Thursday, July 10, 2008

សារ​សម្ដេច​តេជោ​ ហ៊ុន សែន​ ជូន​ចំពោះ​ជន​រួម​ជាតិ​កម្ពុជា​ នា​ឱកាស​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

សូម​ក្រាបថ្វាយបង្គំ​សម្ដេច​ព្រះសង្ឃ​រាជ​ និង​ព្រះថេរានុថេរៈ​គ្រប់​ព្រះអង្គ​ បងប្អូន​ជន​រួម​ជាតិ​ទាំង​អស់​ជាទី​គោរព​ស្នេហា

នៅ​ថ្ងៃ​ទី​ ៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ នេះ​ នា​សម័យ​ប្រជុំ​លើក​ទី​៣២​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​កេបិក​ ប្រទេស​កាណាដា​ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​ដើម្បី​វប្បធម៌​ វិទ្យាសាស្ត្រ​ និង​អប់រំ​របស់​អង្គការ​សហប្រជាជាតិ​ (យូនេស្កូ UNESCO)​ បាន​សម្រេច​ចុះ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ ពិភពលោក​ តាម​សំណើ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

នេះ​ គឺ​ជា​មោទនភាព​ថ្មី​មួយ​ទៀត​សម្រាប់​ប្រជាពលរដ្ឋ​ និង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ ក៏​ដូចជា​សម្រាប់​ប្រជាពលរដ្ឋ​នានា​នៅ​ក្នុង​តំបន់​ និង​ពិភពលោក​ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ក្រុមប្រឹក្សា​អន្តរជាតិ​ ស្ដីពី​ប្រាង្គ​ប្រាសាទ​ និង​រមណីយដ្ឋាន​ (ICOMOS)​ ទទួល​ស្គាល់​ថា​ ជា​កំពូល​ស្នាដៃ​ដ៏​អស្ចារ្យ​នៃ​ស្ថាបត្យកម្ម​ខ្មែរ​ និង​មាន​តម្លៃ​សកល​ដ៏​ចំណាន​នោះ​ ហើយ​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

ការ​ចុះ​បញ្ជី​នេះ​ នឹង​តម្រូវ​ឲ្យ​សហគមន៍​អន្តរជាតិ​ទាំងមូល​មាន​កាតព្វកិច្ច​សហប្រតិបត្តិការ​ ការពារ​នូវ​បេតិកភណ្ឌ​សកល​នេះ​ និង​ថែរក្សា​ជា​សម្បត្តិ​វប្បធម៌​កេរមរតក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។​ នេះ​ជា​បេតិកភណ្ឌ​ខ្មែរ​ទី​៤​ហើយ​ ដែល​ត្រូវ​បាន​ទទួល​លក្ខន្តិកៈ​ដ៏​ខ្ពង់ខ្ពស់​ ថ្លៃថ្នូរ​នេះ​ បន្ទាប់​ពី​ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ ពិភពលោក​ដូចគ្នា​ដែរ​នៅ​ឆ្នាំ​១៩៩២​ និង​របាំ​ក្បាច់​បុរាណ​ខ្មែរ​ (របាំ​ព្រះរាជទ្រព្យ)​ និង​ល្ខោន​ស្បែក​ធំ ​ត្រូវ​បាន​បញ្ចូល​​​​​​​​​​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​នៅ​ ឆ្នាំ​ ២០០៣​ និង​នៅ​ឆ្នាំ​ ២០០៥​ កន្លង​មក។

ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ជា​លទ្ធផល​នៃ​ដំណើរ​ការ​ការងារ​ និង​ការ​ចរចា​ដ៏​យូរ​ និង​ស្មុគស្មាញ​មួយ​ដែល​ឯកឧត្ដម​ សុខ​ អាន​ ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ដើម្បី​យូនេស្កូ​ និង​គណៈ​ប្រតិភូ​សម្រេច​បាន​ បន្ទាប់​ពី​ខ្ញុំ​ព្រះករុណា​ខ្ញុំ​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ បាន​លើក​សំណើ​ជូន​ទៅ​ឯកឧត្ដម​អគ្គនាយក​យូនេស្កូ​ កាល​ពី​ថ្ងៃ​ទី​ ១០​ ខែ​ តុលា​ ឆ្នាំ​ ២០០១។

ខ្ញុំ​ព្រះករុណា​ខ្ញុំ​ សូម​រំលឹក​ថា​ សាលក្រម​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ​ ចុះ​ថ្ងៃ​ទី​ ១៥​ ខែ​ មិថុនា​ ឆ្នាំ​ ១៩៦២​ បាន​សម្រេច​ថា​ ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​លើ​ទឹកដី​ដែល​នៅ​ក្រោម​អធិបតេយ្យភាព​របស់​ កម្ពុជា។​ ផ្អែក​លើ​សាលក្រម​នេះ​ និង​ផ្អែក​ទៅ​ស្ថានភាព​ជាក់ស្ដែង​នៃ​ប្រាង្គ​ប្រាសាទ​នោះ​ ក្នុង​ឋានៈ​ជា​ប្រទេស​ម្ចាស់​ប្រាសាទ​ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​សំណើ​សុំ​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ក្នុង​គោលបំណង​ការពារ​បេតិកភណ្ឌ​សកល​នេះ​ ដែល​ជា​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ​សម័យ​អង្គរ​ ដើម្បី​ទុក​ជា​កេរមរតក​សម្បត្តិ​វប្បធម៌​ជូន​មនុស្ស​ជំនាន់​ក្រោយ​ៗ​ទៀត។​ បន្ទាប់​មក​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ដោយ​មាន​ទីប្រឹក្សា​បច្ចេកទេស​ និង​ជំនួយ​ដ៏​សកម្ម​ពី​សំណាក់​អង្គការ​យូនេស្កូ​ បាន​រៀបចំ​សំណុំ​ឯកសារ​ពេញលេញ​មួយ​ស្រប​តាម​ទិសដៅ​ណែនាំ​ការ​អនុវត្តន៍​ អនុសញ្ញា​ស្ដីពី​ការ​ការពារ​បេតិកភណ្ឌ​ពិភពលោក​ វប្បធម៌​ និង​ធម្មជាតិ​ ដែល​កម្ពុជា​ជា​សមាជិក​នោះ​ ដាក់​ជូន​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​នា​ទីក្រុង​ប៉ារីស​ នៅ​ថ្ងៃ​ទី​ ៣០​ ខែ​ មករា​ ឆ្នាំ​ ២០០៦។​ បន្ទាប់​ពី​បេសកកម្ម​បច្ចេកទេស​មួយ​នៅ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ ដោយ​តំណាង​របស់​ក្រុមប្រឹក្សា​អន្តរជាតិ​ស្ដីពី​ប្រាង្គ​ប្រាសាទ​ និង​រមណីយដ្ឋាន​ពី​ថ្ងៃ​ទី​ ២៣​ ដល់​ថ្ងៃ​ទី​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០០៦​ និង​បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​បន្ថែម​ដែល​កម្ពុជា​បាន​ផ្ញើ​ជូន​នៅ​ថ្ងៃ​ ទី​ ៣​ ខែ​ មករា​ ឆ្នាំ​ ២០០៧​ រួច​មក​ ក្រុមប្រឹក្សា​អន្តរជាតិ​ស្ដីពី​ប្រាង្គ​ប្រាសាទ​ និង​រមណីយដ្ឋាន​ បាន​ទទួល​ស្គាល់​តម្លៃ​សកល​ដ៏​អស្ចារ្យ​នៃ​រមណីយដ្ឋាន​ ហើយ​ផ្ដល់​អនុសាសន៍​ឲ្យ​ដាក់​រមណីយដ្ឋាន​ជាទី​សក្ការៈ​នៃ​ប្រាសាទ​ព្រះវិហារ ​ចូល​ក្នុង​បញ្ជី​នៃ​បេតិកភណ្ឌ​ពិភពលោក។​ នៅ​សម័យ​ប្រជុំ​សាមញ្ញ​លើក​ទី​៣១​ របស់​ខ្លួន​នៅ​ទីក្រុង​ក្រៃឆឹច​ ប្រទេស​ញូហ្សឺលែន​ ពី​ថ្ងៃ​ទី​ ២៣​ ខែ​ មិថុនា​ ដល់​ថ្ងៃ​ទី​ ២​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៧​ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​ពិនិត្យ​សំណុំ​នេះ​ រួច​ទទួល​ស្គាល់​ថា​ រមណីយដ្ឋាន​ជាទី​សក្ការៈ​នៃ​ប្រាសាទ​ព្រះវិហារ​ មាន​សារសំខាន់​អន្តរជាតិ​ដ៏​ធំ​ ហើយ​មាន​តម្លៃ​សកល​អស្ចារ្យ​ ព្រមទាំង​សម្ដែង​នូវ​ «សេចក្ដី​យល់ព្រម​ជា​គោលការណ៍​ចំពោះ​ប្រការ​ដែល​ថា​ រមណីយដ្ឋាន​ត្រូវ​តែ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក»។​ ខ្ញុំ​ព្រះករុណា​ខ្ញុំ​ សូម​ទូល​ និង​ជម្រាប​ថា​ នា​ឱកាស​នោះ​ឯកឧត្ដម​ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​ថ្លែង​ថា​ «សេចក្ដី​សម្រេច​នេះ​មាន​ន័យ​ថា​ គណៈកម្មាធិការ​បាន​យល់​ព្រម​ថា​ រមណីយដ្ឋាន​ជាទី​សក្ការៈ​នេះ​សក្ដិសម​នឹង​បាន​បញ្ចូល​ក្នុង​បញ្ជី​មរតក​ ពិភពលោក​ ហើយ​ការ​បញ្ចូល​ជា​ផ្លូវ​ការ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​សម័យ​ប្រជុំ​លើក​ក្រោយ​ របស់​ខ្លួន​នា​ឆ្នាំ​២០០៨»។

ក្នុង​គ្រប់​ដំណាក់កាល​នៃ​ដំណើរ​ការ​ចុះ​បញ្ជី​នេះ​ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ តែង​ផ្អែក​ផង​ដែរ​លើ​ជំហរ​របស់​ព្រះរាជាណាចក្រ​ថៃ​ ក្នុង​ឋានៈ ប្រទេស​នេះ​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ ដែល​ធ្លាប់​មាន​ប្រវត្តិ​ជម្លោះ​ជាមួយ​កម្ពុជា​យើង​អំពី​ប្រាង្គ​ប្រាសាទ​ នេះ។​ ជា​បច្ច័យ​ល្អ​ ទោះ​មាន​ការ​ប្រឆាំង​រិះគន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​នៅ​ក្នុង​ ប្រទេស​ខ្លួន​ ហើយ​បន្ទាប់​ពី​មាន​ការ​ពន្យល់​បកស្រាយ​ពី​សំណាក់​រដ្ឋ​ភាគី​កម្ពុជា​យើង​ រួចមក​នោះ​ រដ្ឋ​ភាគី​ថៃ​ តែង​បាន​ឯកភាព​ ទទួល​ស្គាល់​ថា​ រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​មាន​តម្លៃ​សកល​ដ៏​អស្ចារ្យ​ ហើយ​គាំទ្រ​បញ្ចូល​ប្រាសាទ​នេះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។​ ជំហរ​នេះ​ត្រូវ​​បាន​សម្ដែង​ឡើង​ទាំង​នៅ​ក្នុង​សម័យ​ប្រជុំ​នៅ​ក្រៃឆឹច​ ឆ្នាំ​ ២០០៧​ ទាំង​តាម​រយៈ​ទស្សនកិច្ច​របស់​ឯកឧត្ដម​ សាម៉ាក់​ ស៊ុនថរៈវេត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ ថ្ងៃ​ទី​ ៣​ និង​ទី​ ៤​ ខែ​ឧសភា​ ឆ្នាំ​ ២០០៨​ ក្នុង​ឱកាស​ចរចា​ផ្លូវ​ការ​ជាមួយ​ខ្ញុំ​ព្រះករុណា​ខ្ញុំ​នៅ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី​ ទាំង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ ចុះ​ថ្ងៃ​ទី​ ៦​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៨​ បន្ទាប់​ពី​កិច្ច​ប្រជុំ​ការងារ​មួយ​ស្ដីពី​ប្រាសាទ​ព្រះវិហារ​រវាង​ គណៈប្រតិភូ​កម្ពុជា​ ដឹកនាំ​ដោយ​ឯកឧត្ដម​ សុខ​ អាន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ និង​គណៈ​ប្រតិភូ​ថៃ​ដឹកនាំ​ដោយ​ឯកឧត្ដម​ វីរ៉ាសាឌី ហ៊្វូត្រាគល់​ អគ្គលេខាធិការ​នៃ​ក្រសួង​ការ​បរទេស​ថៃ​ ហើយ​ពិសេស​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​ ១៨​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ ដោយ​ឯកឧត្ដម​ សុខ​ អាន​ និង​ឯកឧត្ដម​ ណុបប៉ាឌុន​ ប៉ាត់ថាម៉ាក់​ រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​ និង​លោក​ជំទាវ​ ហ្វ្រង់ស្វ័ហ្ស រីវីយែរ​ អគ្គនាយក​រង​នៃ​អង្គការ​យូនេស្កូ​ បន្ទាប់​ពី​ឥស្សរជន​ទាំង​បី​រូប​បាន​ជួប​ប្រជុំ​ និង​ឯកភាព​គ្នា​កាល​ពី​ថ្ងៃ​ទី​ ២២​ ខែ​ ឧសភា​ ឆ្នាំ​ ២០០៨​ នៅ​ទីស្នាក់ការ​អង្គការ​យូនេស្កូ​ ទីក្រុង​ប៉ារីស​ និង​ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​យូនេស្កូ​ជា​ច្រើន​រូប​ទៀត។​ នា​ឱកាស​នោះ​ ក្នុង​ស្មារតី​ប្រកបដោយ​សុច្ឆន្ទៈ​ និង​ការ​សម្រុះសម្រួល​ កម្ពុជា​បាន​យល់​ព្រម​ក្នុង​ដំណាក់កាល​នេះ​ នៃ​ដំណើរ​ការ​ចុះ​បញ្ជី​ដាក់​បញ្ចូល​ប្រាង្គ​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី ​បេតិកភណ្ឌ​ពិភពលោក​ ដោយ​គ្មាន​តំបន់​ទ្រនាប់​នៅ​តំបន់​ខាង​ជើង​ និង​ខាងលិច​នៃ​ប្រាសាទ​ និង​ដោយ​ទុក​តំបន់​ទាំង​ពីរ​នេះ​ជូន​គណៈកម្មការ​រួម​ស្ដីពី​ព្រំដែន​ដីគោក​ នៃ​ប្រទេស​ទាំងពីរ​ បន្ត​ពិនិត្យ​ដោះស្រាយ។​ ខ្ញុំ​ព្រះករុណា​ខ្ញុំ​សូម​ធ្វើ​ការ​បញ្ជាក់​ម្ដង​ទៀត​ថា​ ការ​ដាក់​បញ្ចូល​ប្រាង្គ​ប្រាសាទ​ព្រះវិហារ​នេះ​ មិន​ប៉ះពាល់​ដល់​ដំណើរការ​ចរចា​ដោះស្រាយ​បញ្ហា​ខណ្ឌសីមា​ព្រំដែន​រវាង​ ប្រទេស​ទាំងពីរ​នោះ​ឡើយ។

ឆ្លៀត​ឱកាស​ដ៏​មហា​ប្រសើរ​នេះ​ទូលព្រះបង្គំ​ សូម​តាង​នាម​សមាជិក​សមាជិកា​ទាំងអស់​នៃ​រាជរដ្ឋាភិបាល​មន្ត្រី​រាជការ​គ្រប់ ​លំដាប់​ថ្នាក់​ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ និង​ប្រជាជន​កម្ពុជា​ទាំង​មូល​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ដ៏​ជ្រាលជ្រៅ​ និង​ស្មោះស្ម័គ្រ​បំផុត​ថ្វាយ​សម្ដេច​ព្រះមហាវរក្សត្រ​ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម​ សីហនុ​ ដែល​បាន​ប្រទាន​នូវ​ព្រះ​រាជកិច្ច​ដ៏​ខ្ពង់ខ្ពស់​បំផុត​ប្រកបដោយ​ស្មារតី​ ស្នេហា​ជាតិ​ដ៏​ជ្រាលជ្រៅ​ ក្នុង​ការ​តស៊ូ​ទាមទារ​មក​វិញ​ និង​ការពារ​បាន​នូវ​អធិបតេយ្យភាព​ បូរណភាព​ទឹកដី​ស្របច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ប្រាង្គ​ប្រាសាទ​ ព្រះវិហារ​ដែល​ជា​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​អស្ចារ្យ។​ ពិត​ណាស់​ គឺ​៤៦​ឆ្នាំ​មុន​នេះ​ ឆ្លើយតប​នឹង​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​ ៦​ ខែ​ តុលា​ ឆ្នាំ​ ១៩៥៩​ តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ​ ទទួល​ស្គាល់​ក្នុង​សាលក្រម​របស់​ខ្លួន​នា​ថ្ងៃ​ទី​ ១៥​ ខែ​ មិថុនា​ ឆ្នាំ​ ១៩៦២​នោះ​ថា​ :​ ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ដែនដី​ដែល​នៅ​ក្រោម​អធិបតេយ្យភាព​របស់​ កម្ពុជា​ ហើយ​តម្រូវ​ឲ្យ​ប្រទេស​ថៃ​ដក​ចេញ​រាល់​កម្លាំង​ប្រដាប់​អាវុធ​ប៉ូលិស​ ឬ​ឆ្មាំ​ទាំង​អស់​ដែល​ខ្លួន​បាន​នៅ​ក្នុង​​ប្រាសាទ​ ឬ​ក្នុង​បរិវេណ​ប្រាសាទ​ដែល​ស្ថិត​ក្នុង​ដែនដី​របស់​កម្ពុជា។

ទូលព្រះបង្គំ​ខ្ញុំ​ ក៏​សូម​ព្រះ​រាជានុញ្ញាត​សម្ដែង​នូវ​អំណរ​ព្រះ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​ សីហមុនី​ ដែល​ព្រះអង្គ​តែង​បាន​ប្រទាន​នូវ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ជានិច្ច​ ចំពោះ​កិច្ច​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ តាំង​ពី​ព្រះអង្គ​គង់​នៅ​ជា​ឯកអគ្គរាជទូត​ប្រចាំ​អង្គការ​យូនេស្កូ​ នៅ​ទីក្រុង​ប៉ារីស​ មក​ម្ល៉េះ​ ហើយ​បាន​ប្រទាន​នូវ​ការ​គាំទ្រ​ជា​បន្ត​រហូត​មក​ទៀត​ចំពោះ​បុព្វហេតុ​តស៊ូ​ ដ៏​ត្រឹមត្រូវ​ និង​យុត្តិធម៌​របស់​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា។

ខ្ញុំ​ព្រះករុណា​ខ្ញុំ​ ក៏​សូម​ថ្លែង​អំណរគុណ​ដ៏​ស្មោះ​បំផុត​ចំពោះ​ឯកឧត្ដម​ សុខ​ អាន​ និង​គណៈប្រតិភូ​ដែល​បាន​ការពារ​ជំហរ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ កម្ពុជា​ ប្រកប​ដោយ​ភាព​ទន់ភ្លន់​ ប៉ិនប្រសប់​ វិជ្ជាជីវៈ ការទូត​ និង​ស្មារតី​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ​ ការពារ​បាន​អធិបតេយ្យភាព​ បូរណភាព​ទឹកដី​ កិត្តិយស​ និង​កេរមរតក​ជាតិ​ ព្រមទាំង​រក្សា​បាន​នូវ​ចំណង​ទាក់ទង​ជា​មិត្តភាព​ សហប្រតិបត្តិការ​ជិត​ខាង​ល្អ​ជាមួយ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​ថៃ។

ខ្ញុំ​ព្រះករុណា​ខ្ញុំ​ សូម​ថ្លែង​នូវ​អំណរគុណ​ជា​ពិសេស​ផង​ដែរ​ចំពោះ​បណ្ដា​ប្រទេស​នានា​ អង្គការ​យូនេស្កូ​ និង​ឥស្សរជន​ទាំងអស់​ដែល​បាន​គាំទ្រ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ កម្ពុជា​ឈាន​ដល់​ការ​សម្រេច​ដាក់​ប្រាង្គ​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​ បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ដើម្បី​ជា​ផល​ប្រយោជន៍​ដ៏​ឧត្ដម​របស់​មនុស្ស​ជាតិ​ទាំង​មូល។

ចុង​ក្រោយ​បំផុត​ ខ្ញុំ​ព្រះករុណា​ ខ្ញុំ​សូម​ថ្លែង​នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ និង​ស្មោះស្ម័គ្រ​បំផុត​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ស្រទាប់​វណ្ណៈ​ ដែល​បាន​ផ្ដល់​កម្លាំង​គាំទ្រ​ប្រកបដោយ​ទឹកចិត្ត​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ​ ហើយ​បាន​សម្ដែង​នូវ​សេចក្ដី​យោគយល់​ អត់ធ្មត់​ រក្សា​បាន​នូវ​ភាព​ស្ងប់ស្ងៀម​ ការពារ​ផលប្រយោជន៍​ជាតិ​ និង​ទំនាក់​ទំនង​សន្តិភាព​ មិត្តភាព​ជិតខាង​ល្អ​ជាមួយ​ប្រជាជន​ថៃ។

សូម​​សម្ដេច​ព្រះ​សង្ឃរាជ​ ព្រះថេរានុថេរៈ​ គ្រប់​ព្រះអង្គ​ និង​ជន​រួម​ជាតិ​ទាំងអស់​ទ្រង់​ប្រកប​ និង​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​ គឺ​អាយុ​ វណ្ណៈ​សុខៈ​ និង​ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

ដកស្រង់​ចេញ​ពី​គេហទំព័រ​ http://women.open.org.kh

No comments: