ខេត្តកំពង់ស្ពឺ ៖ អំពើប្លន់ទូមាសដ៏កក្រើកគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ទាំងកណ្តាលថ្ងៃនៅក្នុងផ្សារឧដុង្គ ស្រុកឧដុង្គ នាវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៩ មិថុនា ដែលធ្វើឱ្យក្រុមអាវជីករលក់មាសចំនួន៩តូប ត្រូវ រងគ្រោះទាំងអស់គ្នា ។ បើតាមការវាយតម្លៃមិនផ្លូវការនៅឡើយពីការបាត់បង់តែក្នុងមួយប៉ប្រិចភ្នែក ឱ្យដឹងថា ក្នុង១តូបយ៉ាងតិចក៏២ម៉ឺនដុល្លារដែរ ដូច្នេះការបាត់បង់ក្នុងចន្លោះពីជិត២០ម៉ឺនដុល្លារទៅជាង៣០ម៉ឺន ដុល្លារ។ នេះជាអំពើប្លន់មួយដែលបង្ហាញឱ្យឃើញច្បាស់ថា គឺជាការប្លន់ដែលក្រុមជនសង្ស័យមានគ្នា យ៉ាង តិចជាង១០នាក់ ឬក៏ច្រើនជាងនេះបានធ្វើសកម្មភាព ។
តាមសេចក្តីរាយការណ៍ជំហានដំបូងពីកន្លែងកើតហេតុឱ្យដឹងថា តូបរបស់អាជីវករលក់មាស និងប្តូរប្រាក់ស្ថិត នៅកណ្តាលផ្សារឧដុង្គ ខណៈដែលមនុស្សម្នាមិនបានចេញចូលច្រើនហើយកំលាំងប៉ូលីសក៏ដល់ម៉ោងទៅ បាយទឹកនោះ គឺជាការចន្លោះប្រហោងមួយនៅក្នុងផ្សារនេះ ។ ពេលនោះវេលាម៉ោងប្រមាណ១១ និង ១៥នាទី ជនមិនស្គាល់មុខមានគ្នាប្រមាណ៦នាក់ បានធ្វើសកម្មភាពព្រមៗគ្នាដោយវាយបំបែកទូមាសដែល ក្រុមអាជីវករដាក់តាំងលក់ជាគ្រឿងមាន មាស និងប្លាទីន ព្រមទាំងប្រាក់មួយចំនួន ។ ប្រភពដដែលឱ្យដឹងថា ក្រុមជនសង្ស័យមិនបានប្រើអាវុធភ្ជង់គំរាមទេ គឺបាននាំគ្នាវាយបំបែកទូមាសដែលសុទ្ធតែបាំងបិទដោយ កញ្ចក់ ហើយប្រមូលយកចេញទៅ។ ពេលដែលកើតមានហេតុការណ៍នេះ យុវជនម្នាក់ អាយុ១៨ឆ្នាំ បានស្រែកថាចោរៗ ហើយក៏ត្រូវក្រុមជនសង្ស័យផ្ទុះអាវុធចំនួន៤គ្រាប់ គឺបាញ់ផ្ញុចដីតំរង់ជើងបណ្តាលឱ្យត្រូវ របួសចំភ្នែកគោលប្រអប់ជើងឆ្វេង១គ្រាប់ ។ មិនទាន់មានសេចក្តីអះអាងភ្លាមៗទេថា ក្រុមជនសង្ស័យ មានគ្នាប៉ុន្មាននាក់ និងមានមធ្យោបាយអ្វីខ្លះសំរាប់ការគេចខ្លួននោះទេ ដោយគ្រាន់តែដឹងថា ក្រុមជន សង្ស័យទាំងនោះគេចខ្លួនតាមរយៈម៉ូតូទំនើបៗនិងរថយន្ត តំរង់ឆ្ពោះទៅទិសខាងកើតគឺសំដៅក្រុងភ្នំពេញ ប៉ុន្តែបើតាមមន្ត្រីប៉ូលិសនៃអធិការដ្ឋានស្រុកឧដុង្គបាននិយាយថា ទោះបីក្រុមជនសង្ស័យបានរត់គេចមកទិស ក្រុងភ្នំពេញ មែនតែលើកំណាត់ផ្លូវជាតិលេខ៥ មានផ្លូវបំបែកច្រើននៅចំណុចបាត់ដឹង គឺអាចនឹងគេចទៅ ផ្លូវណាមួយហើយក៏អាចបំបែកគ្នាផងដែរ ។ ទោះបីជាបែបណាមិនច្បាស់ទេថា ក្រុមជនសង្ស័យរត់គេច ខ្លួនទៅតាមច្រកណាខ្លះនោះ។
លោកអធិការប៉ូលិសស្រុកឧដុង្គមានប្រសាសន៍ឱ្យដឹងថា សមត្ថកិច្ចបានចេញតាមប្រមាញ់ភ្លាមៗដែរនិង បានទាក់ទងឱ្យគ្រប់បណ្តាញទាំងអស់ក្នុងខេត្តនិងក្រុងភ្នំពេញ ព្រមទាំងខេត្តកណ្តាលជួយអន្តរាគមន៍ តែរហូត មកដល់ត្រឹមម៉ោង៦ល្ងាចថ្ងៃដដែលមិនបានប្រទះឃើញស្រមោលជនសង្ស័យណាមួយនៅឡើយទេ ។
ក្រោយពេលកើតមានអំពើប្លន់ដែលមានរយៈពេលលឿនរហ័សតែប៉ុន្មាននាទីនោះ បានបង្ហាញថា មិនមែនជា អំពើប្លន់ទាំងប្រថុយប្រថានមួយនោះទេ គឺពិតជាមានការតាមដានយ៉ាងលំអិតមុនពេលមានសកម្មភាពប្លន់ នេះពិសេសគឺការចន្លោះប្រហោងនៅក្នុងផ្សារដែលមិនមានវត្តមានរបស់ប៉ូលិស ព្រោះតែចំ “ម៉ោងប៉ាយ” ជា ពេលវេលាឆកល្វែង។ មានការកត់សម្គាល់ថា អ្នករៀបចំផែនការប្លន់នេះពិតជាមិនធម្មតាទេ ព្រោះទិដ្ឋភាព នៃការធ្វើសកម្មភាព មិនបានប្រើប្រាស់កាំភ្លើងភ្ជង់គំរាមឱ្យមានការភ្ញាក់ផ្អើលទេ គឺវាយបំបែកដោយស្នាប់ កាំភ្លើង និងខ្លះញញួរ រួចស្រវាយកទាំងភ្នែកស្រស់ ហើយបានរត់ចេញយ៉ាងប្រញាប់ទៅតាមទិសដែល រៀបចំរួចជាស្រេច ។ សំរាប់ការសន្និដ្ឋានថា ក្រុមជនសង្ស័យមានគ្នាច្រើននាក់ទៀត ដែលស្ថិតនៅ ខាងក្រៅផ្សារ ខណៈដែលបក្សពួករបស់គេចូលទៅប្លន់ ។ នេះជាការប្លន់ដែលមិនធ្លាប់មានទេកន្លងមក ដោយ តូបអ្នកលក់មាសប្តូរប្រាក់ចំនួន៩ទូ ត្រូវបានប្លន់ទាំងអស់ និងហ៊ានធ្វើទាំងកណ្តាលថ្ងៃទៀតផង ។
លោកវរសេនីយ៍ត្រី លី វណ្ណថា អធិការនគរបាលស្រុកឧត្តុង្គប្រាប់កោះសន្តិភាពនៅកន្លែងកើតហេតុថា ទូតាំងលក់មាសនិងដូរប្រាក់ចំនួន៩ទូ ត្រូវបែកកញ្ចក់ខ្ទេចខ្ទី ហើយមាសប្រាក់ត្រូវក្រុមចោរប្រមូលយក ទៅអស់ និងដោយសុវត្ថិភាពក្នុងឱកាសដែលប៉ូលិសផ្សារចែកផ្លូវគ្នាទៅរកបាយថ្ងៃត្រង់ ។ លោកបន្តទៀតថា អាជីវករទាំង៩តូបដែលរងគ្រោះបន្សល់ទុកតែទឹកភ្នែកនោះ
១-ឈ្មោះ យូ ឈុនណា
២-ឈ្មោះឆេង ឡាង
៣-ឈ្មោះ ទ្រី ហ្គេច
៤-ឈ្មោះហេង ប្រុស
៥-ឈ្មោះ យ៉ាន់ ណា
៦-ឈ្មោះស៊ីម
៧-ឈ្មោះ វណ្ណនី
៨-ឈ្មោះបុប្ផា
និង៩-ឈ្មោះនាងស្រី ។
អ្នកទាំងអស់សុទ្ធតែបាត់បង់ប្រាក់ និងមាសអស់ ពីទូ ។
អ្នកផ្សារដែលបានឃើញអំពើប្លន់នោះប្រាប់ថា ពួកចោរមានបក្សពួកចំនួន៦នាក់ ខ្លះពាក់ម៉ាស់ចូលអែបទូមាស រួចក៏វាយកំទេចព្រមៗគ្នា និងច្បាមយកមាស និងលុយអស់ភ្លាម តែមិនធ្វើឱ្យរបួសអ្នកលក់ទេ ។ ក្រោយពេល ធ្វើសកម្មភាព៥នាទីពួកគេគេចខ្លួនចេញផុតពីទូមាសបានបន្តិច ស្រាប់តែមានយុវជនម្នាក់ស្រែកថាចោរៗ ធ្វើ ឱ្យពួកចោរបាញ់ចំនួន៤គ្រាប់ ត្រូវជើងយុវជននោះចំភ្នែកគោរឆ្វេង ។ ជនរងគ្រោះត្រូវគេបញ្ជូនទៅ មន្ទីរពេទ្យ ។
អ្នកលក់មាសដូចគ្នានិយាយខ្សឹបៗថា ក្នុងមួយទូមាសយ៉ាងហោចណាស់ក៏គិតជាទឹកប្រាក់ចំនួន ២៥.០០០ដុល្លារ ដែរ និងខ្លះរហូត៣០ម៉ឺនដុល្លារ ។ តាមប្រភពព័ត៌មាន ក្រុមជនសង្ស័យ៦នាក់នោះបានជិះម៉ូតូគេចខ្លួន ចូលទៅក្នុងវត្តវាំងចាស់ ហើយក៏បាត់ខ្លួន ព្រោះមានផ្លូវច្រើនណាស់ ។
ដកស្រង់ចេញពីគេហទំព័រ http://www.kohsantepheapdaily.com.kh/
No comments:
Post a Comment