តើប្រជាជនកម្ពុជា បានប្រយោជន៍អ្វីពីការដាក់រមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក? នេះជាសំណួរដែលមជ្ឈដ្ឋានជាច្រើនបានលើកឡើង។ ឯចម្លើយគឺ នោះជាមោទនភាពរបស់ជាតិខ្មែរ ដែលមានប្រាសាទព្រះវិហារខ្មែរមួយទៀតត្រូវបានទទួលស្គាល់នូវតម្លៃ ជាសកលដោយ អង្គការយូណេស្កូ និងទទួលបានធនធានសម្រាប់ថែរក្សាការពារប្រាសាទនេះឲ្យបានគង់វង្ស ទុកជាសម្បត្តិរបស់មនុស្សជាតិ។
លោក ហង្ស សុត អគ្គលេខាធិការនៃគណៈកម្មាធិការនៃអាជ្ញាធរជាតិព្រះវិហារ បានឆ្លើយទៅនឹងសំណួរខាងលើកាលពីថ្ងៃទី ១ ខែ កក្កដា នេះថា ការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ យើងទទួលបាននូវការទទួលស្គាល់ជាសកលអំពីតម្លៃស្ថាបត្យករខ្មែរ ដែលបានកសាងប្រាសាទព្រះវិហារជាស្នាដៃឯកនេះឡើង។ ជាការបង្ហាញឲ្យឃើញពីភាពរឹងប៉ឹង និងច្នៃប្រឌិតរស់រវើករបស់បុព្វបុរសខ្មែរនាសម័យកាលនោះ។
លោកបានបន្តទៀតថា នៅពេលប្រាសាទព្រះវិហារបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ប្រាសាទដែលកំពុងមានភាពទ្រុឌទ្រោមនេះនឹងទទួលបានធនធានហិរញ្ញវត្ថុ សម្រាប់ធ្វើការថែរក្សាការពារឲ្យបានគង់វង្ស ទុកជាសម្បត្តិរបស់មនុស្សជាតិ។ ប្រការមួយផ្សេងទៀតប្រជាជនយើងនឹងទទួលបានប្រាក់ចំណូលពីភ្ញៀវ ទេសចរដែលបានធ្វើដំណើរមកទស្សនាប្រាសាទនេះ។
លោក ប៉ែន ងឿន ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រី និងជាសេនាធិការបញ្ហាបញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក ក៏បានឆ្លើយបញ្ជាក់ទៅនឹងសំណួរខាងលើកាលពីថ្ងៃទី ១ ខែ កក្កដា នេះថា នៅពេលប្រាសាទព្រះវិហារបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយនោះ គឺជាមោទនភាពរបស់ជាតិយើង ដែលមានប្រាសាទប្រកបដោយរចនាបថ ស្ថាបត្យកម្មដ៏មានតម្លៃក្នុងផ្នែកវប្បធម៌ ដែលជាការបង្ហាញនូវចំណេះដឹង ចំណេះធ្វើដ៏ស្ទាត់ជំនាញ ទាំងសិល្បៈ ទាំងផ្នែកលម្អ ទាំងគម្រោងសាងសង់ ហាក់ដូចជាមានតែមួយគត់ស្ថិតនៅលើកំពូលភ្នំដែលមានកម្ពស់ជាង៦០០ ម៉ែត្រ។ កេរដំណែលដូនតាដែលមានតម្លៃជាសកលក្នុងផ្នែកវប្បធម៌នេះ ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអន្តរជាតិវាយតម្លៃវត្ថុបុរាណ ខាងប្រាសាទឬរមណីយដ្ឋាន (ICOMOS)។ ប្រាសាទព្រះវិហារបានបង្ហាញឲ្យឃើញពីអរិយធម៌ខ្ពង់ខ្ពស់ និងភាពរុងរឿងរបស់ជនជាតិខ្មែរនាសម័យកាលនោះ។
លោកបាននិយាយទៀតថា យើងទាំងអស់គ្នាដឹងស្រាប់ហើយប្រាសាទដែលមានអាយុកាលដ៏ចំណាស់នេះ មានសភាពទ្រុឌទ្រោម ដែលបណ្ដាលមកពីមូលហេតុជាច្រើន ហើយពេលនេះប្រទេសកម្ពុជាយើងកំពុងមានការអភិវឌ្ឍន៍ ត្រូវការធនធានច្រើន។ ប្រាសាទព្រះវិហារនៅពេលបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ នឹងទទួលបានធនធានហិរញ្ញវត្ថុ និងធនធានអ្នកបច្ចេកទេសជំនាញជាន់ខ្ពស់មកជួយថែរក្សាការពារប្រាសាទ ទុកជាកេរដំណែល សម្រាប់កូនខ្មែរជំនាន់ក្រោយក៏ដូចជាកេរដំណែលមនុស្សជាតិទាំងមូលផង ដែរ៕
ដកស្រង់ចេញពីគេហទំព័រ http://women.open.org.kh
No comments:
Post a Comment