Tuesday, July 1, 2008

អគ្គីភ័យ​ឆាប​ឆេះ​ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​អណ្ដាត​ភ្លើង​

ទិដ្ឋភាពភ្ញាក់ផ្អើលនៅផ្ទះស្ត្រីមេម៉ាយកូនមួយវ័យក្មេងដែលត្រូវគេដុតសម្លាប់ (រូបថត សុវណ្ណារ៉ា)
ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍អគ្គីភ័យគួរឱ្យរន្ធត់មួយបានកើតមានឡើងវេលាម៉ោង២យប់ ថ្ងៃទី៣០ មិថុនា បណ្តាលឱ្យលំនៅឋាន៣ខ្នងនៅចំណុចសហគមន៍ព្រៃព្រិច ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅក្លាយជា ផេះផង់ដោយមិនអាចជួយពន្លត់បាន ហើយស្ត្រីមេម៉ាយម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មក្នុងអណ្តាតភ្លើង។
ការកើតមានអគ្គីភ័យនេះក៏ត្រូវបានគ្រួសារអ្នករងគ្រោះចោទថា មានមនុស្សលួចដុតផងដែរ ។
តាមការបំភ្លឺរបស់អ្នកស្រីហៀប ទុំ អាយុ៤៤ឆ្នាំ ជាម្តាយរបស់ស្ត្រីមេម៉ាយរងគ្រោះ ដែលស្លាប់នោះ បានឱ្យដឹងថា រូបគាត់មានប្តីឈ្មោះញឹម ស្រឿន អាយុ៤៨ឆ្នាំ ទៅរកស៊ីនៅឯស្រុកថៃ ហើយក្នុងក្រុម គ្រួសាររបស់គាត់មានសមាជិកទាំងអស់៧នាក់។ ចំពោះកូនស្រីរបស់គាត់ដែលស្លាប់ក្នុងអណ្តាតភ្លើងនេះ ឈ្មោះលី ស្រីមុំ អាយុ២៣ឆ្នាំ ជាស្ត្រីមេម៉ាយកូនមួយ និងជាកូនច្បងគេនៅក្នុងគ្រួសារ ។ អ្នកស្រីហៀប ទុំ បានបង្ហាញនូវការមន្ទិលថា កូនស្រីរបស់គាត់ដែលរងគ្រោះនេះអាចបណ្តាលមកពីរឿងគំនុំទើបបានជាកើត រឿងបែបនេះ ព្រោះកាលកន្លងមកមានគេសុំដណ្តឹងកូនគាត់ជាស្រីមេម៉ាយនេះដែរ ប៉ុន្តែសាមីខ្លួនជាកូនគាត់ បានបដិសេធមិនព្រមយក ហើយបន្ទាប់មកក៏ចេះតែកើតរឿងរ៉ាវមិនចេះចប់ ដោយរយៈពេលប៉ុន្មានខែមុន នេះមានគេបំពុលឆ្កែរបស់គាត់ងាប់អស់១ក្បាល ប៉ុន្តែពុំមានកើតរឿងអ្វីធំដុំនោះទេ បន្ទាប់មកទៀត នៅថ្ងៃ ទី២០ មិថុនា មានជនមិនស្គាល់មុខបានយកប្រេងសាំងមកចាក់ដុតផ្ទះរបស់គាត់ម្តងរួច​មក​ហើយ តែត្រូវ
បានអ្នកជិតខាងគេឃើញក៏នាំគ្នាជួយពន្លត់ទាន់ពេល ។

រង្វង់មូលជាសាកសពដែលឆេះអស់សល់តែពោះវៀន (រូបថត សុវណ្ណារ៉ា )

ម្តាយស្ត្រីរងគ្រោះបញ្ជាក់ទៀតថា រហូតមកទល់ពេលកើតហេតុនេះត្រូវបានជនសង្ស័យ ដែលដឹងអត្ត សញ្ញាណខ្លះនោះយកប្រេងសាំងមកចាក់ដុតកណ្តាលយប់ បណ្តាលឱ្យឆេះសន្ធោសន្ធៅស្លាប់កូនស្រីរបស់គាត់ តែម្តង ហើយរូបគាត់បានត្រូវភ្លើងឆាបឆេះរបួសបន្តិចបន្តួចផងដែរ ក្រៅពីនោះពុំមាននរណារងរបួសទៀត ទេ។ ចំណែកទ្រព្យសម្បត្តិក្នុងផ្ទះត្រូវឆេះទាំងអស់សរុបជាទឹកប្រាក់ ប្រមាណជាង១០ម៉ឺនបាត ពីព្រោះ ផ្ទះ របស់គាត់ជាផ្ទះលក់ចាប់ហួយ និងដាក់ទូរស័ព្ទថែមទៀតផង ។ មន្ត្រីសមត្ថកិច្ចស្រុកអូរជ្រៅ ដែលចុះទៅធ្វើ កោសល្យវិច័យនៅកន្លែងកើតហេតុនោះបានឱ្យដឹងថា ភ្លើងបានឆាបឆេះផ្ទះអស់ចំនួន៣ខ្នងតូចៗ ជាផ្ទះធ្វើអំពី ឈើប្រក់ស័ង្កសី និងបណ្តាលឱ្យស្លាប់ស្ត្រីមេម៉ាយវ័យក្មេងម្នាក់ ឆេះសល់តែពោះវៀនបន្តិចតែប៉ុណ្ណោះ ។ ចំពោះផ្ទះរងគ្រោះទី២មានម្ចាស់ ឈ្មោះទិត្យ រស់ ភេទប្រុស អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះឌុប នៅ អាយុ៤៥ឆ្នាំ ឆេះអស់ ទ្រព្យសម្បត្តិសរុបប្រមាណ៥ម៉ឺនបាត និងផ្ទះទី៣ មានម្ចស់ឈ្មោះអ៊ុន សាវ៉ាត ភេទស្រី អាយុ៥៤ឆ្នាំឆេះអស់ទ្រព្យសម្បត្តិសរុបប្រមាណ២ម៉ឺនបាត ។ មន្ត្រីសមត្ថកិច្ចបញ្ជាក់ឱ្យដឹងថា ក្រោយពី ធ្វើការពិនិត្យ និងកោសល្យវិច័យរួចមកបានសន្និដ្ឋានថា នេះជារឿងគំនុំ និងជាការលួចដុតដោយចេតនា ។
លោកវរសេនីយ៍ត្រីអ៊ឹង សុងយូ អធិការប៉ូលិសស្រុកអូរជ្រៅបានឱ្យដឹងថា ចំពោះករណីបទល្មើសនេះ លោក នឹងឱ្យកំលាំងជំនាញរបស់លោកស្រាវជ្រាវរកមុខសញ្ញាជនល្មើសនោះ យកមកផ្តន្ទាទោសឱ្យខាងតែបាន គឺមិន ទុកឱ្យជនល្មើសនោះរួចខ្លួនពីសំណាញ់ច្បាប់ឡើយ ។ យោងតាមការរៀបរាប់របស់ស្ត្រីជាម្តាយអ្នករងគ្រោះ គឺជាពន្លឺច្បាស់ណាស់សំរាប់សមត្ថកិច្ចធ្វើការស្រាវជ្រាវ ព្រោះនេះមិនមែនជាការលួចដុតលើកទី១ទេ តែជាការ ព្យាយាមលើកទី២ រហូតបានសំរេចបំណងដ៏ពិសពុលនេះ ។
ដក​ស្រង់​ចេញ​ពី​គេហទំព័រ​ http://www.kohsantepheapdaily.com.kh

No comments: