ធ្មេចបើកៗបួនឆ្នាំបានកន្លងផុត ពេលវេលានេះវាហាក់បីដូចជាមួយប៉ប្រិចភ្នែកសម្រាប់អ្នកដែលមាន សេចក្ដីសុខ និងសុភមង្គល ប៉ុន្តែពេលវេលាបួនឆ្នាំនេះវាហាក់បីដូចជាបួនសតវត្សរ៍សម្រាប់រូប នាង លីដា ដែលរស់នៅក្នុងមុខរបរពេស្យាកម្ម។
ឆ្នាំនេះនាង លីដា (ឈ្មោះអ្នកនិពន្ធដាក់ឲ្យ) មានអាយុ ២២ឆ្នាំហើយ នាងមានស្រុកកំណើតនៅភូមិអូរវាយ ឃុំស្ពឺ ក ស្រុកចម្ការលើខេត្តកំពង់ចាម។ ស្រមោល និងសុបិនអាក្រក់ បានរសាត់ឆ្ងាយចេញពីជីវិតរបស់នាងហើយ ប៉ុន្តែភាពឈឺចាប់ និងសេចក្ដីទុក្ខសោក វាហាក់ពីដូចជាស្រមោលអន្ទោលតាមប្រាណរបស់នាងរហូត។ ឲ្យតែពេលរាត្រីចូលមកដល់ នាងតែងតែស្រមៃឃើញនូវភាពឈឺចាប់ទាំងនោះវាហាក់បីដូចជាកំពុងតែ កើតមាននៅលើរូបនាងថ្មីៗជាប្រចាំ។
លីដា បានរៀបរាប់ពីដំណើរជីវិតដែលរងទទួលការជួញដូរនោះថា គ្រួសារខ្ញុំជាគ្រួសារក្រីក្រមួយដែលមានបងប្អូនរហូតប្រាំពីរ នាក់ហើយឪពុកម្ដាយចាស់ជរាទៀតផង។ ខ្ញុំជាកូនស្រីច្បងក្នុងគ្រួសារ បន្ទុក និងការគ្រប់គ្រងគ្រួសារទាំងអស់បានធ្លាក់មកលើរូបខ្ញុំជាអ្នក រ៉ាប់រង។ ខ្ញុំមិនបានរៀនសូត្រសូម្បីតែអក្សរខ្មែរមួយតួក៏ខ្ញុំមិនចេះ ផង ព្រោះខ្ញុំមិនបានចូលសាលារៀនឡើយ ទើបការសម្រេចចិត្តរបស់ខ្ញុំវាធ្វើឲ្យខ្ញុំមានវិប្បដិសារីរហូត ដល់សព្វថ្ងៃនេះ។ ខ្ញុំនៅចាំបានកាលពីអំឡុងមុនបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០០២ ជាពេលដែលខ្ញុំសម្រេចចិត្តលក់ខ្លួនយកប្រាក់ស្រោចស្រង់ គ្រួសារ។ ពេលនោះឪពុករបស់ខ្ញុំមានជំងឺធ្លាក់ឈាម ឯប្អូនៗពីរនាក់ទៀតកើតជំងឺគ្រុនឈាម នៅក្នុងផ្ទះគ្មានប្រាក់សូម្បីតែមួយរៀលក៏គ្មានដែរ។ ពេលនោះខ្ញុំបានធ្វើដំណើរមកទីរួមខេត្តកំពង់ចាមដើម្បីស៊ីឈ្នួល រកប្រាក់ឲ្យឪពុកម្ដាយ និងយកទៅព្យាបាលប្អូនៗ។ ខ្ញុំបានសុំបម្រើការងារក្នុងហាងខារ៉ាអូខេមួយនៅត្រើយខាងកើត ស្ពានគីហ្សូណាម្ចាស់ហាងបានសួរនាំខ្ញុំយ៉ាងច្រើន ហើយឲ្យខ្ញុំសាកល្បងធ្វើការមួយថ្ងៃ មិនមែនជាអ្នកបោសសម្អាតនោះឡើយ គឺធ្វើជាអ្នកយកស្រាឲ្យភ្ញៀវនៅក្នុងបន្ទប់ខារ៉ាអូខេ។ ព្រឹកឡើងថៅកែបានសួរខ្ញុំថា បើឯងចង់បានប្រាក់ជួយឪពុកម្ដាយឯងច្រើននោះ ឯងមកធ្វើការនៅហាងខារ៉ាអូខេដូចគេនោះ ខ្ញុំនឹងឲ្យប្រាក់ឯង ៥០០ដុល្លារ ប៉ុន្តែឯងត្រូវធ្វើការឲ្យខ្ញុំ ៥ឆ្នាំ ឯការស៊ីចុក និងស្លៀកពាក់ប្រចាំថ្ងៃ ថៅកែចេញទាំងអស់។ គ្រាន់តែឮសូរប្រាក់ ៥០០ដុល្លារភ្លាម ខ្ញុំសប្បាយចិត្តណាស់ ប្រាក់នេះច្រើនណាស់ កុំថា ៥០០ដុល្លារសូម្បីតែ ១០០ដុល្លារ ក៏ខ្ញុំមិនដែលរកវាបានផង។ ខ្ញុំក៏សម្រេចចិត្តភ្លាមតែម្ដងគ្មានគិតយូរឡើយ។ ពេលរសៀលថៅកែក៏ឲ្យក្មួយរបស់គាត់ជូនខ្ញុំទៅផ្ទះ ហើយយកប្រាក់ ៥០០ដុល្លារ ទៅឲ្យឪពុកម្ដាយខ្ញុំ។ ក្រោយពីទៅមើលឪពុកដែលឈឺ និងសួរសុខទុក្ខប្អូនៗរួចមក ខ្ញុំក៏ត្រឡប់មកនៅហាងខារ៉ាអូខេនោះរហូតមក។ ចាប់ពីពេលនោះហើយ ដែលជីវិតរបស់ខ្ញុំរស់នៅក្នុងឋាននរកអវីចី។ នៅក្នុងហាងខារ៉ាអូខេមិនបានមួយឆ្នាំផង ថៅកែនោះបានលក់ខ្ញុំមកឲ្យបនស្រីមួយនៅក្នុងខេត្តកំពង់ចាម។ ចាប់ពីពេលនោះមកខ្ញុំត្រូវថៅកែបង្រៀនឲ្យចេះប្រើថ្នាំញៀន គេថាថ្នាំញៀនធ្វើឲ្យយើងសប្បាយ ថ្នាំញៀនធ្វើឲ្យយើងរកប្រាក់បានច្រើន។ ខ្ញុំនៅក្មេងសម្រស់ក៏ស្រស់ទៀតក្នុងមួយយប់ខ្ញុំទទួលបានម៉ូយ ច្រើនណាស់ ថៅកែផ្ទះបនហៅខ្ញុំថា កូនពៅ គេយកចិត្តយកថ្លើមខ្ញុំណាស់ ក្នុងមួយយប់ខ្ញុំរកម៉ូយបានពី ១៥ ទៅ ២០ នាក់ឯណោះ ឯប្រាក់ដែលបានមកពីការដេកជាមួយពួកប្រុសៗនោះថៅកែយកទាំងអស់។ ចំពោះភ្ញៀវណាដែលគេចូលចិត្តខ្ញុំ គេលួចឲ្យប្រាក់ខ្ញុំចាយខាងក្រៅទៀត។ ទោះបីគេស្រឡាញ់ខ្ញុំក៏ដោយ ក៏គេមិនឲ្យខ្ញុំដើរចេញទៅណាក្រៅពីផ្ទះបនឡើយ ព្រោះគេថា ថៅកែមុនយកខ្ញុំលក់ឲ្យគេទៅហើយក្នុងតម្លៃ ៥០០ដុល្លារ រយៈពេល ៥ឆ្នាំ។ ពេលនោះខ្ញុំភ័យណាស់ពេលឮថាគេលក់ខ្ញុំមកឲ្យថៅកែថ្មីរហូតដល់ ទៅ៥ឆ្នាំឯណោះ។ តាមពិតខ្ញុំកុងត្រាលក់ខ្លួនឲ្យថៅកែមុនតែ ៤ឆ្នាំទេ។ នៅកំពង់ចាមមិនបានមួយឆ្នាំផង គេក៏នាំខ្ញុំយកមកលក់នៅភ្នំពេញ គឺនៅផ្ទះបនទួលគោក។ ចាប់ពីពេលនោះមកជីវិតរបស់ខ្ញុំកាន់តែយ៉ាប់ទៅៗ ថយក្រោយលែងរួច សូម្បីតែដំណឹងរបស់ឪពុកម្ដាយ និងប្អូនៗនៅឯស្រុក ក៏មិនដឹងថាយ៉ាងម៉េចផង។ នាងខ្ញុំត្រូវគេបង្ខាំងទុកមិនឲ្យចេញទៅណាឡើយ ជាញឹកញាប់ម្ចាស់ហាងបានចល័តខ្ញុំពីហាងមួយទៅហាងមួយទៀតព្រោះ ខ្លាចគេចាប់។ ខ្ញុំនៅចាំបានថា កាលពីចុងឆ្នាំ២០០៧ ប៉ូលិសបានធ្វើការឡោមព័ទ្ធខាងមុខហាងខ្ញុំត្រូវគេរំដោះតាមទ្វារ ក្រោយឲ្យចូលទៅក្នុងផ្ទះមួយដែលថៅកែជួលទុកសម្រាប់ឲ្យពួកនាង ខ្ញុំដេកពេលនោះពួកនាងខ្ញុំសំងំនៅក្នុងផ្ទះមួយថ្ងៃ ទើបមានអ្នកចាក់សោយកបាយឲ្យហូប។ ក្រោយពីទទួលទានបាយរួចប្អូនថៅកែបាននិយាយថា ថៅកែត្រូវគេចាប់ហើយដូចនេះយើងត្រូវទៅនៅផ្ទះផ្សេងសិន ហើយគេបានយកខ្ញុំ និងអ្នកផ្សេងទៀតដែលមានគ្នា ៦នាក់ទៅលក់ឲ្យផ្ទះបននៅជិតគ្នានោះដែរ ក្នុងតម្លៃម្នាក់ ២០០ដុល្លារ ក្នុងរយៈពេល ៥ឆ្នាំដដែល។ តម្លៃនៃការលក់នេះត្រូវបានម្ចាស់ហាងថ្មីនិយាយប្រាប់ខ្ញុំពេល នោះហើយដែលខ្ញុំមានការភ្ញាក់ខ្លួននឹកគិតថាខ្លួនខ្ញុំត្រូវគេ លក់ដូរជាងសត្វធាតុទៅទៀត។ ចាប់ពីពេលនោះមកខ្ញុំក៏សន្សំប្រាក់ និងព្យាយាមរត់ចេញពីផ្ទះបន។ មិនយូរប៉ុន្មាននៅយប់មួយខ្ញុំក៏រត់ចេញហើយត្រូវបានគេតាម យ៉ាងប្រផិតប្រផើយ តែសំណាងល្អមានអ្នកបោសសំរាមដែលធ្វើរទេះដេកនៅចិញ្ចើមថ្នល់ ខ្ញុំក៏រត់ចូលនៅក្នុងរទេះពួកគាត់ ពួកការពារបនក៏រកមិនឃើញ ប៉ុន្តែមិនបានប៉ុន្មានម៉ោងផងក៏ត្រូវក្រុមប្រតិបត្តិការរបស់ មន្ត្រីសង្គមកិច្ចក្រុងចាប់ខ្ញុំពីរទេះអ្នកបោសសំរាមនេះយកមក ធ្វើការអប់រំតែម្ដង។
មកទល់ពេលនេះ ៤ឆ្នាំ ហើយដែលជីវិតរបស់ខ្ញុំរស់អណ្ដែតដូចចកត្រូវរលកនៅកណ្ដាលមហា សមុទ្រគ្មានអ្វីទីពឹង។ សព្វថ្ងៃខ្ញុំហាក់បីដូចជាបានធូរស្បើយបន្តិច ព្រោះបានរស់នៅក្នុងមណ្ឌលកែប្រែដោយមានការបង្ហាត់បង្រៀនឲ្យចេះ វិជ្ជាកាត់ដេរ ដាំស្ល និងទទួលការអប់រំផ្សេងៗឲ្យខ្ញុំចេះរស់នៅក្នុងសង្គមបានល្អ។ ក្រោយចេញពីមណ្ឌល ខ្ញុំនឹងវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំវិញព្រោះខ្ញុំមិនដែល បានទទួលដំណឹងអ្វីពីឪពុកម្ដាយ និងប្អូនៗរបស់ខ្ញុំឡើយ៕
ដកស្រង់ចេញគេហទំព័រ http://women.open.org.kh
2 comments:
We do not treat the girls as an animal. And other girls should give the highest value of themselves.
ត្រឹមត្រូវ គំនិតល្អ។
Post a Comment