Sunday, June 15, 2008

សប្បាយ​ខារ៉ាអូខេ​និង​ស៊ី​ផឹក​មួយ​យប់​ទល់​ភ្លឺ​អស់​ជាង​៥០០​ដុល្លារ​អត់​លុយ​ឱ្យ​គេ​


ក្រុមយុវជនដែលសប្បាយភ្លេចខ្លួនក្នុងហាងខារ៉ាអូខេ (រូបថត ជោគជ័យ )

រាជធានីភ្នំពេញ ៖ យុវជន៤នាក់សុំមិនបញ្ចោញឈ្មោះ និងអាសយដ្ឋាន ត្រូវសមត្ថកិច្ចនគរបាលខណ្ឌចំការមន ឃាត់ខ្លួននៅភោជនីយដ្ឋាន និងខារ៉ាអូខេសង់អេលីហ្សេ នៅតាមបណ្តោយផ្លូវលេខ៦៣ សង្កាត់បឹងកេងកង ទី១ ខណ្ឌចំការមន កាលពីវេលា ម៉ោង៤ទៀបភ្លឺថ្ងៃទី១៣ មិថុនា ដោយសារពួកគេចូលច្រៀង ខារ៉ាអូខេអស់ជាង៥០០ដុល្លារ តែគ្មានប្រាក់ឱ្យម្ចាស់ហាង ។ នេះជា រឿងអាម៉ាស់មួយដែលមិនគប្បីប្រព្រឹត្ត ឡើយ ព្រោះថា បើគ្មានលុយគួរសម្ងំផឹកទឹកក្នុងផ្ទះវិញវាថ្លៃថ្នូរជាង ប៉ុន្តែតាមរឿងរ៉ាវនេះ គឺពួកគេ បានអះអាងថា មិត្តភក្តិបានទូរស័ព្ទហៅឱ្យចូលច្រៀងខារ៉ាអូខេនិងផឹកស៊ីសប្បាយ រួចហើយបានគេចខ្លួន បាត់ទុកឱ្យពួកគេត្រូវប្រឈមមុខនឹងម្ចាស់ហាង ។


ប៉ូលិសខណ្ឌចំការមនឱ្យដឹងទាក់ទិននឹងការឃាត់ខ្លួនយុវជនទាំង៤នាក់នោះថា ពួកគេរួមជាមួយមិត្តភក្តិដទៃ ទៀត ប្រមាណ១០នាក់បាននាំគ្នាទៅផឹកស៊ីច្រៀងខារ៉ាអូខេនៅក្នុងក្លឹបសង់អេលីហ្សេ បន្ទប់លេខ៦០៨ តាំង ពីវេលាម៉ោង៣រសៀលថ្ងៃទី១២រហូតដល់ម៉ោង៣រំលងអធ្រាត្រ ថ្ងៃទី១៣ មិថុនា ។ ក្នុងអំឡុងពេល កំពុងច្រៀងរាំឆ្លងឆ្លើយយ៉ាងសប្បាយរីករាយជាមួយស្រីអ្នក​ចំរៀងប្រចាំ​ភោជនីយ​ដ្ឋាន​ សង់អេលីហ្សេនោះ ក្រុមយុវជនមួយចំនួនបាននាំគ្នាដើរចេញពីក្នុងបន្ទប់ច្រៀងបណ្តើរៗ ដោយបន្សល់ទុកនៅក្រុមយុវជនទាំង ៤នាក់សុទ្ធសឹងជាអ្នកគ្មានប្រាក់សំរាប់បង់ថ្លៃច្រៀងនិងថ្លៃភេសជ្ជៈ ដូច្នេះហើយត្រូវម្ចាស់ហាងប្តឹងសមត្ថកិច្ច ឱ្យឃាត់ខ្លួនទារប្រាក់នោះ ។
នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ក្រុមយុវជនទាំង៤នាក់និយាយថា ពួកគេត្រូវមិត្តភក្តិហៅតៗគ្នា ទៅច្រៀងដោយពុំដឹងថា ត្រូវមិត្តភក្តិបោកប្រាស់យកទៅបញ្ចាំបែបនេះទេ ។ ខណៈផឹកស៊ីនោះមានគ្នា ប្រមាណ១០នាក់ហើយបានឯកភាពគ្នាផឹកស្រាម៉ាកចននីប៊្លែកឡាប៊ែលរហូត​អស់​៥​ដប​ ដែលក្នុង១ដបចំណុះ ១លីត្រ។ សរុបប្រាក់ផឹកស៊ីរយៈពេលជិត១យប់ពេញ អស់ចំនួនជាង៥០០ដុល្លារ ដែលតំលៃនេះត្រូវ ម្ចាស់ហាងអះអាងថា បញ្ចុះតំលៃរួចហើយ ។
ចំពោះចំណាត់ការទៅលើក្រុមយុវជនទាំង៤នាក់នោះ សមត្ថកិច្ចនគរបាលខណ្ឌចំការមនតម្រូវឱ្យពួកគេ រកប្រាក់យកទៅសងថ្លៃផឹកស៊ីទៅម្ចាស់ហាងសង់អេលីហ្សេដើម្បីបានរួច​ខ្លួន​ទៅ​ផ្ទះ​វិញ​ ។
រហូតដល់រសៀលថ្ងៃ ទី១៣ មិថុនា ក្រុមយុវជនទាំង៤នាក់នោះពុំទាន់មានប្រាក់សំរាប់បង់ថ្លៃច្រៀងខារ៉ាអូខេ នៅឡើយទេ ដូច្នេះហើយប៉ូលិសខណ្ឌចំការមនបន្តឃាត់ខ្លួនពួកគេនៅក្នុងអធិការដ្ឋាន​ន​គរ​បាល​ខណ្ឌ​ដដែល​។​
ដក​ស្រង់​ចេញ​ពី​គេហទំព័រhttp://www.kohsantepheapdaily.com.kh/

No comments: