ខេត្តបាត់ដំបង៖ បុរសប្រមឹកម្នាក់ត្រូវសមត្ថកិច្ចនគរបាល មូលដ្ឋានចាប់ខ្លួនប៉ុន្មានម៉ោងក្រោយបន្ទាប់ពីធ្វើបុណ្យសពប្រពន្ធ រួចដោយចោទប្រកាន់ពីបទប្រើហិង្សាវាយសម្លាប់ប្រពន្ធកាលពី ព្រលប់ថ្ងៃទី៦ មិថុនា នៅនឹងផ្ទះរបស់ខ្លួនដែលស្ថិតនៅភូមិចម្ការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។
លោក ណែប លឿម មេភូមិបារាំងធ្លាក់បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនដៃដល់វាយសម្លាប់ប្រពន្ធនេះឈ្មោះ ដន ហ៊ីង អាយុ ៣៦ ឆ្នាំ បានប្រើអង្រែបុកគ្រឿងទំហំប៉ុនកដៃប្រវែងជិតកន្លះម៉ែត្រវាយទៅ លើប្រពន្ធឈ្មោះ យន់ យ៉េន អាយុ ៣៣ ឆ្នាំ ត្រូវកញ្ចឹងកចំនួន៣អង្រែបណ្ដាលឲ្យសន្លប់។ លោកមេភូមិបានប្រាប់ទៀតថា ក្រោយពេលវាយប្រពន្ធរួចហើយ ជននេះបានលើកប្រពន្ធដាក់លើគ្រែឆ្អើរភ្លើងចំនួន៣យប់៤ថ្ងៃ ដោយរងរបួសធ្ងន់ពេកប្រពន្ធក៏ស្លាប់ទៅ។ មេភូមិបានរាយការណ៍បន្តទៀតថា ប្រពន្ធរបស់បុរសនេះបានស្លាប់នៅព្រឹកថ្ងៃទី១០ មិថុនា ហើយបានធ្វើបុណ្យសពប្រពន្ធរួចតែប៉ុន្មានម៉ោងប៉ុណ្ណោះត្រូវបាន សមត្ថភាពមូលដ្ឋានធ្វើការឃាត់ខ្លួនបុរសជាប្ដី។ លោកមេភូមិឲ្យដឹងទៀតថា កូនប្រុសអាយុ១៣ឆ្នាំម្នាក់របស់គ្រួសារនេះកំពុងគ្មានទីពឹង ក្រោយពេលម្ដាយស្លាប់ ហើយឪពុកត្រូវជាប់គុក។ មេភូមិដដែលបានបញ្ជាក់ពីមូលហេតុនោះថា ប្ដី-ប្រពន្ធនេះតែងផឹកស្រាស្រវឹងរៀងៗខ្លួនស្ទើររាល់ថ្ងៃ ហើយបង្កអំពើហិង្សាក្នុងគ្រួសារគ្មានទំនេរទេ ចំណែកគាត់ជាមេភូមិខ្ជិលដោះស្រាយណាស់ ព្រោះឈ្លោះគ្នាញឹកញាប់ពេក។
បើយើងតាមចម្លើយសារភាពរបស់ជនជាប់ចោទឈ្មោះ ដន ហ៊ីង បានប្រាប់ថា ខ្លួនពិតជាបានយកអង្រែបុកគ្រឿងវាយប្រពន្ធមែនដោយសារខឹងប្រពន្ធ ខ្លួនផឹកស្រាស្រវឹងរួចទៅលួចផ្ដិលជ័រកន្លែងគេលក់ ហើយម្ចាស់គេតាមមកទារលុយដល់ផ្ទះធ្វើឲ្យខ្លួនខ្មាសគេ ទើបខ្លួនខឹងទាញអង្រែសំពងចំនួន៣អង្រែត្រូវកញ្ចឹង.កសន្លប់ស្ដូក តែម្ដង។ ជននេះនិយាយថា បន្ទាប់ពីវាយប្រពន្ធឲ្យរបួសហើយខ្លួន ក៏លើកប្រពន្ធដាក់លើគ្រែឆ្អើរភ្លើងរហូត៣យប់៤ថ្ងៃ ដោយប្រពន្ធរបួសធ្ងន់ធ្ងរពេកក៏ស្លាប់នៅព្រឹកថ្ងៃទី១០ មិថុនា ហើយខ្លួនក៏រៀបចំធ្វើបុណ្យសពប្រពន្ធ រួចភ្លាមខ្លួនក៏ដើរទៅកាន់ប៉ុស្ដិ៍នគរបាលតែម្ដង។ បុរសនេះបានពោលទាំងសោកស្ដាយថា គាត់ព្រួយបារម្ភពីកូនប្រុសគាត់ម្នាក់អាយុ១៣ឆ្នាំមិនដឹងរស់នៅ ជាមួយអ្នកណា នៅពេលគាត់ត្រូវគេបញ្ជូនចូលគុក។
លោក សារ៉េត ពិសេដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹកនិយាយថា រឿងនេះបង្កឡើងដោយក្រុមគ្រួសារខ្លួនឯង ហើយសុទ្ធតែជាអ្នកចេះសេពគ្រឿងស្រវឹងទាំងប្ដីប្រពន្ធក៏បង្ក ជម្លោះរាល់ថ្ងៃមិនឈប់ឈរបែបនេះទៅ។ ទោះជាយ៉ាងណា ជនដៃដល់ត្រូវបានបញ្ជូនទៅស្នងការដ្ឋានខេត្តហើយ៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh
No comments:
Post a Comment