Thursday, June 12, 2008

រៀន​បើកបរ​ស្ទើរ​ភ្លើង​បោះ​ពួយ​បុក​របង​ផ្ទះ​គេ​ខ្ទេច​ខាង​មុខ


ទិដ្ឋភាពភ្ញាក់ផ្អើលក្រោយពេលរថយន្តបុករបងបះគូទ (រូបថត ចាន់ថេត)

ខេត្តកំពង់ចាម ៖ ស្ត្រីចំណាស់ម្នាក់ហេតុ តែចង់ចេះបើករថយន្តក៏បានព្យាយាមរៀននៅសាលាបើកបរ ឯកជនមួយ ដោយមានគ្រូបង្រៀនអង្គុយអែបណែនាំផង លុះពេលមកដល់ផ្លូវបំបែកជាបួន ភូមិទី៤ ឃុំវាលវង់ ស្រុកកំពង់ចាម ក៏វាក់ជាមួយរថយន្តមួយគ្រឿង បែរជាមិនជាន់ហ្វ្រាំងទៅជាន់ហ្គារបន្ថែមល្បឿន បោះពួយ ហោះបុករបងផ្ទះគេបះគូទឡើងលើ ។


តាមសាក្សីនៅកន្លែងកើតហេតុនិយាយថា ឧប្បត្តិហេតុគ្រោះថ្នាក់នេះបានកើតឡើង កាលពីវេលាម៉ោង ៤និង ៣០នាទីរសៀល ថ្ងៃទី៩ មិថុនា ២០០៨ តែសំណាងល្អមនុស្ស៤នាក់ជិះក្នុងរថយន្តម៉ាកកូរូឡា ពណ៌ក្រហម ស៊េរី៩៥ ពាក់ស្លាកលេខ ច៧៥៧០ ភព២ នោះរងរបួសស្រាលតែម្នាក់គឺស្ត្រីចំណាស់ដែលជាអ្នកបើកបរ ។
សាក្សីរៀបរាប់ថា រថយន្តកូរ៉ូឡានេះបើកចេញមកពីលិច លុះមកដល់ផ្លូវបំបែកជាបួន ក៏បត់ឆ្វេងដៃឆ្ពោះ ទៅជើងស្របពេលនោះមានរថយន្ត១គ្រឿង បើកចេញមកពីជើងក៏វាក់គ្នា។ ស្ត្រីចំណាស់ដែលរៀនបើកបរ នោះបានភ្ញាក់ ហើយដោយសារស្លន់មិនចាប់ហ្វ្រាំងបែរជាជាន់ហ្គារបន្ថែម​ល្បឿន​ទៅ​មុខ​ហោះ​ទៅ​បុក​របង​ ដែកផ្ទះស្ត្រីឈ្មោះលី។ ក្នុងហេតុការណ៍នេះ ក្បាលរថយន្តបានក្រពឹតខ្ទេចមុខ និងបះគូទទៅមុខលែងរួច ព្រោះបានរបងទប់ភ្លាមៗ នោះអ្នកដំណើរជាច្រើននាក់ក៏ទៅអើតមើលព្រោងព្រាតដែរ ។
ស្ត្រីឈ្មោះលឹម ចាន់លី អាយុ៤០ឆ្នាំ រស់នៅភូមិ៤ និយាយថា រថយន្តកូរ៉ូឡានេះបានជ្រុលល្បឿន មកបុកទ្វារដែករបងផ្ទះគាត់ខាងមុខខូចអស់មួយចំហៀង ប៉ុន្តែទោះជាយ៉ាងណា ពុំមានបង្កគ្រោះថ្នាក់ដល់ សមាជិកគ្រួសារគាត់ណាម្នាក់ទេ ព្រោះពេលនោះទាំងអស់គ្នានៅលើផ្ទះ ឯចំពោះការខូចខាតនេះតំរូវឱ្យ ម្ចាស់រថយន្តជួយចេញថ្លៃសំណង។
មន្ត្រីប៉ូលិសចរាចរស្រុកកំពង់ចាមរៀបរាប់ថា ស្ត្រីឈ្មោះកើត ដាវី អាយុ៥២ឆ្នាំ រស់នៅឃុំបុសខ្នុរ ស្រុកចំការលើ បានមករៀនបើករថយន្តនៅសាលាបើកបរឯកជនមួយនៅកំពង់ចាម អស់រយៈពេល២០ថ្ងៃ មកហើយ លុះនៅល្ងាចថ្ងៃទី៩ មិថុនា បន្ទាប់ពីរៀនបើកបររថយន្តរបស់សាលារួច ក៏ឈានទៅបើកបរ រថយន្តខ្លួនឯង រួចជួបគ្រោះថ្នាក់បែបនេះតែម្តង ។ មនុស្សជិះក្នុងរថយន្តមាន៤នាក់ ក្នុងនោះស្ត្រីម្នាក់ បុរស៣នាក់ ដោយមានគ្រូបង្រៀនម្នាក់ផង។ ស្ត្រីអ្នកបើកបររងរបួសស្រាល ហើយព្រមព្រៀង ដោះស្រាយសងថ្លៃខូចខាតរបងជូនម្ចាស់ផ្ទះវិញ ។
ដកស្រង់ចេញពីគេហទំព័រ http://www.kohsantepheapdaily.com.kh/

No comments: