Thursday, July 10, 2008

CATA រំពឹង​ថា​ប្រាសាទ​ព្រះវិហារ​នឹង​ទទួល​ទេសចរ​កាន់​តែ​ច្រើន​ ក្រោយ​ការ​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក

មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ជា​ បេតិកភណ្ឌ​ពិភពលោក​រួច​មក​ សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA)​ ដែល​មាន​ក្រុមហ៊ុន​ជា​សមាជិក​ចំនួន​ ១៦២​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ បាន​សម្ដែង​ក្ដី​រំពឹង​ថា​ ប្រាសាទ​ដ៏​ល្បាញ​ដែល​ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ដងរែក​នេះ​នឹង​ទទួល​បាន​កំណើន​ ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កាន់​តែ​ច្រើន​នា​ពេល​អនាគត​ឆាប់​ៗ​នេះ។

ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​ ឌឹ​ មេគង្គ​ ថែមស៍​ កាល​ពី​ថ្ងៃ​ ពុធ​ ម្សិលមិញ​ លោក​ ហូ​ វណ្ឌី​ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា៖​ "យើង​សង្ឃឹម​ថា​ នឹង​បាន​ឃើញ​ភាព​ប្លែក​នៅ​ប្រាសាទ​ព្រះវិហារ​ក្នុង​រយៈ ពេល​មួយ​ឆ្នាំ​ក្រោយ​ការ​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ហើយ​ភាព​ប្លែក​នេះ​នឹង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​នៅ​ពាសពេញ​ពិភពលោក​ មិន​មែន​ត្រឹម​តែ​សហគមន៍​ និង​តំបន់​របស់​យើង​ទេ"។​ លោក​ ហូ​ វណ្ឌី​ បាន​ថ្លែង​ទៀត​ថា៖​ "ខ្ញុំ​រំពឹង​ថា​ ភ្ញៀវ​ទេសចរ​នឹង​ទៅ​កាន់​ប្រាសាទ​នេះ​ច្រើន​ បើ​សិន​ណា​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទី​នោះ​ធ្វើ​បាន​លឿន​ប្រកបដោយ​ សក្ដានុពល"។​ លោក​ ហូ វណ្ឌី​ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា៖​ "ឥឡូវ​នេះ​ផ្នែក​ឯកជន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​ធ្វើ​ សហប្រតិបត្តិការ​ដល់​ការ​បង្កើត​ខ្សែ​ទស្សនកិច្ច​ទៅ​កាន់​ប្រាសាទ​នេះ​ ដើម្បី​ជួយ​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​ នោះ"។

ប្រាសាទ​ព្រះវិហារ​ ដែល​មាន​អាយុ​ជាង​៩០០​ឆ្នាំ​មក​ហើយ​នោះ​ ត្រូវ​បាន​ចុះ​បញ្ជី​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ កាល​ពី​ថ្ងៃ​ទី​ ៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ដោយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​នោះ​ ពុំ​ទាន់​មាន​ទេសចរ​ទៅ​ទស្សនា​ច្រើន​នៅ​ឡើយ​ទេ​ ដោយ​ហេតុ​ថា​ ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ក្នុង​តំបន់​នោះ​មាន​ការ​រៀបចំ​ និង​អភិវឌ្ឍន៍​នៅ​មាន​កម្រិត​នៅ​ឡើយ។

លោក​ ហង់​ សុត​ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​ដែល​ខ្នះខ្នែង​ចង់​អភិរក្ស​ប្រាសាទ​នេះ​ កំពុង​ធ្វើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​តំបន់​នោះ​ ហើយ​សង្ឃឹម​ថា​ នឹង​ទទួល​បាន​ផ្លែផ្កា​ក្នុង​ពេល​ឆាប់​ៗ​នេះ។​ លោក​អគ្គនាយក​បាន​ថ្លែង​ថា៖​ "យើង​កំពុង​ស្ថិត​លើ​ផ្លូវ​អភិវឌ្ឍន៍​ក្នុង​គ្រប់​ផ្នែក​ទាំងអស់​ ក្នុង​នោះ​រួម​មាន​ការ​សាងសង់​ផ្លូវ​ ភោជនីយដ្ឋាន​ និង​កន្លែង​ស្នាក់​នៅ​សម្រាប់​ភ្ញៀវ​ទេសចរ​ផង​ដែរ"។​ លោក​ ហង់​ សុត​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖​ "ឥឡូវ​នេះ​ យើង​មិន​ទាន់​បញ្ចប់​ការ​អភិវឌ្ឍ​របស់​យើង​នៅ​ឡើយ​ទេ​ ប៉ុន្តែ​យើង​សង្ឃឹម​ថា​ ប្រជាជន​ជា​ច្រើន​ដែល​អន្ទះសារ​ចង់​ឃើញ​ប្រាសាទ​នេះ​ក្រោយ​ការ​ចុះបញ្ជី​ ពួក​គេ​នឹង​មក​កាន់​ទី​នេះ​ជា​ចំនួន​ច្រើន​ចាប់​ពី​ចុង​ឆ្នាំ​នេះ​ទៅ​ ពីព្រោះ​ពួក​គេ​ចង់​ដឹង​ថា​ តើ​មាន​អ្វី​ប្លែក​នៅ​ទី​នេះ​ដែល​ពួក​គេ​គួរ​មើល​នោះ"។

គួរ​រម្លឹក​ថា​ កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​រាយការណ៍​ថា​ ប្រាសាទ​ព្រះវិហារ​មាន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​ទាំង​ខ្មែរ​ និង​បរទេស​មួយ​ថ្ងៃ​ៗ​សរុប​ប្រមាណ​ ៣០០​ ទៅ​ ៤០០​នាក់​ ក្នុង​នោះ​មួយ​ភាគ​ធំ​ចូល​តាម​រយៈ​ទឹកដី​ថៃ។

ទាក់​ទង​នឹង​បញ្ហា​នេះ​ លោក​ ហូ​ វណ្ឌី​ បាន​មាន​ប្រសាសន៍​ថា៖​ "ខ្ញុំ​គិត​ថា​ ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​នឹង​ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​ក្នុង​ចំនួន​ច្រើន​ជាង​ មុន​ទ្វេ​ដង​ឬ​លើស​ពី​នេះ​ បើ​សិន​ណា​កម្ពុជា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​មាំ​ដូចជា​នៅ​ក្នុង​តំបន់​ អង្គរ​ខេត្ត​សៀមរាប"។​ លោក​ ហូ​ វណ្ឌី​ បាន​បន្ថែម​ទៀត​ថា៖​ "ឥឡូវ​នេះ​ម្នាក់​ៗ​ដែល​រកស៊ី​ក្នុង​វិស័យ​ទេសចរណ៍​ ពួក​គេ​បាន​ដាក់​ខ្សែ​ទស្សនកិច្ច​របស់​គេ​ចូល​ទៅ​ក្នុង​កម្មវិធី​អស់​ហើយ​ ដូច្នេះ​ខ្ញុំ​ជឿជាក់​ថា​ មិន​យូរ​មិន​ឆាប់​ប្រាសាទ​នេះ​នឹង​ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ ទិសទី​ក្នុង​ពិភពលោក​ក្នុង​ចំនួន​ច្រើន​ មិន​មែន​តិចតួច​ដូច​បច្ចុប្បន្ន​នេះ​ទេ"៕

ដកស្រង់​ចេញ​ពី​គេហទំព័រ​ http://women.open.org.kh

3 comments:

Anonymous said...

មើល៎បង ប្លុងបងឯងរកមើលព័ត៌មានថ្មីដូចអត់មានសោះ!
កាលបានបង​ផ្សាយថ្មីទៀត??
ខ្ញុំចាំមើល៎ណា៎.....
:-D
រស្មី

Anonymous said...

សុខសប្បាយជាទេណា៎បង​អរគុណ!
កុំរវល់ពេកណា៎...បានដឹងអីប្លែកៗប្រាប់ខ្ញុំផង!
;-)

រស្មី

Anonymous said...

មូលហេតុដែលថៃរករឿងយកព្រះវិហារវិញ ឬ ក៏ទាមទារយកអា៤.៦គម រហូតដល់មានការប្រយុទ្ធធំ ពីថ្ងៃទី៤ដល់៧កុម្ភៈនោះ គឺមកតែអំពី យើងបើកឱ្យគេចូលតាមច្រក ប្រទេសថៃនេះហើយ។ ព្រោះអី កូនថៃជំនាន់ក្រោយនេះ វាចង់ភ្លេចរឿងនេះបាត់ទៅ ហើយ ដល់បើកឱ្យវាចូលតាមច្រកនេះ វាបានរំលឹកឡើងវិញ អំពីរឿងនេះទៅ។