី។ មាន​ករណី​ខ្លះ​ការ​ព្យាបាល​​អាច​ប្រើ​វិធី​នេះ​ក្នុង​ពេល​តែ​មួយ​បាន​ អាស្រ័យ​លើ​ស្ថានភាព​ជំងឺ​ និង​ទី​តាំង​ដែល​ដុះ​សាច់​ដុះ។ មាន​ករណី​ខ្លះ​មិន​អាច​ប្រើ​វិធី​វះ​កាត់​បាន​ទេ​ ព្រោះ​អ្នក​ជំងឺ​កើត​កូន​កណ្ដុរ​ច្រើន​ពេក ឬ​ដុំ​សាច់​ដុះ​នៅ​ក្នុង​កន្លើត។ លោក​អ្នក​គួរ​ចង​ចាំ​ថា​ បើ​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ជំងឺ​មហារីក​បំពង់​ក​ អាច​ព្យាបាល​ជា​ដោយ​ប្រើ​វិធី​វះ​កាត់​យក​ដុំ​សាច់​ចេញ។ បើ​ក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ​ពិបាក​ព្យាបាល​ ភាគ​ច្រើន​អ្នក​ជំងឺ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត។

ប្រការ​​គួរ​ប្រតិបត្តិ​នៅ​ពេល​កើត​ជំងឺ​មហារីក​បំពង់​ក

លោក​អ្នក​គួរ​ជៀសវាង​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​បុរាណ​ផ្សេងៗ​ ព្រោះ​ធ្វើ​ឲ្យ​ជំងឺ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ទៅ​ជា​ធ្ងន់ធ្ងរ​ រហូត​មិន​អាច​ជួយ​សង្គ្រោះ​បាន។ ត្រូវ​បំបាត់​មូល​ហេតុ​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​បំពង់​ក​ ដូច​ជា​បញ្ឈប់​ការ​ជក់​បារី​ និង​ទទួល​ទាន​ស្រា​ជា​ដើម។ មិន​ត្រូវ​តម​អាហារ​ដូច​ជា​ ប្រភេទ​សាច់​គោ​ ទា​ ឬ​គ្រឿង​សមុទ្រ​នោះ​ទេ​ ព្រោះ​ធ្វើ​ឲ្យ​រាងកាយ​លោក​អ្នក​ចុះ​ខ្សោយ​ ដែល​អាច​ជា​ឱកាស​មួយ​សម្រាប់​ការ​វិវត្តន៍​ជំងឺ​មហារីក​បំពង់​ករ​បាន​លឿន​ ជា​ពិសេស​គួរ​តែ​អនុវត្ត​តាម​ការ​ណែនាំ​ពី​ការ​ទទួល​ទាន​អាហារ​និង​ការ​ ព្យាបាល​របស់​គ្រូ​ពេទ្យ។

វិធី​ការ​ពារ​ជំងឺ​មហារីក​បំពង់​ក

ជំងឺ​មហារីក​មិន​មាន​វ៉ាក់សាំង​ការពារ​ទេ​ តែ​លោក​អ្នក​អាច​ការពារ​ជំងឺ​នេះ​បាន​តាម​រយៈ​ការ​បំបាត់​មូល​ហេតុ​ទាំង​អស់ ​ដែល​បង្ក​ជំងឺ។ ចំពោះ​លោក​អ្នក​មាន​ឪពុក​ម្ដាយ​កើត​ជំងឺ​មហារីក​បំពង់​ក​ គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ដោយ​ឧស្សាហ៍​ទៅ​ឲ្យ​គ្រូ​ ពេទ្យ​ជំនាញ​ពិនិត្យ​មើល​បំពង់​ក​ ក្រែង​មាន​រោគ​សញ្ញា​បញ្ជាក់​ថា​ មាន​កើត​ជំងឺ​មហារីក​បំពង់​ក​នៅ​ដំណាក់​កាល​ដំបូង ដើម្បី​រក​វិធី​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។

ដំបូន្មាន​អ្នក​ប្រឹក្សា

លោក​អ្នក​គួរ​តែ​ជ្រើស​រើស​មន្ទីរពេទ្យ​ជា​កន្លែង​ទី​មួយ​ ដើម្បី​ព្យាបាល​ជំងឺ​ផ្សេងៗ មិន​និង​ទៅ​រក​សេវា​កម្ម​ថ្នាំ​បុរាណ​ ឬ​តាម​ជំនឿ​អរូបី​ផ្សេងៗ។ ប្រសិន​បើ​នៅ​បរិវេណ​ក​របស់​លោក​អ្នក​មាន​ឡើង​កូន​កណ្ដុរ​ ឬ​ដុំ​សាច់​នៅ​បំពង់​ក​ គួរ​ប្រញាប់​ទៅ​ពិគ្រោះ​សុខ​ភាព​ជា​មួយ​គ្រូ​ពេទ្យ​ជា​បន្ទាន់​ កុំ​បណ្ដែត​បណ្ដោយ​យូរ៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh

No comments: