ក្នុងពិធីការពារនិក្ខេបបទរបស់បេក្ខនារីខាងលើនេះ លោកបណ្ឌិត ជា ចំរើន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បានឧទ្ទេសនាមលោកបណ្ឌិតសាស្ត្រាចារ្យ គង់ ថៃ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាប្រធានក្រុមប្រឹក្សាវាយតំលៃលើនិក្ខេបបទរបស់បេក្ខនារីបណ្ឌិត និងមានការចូលរួមវាយតំលៃពីបណ្ឌិតសាស្ត្រាចារ្យជំនាញៗចំនួន៨រូប ទៀត។
ចំពោះនិក្ខេបបទដែលបេក្ខនារីបណ្ឌិត អ៊ុន សុគន្ធា បានសិក្សាស្រាវជ្រាវចងក្រងដាក់ជូនក្រុមប្រឹក្សាធ្វើការវាយតំលៃមុន ពេលឈានទៅទទួលសញ្ញាបត្របណ្ឌិតផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា គឺមានចំណងជើងថា "បទល្មើសជួញដូរមនុស្សនៅកម្ពុជា"។ ទាក់ទិនជាមួយនឹងនិក្ខេបបទនេះ លោកបណ្ឌិតសាស្ត្រាចារ្យ គង់ ថៃ ប្រធានក្រុមប្រឹក្សាវាយតំលៃនិក្ខេបបទ បានអនុញ្ញាតឲ្យបេក្ខនារីបណ្ឌិត អ៊ុន សុគន្ធា ឡើងការពារនិក្ខេបបទរបស់ខ្លួន ហើយត្រៀមឆ្លើយនូវសំណួរផ្ទាល់មាត់ពីលោកបណ្ឌិតសាស្ត្រាចារ្យ ដែលជាក្រុមប្រឹក្សាវាយតំលៃគ្រប់រូប ដើម្បីឲ្យគណៈកម្មការកំណត់ពិន្ទុ ហើយប្រកាសលទ្ធផលជូនបេក្ខនារីបណ្ឌិត អ៊ុន សុគន្ធា។
បន្ទាប់ពីក្រុមប្រឹក្សាបានធ្វើការចោទសួរអស់រយៈពេលជាង២ម៉ោង រួចមក លោកបណ្ឌិតសាស្ត្រាចារ្យជំនាញគ្រប់រូប បានសំណូមពរជំរុញឲ្យកែនូវចំណុចខ្វះខាតតិចតួចលើនិក្ខេបបទ ហើយបេក្ខនារីបណ្ឌិត អ៊ុន សុគន្ធា ប្ដេជ្ញាកែសម្រួលបំពេញបន្ថែមលើចំណុចខ្វះខាត ដើម្បីរក្សានិក្ខេបបទរបស់ខ្លួនឲ្យក្លាយទៅជានិក្ខេបបទមួយត្រូវ បោះពុម្ពផ្សាយ សម្រាប់រក្សាទុកនៅក្នុងបណ្ណាល័យ។ បន្ទាប់មកលោកបណ្ឌិតសាស្ត្រាចារ្យ គង់ ថៃ បានសម្រេចប្រកាសផ្ដល់ជូនបេក្ខនារីបណ្ឌិត អ៊ុន សុគន្ធា នូវសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ផ្នែកនីតិសាស្ត្រ ក្នុងនិទ្ទេសល្អណាស់។ លោកបណ្ឌិតសាស្ត្រាចារ្យ គង់ ថៃ បានផ្ដាំផ្ញើថា ការការពារនិក្ខេបបទលំបាក ប្រសើរជាងការលំបាកដែលគ្មានទីបញ្ចប់៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh
No comments:
Post a Comment