Thursday, July 3, 2008

បណ្ឌិត​​​ កែវ អ៊ីវ ​ជូន​ភរិយា​មក​ពីផ្សារ​ត្រូវ​ចោរ​បាញ់​ប្លន់​យក​កេស​មាស​


បណ្ឌិត កែវ អ៊ីវ ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យវិសាលសុខឆ្ពោះទៅមន្ទីរពេទ្យកាល់ម៉ែត (ប៊ុនណាក់)
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ៥និង៤០នាទីល្ងាចថ្ងៃទី២ ខែកក្កដា មានអំពើប្លន់បាញ់ប្រហារ មួយបង្កឱ្យភ្ញាក់ផ្អើល បានកើតឡើងនៅក្នុងផ្ទះលេខ12Eo ផ្លូវលេខ318 សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការ មន រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុគេបាន ឃើញរថយន្តមួយគ្រឿង ម៉ាក VIGO ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2H 1689 ដែលបើកបរដោយលោកបណ្ឌិតកែវ អ៊ីវ អគ្គនាយកក្រុមហ៊ុនទឹកបរិសុទ្ធឱរ៉ាល់ ជាមួយនឹងភរិយាដែលជាអាជីវករលក់មាស និងប្តូរប្រាក់នៅផ្សារ អូឡាំពិក ។ សាក្សីបាននិយាយទៀតថា ពេលរថយន្តរបស់លោកបណ្ឌិតកែវ អ៊ីវ បើកដល់មុខផ្ទះគេ បានឃើញមានម៉ូតូធុនទំនើបដែលភាគច្រើនអត់មានពាក់ស្លាកលេខចំនួន​៣​គ្រឿង និងសាក្សីខ្លះទៀតថា បានឃើញរហូតដល់ទៅ៥គ្រឿង និងមានមនុស្សប្រមាណពី៦ទៅ៨នាក់បានជិះតាមពីក្រោយរថយន្ត។ ខណៈ ពេលរថយន្តមកដល់មុខផ្ទះ គេឃើញកូនប្រុសម្នាក់បានបើកទ្វារផ្ទះដើម្បីឱ្យរថយន្តចូល ដែលជាទំលាប់ ធម្មតាពេលវិលត្រឡប់ពីផ្សារ ។
ប្រភពដដែលបន្តថា ពេលកូនជនរងគ្រោះបើកទ្វារហើយរថយន្តក៏បានបើកចូលផុតទៅក្នុង បន្ទាប់មកស្រាប់ តែមានជន៣នាក់បានលោតចុះពីលើម៉ូតូរត់ចូលទៅធ្វើសកម្មភាពភ្លាមៗ ដោយវាយបំបែកកញ្ចក់រថយន្តដែល ភរិយាលោកអង្គុយកាន់ហឹបមួយដោយប្រើដែករឹង១ដើម រួចក៏បានដណ្តើមយកកេសពីដៃលោកស្រីជា ភរិយា។ ពេលឃើញសភាពបែបនេះ លោកបណ្ឌិតកែវ អ៊ីវ មិនទាន់ពន្លត់ម៉ាស៊ីនរថយន្តភ្លាមទេ ក៏បានបើក ទ្វារចុះទៅជួយភរិយា និងមានបំណងទាញទ្វារផ្ទះបិទ តែជាគ្រោះអកុសលជនម្នាក់បានដកកាំភ្លើងខ្លីម៉ាក K59 បាញ់១គ្រាប់ទៅលើលោកត្រូវភ្នែកខាងឆ្វេងធ្លាយក្បាលទៅក្រោយបណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ។​

ទិដ្ឋភាពផ្អើលឆោឡោមុខលំនៅឋាន និងការសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាលម៉ែត

បន្ទាប់ពីបាញ់ប្រហារលើលោកបណ្ឌិតកែវ អ៊ីវ រួចហើយ ជន២នាក់ទៀត បានព្យាយាមដណ្តើមយកកេស ដែលដាក់មាសនិងប្រាក់ពីដៃភរិយារបស់ជនរងគ្រោះដែលភ័យតក់ស្លុត​ស្ទើរស្ទះ​បេះដូង ​ ។ ក្រោយពេល កញ្ឆក់បានហើយក្រុមជនទាំងនោះ ក៏រត់ឡើងម៉ូតូជិះគេចខ្លួនយ៉ាងប្រសេចប្រសាចពេញផ្លូវ ដោយម្នាក់ៗមាន កាន់អាវុធគ្រប់ដៃ ។
ភ្លាមៗនោះ គេបានឃើញសមត្ថកិច្ចនគរបាលមូលដ្ឋានបានទៅដល់ដែរ និងបានផ្ទុះអាវុធអាកាដោយបាញ់ឡើង លើជាច្រើនគ្រាប់ដើម្បីអន្តរាគមន៍ជាការប្រកាសអាសន្ន ឱ្យកំលាំងនៅតាមគោលដៅផ្សេងទៀតជួយស្ទាក់ ចាប់ក្រុមជនសង្ស័យ ។ ក្រោយពីមានការផ្ទុះអាវុធមួយប្រាវ ក្រុមចោរបានរត់គេចខ្លួនបាត់ស្រមោលអស់ទៅ ហើយក្រុមសាច់ញាតិរបស់លោកបណ្ឌិតកែវ អ៊ីវ បានដឹកលោកទៅកាន់មន្ទីរពហុព្យាបាលវិសាលសុខ ដើម្បី សង្គ្រោះបន្ទាន់ ប៉ុន្តែដោយសារអាការៈរបួសធ្ងន់ធ្ងរនៅត្រង់ក្បាល លោកវេជ្ជបណ្ឌិតបានសំរេចបញ្ជូនបន្តទៅ ធ្វើការសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាម។
មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្រុមចោរមានគ្នា៦នាក់បានប្រើអាវុធគ្រប់ដៃ និងម៉ូតូ៣គ្រឿងជា មធ្យោបាយធ្វើសកម្មភាព ក្នុងនោះមានម៉ូតូវីវ៉ា១គ្រឿង សេ១២៥ ២គ្រឿង ។ សមត្ថកិច្ចដដែលបានឱ្យដឹង ទៀតថា ក្រុមចោរប្លន់ពិតជាមានគំរោងធ្វើសកម្មភាពទុកជាមុន ព្រោះសាក្សីបានបញ្ជាក់ថា ពេលរថយន្ត លោកបណ្ឌិតកែវ អ៊ីវ បើកមកដល់ផ្ទះគេបានឃើញមនុស្ស១ក្រុមបានជិះម៉ូតូតាមមកពីក្រោយដែរ និងបានធ្វើ សកម្មភាពព្រមៗគ្នាតែម្តង ។
ទោះបីជាបែបណា សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ប្រាប់ពីការបាត់បង់មាស និង ប្រាក់របស់ជនរងគ្រោះ ដែល ត្រូវក្រុមចោរប្លន់យកទៅនោះទេ ព្រោះក្រុមគ្រួសារអ្នករងគ្រោះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដើម្បីស្រោច ស្រង់ជីវិតរបស់លោក ចំណែកលោកស្រីជាភរិយា ក៏កំពុងមមាញឹកមើលថែស្វាមីដោយក្តីរន្ធត់ក្នុងចិត្ត ជាពន់ពេក ។ ស្ថានភាពរបួស គឺធ្ងន់ធ្ងរបំផុតដែលគិតត្រឹមម៉ោង៧យប់ លោកបណ្ឌិតបានស្ថិតនៅក្នុងការ សង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ខណៈដែលមានការពិភាក្សាផងដេរ ដើម្បីត្រៀមបញ្ជូនលោកបណ្ឌិតទៅ ប្រទេសវៀតណាម ឬថៃ តាមរយៈយន្តហោះសង្គ្រោះ ។
អំពើបាញ់ប្រហារលើលោកអគ្គនាយកក្រុមហ៊ុនទឹកបរិសុទ្ធឱរ៉ាល់នេះ គឺជាអំពើប្លន់យកមាស និងប្រាក់ដែល លោកស្រីជាភរិយា គឺជាអាជីវករនៅផ្សារអូឡាំពិក ហើយរៀងរាល់ល្ងាចលោកតែងទៅទទួលភរិយាត្រឡប់ មកលំនៅឋានវិញ ។ ការធ្វើសកម្មភាពជាទូទៅលើអ្នកលក់មាស និងប្តូរប្រាក់ មិនមែនជាហេតុការណ៍ ប្លន់ដោយចៃដន្យទេ គឺបានកើតឡើងបន្ទាប់ពីមានការតាមដាន និងការឃ្លាំមើលជាយូរថ្ងៃ ហើយភាគច្រើន ធ្វើសកម្មភាពនៅវេលាល្ងាច ព្រោះក្រុមចោរមានឱកាសនឹងគេចខ្លួនក្រោយពីធ្វើសកម្មភាព ។
លោកបណ្ឌិតកែវ អ៊ីវ បានចូលរួមក្នុងការងារមនុស្សធម៌ដូចជាទឹកបរិសុទ្ធឱរ៉ាល់ ដែលបានផលិត បានរំលែកជួយដល់កាកបាទក្រហមកម្ពុជា គឺមានន័យថា ការធ្វើអាជីវកម្មតែងបានផ្សារភ្ជាប់ទៅនឹងការងារ មនុស្សធម៌។ នេះជាសកម្មភាពប្លន់អ្នលក់មាសដ៏កក្រើកមួយទៀត បន្ទាប់ពីអំពើប្លន់ទាំងកណ្តាលថ្ងៃត្រង់ នៅក្នុងផ្សារឧដុង្គ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំនួន៩តូប ដែលរហូតមកដល់ពេលនេះ រកមិនទាន់ឃើញមុខ សញ្ញាចោរនោះនៅឡើយទេ ហើយករណីនេះ ក៏បន្ទាប់ពីមានករណីចូលប្លន់ដល់ក្នុងផ្ទះ អ្នកលក់មាសនៅផ្សារ ភ្នំបូក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបផងដែរ ។
លោកសាស្ត្រាចារ្យហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៍ពីស្ថានភាពរងគ្រោះរបស់លោកបណ្ឌិតកែវ អ៊ីវ ប្រាប់អ្នកកាសែតថា គឺស្ថិតក្នុងស្ថាន ភាពរបួសធ្ងន់ធ្ងរបំផុតដែលគ្រូពេទ្យកំពុងតាមដានដើម្បីសង្គ្រោះ ។

ដកស្រង់​ចេញ​ពី​គេហទំព័រ http://www.kohsantepheapdaily.com.kh

2 comments:

Unknown said...

hiiiiiiiiiiiiiiiii

you are fantastic!!!

a kiss for you, my dear friend!

god bless u dear

can we exchange our link

r u ready to do?


hiiiiiiiiiiiiiiiii

você é fantástico!

um beijo para você, meu caro amigo!

Deus te abençoe u Caro

podemos trocar os nossos link

r u disposta a fazer?

Han4U said...

Hi friend,

You are welcome!!
I'm very happy to see your bless and a kiss.

Yes of course, we can exchange our link.

Thanks,
Best regards,