ភ្នំពេញ៖ ជនរងគ្រោះដល់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេស ក្នុងខែ កក្កដា មានការថយចុះ តែសម្រាប់ទីក្រុងភ្នំពេញមានការកើនឡើងច្រើនជាងខែណាៗទាំងអស់ ដោយមានអ្នកបាត់បង់ជីវិតស្មើនឹង៣៧ភាគរយ នៃចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេស។
លោក កែវ សាវិន ប្រធាននាយកដ្ឋានដឹកជញ្ជូន និងជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក បាននិយាយឲ្យដឹងនៅថ្ងៃទី ៣០ កក្កដា នេះថា យោងតាមរបាយការណ៍ដែលទទួលបានមកពីក្រសួងមហាផ្ទៃ បានបង្ហាញឲ្យឃើញថា នៅក្នុងខែ កក្កដានេះ ជនរងគ្រោះដល់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេស មានការថយចុះ បើប្រៀបធៀបទៅនឹងបណ្ដាខែមុនៗ។ តែសម្រាប់ទីក្រុងភ្នំពេញបែរជាមានការកើនឡើងយ៉ាងខ្ពស់ គឺជនរងគ្រោះដល់បាត់បង់ជីវិតមានចំនួនជិតដល់៤០ភាគរយ នៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេស។
ប្រភពខាងលើ បាននិយាយឲ្យដឹងទៀតថា នៅក្នុងខែកក្កដានេះ នៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរកើតឡើងចំនួន៤៦២លើក បណ្ដាលឲ្យស្លាប់មនុស្សចំនួន១០០នាក់ របួសស្រាលចំនួន៤៥៥នាក់ របួសធ្ងន់៣៦៨នាក់។ គ្រោះថ្នាក់នេះមានការចូលរួមពីរថយន្តធុនស្រាលចំនួន១៤៤គ្រឿង រថយន្តធុនធ្ងន់ចំនួន៤៤គ្រឿង យានផ្សេងៗចំនួន៤៨គ្រឿង ម៉ូតូ៨៨គ្រឿង និងអ្នកថ្មើរជើងចំនួន៦៩នាក់។
លោកវរសេនីយ៏ ប៉ែន ឃុន នាយរងការិយាល័យចរាចរជើងគោកនៃស្នងការនគរបាលរាជធានី ភ្នំពេញបាននិយាយឲ្យដឹងនៅថ្ងៃទី ៣០ កក្កដា នេះដែរថា គ្រោះថ្នាក់ចរាចរក្នុងខែ កក្កដា នៅក្នុងរាជធានីភ្នំពេញបានកើតមានឡើងចំនួន៧២លើក ក្រៅពីបានសម្លាប់មនុស្សអស់៣៧នាក់ បានធ្វើឲ្យមានអ្នករងបួសធ្ងន់ចំនួន៧៩នាក់ និងរបួសស្រាលចំនួន៣១នាក់។ ចំនួនជនរងគ្រោះដល់បាត់បង់ជីវិតនៅក្នុងខែ កក្កដា នេះជាចំនួនច្រើនមិនធ្លាប់មានពីមុនមក។
ប្រភពខាងលើបាននិយាយឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរដែលកាន់តែធ្ងន់ធ្ងរឡើងនេះ បានកត់សម្គាល់ឃើញថា ភាគច្រើនកើតឡើងនៅថ្ងៃចុងសប្ដាហ៍ ជាពិសេសនៅវេលាយប់។ គ្រោះថ្នាក់មូលហេតុដោយសារអ្នកបើកបរស្រវឹងស្រាមានចំនួន១១លើក ភាគច្រើនជាគ្រោះថ្នាក់ធ្ងន់ធ្ងរ។ បើកបរលឿនចំនួន២៦លើក បើកបរដោយមិនគោរពសិទ្ធិអាទិភាពចំនួន១៥លើកប្រជែងបង្កគ្រោះថ្នាក់ ចំនួន៧លើក មិនប្រកាន់ស្ដាំចំនួន៧លើក។
គួរនិយាយឲ្យដឹងថា គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសក្នុងមួយខែៗកន្លងទៅនេះ បានសម្លាប់មនុស្សចំនួនចន្លោះពី១៤០នាក់ ទៅ១៦០នាក់។ ចំពោះនៅរាជធានីភ្នំពេញក្នុងមួយខែៗមានចំនួនមានចំនួនចន្លោះពី២០ ទៅ៣០នាក់ តែនៅក្នុងខែកក្កដានេះមានចំនួនរហូតដល់ទៅ៣៧នាក់។
លោក កែវ សាវិន បានបញ្ជាក់ឲ្យដឹងផងដែរថា រយៈពេល៧ខែនៃឆ្នាំ២០០៨នេះ នៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរកើតឡើងចំនួន៣.៨៧០លើក បណ្ដាលឲ្យស្លាប់មនុស្សចំនួន៩៥៦នាក់ របួសស្រាលចំនួន៣.៧៤១នាក់ និងរបួសធ្ងន់ចំនួន៣.០៩៨នាក់។ គ្រោះថ្នាក់ទាំងនេះមានការចូលរួមពីរថយន្តធុនស្រាលចំនួន១.២២៣គ្រឿង រថយន្តធុនធ្ងន់ចំនួន៣៥៨គ្រឿង យានផ្សេងៗចំនួន៣២២គ្រឿង ម៉ូតូ៤.០៧៨គ្រឿង និងអ្នកថ្មើរជើងចំនួន៤៥៥នាក់៕
ដកស្រង់ចេញគេហទំព័រ http://women.open.org.kh
2 comments:
ងាប់ហើយបើមានស្លាប់ច្រើនម៉ឹងៗ តើរដ្ឋាភិបាលនៅតែធ្វើព្រងើយៗចឹងទៅ? ទើបតែពិចារណារឿងនេះពីព្រឹកម៉ិញបែរឥឡូវមក
ឃើញជាក់ស្តែង...ហមពិតជាការខាតបង់មួយដ៏
ធ្ងន់ធ្ងរ..។
មានមនុស្សស្លាប់កាន់ច្រើន ក៏មានមនុស្សកើតកាន់ច្រើនដែរក្នុងសម័យបច្ចុប្បន្ន។ តែការស្លាប់នោះគួរតែជៀសវាងចំពោះមនុស្សល្អណា៎។
មែនទេ????
Post a Comment