Wednesday, July 23, 2008

ឃាត់​ខ្លួន​នារី​ម្នាក់​ ក្នុង​ករណី​លួងលោម​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ ​យក​ទៅ​លក់​

ភ្នំពេញ​៖ នារី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្នុង​ករណី​លួង​ លោម​ចាប់​ពង្រត់​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​​យក​ទៅ​លក់​​ក្នុង​តម្លៃ​ ជិត​១​លាន​រៀល​ ខណៈ​ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​មិន​នៅ​ផ្ទះ។

ស្ត្រី​ជាប់​ចោទ​ឈ្មោះ​​ គន់​ ធី​ អាយុ​២៣​ឆ្នាំ​ មុខរបរ​បម្រើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ​​មួយ​កន្លែង​​ នៅ​ភ្នំពេញ​​ស្នាក់​នៅ​ផ្ទះ​ជួល​ម្ដុំ​បុរីកីឡា​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មករា​ ក្រុងភ្នំពេញ។

ចំណែក​កុមារី​រងគ្រោះ​ឈ្មោះ​ សាន​ ស្រីលីស​ រស់នៅ​ជាមួយ​ម្ដាយ​​ឈ្មោះ​ លី​ ស្រីរ័ត្ន​ អាយុ​២៧​ឆ្នាំ​ នៅ​​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ​ ក្រុងភ្នំពេញ។

ក្រុម​សមត្ថកិច្ច​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​កក្កដា​ នារី​ជាប់​ចោទ​ឈ្មោះ​ គន់​ ធី​ បាន​ទៅ​លេង​ផ្ទះ​ម្ដាយ​កុមារី​រងគ្រោះ​ ហើយ​នៅ​ពេល​មក​ដល់​ផ្ទះ​មិន​ឃើញ​ម្ដាយ​​កុមារី​រងគ្រោះ​ដែល​ជា​មិត្តភក្ដិ​ នោះ​ក៏​ប្រើ​កលល្បិច​​លួងលោម​កុមារី​រងគ្រោះ​យក​មក​ជាមួយ​ ហើយ​ក៏​យក​ទៅ​លក់​​ឲ្យ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​អាយុ​ប្រហែល​៥០​ឆ្នាំ​នៅ​ ផ្សារ​បឹងព្រលិត​ ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ​៧​មករា​ ក្រុងភ្នំពេញ​បាន​លុយ​ជិត​១​លាន​រៀល​ ហើយ​បាន​គេច​ខ្លួន​បាត់​ស្រមោល។ លុះ​ដល់​ល្ងាច​ថ្ងៃ​ទី​២២​​ ខែ​កក្កដា​ ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​បាន​ទៅ​រក​ឃើញ​ស្ត្រី​ល្មើស​នៅ​ម្ដុំ​បុរីកីឡា​ក៏ ​ឃាត់​ខ្លួន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដើម្បី​ចាត់​ការ​ទៅ​តាម​ច្បាប់។

ក្រុម​សមត្ថកិច្ច​បន្ត​ទៀត​ថា​ គិត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​នេះ​ ក្រុម​សមត្ថកិច្ច​នៅ​មិន​ទាន់​ស្រាវជ្រាវ​​រក​ក្មេង​ស្រី​រងគ្រោះ​នោះ​ឃើញ​ នៅ​ឡើយ​ទេ​ ដោយ​ឮ​ថា​ គេ​យក​ក្មេង​ស្រី​នេះ​ទៅ​លក់​​បន្ត​ទៅ​ខេត្ត​បាត់​ហើយ៕

ដកស្រង់​ចេញ​ពី​គេហទំព័រ​ http://women.open.org.kh

No comments: