Wednesday, July 30, 2008

បួន​ឆ្នាំ​ប្រាំ​រយ​ដុល្លារ

ធ្មេច​បើកៗ​បួន​ឆ្នាំ​បាន​កន្លង​ផុត​ ពេលវេលា​នេះ​វា​ហាក់​បី​ដូចជា​​មួយ​ប៉ប្រិច​ភ្នែក​សម្រាប់​អ្នក​ដែល​មាន​ សេចក្ដី​សុខ​ និង​សុភមង្គល​ ប៉ុន្តែ​ពេល​វេលា​បួន​ឆ្នាំ​នេះ​វា​ហាក់​បី​ដូចជា​បួន​សតវត្សរ៍​សម្រាប់​រូប ​​នាង​ លីដា​ ដែល​រស់​នៅ​ក្នុង​មុខ​របរ​ពេស្យាកម្ម។

ឆ្នាំ​នេះ​នាង​ លីដា​ (ឈ្មោះ​អ្នក​និពន្ធ​ដាក់​ឲ្យ) មាន​អាយុ​ ២២​ឆ្នាំ​ហើយ ​នាង​មាន​ស្រុក​កំណើត​នៅ​ភូមិ​អូរវាយ​ ឃុំ​ស្ពឺ​ ក​ ស្រុក​ចម្ការ​លើ​ខេត្ត​កំពង់ចាម។ ស្រមោល​ និង​សុបិន​អាក្រក់​ បាន​រសាត់​​ឆ្ងាយ​ចេញ​ពី​ជីវិត​របស់​នាង​ហើយ​ ប៉ុន្តែ​ភាព​ឈឺ​ចាប់​ និង​សេចក្ដី​ទុក្ខសោក​ វា​ហាក់​ពី​ដូចជា​​ស្រមោល​អន្ទោល​តាម​ប្រាណ​របស់​នាង​​រហូត។ ឲ្យ​តែ​ពេល​រាត្រី​ចូល​​មក​ដល់​ នាង​តែងតែ​ស្រមៃ​​ឃើញ​នូវ​ភាព​ឈឺ​ចាប់​ទាំង​នោះ​វា​ហាក់​បី​ដូចជា​កំពុង​តែ​ កើត​មាន​នៅ​លើ​រូប​នាង​ថ្មីៗ​ជា​ប្រចាំ។

លីដា​ បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​ដែល​រង​ទទួល​ការ​ជួញដូរ​នោះ​ថា​ គ្រួសារ​​ខ្ញុំ​ជា​គ្រួសារ​ក្រីក្រ​មួយ​ដែល​មាន​បងប្អូន​​រហូត​ប្រាំ​ពីរ​ នាក់​ហើយ​ឪពុកម្ដាយ​ចាស់​ជរា​ទៀត​ផង។ ខ្ញុំ​ជា​កូន​ស្រី​ច្បង​ក្នុង​គ្រួសារ​ បន្ទុក​ និង​ការ​គ្រប់គ្រង​គ្រួសារ​ទាំងអស់​​បាន​ធ្លាក់​មក​លើ​រូប​ខ្ញុំ​ជា​អ្នក​​ រ៉ាប់រង។ ខ្ញុំ​មិន​បាន​រៀនសូត្រ​​សូម្បី​តែ​​អក្សរ​ខ្មែរ​មួយ​តួ​ក៏​ខ្ញុំ​មិន​ចេះ​ ផង​ ព្រោះ​ខ្ញុំ​មិន​បាន​ចូល​សាលារៀន​ឡើយ​ ទើប​ការ​សម្រេចចិត្ត​របស់​ខ្ញុំ​​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​វិប្បដិសារី​​រហូត​ ដល់​សព្វ​ថ្ងៃ​នេះ។​ ខ្ញុំ​នៅ​ចាំ​បាន​កាល​ពី​​អំឡុង​មុន​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​ ២០០២ ​ជា​ពេល​ដែល​ខ្ញុំ​​សម្រេច​ចិត្ត​​លក់​ខ្លួន​​យក​ប្រាក់​ស្រោចស្រង់​ គ្រួសារ។ ពេល​នោះ​ឪពុក​​របស់​ខ្ញុំ​មាន​ជំងឺ​​ធ្លាក់​ឈាម​ ឯ​ប្អូនៗ​ពីរ​នាក់​ទៀត​​កើត​ជំងឺ​​គ្រុន​ឈាម​ នៅ​ក្នុង​​ផ្ទះ​គ្មាន​​ប្រាក់​សូម្បី​តែ​​មួយ​រៀល​ក៏​គ្មាន​ដែរ។ ពេល​នោះ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​មក​ទី​រួម​ខេត្ត​កំពង់ចាម​​ដើម្បី​ស៊ី​ឈ្នួល​ រក​ប្រាក់​ឲ្យ​ឪពុកម្ដាយ​ និង​យក​ទៅ​​ព្យាបាល​ប្អូនៗ។ ខ្ញុំ​បាន​សុំ​បម្រើ​ការងារ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​នៅ​ត្រើយ​ខាង​កើត​ ស្ពាន​គីហ្សូណា​ម្ចាស់​ហាង​បាន​សួរ​នាំ​ខ្ញុំ​យ៉ាង​ច្រើន​ ហើយ​ឲ្យ​ខ្ញុំ​សាកល្បង​​ធ្វើ​ការ​​មួយ​ថ្ងៃ​ មិនមែន​​ជា​អ្នក​​បោស​សម្អាត​នោះ​ឡើយ​ គឺ​ធ្វើ​ជា​អ្នក​យក​ស្រា​ឲ្យ​ភ្ញៀវ​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ។ ព្រឹក​ឡើង​ថៅកែ​បាន​សួរ​ខ្ញុំ​ថា​ បើ​ឯង​ចង់​បាន​ប្រាក់​ជួយ​ឪពុក​ម្ដាយ​ឯង​​ច្រើន​នោះ​ ឯង​មក​ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​ដូច​គេ​នោះ​ ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ឯង​ ៥០០​ដុល្លារ​​ ប៉ុន្តែ​​ឯង​ត្រូវ​ធ្វើការ​​ឲ្យ​ខ្ញុំ​ ៥​ឆ្នាំ​ ឯ​ការ​ស៊ី​ចុក​ និង​ស្លៀកពាក់​ប្រចាំ​ថ្ងៃ​ ថៅកែ​ចេញ​ទាំងអស់។ គ្រាន់​តែ​ឮ​សូរ​ប្រាក់​ ៥០០​ដុល្លារ​​ភ្លាម​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ប្រាក់​នេះ​​ច្រើន​ណាស់​ កុំ​ថា​ ៥០០​ដុល្លារ​​សូម្បី​តែ​ ១០០​ដុល្លារ​ ក៏​ខ្ញុំ​មិន​ដែល​​រក​វា​បាន​ផង។ ខ្ញុំ​​ក៏​សម្រេចចិត្ត​​ភ្លាម​តែ​ម្ដង​គ្មាន​គិត​យូរ​ឡើយ។ ពេល​រសៀល​ថៅកែ​​ក៏​ឲ្យ​ក្មួយ​របស់​គាត់​​ជូន​ខ្ញុំ​ទៅ​ផ្ទះ​ ហើយ​យក​ប្រាក់​ ៥០០​ដុល្លារ​ ទៅ​ឲ្យ​ឪពុកម្ដាយ​ខ្ញុំ។ ក្រោយ​ពី​ទៅ​មើល​ឪពុក​ដែល​ឈឺ​ និង​សួរ​សុខ​ទុក្ខ​ប្អូនៗ​រួច​មក​ ខ្ញុំ​​ក៏​ត្រឡប់​មក​នៅ​ហាង​ខារ៉ាអូខេ​នោះ​រហូត​មក។ ចាប់​ពី​ពេល​នោះ​ហើយ​ ដែល​ជីវិត​របស់​ខ្ញុំ​រស់នៅ​ក្នុង​ឋាននរក​អវីចី។ នៅ​ក្នុង​ហាង​ខារ៉ាអូខេ​មិនបាន​មួយ​ឆ្នាំ​ផង​ ថៅកែ​​​នោះ​បាន​លក់​ខ្ញុំ​មក​ឲ្យ​បន​ស្រី​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ចាម។ ចាប់​ពី​ពេល​​នោះ​មក​ខ្ញុំ​ត្រូវ​ថៅកែ​បង្រៀន​ឲ្យ​ចេះ​​ប្រើ​ថ្នាំញៀន​ គេ​ថា​ថ្នាំ​ញៀន​ធ្វើ​​ឲ្យ​​យើង​សប្បាយ​ ថ្នាំ​ញៀន​ធ្វើ​ឲ្យ​យើង​រក​ប្រាក់​បាន​ច្រើន។ ខ្ញុំ​នៅ​ក្មេង​សម្រស់​ក៏​ស្រស់​ទៀត​ក្នុង​មួយ​យប់​ខ្ញុំ​ទទួល​បាន​ម៉ូយ​ ច្រើន​ណាស់​ ថៅកែ​​ផ្ទះ​បន​ហៅ​ខ្ញុំ​ថា​ កូន​ពៅ​ គេ​យក​ចិត្ត​យក​ថ្លើម​ខ្ញុំ​ណាស់​ ក្នុង​មួយ​យប់​ខ្ញុំ​រក​ម៉ូយ​បាន​ពី​ ១៥​ ទៅ​ ២០​ នាក់​ឯណោះ​ ឯ​ប្រាក់​​ដែល​បាន​​មក​ពី​ការ​ដេក​ជាមួយ​ពួក​ប្រុសៗ​នោះ​ថៅកែ​​យក​ទាំងអស់។ ​ចំពោះ​ភ្ញៀវ​ណា​ដែល​​គេ​ចូលចិត្ត​ខ្ញុំ ​គេ​លួច​ឲ្យ​ប្រាក់​ខ្ញុំ​ចាយ​ខាងក្រៅ​ទៀត។ ទោះ​បី​គេ​ស្រឡាញ់​​ខ្ញុំ​ក៏​ដោយ​ ក៏​គេ​​មិន​ឲ្យ​ខ្ញុំ​​ដើរ​ចេញ​ទៅ​ណា​ក្រៅ​ពី​ផ្ទះ​​បន​ឡើយ​ ព្រោះ​គេ​ថា​ ថៅកែ​មុន​យក​ខ្ញុំ​លក់​ឲ្យ​គេ​ទៅ​ហើយ​ក្នុង​តម្លៃ​ ៥០០​ដុល្លារ​ រយៈពេល​ ៥​ឆ្នាំ។ ពេល​នោះ​ខ្ញុំ​ភ័យ​ណាស់​ពេល​ឮ​ថា​គេ​លក់​ខ្ញុំ​មក​ឲ្យ​ថៅកែ​ថ្មី​រហូត​ដល់​ ទៅ​៥​ឆ្នាំ​ឯ​ណោះ។ តាម​​ពិត​ខ្ញុំ​កុងត្រា​​លក់​ខ្លួន​​ឲ្យ​ថៅកែ​​មុន​តែ​ ៤​ឆ្នាំ​ទេ។​ នៅ​កំពង់ចាម​​មិន​បាន​មួយ​ឆ្នាំ​ផង​ គេ​ក៏​នាំ​ខ្ញុំ​យក​មក​លក់​​នៅ​ភ្នំពេញ​ គឺ​នៅ​ផ្ទះ​បន​ទួលគោក។ ចាប់​ពី​ពេល​នោះ​មក​ជីវិត​របស់​ខ្ញុំ​កាន់​តែ​យ៉ាប់​ទៅៗ​ ថយ​ក្រោយ​លែង​រួច​ សូម្បី​តែ​​ដំណឹង​របស់​ឪពុកម្ដាយ​ និង​ប្អូនៗ​នៅ​ឯ​ស្រុក​ ក៏​មិន​ដឹង​ថា​យ៉ាង​ម៉េច​ផង។ នាង​ខ្ញុំ​ត្រូវ​​គេ​បង្ខាំង​ទុក​មិន​ឲ្យ​​ចេញ​ទៅ​ណា​ឡើយ​ ជា​ញឹកញាប់​​ម្ចាស់​ហាង​បាន​ចល័ត​ខ្ញុំ​ពី​ហាង​មួយ​ទៅ​ហាង​មួយ​ទៀត​ព្រោះ​ ខ្លាច​គេ​ចាប់។ ខ្ញុំ​នៅ​ចាំ​បាន​ថា​ កាល​ពី​ចុង​ឆ្នាំ​២០០៧​ ប៉ូលិស​បាន​ធ្វើ​ការ​ឡោមព័ទ្ធ​ខាង​មុខ​ហាង​​ខ្ញុំ​ត្រូវ​គេ​រំដោះ​តាម​ទ្វារ ​ក្រោយ​ឲ្យ​ចូល​​ទៅ​ក្នុង​ផ្ទះ​មួយ​ដែល​ថៅកែ​ជួល​ទុក​សម្រាប់​​ឲ្យ​ពួក​នាង​ ខ្ញុំ​​ដេក​​ពេល​នោះ​ពួក​នាង​ខ្ញុំ​សំងំ​នៅ​​ក្នុង​ផ្ទះ​មួយ​ថ្ងៃ​ ទើប​មាន​អ្នក​ចាក់​សោ​យក​បាយ​ឲ្យ​ហូប។ ក្រោយ​ពី​ទទួល​ទាន​បាយ​រួច​ប្អូន​​ថៅកែ​​បាន​និយាយ​​ថា​ ថៅកែ​ត្រូវ​គេ​ចាប់​ហើយ​ដូចនេះ​យើង​ត្រូវ​ទៅ​នៅ​ផ្ទះ​ផ្សេង​សិន​ ហើយ​គេ​​បាន​យក​ខ្ញុំ​ និង​អ្នក​ផ្សេង​ទៀត​ដែល​មាន​គ្នា​ ៦​នាក់​ទៅ​លក់​ឲ្យ​ផ្ទះ​បន​នៅ​ជិត​គ្នា​នោះ​ដែរ​ ក្នុង​តម្លៃ​ម្នាក់​ ២០០​ដុល្លារ​ ក្នុង​រយៈពេល​ ៥​ឆ្នាំ​ដដែល។ តម្លៃ​នៃ​ការ​លក់​នេះ​ត្រូវ​បាន​ម្ចាស់​​ហាង​ថ្មី​និយាយ​ប្រាប់​ខ្ញុំ​ពេល​ នោះ​ហើយ​ដែល​ខ្ញុំ​មាន​ការ​ភ្ញាក់​ខ្លួន​នឹក​គិត​ថា​ខ្លួន​ខ្ញុំ​ត្រូវ​​គេ​ លក់​ដូរ​ជាង​សត្វ​ធាតុ​ទៅ​ទៀត។ ចាប់​ពី​ពេល​​នោះ​​មក​ខ្ញុំ​ក៏​​សន្សំ​ប្រាក់​ និង​ព្យាយាម​រត់​ចេញ​ពី​ផ្ទះ​បន។​ មិន​​យូរ​ប៉ុន្មាន​​នៅ​យប់​មួយ​ខ្ញុំ​ក៏​រត់​ចេញ​​ហើយ​ត្រូវ​បាន​គេ​តាម​ យ៉ាង​ប្រផិតប្រផើយ​ តែ​សំណាង​ល្អ​មាន​អ្នក​បោស​សំរាម​ដែល​ធ្វើ​រទេះ​ដេក​នៅ​ចិញ្ចើម​ថ្នល់​ ខ្ញុំ​​ក៏​រត់​ចូល​នៅ​ក្នុង​រទេះ​ពួក​គាត់​​ ពួក​ការពារ​បន​ក៏​រក​មិន​ឃើញ​ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ក៏​ត្រូវ​​ក្រុម​ប្រតិបត្តិ​ការ​របស់​ មន្ត្រី​សង្គម​កិច្ច​ក្រុង​ចាប់​ខ្ញុំ​ពី​រទេះ​អ្នក​បោស​សំរាម​នេះ​យក​​មក​ ធ្វើ​ការ​អប់រំ​តែ​ម្ដង។

មក​ទល់​ពេល​នេះ​ ៤​ឆ្នាំ​ ហើយ​ដែល​ជីវិត​របស់​ខ្ញុំ​រស់​អណ្ដែត​ដូច​ចក​ត្រូវ​រលក​នៅ​កណ្ដាល​មហា​ សមុទ្រ​គ្មាន​អ្វី​ទី​ពឹង។ សព្វ​ថ្ងៃ​ខ្ញុំ​ហាក់​បី​ដូចជា​​បាន​ធូរស្បើយ​បន្តិច​ ព្រោះ​បាន​រស់​នៅ​ក្នុង​មណ្ឌល​​កែប្រែ​​ដោយ​មាន​ការ​បង្ហាត់​បង្រៀន​ឲ្យ​ចេះ ​វិជ្ជា​កាត់ដេរ​ ដាំស្ល​ និង​ទទួល​​ការ​អប់រំ​ផ្សេងៗ​ឲ្យ​ខ្ញុំ​ចេះ​រស់​នៅ​ក្នុង​​សង្គម​បាន​ល្អ។​ ក្រោយ​ចេញ​ពី​មណ្ឌល​ ខ្ញុំ​នឹង​​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្ញុំ​វិញ​​ព្រោះ​ខ្ញុំ​មិន​ដែល ​បាន​ទទួល​ដំណឹង​អ្វី​ពី​ឪពុកម្ដាយ​ និង​ប្អូនៗ​របស់​ខ្ញុំ​ឡើយ៕

ដកស្រង់​ចេញ​គេហទំព័រhttp://women.open.org.kh

2 comments:

Anonymous said...

We do not treat the girls as an animal. And other girls should give the highest value of themselves.

Han4U said...

ត្រឹម​ត្រូវ​ គំនិត​ល្អ។