កាលបរិច្ឆេទបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០០៨ ដោយមានប្រទេសចូលរួមប្រឡងប្រមាណ៩៩ប្រទេស។ ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជូនសិស្សពូកែទៅប្រឡងកាលពីថ្ងៃទី១៣ ខែកក្កដា ដែលជាលើកទី២សម្រាប់ការប្រឡងគណិតវិទ្យាអូឡាំព្យាដអន្តរជាតិ បន្ទាប់ពីប្រឡងលើកទី១ នៅប្រទេសវៀតណាមដែលមានប្រទេសចូលរួម៩៧ប្រទេស។
កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៨ សិស្សពូកែផ្នែកគណិតវិទ្យាបានត្រឡប់មកពីការចូលរួមប្រឡងនៅ ប្រទេសអេស្ប៉ាញដោយមានសិស្សម្នាក់ឈ្មោះ លី សំឫទ្ធិ ជាសិស្សមកពីវិទ្យាល័យឥន្ទ្រទេវីទទួលបានវិញ្ញាបនបត្រកិត្តិយស។
បើតាមលោក ម៉ែន ចាន់សុខា មន្ត្រីទទួលបន្ទុកការងារអូឡាំព្យាដនៃក្រសួងអប់រំយុវជន និងកីឡាបាននិយាយឲ្យដឹងថា ថ្វីត្បិតតែការប្រឡងគណិតវិទ្យាអូឡាំព្យាដអន្តរជាតិលើកទី៤៩ នៅប្រទេសអេស្ប៉ាញលើកនេះពុំទទួលបានលទ្ធផលដូចការរំពឹងទុកក៏ដោយ ក៏វាគឺជាមោទនភាពមួយដែរ ក្នុងចំណោមសិស្ស៦នាក់ដែលទៅចូលរួមប្រឡងមានសិស្សម្នាក់ទទួលបាន វិញ្ញាបនបត្រកិត្តិយសយកមកជូនប្រទេសជាតិ។
ដោយសារការប្រឡងលើកនេះលទ្ធផលមិនសូវល្អប្រសើរនោះ មន្ត្រីទទួលបន្ទុកការងារអូឡាំព្យាដនឹងធ្វើការកែទម្រង់ទៅលើ ផ្នែកគណិតវិទ្យា។
លោក ម៉ែន ចាន់សុខា បាននិយាយថា ខ្ញុំនឹងធ្វើការកែទម្រង់ថ្មីមួយលើការជ្រើសរើសសិស្សយកមក បំប៉ន។ លោកបានបន្តថា ដោយសង្កេតឃើញជារៀងរាល់ឆ្នាំជ័យលាភីថ្នាក់ទី៩ ផ្នែកគណិតវិទ្យាសិស្សពូកែទូទាំងប្រទេសនៅពេលដែលពួកគេមករៀន ថ្នាក់ទី១២ភាគច្រើនពុំបានរក្សាតំណែងរបស់គេជាជ័យលាភីសិស្ស ពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី១២ទេ។
លោកបានលើកឧទាហរណ៍មកបញ្ជាក់ថា ដូចជាជ័យលាភីផ្នែកគណិតវិទ្យាថ្នាក់ទី៩ឆ្នាំ២០០៥ ចំនួន១០នាក់មកដល់ឆ្នាំ២០០៨សិស្សដែលរក្សាបានជ័យលាភីសិស្សពូកែ គណិតវិទ្យាថ្នាក់ទី១២ទូទាំងប្រទេសមានចំនួនតែ៤នាក់ប៉ុណ្ណោះ ដូចនេះដើម្បីដោះស្រាយខាងលើនេះ លោកនឹងធ្វើកំណត់បង្ហាញរឿងមួយជូនថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡាដើម្បីស្នើសុំធ្វើការប្រឡងជ្រើសរើសសិស្សពូកែគណិតវិទ្យា ថ្នាក់ទី១២ឆ្នាំសិក្សា២០០៨-២០០៩ ដែលមានបេក្ខជនចំនួន១០០នាក់យកពីខេត្ត-ក្រុងធំ និងមធ្យមចំនួន១៦ខេត្ត-ក្រុង។ លោកបាននិយាយថា ការបែងចែកបេក្ខជនតាមខេត្ត- ក្រុងនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅជាអ្នកកំណត់។ នៅក្នុងនោះជ័យលាភីគណិតវិទ្យាថ្នាក់ទី៩សិស្សពូកែទូទាំងប្រទេស ឆ្នាំ២០០៦ត្រូវបានជាប់ដោយស្វ័យប្រវត្តិតាមកូតាខេត្ត-ក្រុង នីមួយៗ។
ក្រោយពេលដែលជ្រើសរើសរួចសិស្សដែលជាប់ចំណាត់ថ្នាក់ពីលេខរៀងទី ១ដល់ទី១០ ត្រូវបានឲ្យរៀនបំប៉នសម្រាប់ត្រៀមទៅចូលរួមប្រឡងគណិតវិទ្យា អន្តរជាតិលើកទី៥០ឆ្នាំក្រោយ ហើយបេក្ខជនដែលជាប់ចំណាត់ថ្នាក់ពីលេខរៀងទី១ដល់ទី៤០ ត្រូវបានឲ្យចូលរួមប្រឡងគណិតវិទ្យាអូឡាំព្យាដអាស៊ីប៉ាស៊ីហ្វិកលើក ទី២១ នៅខែមីនា ឆ្នាំ២០០៩។
លោក ម៉ែន ចាន់សុខា បាននិយាយឲ្យដឹងទៀតថា បេក្ខជនត្រូវមានអាយុ២០ឆ្នាំគិតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៩។ ការធ្វើបែបនេះលោកសង្ឃឹមថា លទ្ធផលនៃការប្រឡងគណិតវិទ្យាអូឡាំព្យាដអន្តរជាតិនឹងមានការ រីកចម្រើនជាមិនខានពីព្រោះថា សិស្សដែលពុំបានជាប់ជាជ័យលាភីសិស្សពូកែទូទាំងប្រទេសគណិតវិទ្យា ថ្នាក់ទី៩គេនឹងមានសង្ឃឹមគេនឹងប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីទៅប្រឡងគណិតវិទ្យាអូឡាំព្យាដអន្តរជាតិ និងទៅប្រឡងគណិតវិទ្យាអូឡាំព្យាដអាស៊ីប៉ាស៊ីហ្វិក។
លោក ម៉ែន ចាន់សុខា បាននិយាយថា បើសិនជាការជ្រើសរើសផ្នែកគណិតវិទ្យានេះ ទទួលបានលទ្ធផលល្អលោកនឹងប្រឹងប្រែងបន្តទៅធ្វើការជ្រើសរើសផ្នែក រូបវិទ្យាទៀត។
ចំណែកឯគ្រូដឹកនាំសិស្សសម្រាប់ចេញទៅប្រឡងនៅក្រៅប្រទេសវិញក៏ សំណូមពរដល់ក្រសួងអប់រំយុវជន និងកីឡាមួយចំនួននៅពេលដែលសិស្សត្រូវចេញទៅប្រទេសឆ្ងាយៗ ដូចជាប្រទេសអេស្ប៉ាញ ឬនៅម៉ុងហ្គោលី សូមក្រសួងជួយសម្រួលឲ្យសិស្សចេញដំណើរឲ្យបានមុន ៤-៥ថ្ងៃ ដើម្បីឲ្យសិស្សអាចស៊ាំនឹងអាកាសធាតុ ឬអាហាររបស់គេព្រោះកន្លងមកសិស្សដែលទៅចូលរួមប្រឡងនៅប្រទេស ឆ្ងាយៗមិនអាចស៊ាំនឹងអាកាសធាតុ ឬម្ហូបអាហារក្នុងរយៈពេលខ្លីបានទេដែលបញ្ហានេះ បានជះឥទ្ធិពលដល់ការប្រឡងរបស់សិស្ស។ គ្រូដឹកនាំសិស្សសង្ឃឹមយ៉ាងមុតមាំថា ក្រសួងអប់រំនឹងជួយសម្រួលដល់បញ្ហានេះដើម្បីឲ្យការប្រឡងរបស់ សិស្សយើងទទួលបានលទ្ធផលល្អនៅលើឆាកអន្តរជាតិ៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh
No comments:
Post a Comment