Tuesday, June 24, 2008

ហេតុអ្វី​ការ​រើសអើង​នៅ​តែ​កើត​មាន​ លើ​ស្ត្រី​ពិការ?

នៅ​ក្នុង​សង្គម​ខ្មែរ​របស់​យើង​បញ្ហា​ការ​រើសអើង​នៅ​តែ​មាន​ ដោយសារ​ពួក​គេ​មិន​ទាន់​បាន​យល់​ដឹង​ពី​បញ្ហា​ពិការភាព​យ៉ាង​ដូចម្ដេច​ទេ។​ គេ​ច្រើន​គិត​ថា​ ឲ្យ​តែ​ជា​ស្ត្រី​ពិការ​ គឺ​ជា​មនុស្ស​ដែល​ធ្វើ​អ្វី​មិន​កើត​ជានិច្ច​ ហើយ​ការ​រើសអើង​មក​លើ​ស្ត្រី​ និង​កុមារ​ពិការ​ វា​ក៏​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ផង​ដែរ​នៅ​កម្ពុជា។

យើង​ក៏​បាន​លើក​យក​ខ្សែ​ជីវិត​របស់​ស្ត្រី​ពិការ​ម្នាក់​ ឈ្មោះ​ សៅ​ សាឃឿន​ មាន​ អាយុ​៤៤​ឆ្នាំ។​ គាត់​រស់នៅ​ក្នុង​ ភូមិ​គ្រួស​ ឃុំ​គ្រួស​ ស្រុក​ស្វាយជ្រំ​ ខេត្ត​ស្វាយរៀង។​ ស្ត្រី​ពិការ​ សៅ​ សាឃឿន​ បាន​ធ្លាក់​ខ្លួន​ពិកា​តាំង​ពី​ អាយុ​១៤​ឆ្នាំ​ ដោយសារ​ជំងឺ​ខ្យល់គរ​ នៅ​ពេល​នោះ​គាត់​កំព្រា​ ដោយសារ​ឪពុក​ម្ដាយ​បាន​ស្លាប់​ចោល​តាំង​ពី​ជំនាន់​ ប៉ុល ​ពត​ មក។​ គាត់​ត្រូវ​បាន​ស្ត្រី​ម្នាក់​យក​មក​ចិញ្ចឹម​ ហើយ​ក៏​បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ខេត្ត​ស្វាយរៀង។​ នៅ​ពេល​ជា​មក​ គាត់​បែរ​ទៅ​ជា​ខ្វេរ​ដៃ​ ខ្វេរ​ជើង​ ហើយ​និយាយ​មិន​សូវ​ដឹង​អី។​ គាត់​ធ្លាក់​ខ្លួន​ក្លាយ​ជា​ជន​ពិការ​បញ្ញា​អាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ​ នេះ។

ស្ត្រី​ពិការ​ សៅ​ សាឃឿន​ ត្រូវ​បាន​គេ​ចាប់​រំលោភ​បី​លើក។​ ដោយសារ​តែ​ភាព​ពិការ​ មិន​អាច​ឲ្យ​បង​ធ្វើ​ការ​អ្វី​កើត​ទេ។​ សព្វថ្ងៃ​គាត់​ប្រកបរបរ​ដើរ​សុំ​ទាន​គេ​សម្រាប់​យក​មក​ចិញ្ចឹម​ជីវិត​ និង​កូន។

កាល​ពី​ថ្ងៃ​មួយ​ គាត់​ត្រូវ​បាន​ជនល្មើស​ គឹម​ សារិត​ អាយុ​៤៤​ឆ្នាំ​ មុខរបរ​សព្វថ្ងៃ​ធ្វើ​ជា​ពេទ្យ​ នៅ​ឃុំ​គ្រួស​ បាន​ចាប់​រំលោភ​ គាត់​ចំនួន​ពីរ​ដង​ហើយ។​ ដោយសារ​តែ​កូន​ឈឺ​ ហើយ​ស្ត្រី​ពិការ​បាន​យក​កូន​ទៅ​សុំ​ថ្នាំ​ពេទ្យ​ នៅ​ក្នុង​មន្ទីរពេទ្យ​ ហើយ​ ឈ្មោះ​ គឹម​ សារិត​ បាន​ប្រាប់​ថា​នៅ​ថ្ងៃ​នេះ​ពេទ្យ​មិន​មាន​អ្នកណា​គេ​មក​ធ្វើ​ការ​ទេ​ ចាំ​ថ្ងៃ​ អាទិត្យ​ ម៉ោង​៨​ព្រឹក​ ចាំ​មក​យក​ថ្នាំ​ទើប​គេ​ធ្វើ​ការ។​ នៅ​ថ្ងៃ​ អាទិត្យ​ ស្ត្រី​ពិការ​នោះ​ក៏​បាន​មក​សុំ​ថ្នាំ​ពី​ពេទ្យ​ ឆ្លៀត​ពេល​នោះ​ឈ្មោះ​ គឹម​ សារិត​ បាន​ចាប់​រំលោភ​គាត់​តែ​ម្ដង។

លើក​ទី​ពីរ​ ជនល្មើស​រូប​នេះ​ បាន​ណាត់​ឲ្យ​គាត់​មក​យក​ថ្នាំ​រៀងរាល់​ថ្ងៃ​ អាទិត្យ​ ហើយ​ឆ្លៀត​ឱកាស​ល្អ​ ហើយ​ស្ងាត់​ក៏​ចាប់​រំលោភ​ម្ដង​ទៀត​ ហើយ​គំរាម​ថា​ បើ​ប្រាប់​គេ​ឲ្យ​ដឹង​ត្រូវ​សម្លាប់​ និង​បាញ់​ចោល។​ គាត់​មិន​ហ៊ាន​និយាយ​ប្រាប់​គេ​ទេ​ ដោយសារ​បង​ធ្លាប់​ជួប​នឹង​[ការ]​គំរាម​កាល​ពី​លើក​មុន​ម្ដង​ដែរ​ នៅ​ពេល​ដែល​បង​មាន​ អាយុ​៣៧​ឆ្នាំ។​ កាល​ណោះ​បាន​ត្រូវ​ជនល្មើស​មិន​ស្គាល់​មុខ​ចាប់​រំលោភ​បាន​កូន​ប្រុស​ ម្នាក់។​ មក​ដល់​ពេល​នេះ​កូន​មាន​អាយុ​៨​ឆ្នាំ​ហើយ។​ ដោយសារ​តែ​គាត់​បាន​និយាយ​ប្រាប់​អ្នក​ជិត​ខាង​ពី​ឈ្មោះ​ជនល្មើស​ដែល​ចាប់​ រំលោភ​រូប​គាត់​ ទើប​ជនល្មើស​រូប​នេះ​បាន​វាយ​ធ្វើ​បាប​គាត់​ បណ្ដាល​ឲ្យ​បែក​ក្បាល​ ហើយ​គ្មាន​អ្នក​ណា​មើល​ថែទាំ​ និង​រក​ខុសត្រូវ​ឲ្យ​គាត់​ទេ​ ដោយ​គេ​គិត​ថា​ គាត់​ជា​ជន​ពិការ​ ហើយ​មិន​សូវ​ដឹង​អី​ទៀត​ផង។

ពេល​គាត់​មាន​ អាយុ​៤៣​ឆ្នាំ​ ត្រូវ​បាន​ជន​ល្មើស​ឈ្មោះ​ គឹម​ សារិត​ រំលោភ​គាត់​ម្ដង​ទៀត​ ដែល​ជា​បុរស​ទី​២។​ មក​ដល់​ថ្ងៃ​ទី​ ១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨​ ឈ្មោះ​ សៅ​ សាឃឿន​ មាន​ជំងឺ​ហើម​ជើង​ ហើយ​វេទិកា​ស្ត្រី​ពិការ​ បាន​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អង្គការ​ដៃគូ​ជួយ​យក​ទៅ​ព្យាបាល​ និង​ជួយ​សម្រួល​ដល់​គ្រប់​ខែ​ សម្រាប់​កើត​កូន​ស្រី​ ដែល​កើត​មក​នៅ​ថ្ងៃ​ទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨​ អង្គការ​ SSA​ បាន​ជួយ​ថវិកា​សម្រាប់​ឆ្លង​ទន្លេ​នៅ​ភ្នំពេញ​ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ថ្ងៃ​ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨។​ ស្ត្រី​ពិការ​ដោយ​រងគ្រោះ​ ធ្វើ​ការ​សំណូមពរ​ឲ្យ​អង្គការ​ជួយ​រក​យុត្តិធម៌​ផង​ ធ្វើ​យ៉ាង​ណា​ឲ្យ​ជនល្មើស​ជួយ​ចិញ្ចឹម​កូន​ ព្រោះ​គាត់​ពុំ​មាន​លុយ​សម្រាប់​ចិញ្ចឹម​ទេ​ សព្វថ្ងៃ​អត់​ប្រកបរបរ​អី​កើត​ទេ។​ ហើយ​វេទិកា​អភិវឌ្ឍន៍​ស្ត្រី​ និង​កុមារ​ពិការ​ខេត្ត​ស្វាយរៀង​ សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​អង្គការ​ស្ថាប័ន​នានា​ជួយ​ដល់​ក្រុម​គ្រួសារ​ របស់​គាត់​ ដូចជា​ សម្ភារៈ​ ថ្លៃ​សេវា​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ។​ វេទិកា​ស្ត្រី​អភិវឌ្ឍន៍​កុមារ​ពិការ​ កំពុង​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​ អង្គការ​អាដហុក​ អង្គការ​លីកាដូ​ និង​ខាង​កាសែត​ ព្រម​ទាំង​អាជ្ញាធរ​ដែន​ដី​ បាន​ជួយ​ធ្វើ​អន្តរាគមន៍។

មក​ដល់​ថ្ងៃ​ទី​ ២៥​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​ វេទិកា​ស្ត្រី​ សហការ​ជាមួយ​ប៉ូលិស​ព្រហ្មទណ្ឌ​ បាន​យក​ជនល្មើស​មក​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់​ មក​ដល់​ពេល​នេះ​បាន​ជោគជ័យ​ហើយ៕

ដកស្រង់​ចេញ​ពី​គេហ​ទំព័រ http://women.open.org.kh

No comments: