ជនសង្ស័យទាំង២នាក់ឪពុកកូននោះ ឈ្មោះ ធុន ថាត អាយុ៤១ឆ្នាំ ជាភ្នាក់ងារក្រុមហ៊ុនខេមបូឌាន លេប័រ ស៊បប្លាយ ភីធីវ៉ាយ មានភារកិច្ចផ្សព្វផ្សាយជ្រើសរើសបេក្ខនារីក្នុងភូមិសាស្ត្រទូទាំង ខេត្តកំពង់ឆ្នាំងឲ្យក្រុមហ៊ុនបណ្ដុះបណ្ដាលរួចបញ្ជូនទៅប្រទេស ម៉ាឡេស៊ី។ ចំណែកឯកូនដែលជាប់សង្ស័យថា លួងលោមក្មេងស្រីមិនគ្រប់អាយុដែរនោះឈ្មោះ ធឺយ ធូ ភេទស្រី អាយុ២២ឆ្នាំ។
លោកស្រីវរសេនីយ៍ត្រី ប្រាក់ សៅនី នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលខេត្តបានប្រាប់ថា ក្មេងស្រីរងគ្រោះនោះឈ្មោះ សាន សិលា អាយុ១៣ឆ្នាំ។ ជនសង្ស័យនិងកុមារីរងគ្រោះសុទ្ធជាអ្នកនៅភូមិ-ឃុំជាមួយគ្នា គឺភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ។ លោកស្រីបញ្ជាក់ក្នុងពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះថា ឈ្មោះ ធុន ថាត និងកូនស្រី ធឺយ ធូ បានលួងលោមកូនស្រីរបស់គាត់អាយុទើបតែ១៣ឆ្នាំ ដោយបន្លំឯកសារដាក់អាយុ២២ឆ្នាំ ហើយនាំយកទៅភ្នំពេញរយៈពេលមួយសប្ដាហ៍ ទើបកូនស្រីនោះរត់រួចមកផ្ទះវិញ។
ចំណែកក្មេងស្រីរងគ្រោះឈ្មោះ សាន សិលា អាយុ១៣ឆ្នាំ ប្រាប់ថា កាលពីថ្ងៃទី១៥ ឧសភា ឈ្មោះ ធុន ថាត និងកូនស្រីឈ្មោះ ធឺយ ធូ បានមកហៅរូបនាងថា ទៅធ្វើការនៅប្រទេសម៉ាឡេស៊ីបានលុយច្រើន តែនាងនិយាយថា និងមិនគ្រប់អាយុទេ។ ពេលនោះ ធឺយ ធូ ប្រាប់ថា មិនអីទេ ឯងទៅលួចយកសៀវភៅគ្រួសារ និងលិខិតសំបុត្រកំណើតបងស្រីឯង មកឲ្យខ្ញុំហ្វូតូទៅបានហើយ អញ្ចឹងឯងប្រើឈ្មោះបងស្រីឯងទៅ គឺជាការស្រេច។ ក្មេងស្រីបន្តទៀតថា ឈ្មោះ ធុន ថាត និយាយប្រាប់នាងថា ទៅប្រទេសគេមានប្រាក់ខែច្រើន ត្រឡប់មកវិញអាចសល់ប្រាក់សង់ផ្ទះថ្មី ឬក៏អាចមានប្ដីនៅស្រុកគេបានទៀត។ ពេលនោះរូបនាងថា ចាំម៉ែខ្ញុំត្រឡប់មកពីមង្គលការបងប្អូននៅខេត្តបន្ទាយមានជ័យសិន តែត្រូវទាំង២នាក់ឪពុកកូនកុហកថា មិនអីទេ អញបាននិយាយជាមួយម្ដាយឯងអស់ហើយ។ ក្រោយមករូបនាងក៏ព្រមទៅ ដោយចេញពីផ្ទះបានបន្តិចក៏មានរថយន្តពណ៌ខ្មៅមួយគ្រឿងចាំជាស្រេច ហើយក៏មានស្រី២នាក់ផ្សេងទៀត ដែលត្រូវគេយកទៅដែរនោះឈ្មោះ នី ថេន និង សាំង សារ័ត្ន។ ក្រោយពីរូបនាងទៅដល់ភ្នំពេញត្រូវគេយកទៅដាក់ក្នុងបន្ទប់មួយ ដែលមានសុទ្ធតែមនុស្សស្រីប្រមាណជាង១០នាក់។ នៅទីនោះរយៈពេល១សប្ដាហ៍ហូបមិនគ្រប់គ្រាន់ចេញទៅណាពុំរួច។ យប់មួយមិនចាំថ្ងៃពួក នាងទាំង៣នាក់បានលបលួចចេញតាមប្រហោងឥដ្ឋតូចល្មម ដែលគេទុកសម្រាប់បញ្ចេញខោអាវបោក រួចសំរូតចុះមកដីនាំគ្នាដើរសំដៅទៅផ្ទះតែម្ដង។
លោកស្រីបានបន្តថា លោកស្រីក៏សូមថ្លែងអំណរគុណដល់សន្ដានចិត្តសប្បុរសធម៌របស់អ្នករត់ ម៉ូតូឌុប និងអ្នកម្ចាស់ឡានផងដែរ ដែលបានជួយដឹកនាងរហូតដល់ខេត្តកំពង់ឆ្នាំង។ គឺក្រោយពីនាងរត់រួចចេញពីកន្លែងឃុំឃាំងនោះ ក៏បានជួបអ្នករត់ម៉ូតូឌុបម្នាក់ ក្រោយពីដឹងដំណើររឿងនាងទាំង៣ហើយ ដោយក្ដីអាណិតក៏ជួយឌុបពួកនាងមកដាក់ដល់ផ្សារត្រាចក្នុងស្រុក កំពង់ត្រឡាច និងបានឲ្យលុយ ១.០០០រៀលសម្រាប់ពួកនាងទូរស័ព្ទទៅប្រាប់អ្នកផ្ទះ។
ក្រោយមកមានលោក ចាន់ សង្វា ធ្វើការនៅការិយាល័យមេធាវីក្រុងព្រះសីហនុ និងជាភ្នាក់ងារសារព័ត៌មានម្នាក់ដែរ នោះបានទៅចាក់សាំងរថយន្តនៅផ្សារត្រាច ឃើញពួកនាងដើររហេតរហូតក៏មានការសង្ស័យរួចសួរនាំ ទើបដឹងហេតុការណ៍ ក៏ជួយឲ្យពួកនាងបានជិះរថយន្តមកដល់ខេត្តកំពង់ឆ្នាំងព្រមទាំង ចេញថ្លៃអាហារថ្ងៃត្រង់ដល់ពួកនាង និងឲ្យពួកនាងទាំង៣នាក់ចំនួន៣ដុល្លារដើម្បីជិះម៉ូតូឌុប ត្រឡប់ទៅផ្ទះវិញថែមទៀត បន្ទាប់មកលោកមេធាវីបានបង្ហួសទៅខេត្តពោធិ៍សាត់បាត់ទៅ។ លោកស្រីប្រធានការិយាល័យបានបន្តថា ក្រោយពីកូនស្រីត្រឡប់មកផ្ទះវិញ ម្ដាយក្មេងស្រីរងគ្រោះ ក៏បានដាក់ពាក្យបណ្ដឹង ទើបឈានដល់ការឃាត់ខ្លួន។ ចំណែកឈ្មោះ ធុន ថាត ដែលក្រុមហ៊ុនរើសជាភ្នាក់ងារនោះ លោកស្រី ប្រាក់ សៅនី ថា អត់ចេះអក្សរទេ កោតតែក្រុមហ៊ុនឲ្យធ្វើការដែរ ប៉ុន្តែលោកស្រីបានស្រង់សំដីរបស់ឈ្មោះ ទូច វុទ្ធី ប្រធានប្រតិបត្តិការរបស់ក្រុមហ៊ុននិយាយប្រាប់ថា បានជាយកអ្នកមិនចេះអក្សរ ព្រោះចង់ឲ្យអ្នកពុំចេះអក្សរមានការងារធ្វើ។
ជនសង្ស័យ ឈ្មោះ ធុន ថាត បានសារភាពថា ពិតជាបានបន្លំឯកសារដើម្បីយកនាង ឈ្មោះ សាន សិលា ដែលពុំគ្រប់អាយុទៅធ្វើការមែន ព្រោះអាណិតគ្រួសារនេះក្រីក្រ។ ទោះបីបែបណា ប៉ូលិសបានកសាងសំណុំរឿងបញ្ជូនឈ្មោះ ធុន ថាត ទៅតុលាការពីបទរើសពលករខុសច្បាប់ និងឈ្មោះ ធឺយ ធូ ជាកូនស្រីចោទពីបទលួងលោមពង្រត់ និងក្លែងបន្លំឯកសារ៕
ប្រសិនបើលោកអ្នកចង់ដឹងអំពីបញ្ហាទាក់ទងនិងសង្គម ជាពិសេសអំពីស្ត្រី
សូមចូលទៅកាន់គេហទំព័រ http://women.open.org.kh
No comments:
Post a Comment