Thursday, July 3, 2008

សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ប្ញស្សី​កែវ​បង្ក្រាប​ផ្ទះ​បញ្ចាំង​រឿង​ក្តៅ​សាច់​ ខ្ទប់​ចាប់​មនុស្ស​បាន​៣២​នាក់​

បុរសជាប់ចោទ២នាក់ (រូបថត ជលធា)
រាជធានីភ្នំពេញ ៖ មនុស្សចំនួន៣២នាក់ត្រូវសមត្ថកិច្ចខណ្ឌប្ញស្សីកែវឃាត់ខ្លួន កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២ កក្កដា ខណៈពេលសមត្ថកិច្ចប៉ូលិសដែលដឹកនាំដោយមន្ត្រីតុលាការ ចុះបង្ក្រាបផ្ទះបញ្ចាំងវីដេអូ អាសអាភាសចំនួន២កន្លែងនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។
ក្នុងចំណោមមនុស្សដែលត្រូវឃាត់ខ្លួននោះមានមនុស្ស​ចំនួន​៣០នាក់​ ជាអ្នកញៀនមើលរឿងអាសអាភាស អត់ទៅរកស៊ីឯណាទេ និង២នាក់ទៀតត្រូវវាយខ្នោះ គឺជាម្ចាស់ផ្ទះ។ ក្រៅពីចាប់ខ្លួនមនុស្សក៏មានម៉ូតូជា ច្រើនគ្រឿង និងឧបករណ៍បញ្ចាំងវីដេអូត្រូវបានដកហូត ។ ការបង្ក្រាបផ្ទះបញ្ចាំងវីដេអូក្តៅសាច់នេះ ត្រូវគេដឹងថា ដឹកនាំដោយព្រះរាជអាជ្ញារងសុខ រឿន ដោយឆែកឆេរលំនៅឋានចំនួន២កន្លែងនៅជាប់គ្នា តាមដីកាលេខ៤៤ និង៤៥ អយខ ចុះថ្ងៃទី២ ខែកក្កដា ដោយព្រះរាជអាជ្ញារងសុខ រឿន នៃសាលា ដំបូងក្រុងភ្នំពេញ។

ម៉ូតូអ្នកមើលវីដេអូក្តៅសាច់ដែលដកហូតក្រោមប្រតិបត្តិការ (រូបថត ជលធា)
ម្ចាស់ផ្ទះដែលត្រូវឃាត់ខ្លួនត្រូវសមត្ថកិច្ចឱ្យដឹងថា ឈ្មោះសុខ វ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជាមន្ត្រី យោធាស័ក្តិ៤ តែសមត្ថកិច្ចអះអាងថា ជាជនក្លែងបន្លំជាមន្ត្រីយោធា និងឈ្មោះប៊ុន ហៀង ភេទប្រុស អាយុ​៣០​ឆ្នាំ។ លោកជ័យ សូសិលា អធិការខណ្ឌប្ញស្សីកែវឱ្យដឹងថា នៅក្នុងការបង្ក្រាបផ្ទះបញ្ចាំងវីដេអូ អាសអាភាសនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន៣២នាក់ដែលក្នុងនោះមានអ្នកមើល​ចំនួន​៣០​នាក់​​។​ ក្រៅ ពីការឃាត់ខ្លួនសមត្ថកិច្ចដកហូតម៉ូតូចំនួន៣៥គ្រឿង កង់ចំនួន១៧គ្រឿង ក្បាលបញ្ចាំងចំនួន២ ទូរទស្សន៍ ចំនួន២ កៅអី និងស៊ីឌីមួយចំនួនធំ គ្រាប់កាំភ្លើងAK ចំនួន៣០គ្រាប់ និងគ្រាប់កាំភ្លើងខ្លី៣៧គ្រាប់ ។
លោកជ័យ សូសិលា បន្តទៀតថា ចំពោះអ្នកមើលត្រូវឱ្យធ្វើកិច្ចសន្យា និងអប់រំ ឯម្ចាស់ផ្ទះត្រូវកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការ ។ តាមព័ត៌មានឱ្យដឹងថា ម្ចាស់ផ្ទះបញ្ចាំងវីដេអូឈ្មោះសុខ វ៉ា មានការ ពាក់ព័ន្ធនឹងជនសង្ស័យលួចម៉ូតូក្នុងក្រុងភ្នំពេញផងដែរ ។

ដកស្រង់​ចេញពី​គេហទំព័រ http://www.kohsantepheapdaily.com.kh/

No comments: