អាជ្ញាធរក្រុងរួមនឹងអាជ្ញាធរខេត្តនានាបានប្ដេជ្ញាអនុវត្តន៍តាម សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលស្ដីពីការផ្អាកមិនឲ្យលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៤ នៃរដ្ឋសភា ដោយបានដាក់បទបញ្ជា និងសេចក្ដីជូនដំណឹងទៅម្ចាស់ហាងលក់ទំនិញទាំងអស់មិនឲ្យលក់ គ្រឿងស្រវឹងនៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតឡើយ បើមិនគោរពតាមការជូនដំណឹងនេះទេ អាជ្ញាធរនឹងមានវិធានការពិន័យ។
លោក ម៉ាន់ ឈឿន អភិបាលរងក្រុងភ្នំពេញមានប្រសាសន៍ថា៖ "ទាក់ទងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលស្ដីពីការផ្អាកមិនឲ្យលក់ ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតនាថ្ងៃទី២៦-២៧ នេះ យើងបានត្រៀមខ្លួនរួចអស់ហើយដែលជាវិធានការដ៏ល្អប្រពៃណាស់ ព្រោះប្រជាពលរដ្ឋយើងសុទ្ធតែជាអ្នកកាន់ព្រះពុទ្ធសាសនា យើងមិនចង់ឲ្យស្រាមកធ្វើត្រីមុខនោះឡើយ។ ដូច្នេះសេចក្ដីជូនដំណឹងនេះ គឺត្រឹមត្រូវណាស់ ដែលករណីនេះយើងបានធ្វើការផ្សព្វផ្សាយរួចហើយទៅដល់ថ្នាក់ដឹកនាំ ទាំង៧ ខណ្ឌនៅរាជធានីភ្នំពេញ ដើម្បីឲ្យអាជ្ញាធរទាំងនោះយកសេចក្ដីជូនដំណឹងរបស់រាជរដ្ឋាភិបាល ក៏ដូចជាលិខិតបទដ្ឋានមួយចំនួនទៀតយកទៅផ្សព្វផ្សាយបន្តទៅកាន់ បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅតាមមូលដ្ឋាន ឬភោជនីយដ្ឋាននីមួយៗត្រូវអនុវត្តន៍ឲ្យបានម៉ត់ចត់ទៅតាមសេចក្ដីជូន ដំណឹងនេះ"។
លោក ម៉ាន់ ឈឿន បានគូសបញ្ជាក់ដោយមានជំនឿចិត្តថា៖ " វិធានការនេះយើងមានគណៈបញ្ជាការឯកភាពនៅខណ្ឌទាំង៧ផងយើងមានគណៈ បញ្ជាការតាមសង្កាត់ទាំង៧៦ផងខ្ញុំជឿថា វិធានការទប់ស្កាត់ការលក់ដូរគ្រឿងស្រវឹងនេះ គឺនឹងត្រូវអនុវត្តន៍បានប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របទៅតាមការណែនាំរបស់ប្រមុខដឹកនាំរដ្ឋាភិបាល "។
ជាមួយការប្ដេជ្ញា និងយកចិត្តទុកដាក់អនុវត្តន៍ទៅតាមសេចក្ដីណែនាំរបស់ប្រមុខ ដឹកនាំរដ្ឋាភិបាលស្ដីពីការផ្អាកការលក់ដូរគ្រឿងស្រវឹងនេះ ថ្នាក់ដឹកនាំតាមមូលដ្ឋានមួយចំនួននៅទីក្រុងភ្នំពេញបានអះអាង ថា នឹងខិតខំអនុវត្តន៍ឲ្យមានប្រសិទ្ធិភាព។ សម្រាប់លោក ឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវមានប្រសាសន៍ថា៖ "ការណែនាំរបស់រដ្ឋាភិបាលនេះ ខ្ញុំបានដាក់បញ្ហានេះជូនចៅសង្កាត់ និងប៉ូលិសប៉ុស្ដិ៍រួចហើយ ឲ្យណែនាំ និងមានការសហការដើម្បីឲ្យការបោះឆ្នោតនេះប្រព្រឹត្តទៅបានដោយ រលូនទៅតាមច្បាប់ដែលបានកំណត់។ អាជ្ញាធរខណ្ឌបានណែនាំទៅគ្រប់ហាងទាំងអស់ស្នើសុំមិនឲ្យមានការ ប្រើប្រាស់គ្រឿងស្រវឹង និងមិនឲ្យលក់ដូរគ្រឿងស្រវឹង ឬក៏បិទហាងតែម្ដង។ ប៉ុន្តែបើសិនជាមិនអាចបិទអាជីវកម្មរបស់ខ្លួនបានសុំកុំឲ្យគាត់ លក់ដូរគ្រឿងស្រវឹង បើពួកគាត់ប្រឆាំងគាត់នឹងត្រូវទទួលខុសត្រូវទៅតាមផ្លូវ ច្បាប់"។
ទាក់ទងសេចក្ដីណែនាំរបស់ប្រមុខដឹកនាំនេះ លោក ឃ្លាំង ហួត សង្កត់ធ្ងន់ថា៖ "បើសិនជាមានម្ចាស់អាជីវកម្មណាមួយប្រព្រឹត្តល្មើសផ្ទុយពី សេចក្ដីណែនាំនេះ យើងនឹងមានវិធានការបិទការធ្វើអាជីវកម្មទាំងនោះដើម្បីធ្វើជា គំរូ។ ស្រុកយើងត្រូវតែមានវិធានការដល់ពួកគាត់ខ្លះទើបបាន។ បើមិនមានការពិន័យទេ នៅពេលកម្ពុជាធ្វើការបោះឆ្នោតអាណត្តិក្រោយៗទៀត មិនមាននរណាម្នាក់យកចិត្តទុកដាក់លើសេចក្ដីជូនដំណឹងដូចគ្នានេះ ទេ ពួកគេអាចល្មើសចង់លក់ក៏បាន មិនលក់ក៏បាន ស្រេចតែចិត្តរបស់ពួកគេ ដូច្នេះទង្វើនេះមិនបានជាដាច់ខាត យើងត្រូវតែមានវិធានការ ដែលករណីនេះ យើងមានមនុស្សរបស់យើងតាមឃ្លាំមើល"។
ដោយឡែកនៅឯខេត្តកំពង់ចាមឯណោះវិញ ថ្នាក់ដឹកនាំខេត្តក៏បានណែនាំទៅដល់អ្នកធ្វើអាជីវកម្មលក់ដូរ ទាំងអស់ឲ្យផ្អាកការលក់ដូរគ្រឿងស្រវឹងនេះផងដែរ។ បើតាមការគូសបញ្ជាក់របស់លោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាមបានឲ្យដឹងថា៖ "សេចក្ដីណែនាំរបស់រដ្ឋាភិបាលទាក់ទងការផ្អាកលក់ និងទទួលទានស្រានេះ នៅខេត្តកំពង់ចាម ខ្ញុំបានធ្វើការណែនាំនៅតាមគ្រប់ស្រុកទាំងអស់នៅទូទាំងខេត្ត ដើម្បីកុំឲ្យធ្វើអាជីវកម្មលក់ដូរគ្រឿងស្រវឹងនេះនៅមុនថ្ងៃ បោះឆ្នោត និងថ្ងៃបោះឆ្នោតរួចអស់ហើយ ត្រង់ថាការណែនាំនេះគេធ្វើតាម ឬមិនធ្វើតាមវាជាសិទ្ធិរបស់មនុស្សម្នាក់ៗ ប៉ុន្តែមកដល់ម៉ោងនេះហើយ បើយើងចេញសេចក្ដីណែនាំ ហើយគេមិនធ្វើតាមមានតែអ្នកទាំងនោះ គឺជាសត្វធាតុ មិនមែនជាមនុស្សឡើយ"។
សម្រាប់លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក នាយិកាអង្គការសិទ្ធិមនុស្សលីកាដូមានប្រសាសន៍ថា៖ "ខ្ញុំគិតថា បើមិនឲ្យលក់គ្រឿងស្រវឹងមុនការបោះឆ្នោត និងថ្ងៃបោះឆ្នោត ហ្នឹងជាការប្រសើរមួយព្រោះអីយើងខ្លាចបងប្អូនលោកពិសាគ្រឿង ស្រវឹងមុនការបោះឆ្នោតអាចធ្វើអំពើអ្វីមួយមិនត្រឹមត្រូវ ប្រព្រឹត្តអ្វីដែលខុសច្បាប់។ ដូច្នេះបើបងប្អូនលោកអត់ធ្មត់បានកុំពិសាសុរា ឬគ្រឿងញៀនផ្សេងៗជាដើមនៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះវាជាការល្អ ធ្វើម៉េចឲ្យបងប្អូនយើងមានភាពស្ងប់ស្ងៀមថា តើគួរសម្រេចចិត្តបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយដែលខ្លួនពេញ ចិត្តសម្រាប់ដឹកនាំប្រទេសឲ្យមានភាពរុងរឿង"។
លោក អ៊ឹម សួស្ដី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានប្រសាសន៍ថា ខ្ញុំអបអរសាទរចំពោះសេចក្ដីជូនដំណឹងរបស់រដ្ឋាភិបាលដែលតម្រូវឲ្យ ហាងលក់ដូរទាំងអស់ផ្អាកការលក់គ្រឿងស្រវឹងនៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតដែលជាការចង់បានរបស់ គ.ជ.ប នាពេលកន្លងមក។ លោក អ៊ឹម សួស្ដី បញ្ជាក់ឲ្យដឹងថា៖ "តាមការសង្កេតរបស់ខ្ញុំនាពេលកន្លងមករឿងរ៉ាវទាំងអស់ដែលទាស់ទែង គ្នា គឺតែងកើតចេញមកពីការស្រវឹងទាំងអស់។ ដូច្នេះបើសេចក្ដីណែនាំរបស់រដ្ឋាភិបាលនេះមានប្រសិទ្ធភាពវាជាការ ប្រសើរបំផុត។ ខ្ញុំសូមសំណូមពរដល់អ្នកដែលធ្លាប់ផឹក-ស៊ី ស្រវឹងផ្កាប់មុខ នៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ជៀសវាងបាតុភាពអសកម្មផ្សេងៗដែលអាចនឹងកើតមានឡើង"៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh
6 comments:
ងាប់ហើយអ្នកណាមិនធ្វើសុទ្ធតែជាសត្វធាតុ..
ពាក្យសម្តីថ្នាក់ដឹកនាំយើងពិតជាពោពេញទៅ
ដោយសីលធ៌មខ្ពស់ និងសមត្ថភាពមែន៚
ហេ ចុះបើចង់ពិសារ នៅផ្ទះបានទេ ហាន់ ព្រោះថាខ្ញុំ នៅសល់ ស្រាបៀរខ្លះផង ធ្វើម៉ិចទៅ
សីហា
ផឹកនៅផ្ទះក៏មិនបានដែរ ព្រោះថាពេលស្រវឹងហើយយើងប្រហែលនឹងនិយាយពីគណបក្សនយោបាយ ដែលជាហេតុងាយនិងកើតជម្លោះណា៎ :-)។
ប៉ុន្តែអាចយកមកអោយខ្ញុំបានណា៎ :-)។
ហាកម៉ិចចឹង??ទៅជាចឹងវិញ?? អុញបងហានខូចណាស់ដែរតាហ៎នែក....
;-)
:-):-):-):-)
ហា៎ហា៎ហា៎....
Post a Comment