ប្រឡងឌីប្លូមនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៨
ភ្នំពេញ៖ លោក វ៉ា សារឿន អនុប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅនៃក្រសួងអប់រំយុវជន និងកីឡាបាននិយាយកាលពីថ្ងៃទី០១ កក្កដា ឲ្យដឹងថា ក្រសួងអប់រំយុវជន និងកីឡានឹងលើកពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ទៅខែកញ្ញា ឆ្នាំ២០០៨វិញតែប្រឡងបាក់ឌុបទុកទៅដដែល។
ស្ទើរតែរៀងរាល់ឆ្នាំក្រសួងអប់រំតែងតែរៀបចំការប្រឡងឌីប្លូមនៅ អំឡុងដើមពាក់កណ្ដាលខែកក្កដា ប៉ុន្តែនៅឆ្នាំនេះក្រសួងបានលើកពេលប្រឡងដោយសារមានការរៀបចំការ បោះឆ្នោតសកលអាណត្តិទី៤ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ខាងមុខនេះ។
លោក វ៉ា សារឿន បាននិយាយបន្តឲ្យដឹងថា នេះគឺជាលើកទី២ហើយដែលក្រសួងអប់រំយុវជននិងកីឡាលើកពេលប្រឡង ឌីប្លូមដោយសារតែមូលហេតុជាប់រវល់ការបោះឆ្នោតសកល។ លើកទី១ ក្រសួងបានលើកពេលប្រឡងនៅឆ្នាំ២០០៣ ដែលជាការបោះឆ្នោតសកលអាណត្តិទី៣ ហើយលើកទី២ គឺនៅឆ្នាំ ២០០៨ ដែលជាការរៀបចំបោះឆ្នោតសកលអាណត្តិទី៤។
ពាក់ព័ន្ធទៅនឹងមូលហេតុដែលនាំឲ្យក្រសួងត្រូវលើកពេលប្រឡងនេះ លោក វ៉ា សារឿន បានពន្យល់ថា ដោយសារតែមណ្ឌលប្រឡងនីមួយៗត្រូវធ្វើជាមណ្ឌលសម្រាប់រៀបចំការ បោះឆ្នោតហើយ លោកគ្រូ អ្នកគ្រូ ក៏ជាប់រវល់ចូលរួមបោះឆ្នោត ឬធ្វើជាគណៈកម្មាធិការរៀបចំការបោះឆ្នោតស្រុក- ខេត្ត។ អាស្រ័យហេតុនេះទើបក្រសួងលើកពេលប្រឡងទៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៨វិញ។ ប៉ុន្តែការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គឺទុកនៅដដែលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០៨។
លោក វ៉ា សារឿន បាននិយាយឲ្យដឹងបន្ថែមទៀតថា ប្រឡងឌីប្លូមនៅឆ្នាំនេះមានអ្នកចុះឈ្មោះប្រឡងចំនួនជាង១៤ម៉ឺន នាក់ និងអ្នកចូលរួមប្រឡងបាក់ឌុបប្រមាណជាង៧ម៉ឺននាក់៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh
No comments:
Post a Comment