Wednesday, July 30, 2008

ឥទ្ធិពល​ស្រា​កាច​វាយ​ប្រពន្ធ​បែក​ក្បាល​ ទាត់​ម៉ែ​ក្មេក​ធ្លាក់​ពី​លើ​ផ្ទះ​សន្លប់

ខេត្ត​កំពង់​ស្ពឺ៖​ ស្ត្រី​ម្នាក់​រង​របួស​បែក​ក្បាល​រយះ​ជិត​២០​សង់ទីម៉ែត្រ​ ដោយសារ​តែ​បុរស​ជា​ប្ដី​វាយ​មួយ​ដែក​ចម្រឹង​បង្អួច​ចំ​ពី​លើ​ ព្រោះ​តែ​ខឹង​នាង​ប្រពន្ធ​ហាម​មិន​ឲ្យ​ផឹក​ស្រា។​ ឃើញ​ហេតុការណ៍​ដូច្នោះ​ ម្ដាយ​ក្មេក​បាន​ចូល​ទៅ​ឃាត់​កុំ​ឲ្យ​ឈ្លោះ​គ្នា​នាំ​ខ្មាស​ញាតិ​ជិត​ខាង​ ប៉ុន្តែ​ដោយ​មាន​ជាតិ​សុរា​កាច​ចូល​ពោះ​ខ្លះ​នោះ​ បុរស​កំរោល​ចូល​បាន​ព្រលះ​ម្ដាយ​ក្មេក​មួយ​ជើង​ធ្លាក់​ពី​លើ​ផ្ទះ​សន្លប់​តែ ​ម្ដង។

ករណី​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១៨​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០០៨​ នៅ​ក្នុង​ភូមិ​បឹង​ច្រាម​ខាង​ត្បូង​ ឃុំ​ព្រះនិព្វាន​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ ក្រោយ​ពី​បង្ក​រួច​ ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​ដើម្បី​កសាង​សំណុំ​រឿង ​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ ខេត្ត​កំពង់ស្ពឺ​ ចាត់ការ​បន្ត​ទៀត។

ជន​សង្ស័យ​ដែល​វាយ​ប្រពន្ធ​បែក​ក្បាល​ និង​ទាត់​ម្ដាយ​ក្មេក​ធ្លាក់​ពី​លើ​ផ្ទះ​នោះ​មាន​ឈ្មោះ​ នួន ភា​ ភេទ​ ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ រស់​នៅ​ភូមិ-ឃុំ​ខាង​លើ​ មាន​ប្រពន្ធ​ឈ្មោះ​ ញឹម នុង​ អាយុ​២៦​ឆ្នាំ​ រង​របួស​បែក​ក្បាល​រយះ​ជិត​២០​សង់ទីម៉ែត្រ។​ រី​ឯ​ម្ដាយ​ក្មេក​ដែល​ត្រូវ​លោក​កូន​ប្រសា​ទាត់​សន្លប់​វិញ​នោះ​ មាន​ឈ្មោះ​ ស្វាយ រ៉ូ​ អាយុ​៥៨​ឆ្នាំ​ រស់​នៅ​ជាមួយ​គ្នា។

ប៉ូលិស​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​ឈ្មោះ​ នួន ភា​ បាន​អង្គុយ​ស៊ី​ផឹក​ជុំ​គ្នា​មួយ​ហ្វូង​នៅ​ក្នុង​ភូមិ​ ពេល​នោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅ​ហៅ​កុំ​ផឹក​ស្រា​ច្រើន​ពេក​ ប្រឹង​ធ្វើ​ការ​ខ្លះ​ផង។

ប៉ូលិស​បាន​បន្ត​ថា​ ប្រពន្ធ​ហៅ​២-៣​ដង​ អត់​ងើប​សោះ​ ក៏​ស្ដីបន្ទោស​ ហើយ​ជេរ​ផង​ ពេល​នោះ​បុរស​ជា​ប្ដី​បាន​ខឹង​ ត្រឡប់​មក​ផ្ទះ​ក៏​ឈ្លោះ​ទាស់​ទែង​គ្នា​ រួច​យក​ដែក​ចម្រឹង​បង្អួច​វាយ​ចំ​ពី​លើ​ក្បាល​តែ​ម្ដង​ ឃើញ​ដូច្នេះ​ម្ដាយ​ក្មេក​ចូល​ទៅ​ឃាត់​ក៏​ត្រូវ​លោក​កូន​ប្រសា​ទាត់​មួយ​ជើង​ សន្លប់​ឈឹង។

បច្ចុប្បន្ន​ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ហើយ​ជន​បង្ក​សមត្ថកិច្ច​កំពុង​តែ​រៀបចំ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ថ្នាក់​លើ ​បន្ត​ទៀត៕

ដកស្រង់​ចេញ​ពី​គេហទំព័រ​ http://women.open.org.kh

អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅ​ភ្នំពេញ​ក្នុង​ខែ​ កក្កដា​ ស្មើ​៣៧​ភាគរយ​ នៃ​ចំនួន​ទូទាំង​ប្រទេស

ភ្នំពេញ​៖ ជនរងគ្រោះ​ដល់​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​​ចរាចរ​នៅ​ទូទាំង​ប្រទេស​ ក្នុងខែ​ កក្កដា​ មាន​ការ​ថយ​ចុះ​ តែ​សម្រាប់​ទី​ក្រុងភ្នំពេញ​មាន​ការ​កើន​ឡើង​​ច្រើន​ជាង​ខែ​ណាៗ​ទាំងអស់​ ដោយ​មាន​អ្នក​បាត់បង់​ជីវិត​ស្មើ​នឹង​៣៧​ភាគរយ​ នៃ​ចំនួន​​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស។

លោក​ កែវ​ សាវិន​ ប្រធាន​នាយកដ្ឋាន​​ដឹកជញ្ជូន​ និង​ជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​​ចរាចរ​ផ្លូវ​គោក​ បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ៣០​ កក្កដា​ នេះ​ថា​ យោង​តាម​របាយការណ៍​ដែល​ទទួល​បាន​មក​ពី​ក្រសួង​មហាផ្ទៃ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ នៅ​ក្នុង​ខែ​ កក្កដា​នេះ​ ជន​រងគ្រោះ​​ដល់​បាត់បង់​​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​ មាន​ការ​ថយ​ចុះ​ បើ​ប្រៀបធៀប​ទៅ​នឹង​​បណ្ដា​ខែ​មុនៗ។ តែ​សម្រាប់​ទីក្រុង​ភ្នំពេញ​បែរ​ជា​មាន​​ការ​កើនឡើង​យ៉ាង​ខ្ពស់​ គឺ​ជនរងគ្រោះ​ដល់​បាត់បង់​ជីវិត​មាន​ចំនួន​ជិត​ដល់​៤០​ភាគរយ​ នៃ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស។

ប្រភព​ខាង​លើ​ បាន​និយាយ​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​ខែ​កក្កដា​នេះ​ នៅ​ទូទាំង​ប្រទេស​មាន​​គ្រោះថ្នាក់​​ចរាចរ​កើត​ឡើង​ចំនួន​៤៦២​លើក​ បណ្ដាល​ឲ្យ​ស្លាប់​​មនុស្ស​ចំនួន​១០០​នាក់​ របួស​ស្រាល​ចំនួន​៤៥៥​នាក់​ របួស​ធ្ងន់​៣៦៨​នាក់។ គ្រោះថ្នាក់​នេះ​មាន​ការ​ចូល​រួម​ពី​រថយន្ត​​ធុន​ស្រាល​ចំនួន​១៤៤​គ្រឿង​ រថយន្ត​ធុន​ធ្ងន់​ចំនួន​៤៤​គ្រឿង​ យាន​ផ្សេងៗ​ចំនួន​៤៨​គ្រឿង​ ម៉ូតូ​៨៨​គ្រឿង​ និង​អ្នក​ថ្មើរ​ជើង​ចំនួន​៦៩​នាក់។

លោក​វរសេនីយ៏​ ប៉ែន ឃុន​ នាយរង​ការិយាល័យ​ចរាចរ​ជើង​គោក​នៃ​ស្នងការ​នគរបាល​រាជធានី ភ្នំពេញ​បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ៣០​ កក្កដា​ នេះ​ដែរ​ថា​ គ្រោះថ្នាក់​ចរាចរ​ក្នុង​ខែ​ កក្កដា​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើត​មាន​ឡើង​ចំនួន​៧២​លើក​ ក្រៅ​ពី​បាន​សម្លាប់​មនុស្ស​អស់​៣៧​នាក់​ បាន​ធ្វើ​ឲ្យ​មាន​អ្នក​រង​បួស​ធ្ងន់​ចំនួន​៧៩​នាក់​ និង​របួស​ស្រាល​ចំនួន​៣១​នាក់។​ ចំនួន​ជន​រងគ្រោះ​ដល់​បាត់បង់​ជីវិត​នៅ​ក្នុង​ខែ​ កក្កដា​ នេះ​ជា​ចំនួន​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក។

ប្រភព​ខាង​លើ​បាន​និយាយ​ឲ្យ​ដឹង​ទៀត​ថា​ គ្រោះថ្នាក់​ចរាចរ​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​នេះ​ បាន​កត់សម្គាល់​ឃើញ​ថា​ ភាគច្រើន​កើត​ឡើង​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ ជា​ពិសេស​នៅ​វេលា​យប់។​ គ្រោះថ្នាក់​មូលហេតុ​ដោយសារ​អ្នក​បើកបរ​ស្រវឹង​ស្រា​មាន​ចំនួន​១១​លើក​ ភាគ​ច្រើន​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។​ បើកបរ​លឿន​ចំនួន​២៦​លើក​ បើកបរ​ដោយ​មិន​គោរព​សិទ្ធិ​អាទិភាព​ចំនួន​១៥​លើក​ប្រជែង​បង្ក​គ្រោះថ្នាក់​ ចំនួន​៧​លើក​ មិន​ប្រកាន់​ស្ដាំ​ចំនួន​៧​លើក។

គួរ​និយាយ​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​ក្នុង​មួយ​ខែៗ​កន្លង​ទៅ​នេះ​ បាន​សម្លាប់​មនុស្ស​ចំនួន​ចន្លោះ​ពី​១៤០​នាក់​ ទៅ​១៦០​នាក់។​ ចំពោះ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​មួយ​ខែៗ​មាន​ចំនួន​មាន​ចំនួន​ចន្លោះ​ពី​២០​ ទៅ​៣០​នាក់​ តែ​នៅ​ក្នុង​ខែ​កក្កដា​នេះ​មាន​ចំនួន​រហូត​ដល់​ទៅ​៣៧​នាក់។

លោក​ កែវ សាវិន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​ រយៈ​ពេល​៧​ខែ​នៃ​ឆ្នាំ​២០០៨​នេះ​ នៅ​ទូទាំង​ប្រទេស​មាន​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​ចំនួន​៣.៨៧០​លើក​ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៩៥៦​នាក់​ របួស​ស្រាល​ចំនួន​៣.៧៤១​នាក់​ និង​របួស​ធ្ងន់​ចំនួន​៣.០៩៨​នាក់។​ គ្រោះថ្នាក់​ទាំងនេះ​មានការ​ចូល​រួម​ពី​រថយន្ត​ធុន​ស្រាល​ចំនួន​១.២២៣​គ្រឿង ​រថយន្ត​ធុន​ធ្ងន់​ចំនួន​៣៥៨​គ្រឿង​ យាន​ផ្សេងៗ​ចំនួន​៣២២​គ្រឿង​ ម៉ូតូ​៤.០៧៨​គ្រឿង​ និង​អ្នក​ថ្មើរ​ជើង​ចំនួន​៤៥៥​នាក់៕

ដកស្រង់​ចេញ​គេហទំព័រhttp://women.open.org.kh

បួន​ឆ្នាំ​ប្រាំ​រយ​ដុល្លារ

ធ្មេច​បើកៗ​បួន​ឆ្នាំ​បាន​កន្លង​ផុត​ ពេលវេលា​នេះ​វា​ហាក់​បី​ដូចជា​​មួយ​ប៉ប្រិច​ភ្នែក​សម្រាប់​អ្នក​ដែល​មាន​ សេចក្ដី​សុខ​ និង​សុភមង្គល​ ប៉ុន្តែ​ពេល​វេលា​បួន​ឆ្នាំ​នេះ​វា​ហាក់​បី​ដូចជា​បួន​សតវត្សរ៍​សម្រាប់​រូប ​​នាង​ លីដា​ ដែល​រស់​នៅ​ក្នុង​មុខ​របរ​ពេស្យាកម្ម។

ឆ្នាំ​នេះ​នាង​ លីដា​ (ឈ្មោះ​អ្នក​និពន្ធ​ដាក់​ឲ្យ) មាន​អាយុ​ ២២​ឆ្នាំ​ហើយ ​នាង​មាន​ស្រុក​កំណើត​នៅ​ភូមិ​អូរវាយ​ ឃុំ​ស្ពឺ​ ក​ ស្រុក​ចម្ការ​លើ​ខេត្ត​កំពង់ចាម។ ស្រមោល​ និង​សុបិន​អាក្រក់​ បាន​រសាត់​​ឆ្ងាយ​ចេញ​ពី​ជីវិត​របស់​នាង​ហើយ​ ប៉ុន្តែ​ភាព​ឈឺ​ចាប់​ និង​សេចក្ដី​ទុក្ខសោក​ វា​ហាក់​ពី​ដូចជា​​ស្រមោល​អន្ទោល​តាម​ប្រាណ​របស់​នាង​​រហូត។ ឲ្យ​តែ​ពេល​រាត្រី​ចូល​​មក​ដល់​ នាង​តែងតែ​ស្រមៃ​​ឃើញ​នូវ​ភាព​ឈឺ​ចាប់​ទាំង​នោះ​វា​ហាក់​បី​ដូចជា​កំពុង​តែ​ កើត​មាន​នៅ​លើ​រូប​នាង​ថ្មីៗ​ជា​ប្រចាំ។

លីដា​ បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​ដែល​រង​ទទួល​ការ​ជួញដូរ​នោះ​ថា​ គ្រួសារ​​ខ្ញុំ​ជា​គ្រួសារ​ក្រីក្រ​មួយ​ដែល​មាន​បងប្អូន​​រហូត​ប្រាំ​ពីរ​ នាក់​ហើយ​ឪពុកម្ដាយ​ចាស់​ជរា​ទៀត​ផង។ ខ្ញុំ​ជា​កូន​ស្រី​ច្បង​ក្នុង​គ្រួសារ​ បន្ទុក​ និង​ការ​គ្រប់គ្រង​គ្រួសារ​ទាំងអស់​​បាន​ធ្លាក់​មក​លើ​រូប​ខ្ញុំ​ជា​អ្នក​​ រ៉ាប់រង។ ខ្ញុំ​មិន​បាន​រៀនសូត្រ​​សូម្បី​តែ​​អក្សរ​ខ្មែរ​មួយ​តួ​ក៏​ខ្ញុំ​មិន​ចេះ​ ផង​ ព្រោះ​ខ្ញុំ​មិន​បាន​ចូល​សាលារៀន​ឡើយ​ ទើប​ការ​សម្រេចចិត្ត​របស់​ខ្ញុំ​​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​វិប្បដិសារី​​រហូត​ ដល់​សព្វ​ថ្ងៃ​នេះ។​ ខ្ញុំ​នៅ​ចាំ​បាន​កាល​ពី​​អំឡុង​មុន​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​ ២០០២ ​ជា​ពេល​ដែល​ខ្ញុំ​​សម្រេច​ចិត្ត​​លក់​ខ្លួន​​យក​ប្រាក់​ស្រោចស្រង់​ គ្រួសារ។ ពេល​នោះ​ឪពុក​​របស់​ខ្ញុំ​មាន​ជំងឺ​​ធ្លាក់​ឈាម​ ឯ​ប្អូនៗ​ពីរ​នាក់​ទៀត​​កើត​ជំងឺ​​គ្រុន​ឈាម​ នៅ​ក្នុង​​ផ្ទះ​គ្មាន​​ប្រាក់​សូម្បី​តែ​​មួយ​រៀល​ក៏​គ្មាន​ដែរ។ ពេល​នោះ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​មក​ទី​រួម​ខេត្ត​កំពង់ចាម​​ដើម្បី​ស៊ី​ឈ្នួល​ រក​ប្រាក់​ឲ្យ​ឪពុកម្ដាយ​ និង​យក​ទៅ​​ព្យាបាល​ប្អូនៗ។ ខ្ញុំ​បាន​សុំ​បម្រើ​ការងារ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​នៅ​ត្រើយ​ខាង​កើត​ ស្ពាន​គីហ្សូណា​ម្ចាស់​ហាង​បាន​សួរ​នាំ​ខ្ញុំ​យ៉ាង​ច្រើន​ ហើយ​ឲ្យ​ខ្ញុំ​សាកល្បង​​ធ្វើ​ការ​​មួយ​ថ្ងៃ​ មិនមែន​​ជា​អ្នក​​បោស​សម្អាត​នោះ​ឡើយ​ គឺ​ធ្វើ​ជា​អ្នក​យក​ស្រា​ឲ្យ​ភ្ញៀវ​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ។ ព្រឹក​ឡើង​ថៅកែ​បាន​សួរ​ខ្ញុំ​ថា​ បើ​ឯង​ចង់​បាន​ប្រាក់​ជួយ​ឪពុក​ម្ដាយ​ឯង​​ច្រើន​នោះ​ ឯង​មក​ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​ដូច​គេ​នោះ​ ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ឯង​ ៥០០​ដុល្លារ​​ ប៉ុន្តែ​​ឯង​ត្រូវ​ធ្វើការ​​ឲ្យ​ខ្ញុំ​ ៥​ឆ្នាំ​ ឯ​ការ​ស៊ី​ចុក​ និង​ស្លៀកពាក់​ប្រចាំ​ថ្ងៃ​ ថៅកែ​ចេញ​ទាំងអស់។ គ្រាន់​តែ​ឮ​សូរ​ប្រាក់​ ៥០០​ដុល្លារ​​ភ្លាម​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ប្រាក់​នេះ​​ច្រើន​ណាស់​ កុំ​ថា​ ៥០០​ដុល្លារ​​សូម្បី​តែ​ ១០០​ដុល្លារ​ ក៏​ខ្ញុំ​មិន​ដែល​​រក​វា​បាន​ផង។ ខ្ញុំ​​ក៏​សម្រេចចិត្ត​​ភ្លាម​តែ​ម្ដង​គ្មាន​គិត​យូរ​ឡើយ។ ពេល​រសៀល​ថៅកែ​​ក៏​ឲ្យ​ក្មួយ​របស់​គាត់​​ជូន​ខ្ញុំ​ទៅ​ផ្ទះ​ ហើយ​យក​ប្រាក់​ ៥០០​ដុល្លារ​ ទៅ​ឲ្យ​ឪពុកម្ដាយ​ខ្ញុំ។ ក្រោយ​ពី​ទៅ​មើល​ឪពុក​ដែល​ឈឺ​ និង​សួរ​សុខ​ទុក្ខ​ប្អូនៗ​រួច​មក​ ខ្ញុំ​​ក៏​ត្រឡប់​មក​នៅ​ហាង​ខារ៉ាអូខេ​នោះ​រហូត​មក។ ចាប់​ពី​ពេល​នោះ​ហើយ​ ដែល​ជីវិត​របស់​ខ្ញុំ​រស់នៅ​ក្នុង​ឋាននរក​អវីចី។ នៅ​ក្នុង​ហាង​ខារ៉ាអូខេ​មិនបាន​មួយ​ឆ្នាំ​ផង​ ថៅកែ​​​នោះ​បាន​លក់​ខ្ញុំ​មក​ឲ្យ​បន​ស្រី​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ចាម។ ចាប់​ពី​ពេល​​នោះ​មក​ខ្ញុំ​ត្រូវ​ថៅកែ​បង្រៀន​ឲ្យ​ចេះ​​ប្រើ​ថ្នាំញៀន​ គេ​ថា​ថ្នាំ​ញៀន​ធ្វើ​​ឲ្យ​​យើង​សប្បាយ​ ថ្នាំ​ញៀន​ធ្វើ​ឲ្យ​យើង​រក​ប្រាក់​បាន​ច្រើន។ ខ្ញុំ​នៅ​ក្មេង​សម្រស់​ក៏​ស្រស់​ទៀត​ក្នុង​មួយ​យប់​ខ្ញុំ​ទទួល​បាន​ម៉ូយ​ ច្រើន​ណាស់​ ថៅកែ​​ផ្ទះ​បន​ហៅ​ខ្ញុំ​ថា​ កូន​ពៅ​ គេ​យក​ចិត្ត​យក​ថ្លើម​ខ្ញុំ​ណាស់​ ក្នុង​មួយ​យប់​ខ្ញុំ​រក​ម៉ូយ​បាន​ពី​ ១៥​ ទៅ​ ២០​ នាក់​ឯណោះ​ ឯ​ប្រាក់​​ដែល​បាន​​មក​ពី​ការ​ដេក​ជាមួយ​ពួក​ប្រុសៗ​នោះ​ថៅកែ​​យក​ទាំងអស់។ ​ចំពោះ​ភ្ញៀវ​ណា​ដែល​​គេ​ចូលចិត្ត​ខ្ញុំ ​គេ​លួច​ឲ្យ​ប្រាក់​ខ្ញុំ​ចាយ​ខាងក្រៅ​ទៀត។ ទោះ​បី​គេ​ស្រឡាញ់​​ខ្ញុំ​ក៏​ដោយ​ ក៏​គេ​​មិន​ឲ្យ​ខ្ញុំ​​ដើរ​ចេញ​ទៅ​ណា​ក្រៅ​ពី​ផ្ទះ​​បន​ឡើយ​ ព្រោះ​គេ​ថា​ ថៅកែ​មុន​យក​ខ្ញុំ​លក់​ឲ្យ​គេ​ទៅ​ហើយ​ក្នុង​តម្លៃ​ ៥០០​ដុល្លារ​ រយៈពេល​ ៥​ឆ្នាំ។ ពេល​នោះ​ខ្ញុំ​ភ័យ​ណាស់​ពេល​ឮ​ថា​គេ​លក់​ខ្ញុំ​មក​ឲ្យ​ថៅកែ​ថ្មី​រហូត​ដល់​ ទៅ​៥​ឆ្នាំ​ឯ​ណោះ។ តាម​​ពិត​ខ្ញុំ​កុងត្រា​​លក់​ខ្លួន​​ឲ្យ​ថៅកែ​​មុន​តែ​ ៤​ឆ្នាំ​ទេ។​ នៅ​កំពង់ចាម​​មិន​បាន​មួយ​ឆ្នាំ​ផង​ គេ​ក៏​នាំ​ខ្ញុំ​យក​មក​លក់​​នៅ​ភ្នំពេញ​ គឺ​នៅ​ផ្ទះ​បន​ទួលគោក។ ចាប់​ពី​ពេល​នោះ​មក​ជីវិត​របស់​ខ្ញុំ​កាន់​តែ​យ៉ាប់​ទៅៗ​ ថយ​ក្រោយ​លែង​រួច​ សូម្បី​តែ​​ដំណឹង​របស់​ឪពុកម្ដាយ​ និង​ប្អូនៗ​នៅ​ឯ​ស្រុក​ ក៏​មិន​ដឹង​ថា​យ៉ាង​ម៉េច​ផង។ នាង​ខ្ញុំ​ត្រូវ​​គេ​បង្ខាំង​ទុក​មិន​ឲ្យ​​ចេញ​ទៅ​ណា​ឡើយ​ ជា​ញឹកញាប់​​ម្ចាស់​ហាង​បាន​ចល័ត​ខ្ញុំ​ពី​ហាង​មួយ​ទៅ​ហាង​មួយ​ទៀត​ព្រោះ​ ខ្លាច​គេ​ចាប់។ ខ្ញុំ​នៅ​ចាំ​បាន​ថា​ កាល​ពី​ចុង​ឆ្នាំ​២០០៧​ ប៉ូលិស​បាន​ធ្វើ​ការ​ឡោមព័ទ្ធ​ខាង​មុខ​ហាង​​ខ្ញុំ​ត្រូវ​គេ​រំដោះ​តាម​ទ្វារ ​ក្រោយ​ឲ្យ​ចូល​​ទៅ​ក្នុង​ផ្ទះ​មួយ​ដែល​ថៅកែ​ជួល​ទុក​សម្រាប់​​ឲ្យ​ពួក​នាង​ ខ្ញុំ​​ដេក​​ពេល​នោះ​ពួក​នាង​ខ្ញុំ​សំងំ​នៅ​​ក្នុង​ផ្ទះ​មួយ​ថ្ងៃ​ ទើប​មាន​អ្នក​ចាក់​សោ​យក​បាយ​ឲ្យ​ហូប។ ក្រោយ​ពី​ទទួល​ទាន​បាយ​រួច​ប្អូន​​ថៅកែ​​បាន​និយាយ​​ថា​ ថៅកែ​ត្រូវ​គេ​ចាប់​ហើយ​ដូចនេះ​យើង​ត្រូវ​ទៅ​នៅ​ផ្ទះ​ផ្សេង​សិន​ ហើយ​គេ​​បាន​យក​ខ្ញុំ​ និង​អ្នក​ផ្សេង​ទៀត​ដែល​មាន​គ្នា​ ៦​នាក់​ទៅ​លក់​ឲ្យ​ផ្ទះ​បន​នៅ​ជិត​គ្នា​នោះ​ដែរ​ ក្នុង​តម្លៃ​ម្នាក់​ ២០០​ដុល្លារ​ ក្នុង​រយៈពេល​ ៥​ឆ្នាំ​ដដែល។ តម្លៃ​នៃ​ការ​លក់​នេះ​ត្រូវ​បាន​ម្ចាស់​​ហាង​ថ្មី​និយាយ​ប្រាប់​ខ្ញុំ​ពេល​ នោះ​ហើយ​ដែល​ខ្ញុំ​មាន​ការ​ភ្ញាក់​ខ្លួន​នឹក​គិត​ថា​ខ្លួន​ខ្ញុំ​ត្រូវ​​គេ​ លក់​ដូរ​ជាង​សត្វ​ធាតុ​ទៅ​ទៀត។ ចាប់​ពី​ពេល​​នោះ​​មក​ខ្ញុំ​ក៏​​សន្សំ​ប្រាក់​ និង​ព្យាយាម​រត់​ចេញ​ពី​ផ្ទះ​បន។​ មិន​​យូរ​ប៉ុន្មាន​​នៅ​យប់​មួយ​ខ្ញុំ​ក៏​រត់​ចេញ​​ហើយ​ត្រូវ​បាន​គេ​តាម​ យ៉ាង​ប្រផិតប្រផើយ​ តែ​សំណាង​ល្អ​មាន​អ្នក​បោស​សំរាម​ដែល​ធ្វើ​រទេះ​ដេក​នៅ​ចិញ្ចើម​ថ្នល់​ ខ្ញុំ​​ក៏​រត់​ចូល​នៅ​ក្នុង​រទេះ​ពួក​គាត់​​ ពួក​ការពារ​បន​ក៏​រក​មិន​ឃើញ​ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ក៏​ត្រូវ​​ក្រុម​ប្រតិបត្តិ​ការ​របស់​ មន្ត្រី​សង្គម​កិច្ច​ក្រុង​ចាប់​ខ្ញុំ​ពី​រទេះ​អ្នក​បោស​សំរាម​នេះ​យក​​មក​ ធ្វើ​ការ​អប់រំ​តែ​ម្ដង។

មក​ទល់​ពេល​នេះ​ ៤​ឆ្នាំ​ ហើយ​ដែល​ជីវិត​របស់​ខ្ញុំ​រស់​អណ្ដែត​ដូច​ចក​ត្រូវ​រលក​នៅ​កណ្ដាល​មហា​ សមុទ្រ​គ្មាន​អ្វី​ទី​ពឹង។ សព្វ​ថ្ងៃ​ខ្ញុំ​ហាក់​បី​ដូចជា​​បាន​ធូរស្បើយ​បន្តិច​ ព្រោះ​បាន​រស់​នៅ​ក្នុង​មណ្ឌល​​កែប្រែ​​ដោយ​មាន​ការ​បង្ហាត់​បង្រៀន​ឲ្យ​ចេះ ​វិជ្ជា​កាត់ដេរ​ ដាំស្ល​ និង​ទទួល​​ការ​អប់រំ​ផ្សេងៗ​ឲ្យ​ខ្ញុំ​ចេះ​រស់​នៅ​ក្នុង​​សង្គម​បាន​ល្អ។​ ក្រោយ​ចេញ​ពី​មណ្ឌល​ ខ្ញុំ​នឹង​​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្ញុំ​វិញ​​ព្រោះ​ខ្ញុំ​មិន​ដែល ​បាន​ទទួល​ដំណឹង​អ្វី​ពី​ឪពុកម្ដាយ​ និង​ប្អូនៗ​របស់​ខ្ញុំ​ឡើយ៕

ដកស្រង់​ចេញ​គេហទំព័រhttp://women.open.org.kh

Tuesday, July 29, 2008

និយាយ​ថា​ ទេ​ ចំពោះ​អំពើហិង្សា​ប្រឆាំង​នឹង​ស្ត្រី

តើ​លោក​អ្នក​ចង់​អោយ​អំពើ​ហិង្សា​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ​​ចំពោះ​ស្ត្រី​ខ្មែរ​យើង​ដែរ​រឺ​ទេ?
ប្រសិន​បើ​លោក​អ្នក​មិន​​ចង់​ឃើញ​​ទេ​ សូម​និយាយ​ថា ទេ​ ចំពោះ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​​ ដោយ​ចុច​លើ​អាសយដ្ឋាន​នេះ http://women.open.org.kh/#sayno​ ហើយ​សូម​មេត្តា​ចុះ​ឈ្មោះ​របស់​អ្នក​។
សូម​អរគុណ។

Thursday, July 24, 2008

ការ​ផ្អាក​មិន​ឲ្យ​លក់ដូរ​ និង​ពិសា​គ្រឿង​ស្រវឹង​មួយ​ថ្ងៃ​​មុន​ការ​បោះឆ្នោត

អាជ្ញាធរ​​ក្រុង​រួម​​នឹង​អាជ្ញាធរ​ខេត្ត​នានា​បាន​ប្ដេជ្ញា​អនុវត្តន៍​​តាម ​សេចក្ដី​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្ដី​ពី​ការ​ផ្អាក​មិន​ឲ្យ​លក់ដូរ​ និង​ពិសា​គ្រឿង​ស្រវឹង​​មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​​ និង​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​​តំណាងរាស្ត្រ​នីតិកាល​​ទី​៤​ នៃ​រដ្ឋសភា​ ដោយ​បាន​ដាក់​បទ​បញ្ជា​ និង​សេចក្ដី​ជូន​ដំណឹង​​ទៅ​ម្ចាស់​ហាង​​លក់​ទំនិញ​ទាំងអស់​មិន​ឲ្យ​លក់​ គ្រឿង​ស្រវឹង​​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ និង​ថ្ងៃ​បោះឆ្នោត​ឡើយ​ បើ​មិន​គោរព​​តាម​ការ​ជូន​ដំណឹង​​នេះ​ទេ​ អាជ្ញាធរ​នឹង​​មាន​វិធានការ​ពិន័យ។

លោក​ ម៉ាន់​ ឈឿន​ អភិបាល​រង​ក្រុង​ភ្នំពេញ​​មាន​ប្រសាសន៍​ថា៖ "ទាក់ទង​សេចក្ដី​ណែនាំ​​របស់​រាជរដ្ឋាភិបាល​​ស្ដី​ពី​ការ​ផ្អាក​មិន​ឲ្យ​លក់ ​ដូរ​ និង​ពិសា​គ្រឿង​ស្រវឹង​មួយ​ថ្ងៃ​មុន​ថ្ងៃ​​បោះឆ្នោត​ និង​ថ្ងៃ​​បោះឆ្នោត​នា​ថ្ងៃ​ទី​២៦​-២៧​ នេះ​ យើង​បាន​ត្រៀម​ខ្លួន​រួច​អស់​ហើយ​ដែល​ជា​វិធាន​ការ​​ដ៏​ល្អ​​ប្រពៃ​ណាស់​ ព្រោះ​ប្រជាពលរដ្ឋ​យើង​​សុទ្ធ​តែ​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ យើង​មិន​ចង់​ឲ្យ​​ស្រា​មក​ធ្វើ​ត្រី​មុខ​នោះ​ឡើយ។ ដូច្នេះ​សេចក្ដី​ជូន​ដំណឹង​នេះ​ គឺ​ត្រឹមត្រូវ​ណាស់​ ដែល​ករណី​នេះ​យើង​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​រួច​ហើយ​​ទៅ​ដល់​​ថ្នាក់​ដឹកនាំ ​ទាំង​៧​ ខណ្ឌ​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ឲ្យ​អាជ្ញាធរ​​ទាំងនោះ​យក​សេចក្ដី​ជូន​ដំណឹង​របស់​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​លិខិត​​បទដ្ឋាន​​មួយ​ចំនួន​​ទៀត​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ទៅ​កាន់​ បងប្អូន​​ប្រជាពលរដ្ឋ​ និង​អាជីវករ​លក់ដូរ​​នៅ​តាម​មូលដ្ឋាន​ ឬ​ភោជនីយដ្ឋាន​នីមួយៗ​ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ម៉ត់ចត់​ទៅ​តាម​សេចក្ដី​​ជូន ​ដំណឹង​នេះ"។

លោក​ ម៉ាន់​ ឈឿន​​ បាន​គូស​បញ្ជាក់​ដោយ​មាន​ជំនឿ​ចិត្ត​​ថា៖ " វិធាន​ការ​​នេះ​យើង​មាន​គណៈ​បញ្ជាការ​ឯកភាព​នៅ​ខណ្ឌ​ទាំង​៧​ផង​យើង​មាន​គណៈ​ បញ្ជា​ការ​តាម​សង្កាត់​ទាំង​៧៦​ផង​ខ្ញុំ​ជឿ​ថា​ វិធានការ​​ទប់ស្កាត់​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​នេះ​ គឺ​​នឹង​ត្រូវ​អនុវត្តន៍​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ ស្រប​ទៅ​តាម​ការ​ណែនាំ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល "។

ជា​មួយ​ការ​ប្ដេជ្ញា​ និង​យក​ចិត្ត​ទុក​ដាក់​​អនុវត្តន៍​ទៅ​តាម​សេចក្ដី​​ណែនាំ​របស់​ប្រមុខ​​ ដឹកនាំ​រដ្ឋាភិបាល​ស្ដី​ពី​ការ​ផ្អាក​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​នេះ​ ថ្នាក់​​ដឹកនាំ​​តាម​មូលដ្ឋាន​​មួយ​​ចំនួន​នៅ​ទីក្រុង​​ភ្នំពេញ​បាន​អះអាង​​ ថា​ នឹង​ខិតខំ​អនុវត្តន៍​ឲ្យ​​មាន​ប្រសិទ្ធិភាព។ សម្រាប់​លោក​ ឃ្លាំង​ ហួត​ អភិបាល​ខណ្ឌ​ឫស្សី​កែវ​មាន​ប្រសាសន៍​ថា៖ "ការ​ណែនាំ​របស់​រដ្ឋាភិបាល​នេះ​ ខ្ញុំ​បាន​ដាក់​បញ្ហា​នេះ​ជូន​ចៅ​សង្កាត់ ​និង​ប៉ូលិស​ប៉ុស្ដិ៍​រួច​ហើយ​ ឲ្យ​​ណែនាំ​​ និង​មាន​​ការ​សហការ​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ រលូន​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់។ អាជ្ញាធរ​​ខណ្ឌ​បាន​ណែនាំ​ទៅ​គ្រប់​ហាង​ទាំងអស់​​ស្នើ​សុំ​មិន​ឲ្យ​មាន​ការ​ ប្រើប្រាស់​គ្រឿង​​ស្រវឹង​ និង​មិន​ឲ្យ​លក់​ដូរ​គ្រឿង​ស្រវឹង​ ឬ​ក៏​បិទ​ហាង​តែ​ម្ដង។ ប៉ុន្តែ​បើ​សិន​ជា​មិន​អាច​បិទ​អាជីវកម្ម​របស់​ខ្លួន​បាន​សុំ​កុំ​ឲ្យ​​គាត់ ​លក់​ដូរ​គ្រឿង​ស្រវឹង​​ បើ​ពួក​គាត់​ប្រឆាំង​​គាត់​នឹង​ត្រូវ​ទទួល​ខុសត្រូវ​​ទៅ​តាម​ផ្លូវ​ ច្បាប់"។

ទាក់ទង​សេចក្ដី​ណែនាំ​របស់​ប្រមុខ​ដឹកនាំ​នេះ​ លោក​ ឃ្លាំង​ ហួត​ សង្កត់​ធ្ងន់​ថា៖ "បើ​សិន​ជា​មាន​ម្ចាស់​អាជីវកម្ម​ណា​មួយ​ប្រព្រឹត្ត​ល្មើស​​ផ្ទុយ​ពី​ សេចក្ដី​ណែនាំ​នេះ​ យើង​នឹង​មាន​វិធានការ​បិទ​ការ​ធ្វើ​អាជីវកម្ម​​ទាំង​នោះ​ដើម្បី​ធ្វើ​ជា​ គំរូ។ ស្រុក​យើង​​ត្រូវ​តែ​មាន​វិធានការ​​ដល់​ពួក​គាត់​ខ្លះ​ទើប​បាន។ បើ​មិន​មាន​ការ​ពិន័យ​ទេ​ នៅ​ពេល​កម្ពុជា​ធ្វើ​ការ​បោះឆ្នោត​អាណត្តិ​ក្រោយៗ​ទៀត​ មិន​មាន​នរណា​ម្នាក់​យក​ចិត្ត​ទុក​ដាក់​លើ​សេចក្ដី​ជូន​ដំណឹង​ដូចគ្នា​នេះ​ ទេ​ ពួក​គេ​អាច​ល្មើស​ចង់​លក់​ក៏​បាន​ មិន​លក់​​ក៏​បាន​ ស្រេច​តែ​ចិត្ត​របស់​ពួក​គេ​ ដូច្នេះ​ទង្វើ​នេះ​មិន​បាន​ជា​ដាច់ខាត​ យើង​​ត្រូវ​តែ​​មាន​វិធានការ​ ដែល​ករណី​នេះ​ យើង​មាន​មនុស្ស​របស់​យើង​តាម​ឃ្លាំ​មើល"។

ដោយ​ឡែក​នៅ​ឯ​ខេត្ត​កំពង់ចាម​ឯណោះ​វិញ​ ថ្នាក់​ដឹក​នាំ​ខេត្ត​​ក៏​បាន​ណែនាំ​ទៅ​ដល់​អ្នក​ធ្វើ​អាជីវកម្ម​លក់​ដូរ​ ទាំង​អស់​ឲ្យ​ផ្អាក​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​​នេះ​ផង​ដែរ។ បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក​ ហ៊ុន​ ណេង​ អភិបាល​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា៖ "សេចក្ដី​ណែនាំ​​របស់​រដ្ឋាភិបាល​ទាក់ទង​ការ​ផ្អាក​លក់​ និង​ទទួល​ទាន​ស្រា​នេះ​ នៅ​ខេត្ត​កំពង់ចាម​ ខ្ញុំ​​បាន​ធ្វើ​ការ​ណែនាំ​នៅ​តាម​គ្រប់​ស្រុក​ទាំងអស់​នៅ​ទូទាំង​ខេត្ត​ ដើម្បី​កុំ​ឲ្យ​ធ្វើ​អាជីវកម្ម​លក់​ដូរ​គ្រឿង​ស្រវឹង​នេះ​នៅ​មុន​ថ្ងៃ​ បោះឆ្នោត​ និង​ថ្ងៃ​បោះឆ្នោត​រួច​អស់​ហើយ​ ត្រង់​ថា​ការ​ណែនាំ​នេះ​គេ​ធ្វើ​តាម​ ឬ​មិន​ធ្វើ​តាម​វា​ជា​សិទ្ធិ​​របស់​មនុស្ស​ម្នាក់ៗ ប៉ុន្តែ​មក​ដល់​ម៉ោង​នេះ​ហើយ​ បើ​យើង​ចេញ​សេចក្ដី​ណែនាំ​ ហើយ​គេ​មិន​ធ្វើ​​តាម​មាន​តែ​អ្នក​ទាំង​នោះ​ គឺ​ជា​សត្វ​ធាតុ​ មិនមែន​ជា​មនុស្ស​ឡើយ"។

សម្រាប់​លោកស្រី​វេជ្ជបណ្ឌិត​ ពុង​ ឈីវកេក​ នាយិកា​អង្គការ​​សិទ្ធិ​មនុស្ស​​លីកាដូ​មាន​ប្រសាសន៍​ថា៖ "ខ្ញុំ​គិត​ថា​ បើ​មិន​ឲ្យ​លក់​គ្រឿង​​ស្រវឹង​មុន​ការ​បោះឆ្នោត​ និង​ថ្ងៃ​បោះឆ្នោត​ ហ្នឹង​​ជា​ការ​ប្រសើរ​មួយ​ព្រោះ​អី​យើង​ខ្លាច​បងប្អូន​លោក​ពិសា​គ្រឿង​ ស្រវឹង​មុន​ការ​បោះឆ្នោត​អាច​ធ្វើ​​អំពើ​​អ្វី​មួយ​មិន​ត្រឹមត្រូវ​ ប្រព្រឹត្ត​អ្វី​ដែល​ខុស​ច្បាប់។ ដូច្នេះ​បើ​បងប្អូន​លោក​អត់ធ្មត់​បាន​កុំ​ពិសា​សុរា​ ឬ​គ្រឿង​ញៀន​ផ្សេងៗ​ជា​ដើម​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ និង​ថ្ងៃ​បោះ​វា​ជា​​ការ​ល្អ​ ធ្វើ​ម៉េច​ឲ្យ​បងប្អូន​​យើង​មាន​ភាព​ស្ងប់ស្ងៀម​ថា​ តើ​គួរ​សម្រេច​ចិត្ត​​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​​ណា​មួយ​ដែល​ខ្លួន​ពេញ​ ចិត្ត​​សម្រាប់​ដឹកនាំ​​ប្រទេស​ឲ្យ​មាន​ភាព​រុងរឿង"។

លោក​ អ៊ឹម​ សួស្ដី​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) មាន​ប្រសាសន៍​ថា​ ខ្ញុំ​អបអរសាទរ​ចំពោះ​សេចក្ដី​ជូន​ដំណឹង​​របស់​រដ្ឋាភិបាល​ដែល​តម្រូវ​​ឲ្យ​ ហាង​លក់​ដូរ​​ទាំងអស់​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹង​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ និង​ថ្ងៃ​បោះឆ្នោត​​ដែល​ជា​ការ​ចង់​បាន​របស់​ គ.ជ.ប​ នា​ពេល​កន្លង​​មក។ លោក​ អ៊ឹម​ សួស្ដី​ បញ្ជាក់​ឲ្យ​ដឹង​ថា៖ "តាម​ការ​សង្កេត​របស់​ខ្ញុំ​នា​ពេល​​កន្លង​មក​រឿងរ៉ាវ​ទាំង​អស់​ដែល​ទាស់ទែង ​គ្នា​ គឺ​តែង​កើត​​ចេញ​មក​ពី​ការ​​ស្រវឹង​​ទាំងអស់។​ ដូច្នេះ​​បើ​សេចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល​​នេះ​មាន​ប្រសិទ្ធភាព​វា​ជា​ការ ​​ប្រសើរ​បំផុត។ ខ្ញុំ​សូម​សំណូមពរ​​ដល់​អ្នក​​ដែល​ធ្លាប់​ផឹក-ស៊ី​ ស្រវឹង​ផ្កាប់​មុខ​ នៅ​មុន​ថ្ងៃ​បោះឆ្នោត​ និង​ថ្ងៃ​បោះឆ្នោត​ ជៀសវាង​​បាតុភាព​​អសកម្ម​ផ្សេងៗ​ដែល​អាច​នឹង​កើត​មាន​ឡើង"៕

ដកស្រង់​ចេញ​ពី​គេហទំព័រ​ http://women.open.org.kh

Wednesday, July 23, 2008

សិស្ស​ពូកែ​កម្ពុជា​ម្នាក់​ ទទួល​បាន​វិញ្ញាបនបត្រ​កិត្តិយស​ ការ​ប្រឡង​គណិតវិទ្យា​អូឡាំព្យាដ​អន្តរជាតិ​លើក​ទី​៤៩​ នៅ​ប្រទេស​អេស្ប៉ាញ​

ភ្នំពេញ​៖ សិស្ស​ពូកែ​កម្ពុជា​ម្នាក់​ក្នុង​ ចំណោម​៦​នាក់​បាន​ទទួល​វិញ្ញាបនបត្រ​កិត្តិយស​ការ​ប្រឡង​គណិតវិទ្យា​ អូឡាំព្យាដ​អន្តរជាតិ​​លើក​ទី​៤៩​ នៅ​ប្រទេស​អេស្ប៉ាញ។

កាល​បរិច្ឆេទ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​១៥​-១៧​ ខែ​កក្កដា​ ឆ្នាំ​២០០៨​ ដោយ​មាន​ប្រទេស​ចូល​រួម​ប្រឡង​ប្រមាណ​​៩៩​ប្រទេស។ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​បញ្ជូន​សិស្ស​ពូកែ​ទៅ​ប្រឡង​កាលពី​ថ្ងៃ​ទី​១៣​​ ខែ​កក្កដា​​ ដែល​ជា​លើក​ទី​២​សម្រាប់​​ការ​ប្រឡង​គណិតវិទ្យា​អូឡាំព្យាដ​អន្តរជាតិ​ បន្ទាប់​​ពី​ប្រឡង​​លើក​ទី​១​ នៅ​ប្រទេស​វៀតណាម​ដែល​មាន​ប្រទេស​ចូល​រួម​៩៧​ប្រទេស។

កាល​ពី​យប់​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០០៨​ សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​​បាន​ត្រឡប់​មក​ពី​ការ​​ចូល​រួម​ប្រឡង​នៅ​ ប្រទេស​អេស្ប៉ាញ​​ដោយ​មាន​​សិស្ស​ម្នាក់​​​ឈ្មោះ​ លី​ សំឫទ្ធិ​ ជា​សិស្ស​មក​ពី​វិទ្យាល័យ​ឥន្ទ្រទេវី​ទទួល​បាន​វិញ្ញាបនបត្រ​កិត្តិយស។

បើ​តាម​លោក​ ម៉ែន​ ចាន់សុខា​ មន្ត្រី​ទទួល​បន្ទុក​ការងារ​អូឡាំព្យាដ​នៃ​​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​និយាយ​ឲ្យ​ដឹង​ថា​ ថ្វី​ត្បិត​តែ​ការ​ប្រឡង​គណិតវិទ្យា​អូឡាំព្យាដ​អន្តរជាតិ​​លើក​ទី​៤៩​ នៅ​ប្រទេស​អេស្ប៉ាញ​លើក​នេះ​ពុំ​ទទួល​បាន​លទ្ធផល​ដូច​ការ​រំពឹង​ទុក​ក៏​ដោយ​ ក៏​វា​គឺ​ជា​មោទនភាព​មួយ​ដែរ​ ក្នុង​ចំណោម​សិស្ស​៦​នាក់​ដែល​ទៅ​ចូល​រួម​ប្រឡង​មាន​សិស្ស​ម្នាក់​ទទួល​បាន​ វិញ្ញាបនបត្រ​កិត្តិយស​យក​មក​ជូន​ប្រទេស​ជាតិ។

ដោយសារ​ការ​ប្រឡង​លើក​នេះ​លទ្ធផល​មិន​សូវ​ល្អ​ប្រសើរ​នោះ​ មន្ត្រី​ទទួល​បន្ទុក​ការងារ​អូឡាំព្យាដ​នឹង​​ធ្វើ​ការ​កែ​ទម្រង់​ទៅ​លើ​​ ផ្នែក​គណិតវិទ្យា។

លោក​ ម៉ែន​ ចាន់សុខា​ បាន​និយាយ​ថា​ ខ្ញុំ​នឹង​ធ្វើ​ការ​កែ​ទម្រង់​​ថ្មី​មួយ​លើ​ការ​​ជ្រើសរើស​សិស្ស​យក​មក​ បំប៉ន។ លោក​បាន​បន្ត​ថា​ ដោយ​សង្កេត​ឃើញ​ជា​រៀង​រាល់​ឆ្នាំ​ជ័យលាភី​ថ្នាក់​ទី​៩​ ផ្នែក​គណិតវិទ្យា​សិស្ស​ពូកែ​ទូទាំង​ប្រទេស​​នៅ​ពេល​ដែល​​ពួក​គេ​មក​រៀន​ ថ្នាក់​​ទី​១២​ភាគ​ច្រើន​ពុំ​បាន​រក្សា​តំណែង​របស់​​គេ​ជា​ជ័យលាភី​សិស្ស​ ពូកែ​ទូទាំង​ប្រទេស​ផ្នែក​គណិតវិទ្យា​ថ្នាក់​ទី​១២​ទេ។

លោក​បាន​លើក​ឧទាហរណ៍​មក​បញ្ជាក់​ថា​ ដូចជា​ជ័យលាភី​ផ្នែក​គណិតវិទ្យា​ថ្នាក់​ទី​៩​ឆ្នាំ​២០០៥​ ចំនួន​១០​នាក់​មក​ដល់​ឆ្នាំ​២០០៨​សិស្ស​ដែល​រក្សា​បាន​ជ័យលាភី​សិស្ស​ពូកែ​​ គណិតវិទ្យា​ថ្នាក់​ទី​១២​ទូទាំង​ប្រទេស​មាន​ចំនួន​តែ​៤​នាក់​​ប៉ុណ្ណោះ​ ​ដូច​នេះ​ដើម្បី​ដោះស្រាយ​ខាង​លើ​នេះ​ លោក​នឹង​ធ្វើ​កំណត់​បង្ហាញ​រឿង​មួយ​ជូន​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ​យុវជន​ ​និង​កីឡា​ដើម្បី​ស្នើ​សុំ​ធ្វើការ​ប្រឡង​ជ្រើសរើស​​សិស្ស​ពូកែ​គណិតវិទ្យា​ ថ្នាក់​ទី​១២​ឆ្នាំ​សិក្សា​២០០៨-២០០៩​ ដែល​មាន​បេក្ខជន​ចំនួន​១០០​នាក់​យក​ពី​ខេត្ត​-ក្រុង​ធំ ​និង​មធ្យម​ចំនួន​១៦​ខេត្ត​-ក្រុង។ លោក​បាន​និយាយ​ថា​ ការ​បែងចែក​បេក្ខជន​តាម​ខេត្ត​- ក្រុង​​នាយកដ្ឋាន​មធ្យម​សិក្សា​​ចំណេះ​ទូទៅ​ជា​អ្នក​កំណត់។ នៅ​ក្នុង​នោះ​ជ័យលាភី​គណិតវិទ្យា​​ថ្នាក់​ទី​៩​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ ឆ្នាំ​២០០៦​ត្រូវ​បាន​ជាប់​ដោយ​ស្វ័យប្រវត្តិ​​តាម​កូតា​ខេត្ត​-ក្រុង​​ នីមួយៗ។

ក្រោយ​ពេល​ដែល​ជ្រើសរើស​រួច​សិស្ស​ដែល​ជាប់​ចំណាត់ថ្នាក់​​ពី​លេខ​រៀង​ទី ​១​ដល់​ទី​១០​ ត្រូវ​បាន​ឲ្យ​រៀន​​បំប៉ន​សម្រាប់​ត្រៀម​ទៅ​ចូល​រួម​​ប្រឡង​គណិតវិទ្យា​​ អន្តរជាតិ​លើក​ទី​៥០​ឆ្នាំ​ក្រោយ ​ហើយ​បេក្ខជន​ដែល​ជាប់​ចំណាត់ថ្នាក់​ពី​លេខ​រៀង​ទី​១​ដល់​ទី​៤០​ ត្រូវ​បាន​ឲ្យ​ចូល​រួម​ប្រឡង​​គណិតវិទ្យា​អូឡាំព្យាដ​អាស៊ី​ប៉ាស៊ីហ្វិក​លើក ​ទី​២១​ នៅ​ខែ​មីនា​ ឆ្នាំ​២០០៩។

លោក​ ម៉ែន​ ចាន់សុខា​ បាន​និយាយ​ឲ្យ​ដឹង​ទៀត​ថា​ បេក្ខជន​ត្រូវ​មាន​អាយុ​២០​ឆ្នាំ​គិត​ដល់​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០០៩។ ការ​ធ្វើ​​បែប​នេះ​លោក​សង្ឃឹម​ថា​ លទ្ធផល​នៃ​ការ​ប្រឡង​គណិតវិទ្យា​​អូឡាំព្យាដ​អន្តរជាតិ​នឹង​មាន​ការ​ រីកចម្រើន​ជា​​មិន​ខាន​ពី​ព្រោះ​ថា​ សិស្ស​ដែល​ពុំ​បាន​ជាប់​ជា​ជ័យលាភី​សិស្ស​ពូកែ​ទូទាំង​ប្រទេស​​គណិតវិទ្យា​ ថ្នាក់​ទី​៩​គេ​នឹង​មាន​សង្ឃឹម​គេ​នឹង​​ប្រឹងប្រែង​​រៀន​សូត្រ​បន្ថែម​ទៀត​ ដើម្បី​ទៅ​ប្រឡង​​គណិតវិទ្យា​អូឡាំព្យាដ​អន្តរជាតិ​ និង​ទៅ​ប្រឡង​គណិតវិទ្យា​អូឡាំព្យាដ​អាស៊ី​ប៉ាស៊ីហ្វិក។

លោក​ ម៉ែន​ ចាន់សុខា​ បាន​និយាយ​ថា​ បើ​សិន​ជា​ការ​ជ្រើសរើស​​ផ្នែក​គណិតវិទ្យា​នេះ​ ទទួល​បាន​​លទ្ធផល​ល្អ​លោក​នឹង​ប្រឹងប្រែង​បន្ត​ទៅ​ធ្វើ​ការ​ជ្រើសរើស​​ផ្នែក ​​រូបវិទ្យា​ទៀត។

ចំណែក​ឯ​គ្រូ​ដឹកនាំ​​សិស្ស​សម្រាប់​ចេញ​ទៅ​ប្រឡង​នៅ​ក្រៅ​ប្រទេស​វិញ​ក៏ ​សំណូមពរ​​ដល់​ក្រសួង​​អប់រំ​យុវជន​ និង​កីឡា​មួយ​ចំនួន​​នៅ​ពេល​ដែល​សិស្ស​ត្រូវ​ចេញ​ទៅ​ប្រទេស​ឆ្ងាយៗ​ ដូចជា​​ប្រទេស​​អេស្ប៉ាញ​ ឬ​នៅ​ម៉ុងហ្គោលី​ សូម​ក្រសួង​​ជួយ​សម្រួល​ឲ្យ​សិស្ស​ចេញ​ដំណើរ​ឲ្យ​បាន​​មុន​ ៤​-៥​ថ្ងៃ​ ដើម្បី​​ឲ្យ​សិស្ស​​អាច​ស៊ាំ​នឹង​អាកាសធាតុ​ ឬ​អាហារ​​របស់​គេ​ព្រោះ​កន្លង​មក​សិស្ស​​ដែល​ទៅ​ចូល​រួម​​ប្រឡង​នៅ​ប្រទេស​ ឆ្ងាយៗ​​មិន​អាច​ស៊ាំ​នឹង​អាកាសធាតុ​ ឬ​ម្ហូប​អាហារ​​ក្នុង​រយៈពេល​​ខ្លី​បាន​ទេ​​ដែល​បញ្ហា​នេះ​ បាន​ជះឥទ្ធិពល​ដល់​ការ​ប្រឡង​របស់​សិស្ស។ គ្រូ​ដឹកនាំ​សិស្ស​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ក្រសួង​អប់រំ​នឹង​ជួយ​សម្រួល​ដល់​បញ្ហា​នេះ​ដើម្បី​ឲ្យ​ការ​ប្រឡង​របស់​ សិស្ស​​យើង​ទទួល​បាន​លទ្ធផល​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​៕

ដកស្រង់​ចេញ​ពី​គេហទំព័រ http://women.open.org.kh

ឃាត់​ខ្លួន​នារី​ម្នាក់​ ក្នុង​ករណី​លួងលោម​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ ​យក​ទៅ​លក់​

ភ្នំពេញ​៖ នារី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្នុង​ករណី​លួង​ លោម​ចាប់​ពង្រត់​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​​យក​ទៅ​លក់​​ក្នុង​តម្លៃ​ ជិត​១​លាន​រៀល​ ខណៈ​ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​មិន​នៅ​ផ្ទះ។

ស្ត្រី​ជាប់​ចោទ​ឈ្មោះ​​ គន់​ ធី​ អាយុ​២៣​ឆ្នាំ​ មុខរបរ​បម្រើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ​​មួយ​កន្លែង​​ នៅ​ភ្នំពេញ​​ស្នាក់​នៅ​ផ្ទះ​ជួល​ម្ដុំ​បុរីកីឡា​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មករា​ ក្រុងភ្នំពេញ។

ចំណែក​កុមារី​រងគ្រោះ​ឈ្មោះ​ សាន​ ស្រីលីស​ រស់នៅ​ជាមួយ​ម្ដាយ​​ឈ្មោះ​ លី​ ស្រីរ័ត្ន​ អាយុ​២៧​ឆ្នាំ​ នៅ​​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ ក្រុងភ្នំពេញ។

ក្រុម​សមត្ថកិច្ច​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​កក្កដា​ នារី​ជាប់​ចោទ​ឈ្មោះ​ គន់​ ធី​ បាន​ទៅ​លេង​ផ្ទះ​ម្ដាយ​កុមារី​រងគ្រោះ​ ហើយ​នៅ​ពេល​មក​ដល់​ផ្ទះ​មិន​ឃើញ​ម្ដាយ​​កុមារី​រងគ្រោះ​ដែល​ជា​មិត្តភក្ដិ​ នោះ​ក៏​ប្រើ​កលល្បិច​​លួងលោម​កុមារី​រងគ្រោះ​យក​មក​ជាមួយ​ ហើយ​ក៏​យក​ទៅ​លក់​​ឲ្យ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​អាយុ​ប្រហែល​៥០​ឆ្នាំ​នៅ​ ផ្សារ​បឹងព្រលិត​ ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ​៧​មករា​ ក្រុងភ្នំពេញ​បាន​លុយ​ជិត​១​លាន​រៀល​ ហើយ​បាន​គេច​ខ្លួន​បាត់​ស្រមោល។ លុះ​ដល់​ល្ងាច​ថ្ងៃ​ទី​២២​​ ខែ​កក្កដា​ ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​បាន​ទៅ​រក​ឃើញ​ស្ត្រី​ល្មើស​នៅ​ម្ដុំ​បុរីកីឡា​ក៏ ​ឃាត់​ខ្លួន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដើម្បី​ចាត់​ការ​ទៅ​តាម​ច្បាប់។

ក្រុម​សមត្ថកិច្ច​បន្ត​ទៀត​ថា​ គិត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​នេះ​ ក្រុម​សមត្ថកិច្ច​នៅ​មិន​ទាន់​ស្រាវជ្រាវ​​រក​ក្មេង​ស្រី​រងគ្រោះ​នោះ​ឃើញ​ នៅ​ឡើយ​ទេ​ ដោយ​ឮ​ថា​ គេ​យក​ក្មេង​ស្រី​នេះ​ទៅ​លក់​​បន្ត​ទៅ​ខេត្ត​បាត់​ហើយ៕

ដកស្រង់​ចេញ​ពី​គេហទំព័រ​ http://women.open.org.kh

Tuesday, July 15, 2008

ខឹង​សុំ​លុយ​ប្រពន្ធ​ជាង​ពីរ​ពាន់​រៀល​សង​ថ្លៃ​ស្រា​មិន​ឲ្យ​ យក​ពូថៅ​កាប់​ត្រូវ​ជា​ច្រើន​កន្លែង

ព្រៃវែង​ ៖​ ស្ត្រី​ម្នាក់​ត្រូវ​ប្ដី​របស់​ខ្លួន​កាប់​ហើយ​វាយ​នឹង​ខ្នង​ពូថៅ​ឲ្យ​រង​ របួស​ចំនួន​៥​កន្លែង​ ដោយ​សារ​រឿង​សុំ​លុយ​ចំនួន​២.២០០​រៀល​ យក​ទៅ​សង​ថ្លៃ​ស៊ី​ផឹក​ជា​មួយ​មិត្ត​ភក្ដិ​មិន​ឲ្យ។

រឿង​ហេតុ​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៧​និង​២០​នាទី​យប់​ ថ្ងៃ​ទី​ ៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ស្ថិត​នៅ​ក្នុង​ភូមិ​ក្រាំងលាវ​ ឃុំ​ចាម​ ស្រុក​កំពង់​ត្របែក​ ខេត្ត​ព្រៃវែង។

ប៉ូលិស​ស្រុក​កំពង់​ត្របែក​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​នោះ​ឈ្មោះ​ ថោង​ សារុន​ អាយុ​​៣៥​ឆ្នាំ​ ប្ដី​ឈ្មោះ​ មុំ​ សាខន​ អាយុ​៣៨​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​លាវ​ ឃុំ​ចាម​ ស្រុក​កំពង់ត្របែក។

ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ល្ងាច​ថ្ងៃ​ទី​ ៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ មុំ​ សាខន​ បាន​ទៅ​ផឹក​ស៊ី​នៅ​ផ្ទះ​ សុខ​ ធា​ ជាមួយ​មិត្ត​ភក្ដិ​ម្នាក់​ទៀត​ឈ្មោះ​ ខន​ អស់​ស្រា​ជា​ច្រើន​លីត្រ​ រហូត​ដល់​យប់​ម្នាក់​ៗ​ស្រវឹង​ហើយ​ក៏​បែក​ជួរ​គ្នា​មក​ផ្ទះ​រៀង​ៗ​ខ្លួន។​ តែ​ មុំ​ សាខន​ មក​ដល់​ផ្ទះ​ក៏​ទារ​លុយ​ប្រពន្ធ​ចំនួន​ ២.២០០​រៀល​ យក​ទៅ​សង​ថ្លៃ​ស៊ី​ផឹក។​ ពេល​ប្រពន្ធ​មិន​ព្រម​ឲ្យ​ ក៏​ស្ទុះ​ទៅ​ទាញ​ពូថៅ​មក​កាប់​ត្រូវ​ប្រពន្ធ​ចំ​លើ​ត្រចៀក​ខាង​ឆ្វេង​មួយ​ ពូថៅ​ដួល​នៅ​លើ​ផ្ទះ​ និង​កាប់​ត្រូវ​បាត​ដៃ​ឆ្វេង​មួយ​ពូថៅ​ ហើយ​វាយ​ត្រូវ​ស្មង​ជើង​ទាំងពីរ​ចំនួន​៣​ខ្នង​ពូថៅ​ទៀត​ ហើយ​ស្ត្រី​ ថោង​ សារុន​ ក៏​ក្រោក​រត់​ចុះ​ពី​លើ​ផ្ទះ​មក​ឲ្យ​ម្ដាយ​ឪពុក​ជួយ​ និង​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ប៉ូលិស​ឲ្យ​ចាប់​ឃាត់​ខ្លួន​តែ​ម្ដង។

តាម​ចម្លើយ​សារភាព​របស់​ មុំ​ សាខន​ បាន​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ដឹង​ថា​ នៅ​ល្ងាច​នោះ​គេ​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផឹកស៊ី​ជាមួយ​មិត្ត​ ភក្ដិ​ស្រវឹង​ខ្លាំង​ពេក។​ លុះ​មក​ដល់​ផ្ទះ​បាន​សុំ​លុយ​ប្រពន្ធ​ចំនួន​ ២.២០០​រៀល​យក​ទៅ​សង​ថ្លៃ​ផឹក​ស៊ី​ តែ​ប្រពន្ធ​មិន​ឲ្យ​កើត​មាន​ការ​ខឹង​មួម៉ៅ​ ក៏​ទាញ​ពូថៅ​កាប់​ប្រពន្ធ​តែ​ម្ដង​ទៅ។

បច្ចុប្បន្ន​ជន​ល្មើស​ មុំ​ សាខន​ ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កំពង់ត្របែក​បញ្ជូន​មក​កាន់​តុលាការ​ខេត្ត​ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​ ១១​ ខែ​ កក្កដា​ នេះ​ ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ​ទោស​តាម​ផ្លូវ​ច្បាប់៕

ដកស្រង់​ចេញ​ពី​គេហទំព័រhttp://women.open.org.kh

Thursday, July 10, 2008

បេក្ខនារី​បណ្ឌិត​ អ៊ុន​ សុគន្ធា​ ការពារ​និក្ខេបបទ​ថ្នាក់​បណ្ឌិត​ទទួល​បាន​និទ្ទេស​ "ល្អ​ណាស់"

រាជធានី​ភ្នំពេញ៖កាល​ពី​រសៀល​ថ្ងៃ​ទី​ ៩​ កក្កដា​ ឆ្នាំ​ ២០០៨​ នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌ​ចំការមន​ គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​ សហការ​ជាមួយ​បណ្ឌិត​សាស្ត្រាចារ្យ​ក្រសួង​អប់រំ​ បាន​បង្កើត​ក្រុមប្រឹក្សា​វាយតំលៃ​និក្ខេបបទ​របស់​បេក្ខនារី​បណ្ឌិត​ អ៊ិន​ សុគន្ធា​ មុន​នឹង​សម្រេច​ប្រកាស​ផ្ដល់​សញ្ញាបត្រ​បណ្ឌិត​ ផ្នែក​នីតិសាស្ត្រ​ជូន​បេក្ខនារី។

ក្នុង​ពិធី​ការពារ​និក្ខេបបទ​របស់​បេក្ខនារី​ខាង​លើ​នេះ​ លោក​បណ្ឌិត​ ជា​ ចំរើន​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​ និង​ជា​សាកលវិទ្យាធិការ​ សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ បាន​ឧទ្ទេសនាម​លោក​បណ្ឌិត​សាស្ត្រាចារ្យ​ គង់​ ថៃ​ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ជា​ប្រធាន​ក្រុមប្រឹក្សា​វាយតំលៃ​លើ​និក្ខេបបទ​របស់​បេក្ខនារី​បណ្ឌិត​ និង​មាន​ការ​ចូលរួម​វាយតំលៃ​ពី​បណ្ឌិត​សាស្ត្រាចារ្យ​ជំនាញ​ៗ​ចំនួន​៨​រូប​ ទៀត។

ចំពោះ​និក្ខេបបទ​ដែល​បេក្ខនារី​បណ្ឌិត​ អ៊ុន​ សុគន្ធា​ បាន​សិក្សា​ស្រាវជ្រាវ​ចងក្រង​ដាក់​ជូន​ក្រុមប្រឹក្សា​ធ្វើ​ការ​វាយតំលៃ​មុន ​ពេល​ឈាន​ទៅ​ទទួល​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​នីតិសាស្ត្រ​ពី​សាកលវិទ្យាល័យ​ ចំរើន​ពហុ​បច្ចេកវិទ្យា​ គឺ​មាន​ចំណង​ជើង​ថា​ "បទល្មើស​ជួញដូរ​មនុស្ស​នៅ​កម្ពុជា"។​ ទាក់ទិន​ជាមួយ​នឹង​និក្ខេបបទ​នេះ​ លោក​បណ្ឌិត​សាស្ត្រាចារ្យ​ គង់​ ថៃ​ ប្រធាន​ក្រុមប្រឹក្សា​វាយតំលៃ​និក្ខេបបទ​ បាន​អនុញ្ញាត​ឲ្យ​បេក្ខនារី​បណ្ឌិត​ អ៊ុន​ សុគន្ធា​ ឡើង​ការពារ​និក្ខេបបទ​របស់​ខ្លួន​ ហើយ​ត្រៀម​ឆ្លើយ​នូវ​សំណួរ​ផ្ទាល់​មាត់​ពី​លោក​បណ្ឌិត​សាស្ត្រាចារ្យ​ ដែល​ជា​ក្រុមប្រឹក្សា​វាយតំលៃ​គ្រប់​រូប​ ដើម្បី​ឲ្យ​គណៈកម្មការ​កំណត់​ពិន្ទុ​ ហើយ​ប្រកាស​លទ្ធផល​ជូន​បេក្ខនារី​បណ្ឌិត​ អ៊ុន​ សុគន្ធា។

បន្ទាប់​ពី​ក្រុមប្រឹក្សា​បាន​ធ្វើ​ការ​ចោទសួរ​អស់​រយៈ​ពេល​ជាង​២​ម៉ោង​ រួច​មក​ លោក​បណ្ឌិត​សាស្ត្រាចារ្យ​ជំនាញ​គ្រប់រូប​ បាន​សំណូមពរ​ជំរុញ​ឲ្យ​កែ​នូវ​ចំណុច​ខ្វះខាត​តិចតួច​លើ​និក្ខេបបទ​ ហើយ​បេក្ខនារី​បណ្ឌិត​ អ៊ុន​ សុគន្ធា​ ប្ដេជ្ញា​កែសម្រួល​បំពេញ​បន្ថែម​លើ​ចំណុច​ខ្វះខាត​ ដើម្បី​រក្សា​និក្ខេបបទ​របស់​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​និក្ខេបបទ​មួយ​ត្រូវ​ បោះពុម្ព​ផ្សាយ​ សម្រាប់​រក្សាទុក​នៅ​ក្នុង​បណ្ណាល័យ។​ បន្ទាប់​មក​លោក​បណ្ឌិត​សាស្ត្រាចារ្យ​ គង់​ ថៃ​ បាន​សម្រេច​ប្រកាស​ផ្ដល់​ជូន​បេក្ខនារី​បណ្ឌិត​ អ៊ុន​ សុគន្ធា​ នូវ​សញ្ញាបត្រ​បណ្ឌិត​ពី​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ ផ្នែក​នីតិសាស្ត្រ​ ក្នុង​និទ្ទេស​ល្អ​ណាស់។​ លោក​បណ្ឌិត​សាស្ត្រាចារ្យ​ គង់​ ថៃ​ បាន​ផ្ដាំ​ផ្ញើ​ថា​ ការ​ការពារ​និក្ខេបបទ​លំបាក​ ប្រសើរ​ជាង​ការ​លំបាក​ដែល​គ្មាន​ទី​បញ្ចប់៕

ដកស្រង់​ចេញ​ពី​គេហទំព័រhttp://women.open.org.kh

ផ្លែ​ឈើ​ ដែល​នាំ​មក​ពី​ប្រទេសថៃ​កំពុង​មាន​បញ្ហា​នៅ​កម្ពុជា

ប្រជាជន​ខ្មែរ​ចំនួន​ ៤​នាក់​ហើយ​បាន​ស្លាប់​ដោយ​សារការ​បរិភោគ​ផ្លែ​ឈើ​ថៃ។
នេះ​ជា​ដំណឹង​មួយ​ដ៏​សំខាន់​ដើម្បី​ពញ្ញាក់​អារម្មណ៍​របស់​អ្នក កុំ​អោយ​បរិភោគ​ផលិតផល​ដែល​នាំ​មក​ពី​​ថៃ​ កំឡុង​ពេល​កំពុង​មាន​ជម្លោះ​អំពី​ប្រាសាទ​ព្រះ​វិហារ។​ សូម​បញ្ជូន​ព័ត៌មាន​នេះ​ប្រាប់​ដល់​គ្រួសារ​ រឺ​មិត្ត​ភក្រ្ត័​ របស់​អ្នក​អោយ​បាន​ដឹងទាំង​អស់​គ្នា។

សារ​សម្ដេច​តេជោ​ ហ៊ុន សែន​ ជូន​ចំពោះ​ជន​រួម​ជាតិ​កម្ពុជា​ នា​ឱកាស​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

សូម​ក្រាបថ្វាយបង្គំ​សម្ដេច​ព្រះសង្ឃ​រាជ​ និង​ព្រះថេរានុថេរៈ​គ្រប់​ព្រះអង្គ​ បងប្អូន​ជន​រួម​ជាតិ​ទាំង​អស់​ជាទី​គោរព​ស្នេហា

នៅ​ថ្ងៃ​ទី​ ៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ នេះ​ នា​សម័យ​ប្រជុំ​លើក​ទី​៣២​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​កេបិក​ ប្រទេស​កាណាដា​ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​ដើម្បី​វប្បធម៌​ វិទ្យាសាស្ត្រ​ និង​អប់រំ​របស់​អង្គការ​សហប្រជាជាតិ​ (យូនេស្កូ UNESCO)​ បាន​សម្រេច​ចុះ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ ពិភពលោក​ តាម​សំណើ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

នេះ​ គឺ​ជា​មោទនភាព​ថ្មី​មួយ​ទៀត​សម្រាប់​ប្រជាពលរដ្ឋ​ និង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ ក៏​ដូចជា​សម្រាប់​ប្រជាពលរដ្ឋ​នានា​នៅ​ក្នុង​តំបន់​ និង​ពិភពលោក​ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ក្រុមប្រឹក្សា​អន្តរជាតិ​ ស្ដីពី​ប្រាង្គ​ប្រាសាទ​ និង​រមណីយដ្ឋាន​ (ICOMOS)​ ទទួល​ស្គាល់​ថា​ ជា​កំពូល​ស្នាដៃ​ដ៏​អស្ចារ្យ​នៃ​ស្ថាបត្យកម្ម​ខ្មែរ​ និង​មាន​តម្លៃ​សកល​ដ៏​ចំណាន​នោះ​ ហើយ​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

ការ​ចុះ​បញ្ជី​នេះ​ នឹង​តម្រូវ​ឲ្យ​សហគមន៍​អន្តរជាតិ​ទាំងមូល​មាន​កាតព្វកិច្ច​សហប្រតិបត្តិការ​ ការពារ​នូវ​បេតិកភណ្ឌ​សកល​នេះ​ និង​ថែរក្សា​ជា​សម្បត្តិ​វប្បធម៌​កេរមរតក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។​ នេះ​ជា​បេតិកភណ្ឌ​ខ្មែរ​ទី​៤​ហើយ​ ដែល​ត្រូវ​បាន​ទទួល​លក្ខន្តិកៈ​ដ៏​ខ្ពង់ខ្ពស់​ ថ្លៃថ្នូរ​នេះ​ បន្ទាប់​ពី​ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ ពិភពលោក​ដូចគ្នា​ដែរ​នៅ​ឆ្នាំ​១៩៩២​ និង​របាំ​ក្បាច់​បុរាណ​ខ្មែរ​ (របាំ​ព្រះរាជទ្រព្យ)​ និង​ល្ខោន​ស្បែក​ធំ ​ត្រូវ​បាន​បញ្ចូល​​​​​​​​​​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​នៅ​ ឆ្នាំ​ ២០០៣​ និង​នៅ​ឆ្នាំ​ ២០០៥​ កន្លង​មក។

ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ជា​លទ្ធផល​នៃ​ដំណើរ​ការ​ការងារ​ និង​ការ​ចរចា​ដ៏​យូរ​ និង​ស្មុគស្មាញ​មួយ​ដែល​ឯកឧត្ដម​ សុខ​ អាន​ ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ដើម្បី​យូនេស្កូ​ និង​គណៈ​ប្រតិភូ​សម្រេច​បាន​ បន្ទាប់​ពី​ខ្ញុំ​ព្រះករុណា​ខ្ញុំ​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ បាន​លើក​សំណើ​ជូន​ទៅ​ឯកឧត្ដម​អគ្គនាយក​យូនេស្កូ​ កាល​ពី​ថ្ងៃ​ទី​ ១០​ ខែ​ តុលា​ ឆ្នាំ​ ២០០១។

ខ្ញុំ​ព្រះករុណា​ខ្ញុំ​ សូម​រំលឹក​ថា​ សាលក្រម​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ​ ចុះ​ថ្ងៃ​ទី​ ១៥​ ខែ​ មិថុនា​ ឆ្នាំ​ ១៩៦២​ បាន​សម្រេច​ថា​ ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​លើ​ទឹកដី​ដែល​នៅ​ក្រោម​អធិបតេយ្យភាព​របស់​ កម្ពុជា។​ ផ្អែក​លើ​សាលក្រម​នេះ​ និង​ផ្អែក​ទៅ​ស្ថានភាព​ជាក់ស្ដែង​នៃ​ប្រាង្គ​ប្រាសាទ​នោះ​ ក្នុង​ឋានៈ​ជា​ប្រទេស​ម្ចាស់​ប្រាសាទ​ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​សំណើ​សុំ​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ក្នុង​គោលបំណង​ការពារ​បេតិកភណ្ឌ​សកល​នេះ​ ដែល​ជា​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ​សម័យ​អង្គរ​ ដើម្បី​ទុក​ជា​កេរមរតក​សម្បត្តិ​វប្បធម៌​ជូន​មនុស្ស​ជំនាន់​ក្រោយ​ៗ​ទៀត។​ បន្ទាប់​មក​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ដោយ​មាន​ទីប្រឹក្សា​បច្ចេកទេស​ និង​ជំនួយ​ដ៏​សកម្ម​ពី​សំណាក់​អង្គការ​យូនេស្កូ​ បាន​រៀបចំ​សំណុំ​ឯកសារ​ពេញលេញ​មួយ​ស្រប​តាម​ទិសដៅ​ណែនាំ​ការ​អនុវត្តន៍​ អនុសញ្ញា​ស្ដីពី​ការ​ការពារ​បេតិកភណ្ឌ​ពិភពលោក​ វប្បធម៌​ និង​ធម្មជាតិ​ ដែល​កម្ពុជា​ជា​សមាជិក​នោះ​ ដាក់​ជូន​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​នា​ទីក្រុង​ប៉ារីស​ នៅ​ថ្ងៃ​ទី​ ៣០​ ខែ​ មករា​ ឆ្នាំ​ ២០០៦។​ បន្ទាប់​ពី​បេសកកម្ម​បច្ចេកទេស​មួយ​នៅ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ ដោយ​តំណាង​របស់​ក្រុមប្រឹក្សា​អន្តរជាតិ​ស្ដីពី​ប្រាង្គ​ប្រាសាទ​ និង​រមណីយដ្ឋាន​ពី​ថ្ងៃ​ទី​ ២៣​ ដល់​ថ្ងៃ​ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៦​ និង​បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​បន្ថែម​ដែល​កម្ពុជា​បាន​ផ្ញើ​ជូន​នៅ​ថ្ងៃ​ ទី​ ៣​ ខែ​ មករា​ ឆ្នាំ​ ២០០៧​ រួច​មក​ ក្រុមប្រឹក្សា​អន្តរជាតិ​ស្ដីពី​ប្រាង្គ​ប្រាសាទ​ និង​រមណីយដ្ឋាន​ បាន​ទទួល​ស្គាល់​តម្លៃ​សកល​ដ៏​អស្ចារ្យ​នៃ​រមណីយដ្ឋាន​ ហើយ​ផ្ដល់​អនុសាសន៍​ឲ្យ​ដាក់​រមណីយដ្ឋាន​ជាទី​សក្ការៈ​នៃ​ប្រាសាទ​ព្រះវិហារ ​ចូល​ក្នុង​បញ្ជី​នៃ​បេតិកភណ្ឌ​ពិភពលោក។​ នៅ​សម័យ​ប្រជុំ​សាមញ្ញ​លើក​ទី​៣១​ របស់​ខ្លួន​នៅ​ទីក្រុង​ក្រៃឆឹច​ ប្រទេស​ញូហ្សឺលែន​ ពី​ថ្ងៃ​ទី​ ២៣​ ខែ​ មិថុនា​ ដល់​ថ្ងៃ​ទី​ ២​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៧​ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​ពិនិត្យ​សំណុំ​នេះ​ រួច​ទទួល​ស្គាល់​ថា​ រមណីយដ្ឋាន​ជាទី​សក្ការៈ​នៃ​ប្រាសាទ​ព្រះវិហារ​ មាន​សារសំខាន់​អន្តរជាតិ​ដ៏​ធំ​ ហើយ​មាន​តម្លៃ​សកល​អស្ចារ្យ​ ព្រមទាំង​សម្ដែង​នូវ​ «សេចក្ដី​យល់ព្រម​ជា​គោលការណ៍​ចំពោះ​ប្រការ​ដែល​ថា​ រមណីយដ្ឋាន​ត្រូវ​តែ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក»។​ ខ្ញុំ​ព្រះករុណា​ខ្ញុំ​ សូម​ទូល​ និង​ជម្រាប​ថា​ នា​ឱកាស​នោះ​ឯកឧត្ដម​ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​ថ្លែង​ថា​ «សេចក្ដី​សម្រេច​នេះ​មាន​ន័យ​ថា​ គណៈកម្មាធិការ​បាន​យល់​ព្រម​ថា​ រមណីយដ្ឋាន​ជាទី​សក្ការៈ​នេះ​សក្ដិសម​នឹង​បាន​បញ្ចូល​ក្នុង​បញ្ជី​មរតក​ ពិភពលោក​ ហើយ​ការ​បញ្ចូល​ជា​ផ្លូវ​ការ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​សម័យ​ប្រជុំ​លើក​ក្រោយ​ របស់​ខ្លួន​នា​ឆ្នាំ​២០០៨»។

ក្នុង​គ្រប់​ដំណាក់កាល​នៃ​ដំណើរ​ការ​ចុះ​បញ្ជី​នេះ​ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ តែង​ផ្អែក​ផង​ដែរ​លើ​ជំហរ​របស់​ព្រះរាជាណាចក្រ​ថៃ​ ក្នុង​ឋានៈ ប្រទេស​នេះ​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ ដែល​ធ្លាប់​មាន​ប្រវត្តិ​ជម្លោះ​ជាមួយ​កម្ពុជា​យើង​អំពី​ប្រាង្គ​ប្រាសាទ​ នេះ។​ ជា​បច្ច័យ​ល្អ​ ទោះ​មាន​ការ​ប្រឆាំង​រិះគន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​នៅ​ក្នុង​ ប្រទេស​ខ្លួន​ ហើយ​បន្ទាប់​ពី​មាន​ការ​ពន្យល់​បកស្រាយ​ពី​សំណាក់​រដ្ឋ​ភាគី​កម្ពុជា​យើង​ រួចមក​នោះ​ រដ្ឋ​ភាគី​ថៃ​ តែង​បាន​ឯកភាព​ ទទួល​ស្គាល់​ថា​ រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​មាន​តម្លៃ​សកល​ដ៏​អស្ចារ្យ​ ហើយ​គាំទ្រ​បញ្ចូល​ប្រាសាទ​នេះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។​ ជំហរ​នេះ​ត្រូវ​​បាន​សម្ដែង​ឡើង​ទាំង​នៅ​ក្នុង​សម័យ​ប្រជុំ​នៅ​ក្រៃឆឹច​ ឆ្នាំ​ ២០០៧​ ទាំង​តាម​រយៈ​ទស្សនកិច្ច​របស់​ឯកឧត្ដម​ សាម៉ាក់​ ស៊ុនថរៈវេត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ ថ្ងៃ​ទី​ ៣​ និង​ទី​ ៤​ ខែ​ឧសភា​ ឆ្នាំ​ ២០០៨​ ក្នុង​ឱកាស​ចរចា​ផ្លូវ​ការ​ជាមួយ​ខ្ញុំ​ព្រះករុណា​ខ្ញុំ​នៅ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី​ ទាំង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ ចុះ​ថ្ងៃ​ទី​ ៦​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៨​ បន្ទាប់​ពី​កិច្ច​ប្រជុំ​ការងារ​មួយ​ស្ដីពី​ប្រាសាទ​ព្រះវិហារ​រវាង​ គណៈប្រតិភូ​កម្ពុជា​ ដឹកនាំ​ដោយ​ឯកឧត្ដម​ សុខ​ អាន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ និង​គណៈ​ប្រតិភូ​ថៃ​ដឹកនាំ​ដោយ​ឯកឧត្ដម​ វីរ៉ាសាឌី ហ៊្វូត្រាគល់​ អគ្គលេខាធិការ​នៃ​ក្រសួង​ការ​បរទេស​ថៃ​ ហើយ​ពិសេស​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​ ១៨​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ ដោយ​ឯកឧត្ដម​ សុខ​ អាន​ និង​ឯកឧត្ដម​ ណុបប៉ាឌុន​ ប៉ាត់ថាម៉ាក់​ រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​ និង​លោក​ជំទាវ​ ហ្វ្រង់ស្វ័ហ្ស រីវីយែរ​ អគ្គនាយក​រង​នៃ​អង្គការ​យូនេស្កូ​ បន្ទាប់​ពី​ឥស្សរជន​ទាំង​បី​រូប​បាន​ជួប​ប្រជុំ​ និង​ឯកភាព​គ្នា​កាល​ពី​ថ្ងៃ​ទី​ ២២​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៨​ នៅ​ទីស្នាក់ការ​អង្គការ​យូនេស្កូ​ ទីក្រុង​ប៉ារីស​ និង​ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​យូនេស្កូ​ជា​ច្រើន​រូប​ទៀត។​ នា​ឱកាស​នោះ​ ក្នុង​ស្មារតី​ប្រកបដោយ​សុច្ឆន្ទៈ​ និង​ការ​សម្រុះសម្រួល​ កម្ពុជា​បាន​យល់​ព្រម​ក្នុង​ដំណាក់កាល​នេះ​ នៃ​ដំណើរ​ការ​ចុះ​បញ្ជី​ដាក់​បញ្ចូល​ប្រាង្គ​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី ​បេតិកភណ្ឌ​ពិភពលោក​ ដោយ​គ្មាន​តំបន់​ទ្រនាប់​នៅ​តំបន់​ខាង​ជើង​ និង​ខាងលិច​នៃ​ប្រាសាទ​ និង​ដោយ​ទុក​តំបន់​ទាំង​ពីរ​នេះ​ជូន​គណៈកម្មការ​រួម​ស្ដីពី​ព្រំដែន​ដីគោក​ នៃ​ប្រទេស​ទាំងពីរ​ បន្ត​ពិនិត្យ​ដោះស្រាយ។​ ខ្ញុំ​ព្រះករុណា​ខ្ញុំ​សូម​ធ្វើ​ការ​បញ្ជាក់​ម្ដង​ទៀត​ថា​ ការ​ដាក់​បញ្ចូល​ប្រាង្គ​ប្រាសាទ​ព្រះវិហារ​នេះ​ មិន​ប៉ះពាល់​ដល់​ដំណើរការ​ចរចា​ដោះស្រាយ​បញ្ហា​ខណ្ឌសីមា​ព្រំដែន​រវាង​ ប្រទេស​ទាំងពីរ​នោះ​ឡើយ។

ឆ្លៀត​ឱកាស​ដ៏​មហា​ប្រសើរ​នេះ​ទូលព្រះបង្គំ​ សូម​តាង​នាម​សមាជិក​សមាជិកា​ទាំងអស់​នៃ​រាជរដ្ឋាភិបាល​មន្ត្រី​រាជការ​គ្រប់ ​លំដាប់​ថ្នាក់​ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ និង​ប្រជាជន​កម្ពុជា​ទាំង​មូល​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ដ៏​ជ្រាលជ្រៅ​ និង​ស្មោះស្ម័គ្រ​បំផុត​ថ្វាយ​សម្ដេច​ព្រះមហាវរក្សត្រ​ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម​ សីហនុ​ ដែល​បាន​ប្រទាន​នូវ​ព្រះ​រាជកិច្ច​ដ៏​ខ្ពង់ខ្ពស់​បំផុត​ប្រកបដោយ​ស្មារតី​ ស្នេហា​ជាតិ​ដ៏​ជ្រាលជ្រៅ​ ក្នុង​ការ​តស៊ូ​ទាមទារ​មក​វិញ​ និង​ការពារ​បាន​នូវ​អធិបតេយ្យភាព​ បូរណភាព​ទឹកដី​ស្របច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ប្រាង្គ​ប្រាសាទ​ ព្រះវិហារ​ដែល​ជា​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​អស្ចារ្យ។​ ពិត​ណាស់​ គឺ​៤៦​ឆ្នាំ​មុន​នេះ​ ឆ្លើយតប​នឹង​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​ ៦​ ខែ​ តុលា​ ឆ្នាំ​ ១៩៥៩​ តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ​ ទទួល​ស្គាល់​ក្នុង​សាលក្រម​របស់​ខ្លួន​នា​ថ្ងៃ​ទី​ ១៥​ ខែ​ មិថុនា​ ឆ្នាំ​ ១៩៦២​នោះ​ថា​ :​ ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ដែនដី​ដែល​នៅ​ក្រោម​អធិបតេយ្យភាព​របស់​ កម្ពុជា​ ហើយ​តម្រូវ​ឲ្យ​ប្រទេស​ថៃ​ដក​ចេញ​រាល់​កម្លាំង​ប្រដាប់​អាវុធ​ប៉ូលិស​ ឬ​ឆ្មាំ​ទាំង​អស់​ដែល​ខ្លួន​បាន​នៅ​ក្នុង​​ប្រាសាទ​ ឬ​ក្នុង​បរិវេណ​ប្រាសាទ​ដែល​ស្ថិត​ក្នុង​ដែនដី​របស់​កម្ពុជា។

ទូលព្រះបង្គំ​ខ្ញុំ​ ក៏​សូម​ព្រះ​រាជានុញ្ញាត​សម្ដែង​នូវ​អំណរ​ព្រះ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​ សីហមុនី​ ដែល​ព្រះអង្គ​តែង​បាន​ប្រទាន​នូវ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ជានិច្ច​ ចំពោះ​កិច្ច​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ តាំង​ពី​ព្រះអង្គ​គង់​នៅ​ជា​ឯកអគ្គរាជទូត​ប្រចាំ​អង្គការ​យូនេស្កូ​ នៅ​ទីក្រុង​ប៉ារីស​ មក​ម្ល៉េះ​ ហើយ​បាន​ប្រទាន​នូវ​ការ​គាំទ្រ​ជា​បន្ត​រហូត​មក​ទៀត​ចំពោះ​បុព្វហេតុ​តស៊ូ​ ដ៏​ត្រឹមត្រូវ​ និង​យុត្តិធម៌​របស់​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា។

ខ្ញុំ​ព្រះករុណា​ខ្ញុំ​ ក៏​សូម​ថ្លែង​អំណរគុណ​ដ៏​ស្មោះ​បំផុត​ចំពោះ​ឯកឧត្ដម​ សុខ​ អាន​ និង​គណៈប្រតិភូ​ដែល​បាន​ការពារ​ជំហរ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ កម្ពុជា​ ប្រកប​ដោយ​ភាព​ទន់ភ្លន់​ ប៉ិនប្រសប់​ វិជ្ជាជីវៈ ការទូត​ និង​ស្មារតី​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ​ ការពារ​បាន​អធិបតេយ្យភាព​ បូរណភាព​ទឹកដី​ កិត្តិយស​ និង​កេរមរតក​ជាតិ​ ព្រមទាំង​រក្សា​បាន​នូវ​ចំណង​ទាក់ទង​ជា​មិត្តភាព​ សហប្រតិបត្តិការ​ជិត​ខាង​ល្អ​ជាមួយ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​ថៃ។

ខ្ញុំ​ព្រះករុណា​ខ្ញុំ​ សូម​ថ្លែង​នូវ​អំណរគុណ​ជា​ពិសេស​ផង​ដែរ​ចំពោះ​បណ្ដា​ប្រទេស​នានា​ អង្គការ​យូនេស្កូ​ និង​ឥស្សរជន​ទាំងអស់​ដែល​បាន​គាំទ្រ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ កម្ពុជា​ឈាន​ដល់​ការ​សម្រេច​ដាក់​ប្រាង្គ​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​ បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ដើម្បី​ជា​ផល​ប្រយោជន៍​ដ៏​ឧត្ដម​របស់​មនុស្ស​ជាតិ​ទាំង​មូល។

ចុង​ក្រោយ​បំផុត​ ខ្ញុំ​ព្រះករុណា​ ខ្ញុំ​សូម​ថ្លែង​នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ និង​ស្មោះស្ម័គ្រ​បំផុត​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ស្រទាប់​វណ្ណៈ​ ដែល​បាន​ផ្ដល់​កម្លាំង​គាំទ្រ​ប្រកបដោយ​ទឹកចិត្ត​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ​ ហើយ​បាន​សម្ដែង​នូវ​សេចក្ដី​យោគយល់​ អត់ធ្មត់​ រក្សា​បាន​នូវ​ភាព​ស្ងប់ស្ងៀម​ ការពារ​ផលប្រយោជន៍​ជាតិ​ និង​ទំនាក់​ទំនង​សន្តិភាព​ មិត្តភាព​ជិតខាង​ល្អ​ជាមួយ​ប្រជាជន​ថៃ។

សូម​​សម្ដេច​ព្រះ​សង្ឃរាជ​ ព្រះថេរានុថេរៈ​ គ្រប់​ព្រះអង្គ​ និង​ជន​រួម​ជាតិ​ទាំងអស់​ទ្រង់​ប្រកប​ និង​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​ គឺ​អាយុ​ វណ្ណៈ​សុខៈ​ និង​ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

ដកស្រង់​ចេញ​ពី​គេហទំព័រ​ http://women.open.org.kh

ការ​បើក​អោយ​ប្រើប្រាស់​នូវ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ស្ត្រី​ជនជាតិ​ភាគតិច​ នៅ​ស្រុក​បានលុង​ ខេត្ត​រតនគិរី

កាល​ពី​ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១២​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ អង្គការ​សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំដែន​ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ប្រទេស​អេស្ប៉ាញ​ សហការ​ដៃ​គូរ​ជាមួយ​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ និង​ មន្ទីរ​សុខាភិបាល​ខេត្ត​ បាន​បើក​សម្ពោធន៍​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ស្ត្រី​ជន​ជាតិ​ភាគ​តិច​ដំបូង​នៅ​ ក្នុង​ស្រុក​បានលុង​ ខេត្ត​រតនគិរី។

ពិធី​នេះ​ ចាប់​ផ្ដើម​ដោយ​មាន​ការ​សំដែង​រាំ​របាំ​ប្រពៃណី​ជនជាតិ​ភាគ​តិច​ទំពួន​ដែល​ មាន​អ្នក​រាំ​ អ្នក​ច្រៀង​ និង​ អ្នក​វាយ​គង​ លេង​ចាប៉ី​ខ្លោក​ សរុប​ចំនួន​ ២៧​នាក់។​ បន្ទាប់​មក​ទៀត​មាន​ការ​ធ្វើ​សន្ទរកថា​បើក​អង្គ​ពិធី​ដោយ​ លោក​ ហិចទ័រ រីហ្វា នាយក​ចាត់ចែង​របស់​អង្គការ​សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំដែន​ លោក​ ចូសស៊េប វ៉ាកាស​ តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​អេស្ប៉ាញ​ដើម្បី​ការ​អភិវឌ្ឍន៍​ លោក​ជំទាវ​ កែវ សាវឿន​ អភិបាល​ខេត្ត​រង​ លោក​គ្រូពេទ្យ​ ស៊ឹម​ សនឡៃ​ នាយក​មន្ទីរ​សុខាភិបាល​ និង​លោក​ស្រី​ ចក់​ មើល​ ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​រតនគិរី។​ ព្រឹត្តិការណ៍​នេះ​ក៏​មាន​ការ​ចូលរួម​ភាគ​ច្រើន​ពី​អ្នក​ជំនាញ​ផ្នែក​ សុខាភិបាល​ ដូច​លោក​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​បានលុង​ វេជ្ជបណ្ឌិត​ដែល​ទទួល​បន្ទុក​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​នៅ​មន្ទីរ​ពេទ្យ​ បង្អែក​ និង​តំណាង​ប្រធាន​មណ្ឌល​សុខភាព​ស្រុក​អូរយ៉ាដាវ​ បរកែវ​ អណ្ដូង​មាស​ ដែល​សរុប​មាន​ចំនួន​ ៧៩នាក់​ រាប់​ទាំង​អភិបាល​ស្រុក​ មេ​ឃុំ​ នារី​ស្រុក​ និង​នារី​ឃុំ​មក​ពី​តំបន់​គោលដៅ​ទាំងអស់។

គោល​បំណង​នៃ​មជ្ឈមណ្ឌល​នេះ​ គឺ​បង្កើត​កន្លែង​បណ្ដុះ​បណ្ដាល​គ្រូ​បង្គោល​លើក​កំពស់​យេនឌ័រ​ សំរាប់​ស្ត្រី​ជនជាតិ​ភាគតិច​ ដែល​តំណាង​មក​ពី​គ្រប់​ភូមិ​ទាំង​អស់​នៅ​ក្នុង​ស្រុក​បរកែវ​ អណ្ដូង​មាស​ និង​ អូយ៉ាដាវ។​ ស្ត្រី​ពីរ​នាក់​មក​ពី​ភូមិ​និមួយៗ​នៅ​ក្នុង​ស្រុក​ដែល​បាន​ជំរាប​ខាងលើ​ និង​ត្រូវ​បណ្ដុះ​បណ្ដាល​តាម​រយៈ កម្មវិធី​អប់រំ​ក្រៅ​ប្រព័ន្ធ​ទៅ​លើ​មូលដ្ឋាន​ភាសា​ខ្មែរ​ ការ​គិត​លេខ​ ការ​ផ្សព្វផ្សាយ​ពី​បញ្ហា​សុខភាព​ សុខភាព​បន្ត​ពូជ​ និង​ពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ ជូន​ដល់​ស្ត្រី​ជនជាតិ​ភាគតិច​ចារាយ​ កាចក់​ និង​ទំពួន។​ គ្រូបង្គោល​លើក​កំពស់​យេនឌ័រ​និមួយៗ​ និង​ចំណាយ​ពេល​សរុប​ ៤០​ថ្ងៃ​ (១០​ថ្ងៃ​ សំរាប់​វគ្គ​និមួយៗ)​ នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ស្ត្រី​ជនជាតិ​ភាគតិច​នៅ​បាន​លុង។​ នៅ​ពេល​ដែល​ពួកគាត់​ត្រូវ​បាន​បណ្ដុះបណ្ដាល​រួម​ហើយ​ ពួក​គាត់​នឹង​ទទួល​ខុសត្រូវ​បង្រៀន​ទៅ​អោយ​ស្ត្រី​នៅ​ក្នុង​ភូមិ​របស់​ ពួក[គាត់] ពី​អ្វី​ដែល​ពួក​គាត់​បាន​រៀន។

ស្រប​គ្នា​នឹង​សកម្មភាព​ដែល​បាន​បរិយាយ​ខាង​លើ​ អង្គការ​សុខភាព​ផ្លូវ​ចិត្ត​ និង​គាំទ្រ​ការ​ជួសជុល​ឡើង​វិញ​ នូវ​ផ្ទះ​ប្រជុំ​ភូមិ​នៅ​ក្នុង​ភូមិ​ណា​ដែល​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ ហើយ​ប្រើប្រាស់​ផ្ទះ​ប្រជុំ​ភូមិ​នេះ​សំរាប់​បណ្ដុះបណ្ដាល​កម្មវិធី​ អក្ខរកម្ម។​ ទាំងនេះ​គឺ​ជា​ការ​លើក​ចិត្ត​អោយ​មាន​គំនិត​ប្រពៃណី​លេចចេញ​ជា​ថ្មី​នៅ​ ក្នុង​សហគមន៍។​ លើស​ពី​នេះ​ទៅ​ទៀត​អង្គការ​សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំដែន​ និង​ធ្វើ​ការ​កសាង​សមត្ថភាព​ដល់​មន្ត្រី​ជា​ស្ត្រី​ចំនួន​៣​នាក់​នៃ​មន្ទីរ​ កិច្ចការ​នារី​ខេត្ត​ និង​មន្ត្រី​ជា​ស្ត្រី​៣​នាក់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ ដោយ​សម្របសម្រួល​អោយ​ពួក​គាត់​បាន​រួម​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​បញ្ហា​ យេនឌ័រ៕

ដកស្រង់​ចេញ​ពី​គេហទំព័រhttp://women.open.org.kh

CATA រំពឹង​ថា​ប្រាសាទ​ព្រះវិហារ​នឹង​ទទួល​ទេសចរ​កាន់​តែ​ច្រើន​ ក្រោយ​ការ​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក

មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ជា​ បេតិកភណ្ឌ​ពិភពលោក​រួច​មក​ សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA)​ ដែល​មាន​ក្រុមហ៊ុន​ជា​សមាជិក​ចំនួន​ ១៦២​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ បាន​សម្ដែង​ក្ដី​រំពឹង​ថា​ ប្រាសាទ​ដ៏​ល្បាញ​ដែល​ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ដងរែក​នេះ​នឹង​ទទួល​បាន​កំណើន​ ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កាន់​តែ​ច្រើន​នា​ពេល​អនាគត​ឆាប់​ៗ​នេះ។

ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​ ឌឹ​ មេគង្គ​ ថែមស៍​ កាល​ពី​ថ្ងៃ​ ពុធ​ ម្សិលមិញ​ លោក​ ហូ​ វណ្ឌី​ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា៖​ "យើង​សង្ឃឹម​ថា​ នឹង​បាន​ឃើញ​ភាព​ប្លែក​នៅ​ប្រាសាទ​ព្រះវិហារ​ក្នុង​រយៈ ពេល​មួយ​ឆ្នាំ​ក្រោយ​ការ​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ហើយ​ភាព​ប្លែក​នេះ​នឹង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​នៅ​ពាសពេញ​ពិភពលោក​ មិន​មែន​ត្រឹម​តែ​សហគមន៍​ និង​តំបន់​របស់​យើង​ទេ"។​ លោក​ ហូ​ វណ្ឌី​ បាន​ថ្លែង​ទៀត​ថា៖​ "ខ្ញុំ​រំពឹង​ថា​ ភ្ញៀវ​ទេសចរ​នឹង​ទៅ​កាន់​ប្រាសាទ​នេះ​ច្រើន​ បើ​សិន​ណា​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទី​នោះ​ធ្វើ​បាន​លឿន​ប្រកបដោយ​ សក្ដានុពល"។​ លោក​ ហូ វណ្ឌី​ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា៖​ "ឥឡូវ​នេះ​ផ្នែក​ឯកជន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​ធ្វើ​ សហប្រតិបត្តិការ​ដល់​ការ​បង្កើត​ខ្សែ​ទស្សនកិច្ច​ទៅ​កាន់​ប្រាសាទ​នេះ​ ដើម្បី​ជួយ​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​ នោះ"។

ប្រាសាទ​ព្រះវិហារ​ ដែល​មាន​អាយុ​ជាង​៩០០​ឆ្នាំ​មក​ហើយ​នោះ​ ត្រូវ​បាន​ចុះ​បញ្ជី​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ កាល​ពី​ថ្ងៃ​ទី​ ៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ដោយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​នោះ​ ពុំ​ទាន់​មាន​ទេសចរ​ទៅ​ទស្សនា​ច្រើន​នៅ​ឡើយ​ទេ​ ដោយ​ហេតុ​ថា​ ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ក្នុង​តំបន់​នោះ​មាន​ការ​រៀបចំ​ និង​អភិវឌ្ឍន៍​នៅ​មាន​កម្រិត​នៅ​ឡើយ។

លោក​ ហង់​ សុត​ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​ដែល​ខ្នះខ្នែង​ចង់​អភិរក្ស​ប្រាសាទ​នេះ​ កំពុង​ធ្វើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​តំបន់​នោះ​ ហើយ​សង្ឃឹម​ថា​ នឹង​ទទួល​បាន​ផ្លែផ្កា​ក្នុង​ពេល​ឆាប់​ៗ​នេះ។​ លោក​អគ្គនាយក​បាន​ថ្លែង​ថា៖​ "យើង​កំពុង​ស្ថិត​លើ​ផ្លូវ​អភិវឌ្ឍន៍​ក្នុង​គ្រប់​ផ្នែក​ទាំងអស់​ ក្នុង​នោះ​រួម​មាន​ការ​សាងសង់​ផ្លូវ​ ភោជនីយដ្ឋាន​ និង​កន្លែង​ស្នាក់​នៅ​សម្រាប់​ភ្ញៀវ​ទេសចរ​ផង​ដែរ"។​ លោក​ ហង់​ សុត​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖​ "ឥឡូវ​នេះ​ យើង​មិន​ទាន់​បញ្ចប់​ការ​អភិវឌ្ឍ​របស់​យើង​នៅ​ឡើយ​ទេ​ ប៉ុន្តែ​យើង​សង្ឃឹម​ថា​ ប្រជាជន​ជា​ច្រើន​ដែល​អន្ទះសារ​ចង់​ឃើញ​ប្រាសាទ​នេះ​ក្រោយ​ការ​ចុះបញ្ជី​ ពួក​គេ​នឹង​មក​កាន់​ទី​នេះ​ជា​ចំនួន​ច្រើន​ចាប់​ពី​ចុង​ឆ្នាំ​នេះ​ទៅ​ ពីព្រោះ​ពួក​គេ​ចង់​ដឹង​ថា​ តើ​មាន​អ្វី​ប្លែក​នៅ​ទី​នេះ​ដែល​ពួក​គេ​គួរ​មើល​នោះ"។

គួរ​រម្លឹក​ថា​ កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​រាយការណ៍​ថា​ ប្រាសាទ​ព្រះវិហារ​មាន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​ទាំង​ខ្មែរ​ និង​បរទេស​មួយ​ថ្ងៃ​ៗ​សរុប​ប្រមាណ​ ៣០០​ ទៅ​ ៤០០​នាក់​ ក្នុង​នោះ​មួយ​ភាគ​ធំ​ចូល​តាម​រយៈ​ទឹកដី​ថៃ។

ទាក់​ទង​នឹង​បញ្ហា​នេះ​ លោក​ ហូ​ វណ្ឌី​ បាន​មាន​ប្រសាសន៍​ថា៖​ "ខ្ញុំ​គិត​ថា​ ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​នឹង​ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​ក្នុង​ចំនួន​ច្រើន​ជាង​ មុន​ទ្វេ​ដង​ឬ​លើស​ពី​នេះ​ បើ​សិន​ណា​កម្ពុជា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​មាំ​ដូចជា​នៅ​ក្នុង​តំបន់​ អង្គរ​ខេត្ត​សៀមរាប"។​ លោក​ ហូ​ វណ្ឌី​ បាន​បន្ថែម​ទៀត​ថា៖​ "ឥឡូវ​នេះ​ម្នាក់​ៗ​ដែល​រកស៊ី​ក្នុង​វិស័យ​ទេសចរណ៍​ ពួក​គេ​បាន​ដាក់​ខ្សែ​ទស្សនកិច្ច​របស់​គេ​ចូល​ទៅ​ក្នុង​កម្មវិធី​អស់​ហើយ​ ដូច្នេះ​ខ្ញុំ​ជឿជាក់​ថា​ មិន​យូរ​មិន​ឆាប់​ប្រាសាទ​នេះ​នឹង​ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ ទិសទី​ក្នុង​ពិភពលោក​ក្នុង​ចំនួន​ច្រើន​ មិន​មែន​តិចតួច​ដូច​បច្ចុប្បន្ន​នេះ​ទេ"៕

ដកស្រង់​ចេញ​ពី​គេហទំព័រ​ http://women.open.org.kh

Thursday, July 3, 2008

អ្នក​តវ៉ា​ថៃ​មួយ​ដំបរ​ស្វា​ ទាមទារ​ឱ្យ​អ្នក​ភូមិ​ខ្មែរ​រុះរើ​ផ្ទះ​

ភូមិខ្មែរដែលឱ្យឈ្មោះថា ភូមិប្រាសាទដែលជនថៃខ្លះដេញ (រូបថត វន្ថា)
ខេត្តព្រះវិហារ ៖ ក្បួនបាតុករថៃបានកើតឡើងចំនួន២លើក នៅចម្ងាយប្រមាណ២០ម៉ែត្រពីខាងក្រោយ លំនៅឋានប្រជាពលរដ្ឋខ្មែរក្នុងភូមិប្រាសាទ កាលពីថ្ងៃទី២២ ខែមិថុនា ម្តង និងកាលពីល្ងាចថ្ងៃទី២៨ ខែ មិថុនា ម្តងទៀត ដោយពួកគេស្រែកចោទប្រកាន់ពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅមុខ​ប្រាសាទ​ព្រះ​វិហារ​ថា​ រស់នៅលើដីរបស់ថៃ។ ពួកគេរាប់រយនាក់ទៅឈរស្រែកចង្អុល ដោយនិយាយជាភាសាថៃ ក្នុងន័យឱ្យអ្នក ភូមិខ្មែររុះរើផ្ទះចេញដោយចាត់ទុកថាជាដីថៃ ។
ប្រជាពលរដ្ឋខ្មែរជាង៣០០គ្រួសារ ដែលរស់នៅក្នុងលំនៅឋានជាង១០០ខ្នង ក្នុងភូមិប្រាសាទ ភាគច្រើនចេះ ភាសាថៃ ហើយបានស្តាប់ឮពាក្យគ្រោតគ្រាតពីសំណាក់ជនជាតិថៃមួយក្តាប់តូចនោះ ។ ពលរដ្ឋខ្មែរដែលចេះ ស្តាប់ភាសាថៃបាននិយាយថា ពួកគាត់ចេះនិយាយថៃនេះដោយសារធ្លាប់ទំនាក់ទំនងចេញចូលរកស៊ីជាមួយ គ្នា។ បន្ទាប់ពីបានដឹងថា ប្រាសាទព្រះវិហារដែលជាមរតករបស់ខ្មែរកំពុងរៀបចំបញ្ចូលជា​បេតិកភណ្ឌ​ពិភពលោក​មក​ ជនជាតិថៃចាប់ផ្តើមមានគំនិតមិនល្អរហូតបង្កឱ្យមានការលំបាក ក្នុងការចេញចូលទៅមករវាង ខ្មែរនិងថៃ ដូចជាខ្មែរចូលទៅទិញអង្ករ អនុញ្ញាតឱ្យចូលទិញក្នុងម្នាក់បានតែ៥គីឡូប៉ុណ្ណោះ ទឹកសុទ្ធក្នុងម្នាក់ មិនឱ្យលើសពី១យួរ និងសម្ភារៈហូបចុកផ្សេងៗទៀត គឺមានការរឹតបន្តឹង។ លើសពីនេះ ពួកគេធ្វើបាតុកម្ម ដង្ហែជាក្បួនមកដល់មាត់ទ្វារច្រកប្រាសាទ ហើយនិយាយជាភាសាថៃខ្លាំងៗ ដេញពួកគាត់ឱ្យរុះរើផ្ទះចេញ ពីលើដីរបស់ពួកគេ ។
លោករស់ ហេង ប្រធានច្រកប្រាសាទព្រះវិហារប្រាប់កោះសន្តិភាពឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមិថុនា ក្រុមជ្រុលនិយមថៃមួយក្រុមបានមកឈរនៅមាត់ច្រកទ្វារ និងក្រោយផ្ទះប្រជាពលរដ្ឋខ្មែរយើងចម្ងាយ ប្រហែល២០ម៉ែត្រ ដែលរស់នៅមុខប្រាសាទ ។ ពួកថៃទាំងអស់នោះបានកាន់បដាសរសេរជាភាសាថៃថា ត្រូវចាកចេញពីមុខប្រាសាទទាំងអស់ ហើយប្រគល់ប្រាសាទព្រះវិហារទៅឱ្យថៃវិញ ។ នៅពេលនោះប្រជា ពលរដ្ឋខ្មែរ និងសមត្ថកិច្ចទាំងអស់ដែលរស់នៅមាត់ច្រកទ្វារ និងភូមិប្រាសាទ ពុំតបតជាសម្តីអ្វីទៅវិញទេ ដោយរក្សាភាពស្ងៀមស្ងាត់ និងដោយភាពថ្លៃថ្នូរបំផុត ទោះបីខ្លួនជាជាតិសាសន៍ម្ចាស់ប្រាសាទក្តី ។
លោករស់ ហេង មានប្រសាសន៍ឱ្យដឹងអំពីគំនិតរបស់ថៃជ្រុលនិយមមួយក្រុមនេះថា “ពួកគេពិតជា មានគំនិតថោកទាបហ៊ានមកឈរស្រែកយ៉ាងទ្រហឹងអឺងកង និងចង់មករំលោភលើអធិបតេយ្យភាពរបស់ ប្រទេសជិតខាង ដោយពុំមានការអៀនខ្មាស។ រហូតមកទល់ថ្ងៃទី២៨ ខែមិថុនា ក្រុមជ្រុលនិយមរបស់ថៃ បាននាំគ្នាប្រមាណជាង១០០នាក់ ធ្វើបាតុកម្មចូលមកកាន់មាត់ទ្វារច្រកប្រាសាទ និងក្បែរលំនៅឋានប្រជា ពលរដ្ឋខ្មែរម្តងទៀត ដោយទាមទារឱ្យប្រជាពលរដ្ឋខ្មែររុះរើផ្ទះ ។ ប្រការដែលហួសចិត្តគឺ គេថែមទាំង ទាមទារឱ្យប្រគល់ប្រាសាទព្រះវិហារទៅឱ្យពួកគេវិញ ។ ទោះបីជាបែបណា ក្រុមទាហានឈុតខ្មៅថៃ ធ្វើការរារាំងទើបក្បួនបាតុករមានការអាក់ខានទៅវិញ”។
ការទាមទារប្រាសាទពីសំណាក់បាតុករថៃប៉ុន្មានដំបស្វានោះមិនមែន​តំណាង​ឱ្យ​ជនជាតិ​ថៃ ​នៅទូទាំងប្រទេស ទេ តែជាក្រុមមួយតូចប៉ុណ្ណោះ ។ លោករស់ ហេង បានឱ្យដឹងទៀតថា បច្ចុប្បន្នបើទោះជាច្រកទ្វារត្រូវ បានបិទក៏ពិតមែន តែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកងកម្លាំងទាំងអស់ដែលរស់នៅលើប្រាសាទ គឺពុំមានបញ្ហាអ្វីទេ ព្រោះទំនិញ និងម្ហូបអាហារត្រូវបានដឹកជញ្ជូនឡើងពីដីខ្មែរបានគ្រប់គ្រាន់ និងម៉្យាងទៀត ជីវភាពអ្នករស់នៅលើប្រាសាទសព្វថ្ងៃនេះត្រូវបានទទួលការឧបត្ថម្ភពី​សប្បុរស​ជន​ក្នុង​ស្រុក​ជា​ច្រើន​ ។​
បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរជាអ្នករកស៊ីនៅលើប្រាសាទមួយចំនួនបានចុះទៅ​រកស៊ី​នៅ​ឯ​ខាង​ក្រោម​ម្តង​ គឺនៅភូមិ “គ១” ព្រោះបន្ទាប់ពីបានបិទច្រកទ្វាររវាងថៃនិងខ្មែរមកនៅមុខប្រាសាទ​ពុំ​មាន​ភ្ញៀវ​ចូល​ទៀត​ទេ​ គឺមានតែ ភ្ញៀវចូលពីខាងដីខ្មែរភាគច្រើន ភ្ញៀវអន្តរជាតិមកពីខេត្តសៀមរាប និងភ្ញៀវជាតិទៅពីក្រុងភ្នំពេញ ។
បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរជាង៣០០គ្រួសារដែលរស់នៅលើភូមិប្រាសាទ បើទោះជាថៃបង្កបញ្ហាយ៉ាងណា ក៏ដោយ ក៏ពួកគាត់នៅតែរស់នៅមានសុទិដ្ឋិនិយមដដែល ។

ដកស្រង់​ចេញ​ពី​គេហទំព័រhttp://www.kohsantepheapdaily.com.kh

សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ប្ញស្សី​កែវ​បង្ក្រាប​ផ្ទះ​បញ្ចាំង​រឿង​ក្តៅ​សាច់​ ខ្ទប់​ចាប់​មនុស្ស​បាន​៣២​នាក់​

បុរសជាប់ចោទ២នាក់ (រូបថត ជលធា)
រាជធានីភ្នំពេញ ៖ មនុស្សចំនួន៣២នាក់ត្រូវសមត្ថកិច្ចខណ្ឌប្ញស្សីកែវឃាត់ខ្លួន កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២ កក្កដា ខណៈពេលសមត្ថកិច្ចប៉ូលិសដែលដឹកនាំដោយមន្ត្រីតុលាការ ចុះបង្ក្រាបផ្ទះបញ្ចាំងវីដេអូ អាសអាភាសចំនួន២កន្លែងនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។
ក្នុងចំណោមមនុស្សដែលត្រូវឃាត់ខ្លួននោះមានមនុស្ស​ចំនួន​៣០នាក់​ ជាអ្នកញៀនមើលរឿងអាសអាភាស អត់ទៅរកស៊ីឯណាទេ និង២នាក់ទៀតត្រូវវាយខ្នោះ គឺជាម្ចាស់ផ្ទះ។ ក្រៅពីចាប់ខ្លួនមនុស្សក៏មានម៉ូតូជា ច្រើនគ្រឿង និងឧបករណ៍បញ្ចាំងវីដេអូត្រូវបានដកហូត ។ ការបង្ក្រាបផ្ទះបញ្ចាំងវីដេអូក្តៅសាច់នេះ ត្រូវគេដឹងថា ដឹកនាំដោយព្រះរាជអាជ្ញារងសុខ រឿន ដោយឆែកឆេរលំនៅឋានចំនួន២កន្លែងនៅជាប់គ្នា តាមដីកាលេខ៤៤ និង៤៥ អយខ ចុះថ្ងៃទី២ ខែកក្កដា ដោយព្រះរាជអាជ្ញារងសុខ រឿន នៃសាលា ដំបូងក្រុងភ្នំពេញ។

ម៉ូតូអ្នកមើលវីដេអូក្តៅសាច់ដែលដកហូតក្រោមប្រតិបត្តិការ (រូបថត ជលធា)
ម្ចាស់ផ្ទះដែលត្រូវឃាត់ខ្លួនត្រូវសមត្ថកិច្ចឱ្យដឹងថា ឈ្មោះសុខ វ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជាមន្ត្រី យោធាស័ក្តិ៤ តែសមត្ថកិច្ចអះអាងថា ជាជនក្លែងបន្លំជាមន្ត្រីយោធា និងឈ្មោះប៊ុន ហៀង ភេទប្រុស អាយុ​៣០​ឆ្នាំ។ លោកជ័យ សូសិលា អធិការខណ្ឌប្ញស្សីកែវឱ្យដឹងថា នៅក្នុងការបង្ក្រាបផ្ទះបញ្ចាំងវីដេអូ អាសអាភាសនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន៣២នាក់ដែលក្នុងនោះមានអ្នកមើល​ចំនួន​៣០​នាក់​​។​ ក្រៅ ពីការឃាត់ខ្លួនសមត្ថកិច្ចដកហូតម៉ូតូចំនួន៣៥គ្រឿង កង់ចំនួន១៧គ្រឿង ក្បាលបញ្ចាំងចំនួន២ ទូរទស្សន៍ ចំនួន២ កៅអី និងស៊ីឌីមួយចំនួនធំ គ្រាប់កាំភ្លើងAK ចំនួន៣០គ្រាប់ និងគ្រាប់កាំភ្លើងខ្លី៣៧គ្រាប់ ។
លោកជ័យ សូសិលា បន្តទៀតថា ចំពោះអ្នកមើលត្រូវឱ្យធ្វើកិច្ចសន្យា និងអប់រំ ឯម្ចាស់ផ្ទះត្រូវកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការ ។ តាមព័ត៌មានឱ្យដឹងថា ម្ចាស់ផ្ទះបញ្ចាំងវីដេអូឈ្មោះសុខ វ៉ា មានការ ពាក់ព័ន្ធនឹងជនសង្ស័យលួចម៉ូតូក្នុងក្រុងភ្នំពេញផងដែរ ។

ដកស្រង់​ចេញពី​គេហទំព័រ http://www.kohsantepheapdaily.com.kh/

ឪពុក​តិរច្ឆាន​ចាប់​កូន​ស្រី​តូច​ចង​ដៃ​ចង​ជើង​រំលោភ​


ឪពុកអប្រិយ (រូបថត ប៉េអឹម)
ខេត្តកំពង់ធំ ៖ ឪពុកតិរច្ឆានម្នាក់ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួននៅថ្ងៃទី១ កក្កដា ឆ្នាំ២០០៨ បន្ទាប់ពីប្រពន្ធនិងកូនប្តឹងចោទប្រកាន់ពីបទធ្វើទារុណកម្មលើរូបរាងកាយ រួចហើយចាប់រំលោភ សេពសន្ថវៈកូនស្រីបង្កើតខ្លួនឯង រហូតដល់បានសំរេច កាលពីថ្ងៃទី២៦ មិថុនា ២០០៨ នៅលើផ្ទះ របស់ខ្លួនក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បុរសចិត្តតិរច្ឆាននេះឈ្មោះកែវ សារីម អាយុ៤៩ឆ្នាំ ជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះបានវាយកូនស្រី របស់ខ្លួន រួចហើយចាប់ចងដៃជើង និងចាប់រំលោភបំប៉នតណ្ហាយ៉ាងឃោរឃៅបំផុត។ ចំណែកកូនស្រីរង គ្រោះវិញអាយុ១១ឆ្នាំ ជាកូនទី៤ក្នុងចំណោមបងប្អូន៧នាក់ដែលមានម្តាយឈ្មោះ អ៊ុន ថា អាយុ៤៦ឆ្នាំ មានមុខរបរនេសាទត្រី ។ ហេតុការណ៍នេះត្រូវបានស្ត្រីជាម្តាយ និងក្មេងស្រីរងគ្រោះនិយាយប្រាប់មន្ត្រី អាដហុកក៏ដូចជាចំពោះមុខអ្នកយកព័ត៌មានកោះសន្តិភាពថា កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០០៨ មុនពេល កើតហេតុបុរសជាឪពុកបានទៅចូលរួមបុណ្យសពគេនៅឯត្រើយម្ខាង ខណៈដែលស្ត្រីជាប្រពន្ធ និងកូនធំៗ បាននាំគ្នាទៅនេសាទត្រីអស់ ។ បន្ទាប់ពីចប់បុណ្យសពហើយបុរសជាឪពុកនាំគ្នាអង្គុយផឹកស៊ីយ៉ាងសប្បាយ ហើយពេលក្រឡេកភ្នែកទៅឃើញកូនស្រីរងគ្រោះទៅបុណ្យដែរ ក៏ដេញនាងឱ្យឆ្លងទូកត្រឡប់ទៅផ្ទះមុន។
លុះដល់វេលាម៉ោងជិត១២ថ្ងៃត្រង់នៃថ្ងៃដដែលនោះ ឈ្មោះកែវ សារីម បានទៅដល់ផ្ទះវិញ និងបង្គាប់ឱ្យ កូនស្រីរងគ្រោះដាក់ដាំបបរហូប ព្រោះតែខ្លួនជាប់ផឹកស្រាមិនបានហូបបាយនៅផ្ទះបុណ្យ ។ ដោយសារ កូនស្រីនៅក្មេងរវល់លេង ក្រដាក់ឆ្នាំងដាំបបរនោះ ឪពុកដែលមានសារជាតិជាសត្វតិរច្ឆានបានទាញរំពាត់វាយ នាង៣រំពាត់ និងចាប់ចងជើងចងដៃដោយខ្សែនីឡុង រួចហើយចាប់សំរាតខោអាវរំលោភរហូតបានសំរេច តែម្តង ។ បន្ទាប់ពីធ្វើសកម្មភាពព្រៃផ្សៃនេះរួចហើយ ជនកំណាចបានគំរាមកូនមិនឱ្យនិយាយប្រាប់ម្តាយទេ ព្រោះខ្លាចក្រែងស្ត្រីជាម្តាយទៅប្តឹងប៉ូលិស ហើយបើហ៊ានប្រាប់គេនឹងសំលាប់ចោលទាំងពូជ ។
ក្មេងស្រីរងគ្រោះបាននិយាយថា ដោយខ្លាចឪពុកសំលាប់ នាងមិនហ៊ានប្រាប់ម្តាយទេ សុខចិត្តទ្រាំទាំងឈឺ ចាប់ស្ទើរសន្លប់បាត់ស្មារតី។ នាងមានការឈឺចាប់ក្រោមពោះយ៉ាងខ្លាំងស្ទើរតែដាច់ខ្យល់ស្លាប់ ។ ស្ថិតក្នុង សភាពស្លេកស្លាំងដូចមនុស្សមានជំងឺធ្ងន់ និងចេះតែយកដៃច្រត់ពោះបញ្ចោញអាកប្បកិរិយាដូចជាភិតភ័យ ទើបស្ត្រីជាម្តាយពេលត្រឡប់មកពីនេសាទត្រីវិញនឹកសង្ស័យ ក៏ព្យាយាមរកមធ្យោបាយលួងលោមកូនស្រី ដើម្បីទទួលចំលើយ។ ស្ត្រីជាម្តាយឈ្មោះអ៊ុន ថា និយាយថា ដោយភ័យខ្លាចឪពុកសំលាប់ កូនស្រីរូបនេះ ស្ទើរតែមិនហ៊ាននិយាយ និងព្យាយាមគេចមុខពីឪពុករបស់នាង។ លុះពេលកូនប្រាប់ដឹងរឿងហើយ គាត់មានចិត្តខឹងខ្លាំងណាស់ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉េអឹមដែល​ឈរ​ជើង​នៅ​ក្បែរ​នោះ ឱ្យឃាត់ខ្លួនឪពុក តិរច្ឆានរូបនេះតែម្តង។ បន្ទាប់មកគាត់បញ្ជូនកូនទៅឱ្យគ្រូពេទ្យពិនិត្យទើបដឹងថា នាងពិតជាត្រូវឪពុកបង្កើត ចាប់រំលោភមែន ។
តាមព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តឱ្យដឹងថា ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម កំលាំងកងរាជ អាវុធហត្ថធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង និងដេកផ្លូវ១យប់ ទើបទៅដល់គោលដៅនៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០០៨ ហើយរហូតដល់ថ្ងៃទី១ កក្កដា ឆ្នាំ២០០៨ ទើបយើងនាំខ្លួនជនល្មើសទៅកាន់ទីបញ្ជាការ ដើម្បីសាកសួរធ្វើកំណត់ហេតុ និងបញ្ជូនខ្លួនទៅឱ្យតុលាការ ។ មន្ត្រីប៉េអឹមដដែលឱ្យដឹងថា ដំបូងជនសង្ស័យ ប្រកែកដាច់អហង្ការ តែដល់ប្រពន្ធ និងកូន និយាយចំៗសាច់រឿងក៏ព្រមសារភាពទទួលកំហុស រួចហើយ និយាយថា មិនគួរខ្លួនធ្វើអំពើលាមកបែបនេះទៅលើកូនខ្លួនឯងសោះ តែដូចជាមោហ៍បាំងជញ្ជាំងបិទ ភ្លេច គិតខុសត្រូវ ហើយឥឡូវនេះទោះបីខ្លួនស្លាប់ក៏សុខចិត្តដែរដើម្បីជាគំរូកុំឱ្យ​មាន​ឪពុក​ឯ​ទៀត​ប្រព្រឹត្ត​អំពើ​ថោក​ ទាបបែបនេះលើកូនស្រីខ្លួនឯង ។
ចំពោះករណីនេះស្ត្រីជាភរិយា និងជាម្តាយក្មេងស្រីរងគ្រោះនិយាយថា សូមឱ្យតុលាការដាក់ទោសជនចិត្ត តិរច្ឆាននេះតាមច្បាប់កុំឱ្យរួចខ្លួនឱ្យសោះ ពីព្រោះនៅផ្ទះក៏គ្មានបានការអ្វីដែរ គឺមកពីស៊ីផឹកម្តងៗ តែងតែវាយ ចានវាយឆ្នាំងបំផ្លាញទ្រព្យសម្បត្តិអស់ច្រើនណាស់ ។ នៅថ្ងៃទី២ កក្កដា ឆ្នាំ២០០៨ ជនសង្ស័យ ត្រូវមន្ត្រីកងរាជអាវុធហត្ថបញ្ជូនខ្លួនទៅឱ្យតុលាការហើយ ។ មនុស្សតិរច្ឆានបែបនេះសមណាស់ទទួល ទោសជាទម្ងន់ ។
ដក​ស្រង់​ចេញ​ពី​គេហទំព័រhttp://www.kohsantepheapdaily.com.kh

បណ្ឌិត​​​ កែវ អ៊ីវ ​ជូន​ភរិយា​មក​ពីផ្សារ​ត្រូវ​ចោរ​បាញ់​ប្លន់​យក​កេស​មាស​


បណ្ឌិត កែវ អ៊ីវ ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យវិសាលសុខឆ្ពោះទៅមន្ទីរពេទ្យកាល់ម៉ែត (ប៊ុនណាក់)
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ៥និង៤០នាទីល្ងាចថ្ងៃទី២ ខែកក្កដា មានអំពើប្លន់បាញ់ប្រហារ មួយបង្កឱ្យភ្ញាក់ផ្អើល បានកើតឡើងនៅក្នុងផ្ទះលេខ12Eo ផ្លូវលេខ318 សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការ មន រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុគេបាន ឃើញរថយន្តមួយគ្រឿង ម៉ាក VIGO ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2H 1689 ដែលបើកបរដោយលោកបណ្ឌិតកែវ អ៊ីវ អគ្គនាយកក្រុមហ៊ុនទឹកបរិសុទ្ធឱរ៉ាល់ ជាមួយនឹងភរិយាដែលជាអាជីវករលក់មាស និងប្តូរប្រាក់នៅផ្សារ អូឡាំពិក ។ សាក្សីបាននិយាយទៀតថា ពេលរថយន្តរបស់លោកបណ្ឌិតកែវ អ៊ីវ បើកដល់មុខផ្ទះគេ បានឃើញមានម៉ូតូធុនទំនើបដែលភាគច្រើនអត់មានពាក់ស្លាកលេខចំនួន​៣​គ្រឿង និងសាក្សីខ្លះទៀតថា បានឃើញរហូតដល់ទៅ៥គ្រឿង និងមានមនុស្សប្រមាណពី៦ទៅ៨នាក់បានជិះតាមពីក្រោយរថយន្ត។ ខណៈ ពេលរថយន្តមកដល់មុខផ្ទះ គេឃើញកូនប្រុសម្នាក់បានបើកទ្វារផ្ទះដើម្បីឱ្យរថយន្តចូល ដែលជាទំលាប់ ធម្មតាពេលវិលត្រឡប់ពីផ្សារ ។
ប្រភពដដែលបន្តថា ពេលកូនជនរងគ្រោះបើកទ្វារហើយរថយន្តក៏បានបើកចូលផុតទៅក្នុង បន្ទាប់មកស្រាប់ តែមានជន៣នាក់បានលោតចុះពីលើម៉ូតូរត់ចូលទៅធ្វើសកម្មភាពភ្លាមៗ ដោយវាយបំបែកកញ្ចក់រថយន្តដែល ភរិយាលោកអង្គុយកាន់ហឹបមួយដោយប្រើដែករឹង១ដើម រួចក៏បានដណ្តើមយកកេសពីដៃលោកស្រីជា ភរិយា។ ពេលឃើញសភាពបែបនេះ លោកបណ្ឌិតកែវ អ៊ីវ មិនទាន់ពន្លត់ម៉ាស៊ីនរថយន្តភ្លាមទេ ក៏បានបើក ទ្វារចុះទៅជួយភរិយា និងមានបំណងទាញទ្វារផ្ទះបិទ តែជាគ្រោះអកុសលជនម្នាក់បានដកកាំភ្លើងខ្លីម៉ាក K59 បាញ់១គ្រាប់ទៅលើលោកត្រូវភ្នែកខាងឆ្វេងធ្លាយក្បាលទៅក្រោយបណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ។​

ទិដ្ឋភាពផ្អើលឆោឡោមុខលំនៅឋាន និងការសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាលម៉ែត

បន្ទាប់ពីបាញ់ប្រហារលើលោកបណ្ឌិតកែវ អ៊ីវ រួចហើយ ជន២នាក់ទៀត បានព្យាយាមដណ្តើមយកកេស ដែលដាក់មាសនិងប្រាក់ពីដៃភរិយារបស់ជនរងគ្រោះដែលភ័យតក់ស្លុត​ស្ទើរស្ទះ​បេះដូង ​ ។ ក្រោយពេល កញ្ឆក់បានហើយក្រុមជនទាំងនោះ ក៏រត់ឡើងម៉ូតូជិះគេចខ្លួនយ៉ាងប្រសេចប្រសាចពេញផ្លូវ ដោយម្នាក់ៗមាន កាន់អាវុធគ្រប់ដៃ ។
ភ្លាមៗនោះ គេបានឃើញសមត្ថកិច្ចនគរបាលមូលដ្ឋានបានទៅដល់ដែរ និងបានផ្ទុះអាវុធអាកាដោយបាញ់ឡើង លើជាច្រើនគ្រាប់ដើម្បីអន្តរាគមន៍ជាការប្រកាសអាសន្ន ឱ្យកំលាំងនៅតាមគោលដៅផ្សេងទៀតជួយស្ទាក់ ចាប់ក្រុមជនសង្ស័យ ។ ក្រោយពីមានការផ្ទុះអាវុធមួយប្រាវ ក្រុមចោរបានរត់គេចខ្លួនបាត់ស្រមោលអស់ទៅ ហើយក្រុមសាច់ញាតិរបស់លោកបណ្ឌិតកែវ អ៊ីវ បានដឹកលោកទៅកាន់មន្ទីរពហុព្យាបាលវិសាលសុខ ដើម្បី សង្គ្រោះបន្ទាន់ ប៉ុន្តែដោយសារអាការៈរបួសធ្ងន់ធ្ងរនៅត្រង់ក្បាល លោកវេជ្ជបណ្ឌិតបានសំរេចបញ្ជូនបន្តទៅ ធ្វើការសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាម។
មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្រុមចោរមានគ្នា៦នាក់បានប្រើអាវុធគ្រប់ដៃ និងម៉ូតូ៣គ្រឿងជា មធ្យោបាយធ្វើសកម្មភាព ក្នុងនោះមានម៉ូតូវីវ៉ា១គ្រឿង សេ១២៥ ២គ្រឿង ។ សមត្ថកិច្ចដដែលបានឱ្យដឹង ទៀតថា ក្រុមចោរប្លន់ពិតជាមានគំរោងធ្វើសកម្មភាពទុកជាមុន ព្រោះសាក្សីបានបញ្ជាក់ថា ពេលរថយន្ត លោកបណ្ឌិតកែវ អ៊ីវ បើកមកដល់ផ្ទះគេបានឃើញមនុស្ស១ក្រុមបានជិះម៉ូតូតាមមកពីក្រោយដែរ និងបានធ្វើ សកម្មភាពព្រមៗគ្នាតែម្តង ។
ទោះបីជាបែបណា សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ប្រាប់ពីការបាត់បង់មាស និង ប្រាក់របស់ជនរងគ្រោះ ដែល ត្រូវក្រុមចោរប្លន់យកទៅនោះទេ ព្រោះក្រុមគ្រួសារអ្នករងគ្រោះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដើម្បីស្រោច ស្រង់ជីវិតរបស់លោក ចំណែកលោកស្រីជាភរិយា ក៏កំពុងមមាញឹកមើលថែស្វាមីដោយក្តីរន្ធត់ក្នុងចិត្ត ជាពន់ពេក ។ ស្ថានភាពរបួស គឺធ្ងន់ធ្ងរបំផុតដែលគិតត្រឹមម៉ោង៧យប់ លោកបណ្ឌិតបានស្ថិតនៅក្នុងការ សង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ខណៈដែលមានការពិភាក្សាផងដេរ ដើម្បីត្រៀមបញ្ជូនលោកបណ្ឌិតទៅ ប្រទេសវៀតណាម ឬថៃ តាមរយៈយន្តហោះសង្គ្រោះ ។
អំពើបាញ់ប្រហារលើលោកអគ្គនាយកក្រុមហ៊ុនទឹកបរិសុទ្ធឱរ៉ាល់នេះ គឺជាអំពើប្លន់យកមាស និងប្រាក់ដែល លោកស្រីជាភរិយា គឺជាអាជីវករនៅផ្សារអូឡាំពិក ហើយរៀងរាល់ល្ងាចលោកតែងទៅទទួលភរិយាត្រឡប់ មកលំនៅឋានវិញ ។ ការធ្វើសកម្មភាពជាទូទៅលើអ្នកលក់មាស និងប្តូរប្រាក់ មិនមែនជាហេតុការណ៍ ប្លន់ដោយចៃដន្យទេ គឺបានកើតឡើងបន្ទាប់ពីមានការតាមដាន និងការឃ្លាំមើលជាយូរថ្ងៃ ហើយភាគច្រើន ធ្វើសកម្មភាពនៅវេលាល្ងាច ព្រោះក្រុមចោរមានឱកាសនឹងគេចខ្លួនក្រោយពីធ្វើសកម្មភាព ។
លោកបណ្ឌិតកែវ អ៊ីវ បានចូលរួមក្នុងការងារមនុស្សធម៌ដូចជាទឹកបរិសុទ្ធឱរ៉ាល់ ដែលបានផលិត បានរំលែកជួយដល់កាកបាទក្រហមកម្ពុជា គឺមានន័យថា ការធ្វើអាជីវកម្មតែងបានផ្សារភ្ជាប់ទៅនឹងការងារ មនុស្សធម៌។ នេះជាសកម្មភាពប្លន់អ្នលក់មាសដ៏កក្រើកមួយទៀត បន្ទាប់ពីអំពើប្លន់ទាំងកណ្តាលថ្ងៃត្រង់ នៅក្នុងផ្សារឧដុង្គ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំនួន៩តូប ដែលរហូតមកដល់ពេលនេះ រកមិនទាន់ឃើញមុខ សញ្ញាចោរនោះនៅឡើយទេ ហើយករណីនេះ ក៏បន្ទាប់ពីមានករណីចូលប្លន់ដល់ក្នុងផ្ទះ អ្នកលក់មាសនៅផ្សារ ភ្នំបូក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបផងដែរ ។
លោកសាស្ត្រាចារ្យហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ពីស្ថានភាពរងគ្រោះរបស់លោកបណ្ឌិតកែវ អ៊ីវ ប្រាប់អ្នកកាសែតថា គឺស្ថិតក្នុងស្ថាន ភាពរបួសធ្ងន់ធ្ងរបំផុតដែលគ្រូពេទ្យកំពុងតាមដានដើម្បីសង្គ្រោះ ។

ដកស្រង់​ចេញ​ពី​គេហទំព័រ http://www.kohsantepheapdaily.com.kh

Tuesday, July 1, 2008

តើ​កម្ពុជា​នឹង​ទទួល​បាន​អ្វី​ បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក?

តើ​ប្រជាជន​កម្ពុជា​ បាន​ប្រយោជន៍​អ្វី​ពី​ការ​ដាក់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ជាទី​សក្ការៈ​ ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក?​ នេះ​ជា​សំណួរ​ដែល​មជ្ឈដ្ឋាន​ជា​ច្រើន​បាន​លើក​ឡើង។​ ឯ​ចម្លើយ​គឺ​ នោះ​ជា​មោទនភាព​របស់​ជាតិ​ខ្មែរ​ ដែល​មាន​ប្រាសាទ​ព្រះវិហារ​ខ្មែរ​មួយ​ទៀត​ត្រូវ​បាន​ទទួល​ស្គាល់​នូវ​តម្លៃ​ ជា​សកល​ដោយ​ អង្គការ​យូណេស្កូ​ និង​ទទួល​បាន​ធនធាន​សម្រាប់​ថែរក្សា​ការពារ​ប្រាសាទ​នេះ​ឲ្យ​បាន​គង់វង្ស​ ទុក​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិ។

លោក​ ហង្ស សុត​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​ខាង​លើ​កាល​ពី​ថ្ងៃ​ទី​ ១​ ខែ​ កក្កដា​ នេះ​ថា​ ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ​ យើង​ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់​ជា​សកល​អំពី​តម្លៃ​ស្ថាបត្យករ​ខ្មែរ​ ដែល​បាន​កសាង​ប្រាសាទ​ព្រះវិហារ​ជា​ស្នាដៃ​ឯក​នេះ​ឡើង។​ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​រឹងប៉ឹង​ និង​ច្នៃប្រឌិត​រស់រវើក​របស់​បុព្វបុរស​ខ្មែរ​នា​សម័យកាល​នោះ។

លោក​បាន​បន្ត​ទៀត​ថា​ នៅ​ពេល​ប្រាសាទ​ព្រះវិហារ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​រួច​ហើយ​ ប្រាសាទ​ដែល​កំពុង​មាន​ភាព​ទ្រុឌទ្រោម​នេះ​នឹង​ទទួល​បាន​ធនធាន​ហិរញ្ញវត្ថុ​ សម្រាប់​ធ្វើការ​ថែរក្សា​ការពារ​ឲ្យ​បាន​គង់វង្ស​ ទុក​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិ។​ ប្រការ​មួយ​ផ្សេង​ទៀត​ប្រជាជន​យើង​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ពី​ភ្ញៀវ​ ទេសចរ​ដែល​បាន​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រាសាទ​នេះ។

លោក​ ប៉ែន ងឿន​ ទីប្រឹក្សា​អម​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ និង​ជា​សេនាធិការ​បញ្ហា​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ ពិភពលោក​ ក៏​បាន​ឆ្លើយ​បញ្ជាក់​ទៅ​នឹង​សំណួរ​ខាងលើ​កាល​ពី​ថ្ងៃ​ទី​ ១​ ខែ​ កក្កដា​ នេះ​ថា​ នៅ​ពេល​ប្រាសាទ​ព្រះវិហារ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ហើយ​នោះ​ គឺ​ជា​មោទនភាព​របស់​ជាតិ​យើង​ ដែល​មាន​ប្រាសាទ​ប្រកបដោយ​រចនាបថ​ ស្ថាបត្យកម្ម​ដ៏​មាន​តម្លៃ​ក្នុង​ផ្នែក​វប្បធម៌​ ដែល​ជា​ការ​បង្ហាញ​នូវ​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​ដ៏​ស្ទាត់​ជំនាញ​ ទាំង​សិល្បៈ​ ទាំង​ផ្នែក​លម្អ​ ទាំង​គម្រោង​សាងសង់​ ហាក់​ដូចជា​មាន​តែ​មួយ​គត់​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ដែល​មាន​កម្ពស់​ជាង​៦០០​ ម៉ែត្រ។​ កេរដំណែល​ដូនតា​ដែល​មាន​តម្លៃ​ជា​សកល​ក្នុង​ផ្នែក​វប្បធម៌​នេះ​ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​គណៈកម្មាធិការ​អន្តរជាតិ​វាយតម្លៃ​វត្ថុ​បុរាណ​ ខាង​ប្រាសាទ​ឬ​រមណីយដ្ឋាន​ (ICOMOS)។​ ប្រាសាទ​ព្រះវិហារ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​អរិយធម៌​ខ្ពង់ខ្ពស់​ និង​ភាព​រុងរឿង​របស់​ជនជាតិ​ខ្មែរ​នា​សម័យ​កាល​នោះ។

លោក​បាន​និយាយ​ទៀត​ថា​ យើង​ទាំងអស់​គ្នា​ដឹង​ស្រាប់​ហើយ​ប្រាសាទ​ដែល​មាន​អាយុកាល​ដ៏​ចំណាស់​នេះ​ មាន​សភាព​ទ្រុឌទ្រោម​ ដែល​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ហើយ​ពេល​នេះ​ប្រទេស​កម្ពុជា​យើង​កំពុង​មាន​ការ​អភិវឌ្ឍន៍​ ត្រូវ​ការ​ធនធាន​ច្រើន។​ ប្រាសាទ​ព្រះវិហារ​នៅ​ពេល​បាន​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ហើយ​ នឹង​ទទួល​បាន​ធនធាន​ហិរញ្ញវត្ថុ​ និង​ធនធាន​អ្នក​បច្ចេកទេស​ជំនាញ​ជាន់​ខ្ពស់​មក​ជួយ​ថែរក្សា​ការពារ​ប្រាសាទ​ ទុក​ជា​កេរដំណែល​ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ក៏​ដូចជា​កេរដំណែល​មនុស្ស​ជាតិ​ទាំង​មូល​ផង ​ដែរ៕

ដកស្រង់​ចេញ​ពី​គេហទំព័រ​ http://women.open.org.kh

ក្រសួង​អប់រំ​លើក​ពេល​ប្រឡង​ឌីប្លូម​ ទៅ​​ខែ​កញ្ញា​វិញ​ តែ​ប្រឡង​បាក់​ឌុប​ទុក​នៅ​ដដែល

ប្រឡង​ឌីប្លូម​នៅ​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា​ ឆ្នាំ​២០០៨​

ភ្នំពេញ​៖ លោក​ វ៉ា​ សារឿន​ អនុប្រធាន​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​នៃ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​និយាយ​កាល​​ពី​ថ្ងៃ​ទី​០១​ កក្កដា​ ឲ្យ​ដឹង​ថា​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​នឹង​លើក​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋមភូមិ​ (ឌីប្លូម)​ ទៅ​ខែ​កញ្ញា​ ឆ្នាំ​២០០៨​វិញ​តែ​ប្រឡង​បាក់​ឌុប​ទុក​ទៅ​ដដែល។

ស្ទើរ​តែ​រៀងរាល់​ឆ្នាំ​ក្រសួង​អប់រំ​តែងតែ​រៀបចំ​ការ​ប្រឡង​ឌីប្លូម​នៅ​ អំឡុង​​ដើម​ពាក់កណ្ដាល​​ខែ​កក្កដា​ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ក្រសួង​បាន​លើក​ពេល​ប្រឡង​ដោយសារ​មាន​ការ​រៀបចំ​​ការ​ បោះឆ្នោត​សកល​អាណត្តិ​ទី​៤​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០០៨​ខាង​មុខ​នេះ។

លោក​ វ៉ា​ សារឿន​ បាន​និយាយ​បន្ត​ឲ្យ​ដឹង​ថា​ នេះ​គឺ​ជា​​លើក​ទី​២​ហើយ​ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា​លើក​ពេល​ប្រឡង​ ឌីប្លូម​ដោយសារ​តែ​មូលហេតុ​ជាប់​រវល់​ការ​បោះឆ្នោត​សកល។ លើក​ទី​១​ ក្រសួង​បាន​លើក​ពេល​ប្រឡង​នៅ​ឆ្នាំ​២០០៣​ ដែល​ជា​​ការ​បោះឆ្នោត​សកល​អាណត្តិ​ទី​៣​ ហើយ​លើក​ទី​២​ គឺ​នៅ​ឆ្នាំ​​ ២០០៨​ ដែល​ជា​ការ​រៀបចំ​បោះឆ្នោត​​សកល​អាណត្តិ​ទី​៤។

ពាក់ព័ន្ធ​ទៅ​នឹង​មូលហេតុ​ដែល​នាំ​ឲ្យ​ក្រសួង​ត្រូវ​លើក​ពេល​ប្រឡង​នេះ​ លោក​ វ៉ា​ សារឿន​ បាន​ពន្យល់​​ថា​ ដោយ​សារ​តែ​មណ្ឌល​ប្រឡង​នីមួយៗ​ត្រូវ​ធ្វើ​ជា​​មណ្ឌល​សម្រាប់​រៀបចំ​ការ​ បោះឆ្នោត​ហើយ​ លោកគ្រូ​ អ្នកគ្រូ​ ក៏​ជាប់​រវល់​ចូល​រួម​បោះឆ្នោត​ ឬ​ធ្វើ​ជា​គណៈកម្មាធិការ​​រៀបចំ​ការ​បោះឆ្នោត​​ស្រុក​- ខេត្ត។ អាស្រ័យ​ហេតុ​នេះ​ទើប​ក្រសួង​លើក​ពេល​ប្រឡង​ទៅ​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា​ ឆ្នាំ​២០០៨​វិញ។ ប៉ុន្តែ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់ឌុប) គឺ​ទុក​នៅ​ដដែល​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៦​ ខែ​សីហា​ ឆ្នាំ​២០០៨។

លោក​ វ៉ា​ សារឿន​ បាន​និយាយ​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ ប្រឡង​ឌីប្លូម​នៅ​ឆ្នាំ​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​ប្រឡង​ចំនួន​ជាង​១៤​ម៉ឺន​ នាក់​ និង​​អ្នក​ចូលរួម​ប្រឡង​បាក់ឌុប​ប្រមាណ​ជាង​៧​ម៉ឺន​នាក់៕

ដកស្រង់​ចេញ​ពី​គេហទំព័រ​ http://women.open.org.kh

អគ្គីភ័យ​ឆាប​ឆេះ​ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​អណ្ដាត​ភ្លើង​

ទិដ្ឋភាពភ្ញាក់ផ្អើលនៅផ្ទះស្ត្រីមេម៉ាយកូនមួយវ័យក្មេងដែលត្រូវគេដុតសម្លាប់ (រូបថត សុវណ្ណារ៉ា)
ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍អគ្គីភ័យគួរឱ្យរន្ធត់មួយបានកើតមានឡើងវេលាម៉ោង២យប់ ថ្ងៃទី៣០ មិថុនា បណ្តាលឱ្យលំនៅឋាន៣ខ្នងនៅចំណុចសហគមន៍ព្រៃព្រិច ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅក្លាយជា ផេះផង់ដោយមិនអាចជួយពន្លត់បាន ហើយស្ត្រីមេម៉ាយម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មក្នុងអណ្តាតភ្លើង។
ការកើតមានអគ្គីភ័យនេះក៏ត្រូវបានគ្រួសារអ្នករងគ្រោះចោទថា មានមនុស្សលួចដុតផងដែរ ។
តាមការបំភ្លឺរបស់អ្នកស្រីហៀប ទុំ អាយុ៤៤ឆ្នាំ ជាម្តាយរបស់ស្ត្រីមេម៉ាយរងគ្រោះ ដែលស្លាប់នោះ បានឱ្យដឹងថា រូបគាត់មានប្តីឈ្មោះញឹម ស្រឿន អាយុ៤៨ឆ្នាំ ទៅរកស៊ីនៅឯស្រុកថៃ ហើយក្នុងក្រុម គ្រួសាររបស់គាត់មានសមាជិកទាំងអស់៧នាក់។ ចំពោះកូនស្រីរបស់គាត់ដែលស្លាប់ក្នុងអណ្តាតភ្លើងនេះ ឈ្មោះលី ស្រីមុំ អាយុ២៣ឆ្នាំ ជាស្ត្រីមេម៉ាយកូនមួយ និងជាកូនច្បងគេនៅក្នុងគ្រួសារ ។ អ្នកស្រីហៀប ទុំ បានបង្ហាញនូវការមន្ទិលថា កូនស្រីរបស់គាត់ដែលរងគ្រោះនេះអាចបណ្តាលមកពីរឿងគំនុំទើបបានជាកើត រឿងបែបនេះ ព្រោះកាលកន្លងមកមានគេសុំដណ្តឹងកូនគាត់ជាស្រីមេម៉ាយនេះដែរ ប៉ុន្តែសាមីខ្លួនជាកូនគាត់ បានបដិសេធមិនព្រមយក ហើយបន្ទាប់មកក៏ចេះតែកើតរឿងរ៉ាវមិនចេះចប់ ដោយរយៈពេលប៉ុន្មានខែមុន នេះមានគេបំពុលឆ្កែរបស់គាត់ងាប់អស់១ក្បាល ប៉ុន្តែពុំមានកើតរឿងអ្វីធំដុំនោះទេ បន្ទាប់មកទៀត នៅថ្ងៃ ទី២០ មិថុនា មានជនមិនស្គាល់មុខបានយកប្រេងសាំងមកចាក់ដុតផ្ទះរបស់គាត់ម្តងរួច​មក​ហើយ តែត្រូវ
បានអ្នកជិតខាងគេឃើញក៏នាំគ្នាជួយពន្លត់ទាន់ពេល ។

រង្វង់មូលជាសាកសពដែលឆេះអស់សល់តែពោះវៀន (រូបថត សុវណ្ណារ៉ា )

ម្តាយស្ត្រីរងគ្រោះបញ្ជាក់ទៀតថា រហូតមកទល់ពេលកើតហេតុនេះត្រូវបានជនសង្ស័យ ដែលដឹងអត្ត សញ្ញាណខ្លះនោះយកប្រេងសាំងមកចាក់ដុតកណ្តាលយប់ បណ្តាលឱ្យឆេះសន្ធោសន្ធៅស្លាប់កូនស្រីរបស់គាត់ តែម្តង ហើយរូបគាត់បានត្រូវភ្លើងឆាបឆេះរបួសបន្តិចបន្តួចផងដែរ ក្រៅពីនោះពុំមាននរណារងរបួសទៀត ទេ។ ចំណែកទ្រព្យសម្បត្តិក្នុងផ្ទះត្រូវឆេះទាំងអស់សរុបជាទឹកប្រាក់ ប្រមាណជាង១០ម៉ឺនបាត ពីព្រោះ ផ្ទះ របស់គាត់ជាផ្ទះលក់ចាប់ហួយ និងដាក់ទូរស័ព្ទថែមទៀតផង ។ មន្ត្រីសមត្ថកិច្ចស្រុកអូរជ្រៅ ដែលចុះទៅធ្វើ កោសល្យវិច័យនៅកន្លែងកើតហេតុនោះបានឱ្យដឹងថា ភ្លើងបានឆាបឆេះផ្ទះអស់ចំនួន៣ខ្នងតូចៗ ជាផ្ទះធ្វើអំពី ឈើប្រក់ស័ង្កសី និងបណ្តាលឱ្យស្លាប់ស្ត្រីមេម៉ាយវ័យក្មេងម្នាក់ ឆេះសល់តែពោះវៀនបន្តិចតែប៉ុណ្ណោះ ។ ចំពោះផ្ទះរងគ្រោះទី២មានម្ចាស់ ឈ្មោះទិត្យ រស់ ភេទប្រុស អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះឌុប នៅ អាយុ៤៥ឆ្នាំ ឆេះអស់ ទ្រព្យសម្បត្តិសរុបប្រមាណ៥ម៉ឺនបាត និងផ្ទះទី៣ មានម្ចស់ឈ្មោះអ៊ុន សាវ៉ាត ភេទស្រី អាយុ៥៤ឆ្នាំឆេះអស់ទ្រព្យសម្បត្តិសរុបប្រមាណ២ម៉ឺនបាត ។ មន្ត្រីសមត្ថកិច្ចបញ្ជាក់ឱ្យដឹងថា ក្រោយពី ធ្វើការពិនិត្យ និងកោសល្យវិច័យរួចមកបានសន្និដ្ឋានថា នេះជារឿងគំនុំ និងជាការលួចដុតដោយចេតនា ។
លោកវរសេនីយ៍ត្រីអ៊ឹង សុងយូ អធិការប៉ូលិសស្រុកអូរជ្រៅបានឱ្យដឹងថា ចំពោះករណីបទល្មើសនេះ លោក នឹងឱ្យកំលាំងជំនាញរបស់លោកស្រាវជ្រាវរកមុខសញ្ញាជនល្មើសនោះ យកមកផ្តន្ទាទោសឱ្យខាងតែបាន គឺមិន ទុកឱ្យជនល្មើសនោះរួចខ្លួនពីសំណាញ់ច្បាប់ឡើយ ។ យោងតាមការរៀបរាប់របស់ស្ត្រីជាម្តាយអ្នករងគ្រោះ គឺជាពន្លឺច្បាស់ណាស់សំរាប់សមត្ថកិច្ចធ្វើការស្រាវជ្រាវ ព្រោះនេះមិនមែនជាការលួចដុតលើកទី១ទេ តែជាការ ព្យាយាមលើកទី២ រហូតបានសំរេចបំណងដ៏ពិសពុលនេះ ។
ដក​ស្រង់​ចេញ​ពី​គេហទំព័រ​ http://www.kohsantepheapdaily.com.kh

ប្លន់​ទូ​លក់​មាស​ទាំង​ថ្ងៃ ​អាជីវករ​លក់​មាស​នៅ​ផ្សារ​ឧដុង្គ​៩​តូប​ត្រូវ​ចោរប្លន់​តែ​មួយ​ប៉ប្រិច​ភ្នែក​

ខេត្តកំពង់ស្ពឺ ៖ អំពើប្លន់ទូមាសដ៏កក្រើកគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ទាំងកណ្តាលថ្ងៃនៅក្នុងផ្សារឧដុង្គ ស្រុកឧដុង្គ នាវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៩ មិថុនា ដែលធ្វើឱ្យក្រុមអាវជីករលក់មាសចំនួន៩តូប ត្រូវ រងគ្រោះទាំងអស់គ្នា ។ បើតាមការវាយតម្លៃមិនផ្លូវការនៅឡើយពីការបាត់បង់តែក្នុងមួយប៉ប្រិចភ្នែក ឱ្យដឹងថា ក្នុង១តូបយ៉ាងតិចក៏២ម៉ឺនដុល្លារដែរ ដូច្នេះការបាត់បង់ក្នុងចន្លោះពីជិត២០ម៉ឺនដុល្លារទៅជាង៣០ម៉ឺន ដុល្លារ។ នេះជាអំពើប្លន់មួយដែលបង្ហាញឱ្យឃើញច្បាស់ថា គឺជាការប្លន់ដែលក្រុមជន​សង្ស័យ​មាន​គ្នា យ៉ាង តិចជាង១០នាក់ ឬក៏ច្រើនជាងនេះបានធ្វើសកម្មភាព ។


តាមសេចក្តីរាយការណ៍ជំហានដំបូងពីកន្លែងកើតហេតុឱ្យដឹងថា តូបរបស់អាជីវករលក់មាស និងប្តូរប្រាក់ស្ថិត នៅកណ្តាលផ្សារឧដុង្គ ខណៈដែលមនុស្សម្នាមិនបានចេញចូលច្រើនហើយកំលាំងប៉ូលីស​ក៏​ដល់​​ម៉ោង​​ទៅ បាយ​ទឹក​នោះ គឺជាការចន្លោះប្រហោងមួយនៅក្នុងផ្សារនេះ ។ ពេលនោះវេលាម៉ោងប្រមាណ១១ និង ១៥នាទី ជនមិនស្គាល់មុខមានគ្នាប្រមាណ៦នាក់ បានធ្វើសកម្មភាពព្រមៗគ្នាដោយវាយបំបែកទូមាសដែល ក្រុមអាជីវករដាក់តាំងលក់ជាគ្រឿងមាន មាស និងប្លាទីន ព្រមទាំងប្រាក់មួយចំនួន ។ ប្រភពដដែលឱ្យដឹងថា ក្រុមជនសង្ស័យមិនបានប្រើអាវុធភ្ជង់គំរាមទេ គឺបាននាំគ្នាវាយបំបែកទូមាសដែលសុទ្ធតែបាំងបិទដោយ កញ្ចក់ ហើយប្រមូលយកចេញទៅ។ ពេលដែលកើតមានហេតុការណ៍នេះ យុវជនម្នាក់ អាយុ១៨ឆ្នាំ បានស្រែកថាចោរៗ ហើយក៏ត្រូវក្រុមជនសង្ស័យផ្ទុះអាវុធចំនួន៤គ្រាប់ គឺបាញ់ផ្ញុចដីតំរង់ជើងបណ្តាលឱ្យត្រូវ របួសចំភ្នែកគោលប្រអប់ជើងឆ្វេង១គ្រាប់ ។ មិនទាន់មានសេចក្តីអះអាងភ្លាមៗទេថា ក្រុមជនសង្ស័យ មានគ្នាប៉ុន្មាននាក់ និងមានមធ្យោបាយអ្វីខ្លះសំរាប់ការគេចខ្លួននោះទេ ដោយគ្រាន់តែដឹងថា ក្រុមជន សង្ស័យទាំងនោះគេចខ្លួនតាមរយៈម៉ូតូទំនើបៗនិងរថយន្ត តំរង់ឆ្ពោះទៅទិសខាងកើតគឺសំដៅក្រុងភ្នំពេញ ប៉ុន្តែបើតាមមន្ត្រីប៉ូលិសនៃអធិការដ្ឋានស្រុកឧដុង្គបាននិយាយថា ទោះបីក្រុមជនសង្ស័យបានរត់គេចមកទិស ក្រុងភ្នំពេញ មែនតែលើកំណាត់ផ្លូវជាតិលេខ៥ មានផ្លូវបំបែកច្រើននៅចំណុចបាត់ដឹង គឺអាចនឹងគេចទៅ ផ្លូវណាមួយហើយក៏អាចបំបែកគ្នាផងដែរ ។ ទោះបីជាបែបណាមិនច្បាស់ទេថា ក្រុមជនសង្ស័យរត់គេច ខ្លួនទៅតាមច្រកណាខ្លះនោះ។
លោកអធិការប៉ូលិសស្រុកឧដុង្គមានប្រសាសន៍ឱ្យដឹងថា សមត្ថកិច្ចបានចេញតាមប្រមាញ់ភ្លាមៗដែរនិង បានទាក់ទងឱ្យគ្រប់បណ្តាញទាំងអស់ក្នុងខេត្តនិងក្រុងភ្នំពេញ ព្រមទាំងខេត្តកណ្តាលជួយអន្តរាគមន៍ តែរហូត មកដល់ត្រឹមម៉ោង៦ល្ងាចថ្ងៃដដែលមិនបានប្រទះឃើញស្រមោល​ជន​សង្ស័យ​ណា​មួយ​នៅ​ឡើយ​ទេ​ ។
ក្រោយពេលកើតមានអំពើប្លន់ដែលមានរយៈពេលលឿនរហ័សតែប៉ុន្មាន​នាទី​នោះ បានបង្ហាញថា មិនមែនជា អំពើប្លន់ទាំងប្រថុយប្រថានមួយនោះទេ គឺពិតជាមានការតាមដានយ៉ាងលំអិតមុនពេលមានសកម្មភាពប្លន់ នេះពិសេសគឺការចន្លោះប្រហោងនៅក្នុងផ្សារដែលមិនមានវត្តមានរបស់ប៉ូលិស ព្រោះតែចំ “ម៉ោងប៉ាយ” ជា ពេលវេលាឆកល្វែង។ មានការកត់សម្គាល់ថា អ្នករៀបចំផែនការប្លន់នេះពិតជាមិនធម្មតាទេ ព្រោះទិដ្ឋភាព នៃការធ្វើសកម្មភាព មិនបានប្រើប្រាស់កាំភ្លើងភ្ជង់គំរាមឱ្យមានការភ្ញាក់ផ្អើលទេ គឺវាយបំបែកដោយស្នាប់ កាំភ្លើង និងខ្លះញញួរ រួចស្រវាយកទាំងភ្នែកស្រស់ ហើយបានរត់ចេញយ៉ាងប្រញាប់ទៅតាមទិសដែល រៀបចំរួចជាស្រេច ។ សំរាប់ការសន្និដ្ឋានថា ក្រុមជនសង្ស័យមានគ្នាច្រើននាក់ទៀត ដែលស្ថិតនៅ ខាងក្រៅផ្សារ ខណៈដែលបក្សពួករបស់គេចូលទៅប្លន់ ។ នេះជាការប្លន់ដែលមិនធ្លាប់មានទេកន្លងមក ដោយ តូបអ្នកលក់មាសប្តូរប្រាក់ចំនួន៩ទូ ត្រូវបានប្លន់ទាំងអស់ និងហ៊ានធ្វើទាំងកណ្តាលថ្ងៃទៀតផង ។
លោកវរសេនីយ៍ត្រី លី វណ្ណថា អធិការនគរបាលស្រុកឧត្តុង្គប្រាប់កោះសន្តិភាពនៅកន្លែងកើតហេតុថា ទូតាំងលក់មាសនិងដូរប្រាក់ចំនួន៩ទូ ត្រូវបែកកញ្ចក់ខ្ទេចខ្ទី ហើយមាសប្រាក់ត្រូវក្រុមចោរប្រមូលយក ទៅអស់ និងដោយសុវត្ថិភាពក្នុងឱកាសដែលប៉ូលិសផ្សារចែកផ្លូវគ្នាទៅរកបាយថ្ងៃត្រង់ ។ លោកបន្តទៀតថា អាជីវករទាំង៩តូបដែលរងគ្រោះបន្សល់ទុកតែទឹកភ្នែកនោះ
-ឈ្មោះ យូ ឈុនណា
-ឈ្មោះឆេង ឡាង
-ឈ្មោះ ទ្រី ហ្គេច
-ឈ្មោះហេង ប្រុស
-ឈ្មោះ យ៉ាន់ ណា
-ឈ្មោះស៊ីម
-ឈ្មោះ វណ្ណនី
-ឈ្មោះបុប្ផា
និង៩-ឈ្មោះនាងស្រី ។
អ្នកទាំងអស់សុទ្ធតែបាត់បង់ប្រាក់ និងមាសអស់ ពីទូ ។
អ្នកផ្សារដែលបានឃើញអំពើប្លន់នោះប្រាប់ថា ពួកចោរមានបក្សពួកចំនួន៦នាក់ ខ្លះពាក់ម៉ាស់ចូលអែបទូមាស រួចក៏វាយកំទេចព្រមៗគ្នា និងច្បាមយកមាស និងលុយអស់ភ្លាម តែមិនធ្វើឱ្យរបួសអ្នកលក់ទេ ។ ក្រោយពេល ធ្វើសកម្មភាព៥នាទីពួកគេគេចខ្លួនចេញផុតពីទូមាសបានបន្តិច ស្រាប់តែមានយុវជនម្នាក់ស្រែកថាចោរៗ ធ្វើ ឱ្យពួកចោរបាញ់ចំនួន៤គ្រាប់ ត្រូវជើងយុវជននោះចំភ្នែកគោរឆ្វេង ។ ជនរងគ្រោះត្រូវគេបញ្ជូនទៅ មន្ទីរពេទ្យ ។
អ្នកលក់មាសដូចគ្នានិយាយខ្សឹបៗថា ក្នុងមួយទូមាសយ៉ាងហោចណាស់ក៏គិតជាទឹកប្រាក់ចំនួន ២៥.០០០ដុល្លារ ដែរ និងខ្លះរហូត៣០ម៉ឺនដុល្លារ ។ តាមប្រភពព័ត៌មាន ក្រុមជនសង្ស័យ៦នាក់នោះបានជិះម៉ូតូគេចខ្លួន ចូលទៅក្នុងវត្តវាំងចាស់ ហើយក៏បាត់ខ្លួន ព្រោះមានផ្លូវច្រើនណាស់ ។

ដកស្រង់​ចេញ​ពី​គេហទំព័រhttp://www.kohsantepheapdaily.com.kh/