Thursday, July 3, 2008

អ្នក​តវ៉ា​ថៃ​មួយ​ដំបរ​ស្វា​ ទាមទារ​ឱ្យ​អ្នក​ភូមិ​ខ្មែរ​រុះរើ​ផ្ទះ​

ភូមិខ្មែរដែលឱ្យឈ្មោះថា ភូមិប្រាសាទដែលជនថៃខ្លះដេញ (រូបថត វន្ថា)
ខេត្តព្រះវិហារ ៖ ក្បួនបាតុករថៃបានកើតឡើងចំនួន២លើក នៅចម្ងាយប្រមាណ២០ម៉ែត្រពីខាងក្រោយ លំនៅឋានប្រជាពលរដ្ឋខ្មែរក្នុងភូមិប្រាសាទ កាលពីថ្ងៃទី២២ ខែមិថុនា ម្តង និងកាលពីល្ងាចថ្ងៃទី២៨ ខែ មិថុនា ម្តងទៀត ដោយពួកគេស្រែកចោទប្រកាន់ពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅមុខ​ប្រាសាទ​ព្រះ​វិហារ​ថា​ រស់នៅលើដីរបស់ថៃ។ ពួកគេរាប់រយនាក់ទៅឈរស្រែកចង្អុល ដោយនិយាយជាភាសាថៃ ក្នុងន័យឱ្យអ្នក ភូមិខ្មែររុះរើផ្ទះចេញដោយចាត់ទុកថាជាដីថៃ ។
ប្រជាពលរដ្ឋខ្មែរជាង៣០០គ្រួសារ ដែលរស់នៅក្នុងលំនៅឋានជាង១០០ខ្នង ក្នុងភូមិប្រាសាទ ភាគច្រើនចេះ ភាសាថៃ ហើយបានស្តាប់ឮពាក្យគ្រោតគ្រាតពីសំណាក់ជនជាតិថៃមួយក្តាប់តូចនោះ ។ ពលរដ្ឋខ្មែរដែលចេះ ស្តាប់ភាសាថៃបាននិយាយថា ពួកគាត់ចេះនិយាយថៃនេះដោយសារធ្លាប់ទំនាក់ទំនងចេញចូលរកស៊ីជាមួយ គ្នា។ បន្ទាប់ពីបានដឹងថា ប្រាសាទព្រះវិហារដែលជាមរតករបស់ខ្មែរកំពុងរៀបចំបញ្ចូលជា​បេតិកភណ្ឌ​ពិភពលោក​មក​ ជនជាតិថៃចាប់ផ្តើមមានគំនិតមិនល្អរហូតបង្កឱ្យមានការលំបាក ក្នុងការចេញចូលទៅមករវាង ខ្មែរនិងថៃ ដូចជាខ្មែរចូលទៅទិញអង្ករ អនុញ្ញាតឱ្យចូលទិញក្នុងម្នាក់បានតែ៥គីឡូប៉ុណ្ណោះ ទឹកសុទ្ធក្នុងម្នាក់ មិនឱ្យលើសពី១យួរ និងសម្ភារៈហូបចុកផ្សេងៗទៀត គឺមានការរឹតបន្តឹង។ លើសពីនេះ ពួកគេធ្វើបាតុកម្ម ដង្ហែជាក្បួនមកដល់មាត់ទ្វារច្រកប្រាសាទ ហើយនិយាយជាភាសាថៃខ្លាំងៗ ដេញពួកគាត់ឱ្យរុះរើផ្ទះចេញ ពីលើដីរបស់ពួកគេ ។
លោករស់ ហេង ប្រធានច្រកប្រាសាទព្រះវិហារប្រាប់កោះសន្តិភាពឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមិថុនា ក្រុមជ្រុលនិយមថៃមួយក្រុមបានមកឈរនៅមាត់ច្រកទ្វារ និងក្រោយផ្ទះប្រជាពលរដ្ឋខ្មែរយើងចម្ងាយ ប្រហែល២០ម៉ែត្រ ដែលរស់នៅមុខប្រាសាទ ។ ពួកថៃទាំងអស់នោះបានកាន់បដាសរសេរជាភាសាថៃថា ត្រូវចាកចេញពីមុខប្រាសាទទាំងអស់ ហើយប្រគល់ប្រាសាទព្រះវិហារទៅឱ្យថៃវិញ ។ នៅពេលនោះប្រជា ពលរដ្ឋខ្មែរ និងសមត្ថកិច្ចទាំងអស់ដែលរស់នៅមាត់ច្រកទ្វារ និងភូមិប្រាសាទ ពុំតបតជាសម្តីអ្វីទៅវិញទេ ដោយរក្សាភាពស្ងៀមស្ងាត់ និងដោយភាពថ្លៃថ្នូរបំផុត ទោះបីខ្លួនជាជាតិសាសន៍ម្ចាស់ប្រាសាទក្តី ។
លោករស់ ហេង មានប្រសាសន៍ឱ្យដឹងអំពីគំនិតរបស់ថៃជ្រុលនិយមមួយក្រុមនេះថា “ពួកគេពិតជា មានគំនិតថោកទាបហ៊ានមកឈរស្រែកយ៉ាងទ្រហឹងអឺងកង និងចង់មករំលោភលើអធិបតេយ្យភាពរបស់ ប្រទេសជិតខាង ដោយពុំមានការអៀនខ្មាស។ រហូតមកទល់ថ្ងៃទី២៨ ខែមិថុនា ក្រុមជ្រុលនិយមរបស់ថៃ បាននាំគ្នាប្រមាណជាង១០០នាក់ ធ្វើបាតុកម្មចូលមកកាន់មាត់ទ្វារច្រកប្រាសាទ និងក្បែរលំនៅឋានប្រជា ពលរដ្ឋខ្មែរម្តងទៀត ដោយទាមទារឱ្យប្រជាពលរដ្ឋខ្មែររុះរើផ្ទះ ។ ប្រការដែលហួសចិត្តគឺ គេថែមទាំង ទាមទារឱ្យប្រគល់ប្រាសាទព្រះវិហារទៅឱ្យពួកគេវិញ ។ ទោះបីជាបែបណា ក្រុមទាហានឈុតខ្មៅថៃ ធ្វើការរារាំងទើបក្បួនបាតុករមានការអាក់ខានទៅវិញ”។
ការទាមទារប្រាសាទពីសំណាក់បាតុករថៃប៉ុន្មានដំបស្វានោះមិនមែន​តំណាង​ឱ្យ​ជនជាតិ​ថៃ ​នៅទូទាំងប្រទេស ទេ តែជាក្រុមមួយតូចប៉ុណ្ណោះ ។ លោករស់ ហេង បានឱ្យដឹងទៀតថា បច្ចុប្បន្នបើទោះជាច្រកទ្វារត្រូវ បានបិទក៏ពិតមែន តែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកងកម្លាំងទាំងអស់ដែលរស់នៅលើប្រាសាទ គឺពុំមានបញ្ហាអ្វីទេ ព្រោះទំនិញ និងម្ហូបអាហារត្រូវបានដឹកជញ្ជូនឡើងពីដីខ្មែរបានគ្រប់គ្រាន់ និងម៉្យាងទៀត ជីវភាពអ្នករស់នៅលើប្រាសាទសព្វថ្ងៃនេះត្រូវបានទទួលការឧបត្ថម្ភពី​សប្បុរស​ជន​ក្នុង​ស្រុក​ជា​ច្រើន​ ។​
បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរជាអ្នករកស៊ីនៅលើប្រាសាទមួយចំនួនបានចុះទៅ​រកស៊ី​នៅ​ឯ​ខាង​ក្រោម​ម្តង​ គឺនៅភូមិ “គ១” ព្រោះបន្ទាប់ពីបានបិទច្រកទ្វាររវាងថៃនិងខ្មែរមកនៅមុខប្រាសាទ​ពុំ​មាន​ភ្ញៀវ​ចូល​ទៀត​ទេ​ គឺមានតែ ភ្ញៀវចូលពីខាងដីខ្មែរភាគច្រើន ភ្ញៀវអន្តរជាតិមកពីខេត្តសៀមរាប និងភ្ញៀវជាតិទៅពីក្រុងភ្នំពេញ ។
បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរជាង៣០០គ្រួសារដែលរស់នៅលើភូមិប្រាសាទ បើទោះជាថៃបង្កបញ្ហាយ៉ាងណា ក៏ដោយ ក៏ពួកគាត់នៅតែរស់នៅមានសុទិដ្ឋិនិយមដដែល ។

ដកស្រង់​ចេញ​ពី​គេហទំព័រhttp://www.kohsantepheapdaily.com.kh

No comments: