Thursday, July 24, 2008

ការ​ផ្អាក​មិន​ឲ្យ​លក់ដូរ​ និង​ពិសា​គ្រឿង​ស្រវឹង​មួយ​ថ្ងៃ​​មុន​ការ​បោះឆ្នោត

អាជ្ញាធរ​​ក្រុង​រួម​​នឹង​អាជ្ញាធរ​ខេត្ត​នានា​បាន​ប្ដេជ្ញា​អនុវត្តន៍​​តាម ​សេចក្ដី​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្ដី​ពី​ការ​ផ្អាក​មិន​ឲ្យ​លក់ដូរ​ និង​ពិសា​គ្រឿង​ស្រវឹង​​មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​​ និង​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​​តំណាងរាស្ត្រ​នីតិកាល​​ទី​៤​ នៃ​រដ្ឋសភា​ ដោយ​បាន​ដាក់​បទ​បញ្ជា​ និង​សេចក្ដី​ជូន​ដំណឹង​​ទៅ​ម្ចាស់​ហាង​​លក់​ទំនិញ​ទាំងអស់​មិន​ឲ្យ​លក់​ គ្រឿង​ស្រវឹង​​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ និង​ថ្ងៃ​បោះឆ្នោត​ឡើយ​ បើ​មិន​គោរព​​តាម​ការ​ជូន​ដំណឹង​​នេះ​ទេ​ អាជ្ញាធរ​នឹង​​មាន​វិធានការ​ពិន័យ។

លោក​ ម៉ាន់​ ឈឿន​ អភិបាល​រង​ក្រុង​ភ្នំពេញ​​មាន​ប្រសាសន៍​ថា៖ "ទាក់ទង​សេចក្ដី​ណែនាំ​​របស់​រាជរដ្ឋាភិបាល​​ស្ដី​ពី​ការ​ផ្អាក​មិន​ឲ្យ​លក់ ​ដូរ​ និង​ពិសា​គ្រឿង​ស្រវឹង​មួយ​ថ្ងៃ​មុន​ថ្ងៃ​​បោះឆ្នោត​ និង​ថ្ងៃ​​បោះឆ្នោត​នា​ថ្ងៃ​ទី​២៦​-២៧​ នេះ​ យើង​បាន​ត្រៀម​ខ្លួន​រួច​អស់​ហើយ​ដែល​ជា​វិធាន​ការ​​ដ៏​ល្អ​​ប្រពៃ​ណាស់​ ព្រោះ​ប្រជាពលរដ្ឋ​យើង​​សុទ្ធ​តែ​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ យើង​មិន​ចង់​ឲ្យ​​ស្រា​មក​ធ្វើ​ត្រី​មុខ​នោះ​ឡើយ។ ដូច្នេះ​សេចក្ដី​ជូន​ដំណឹង​នេះ​ គឺ​ត្រឹមត្រូវ​ណាស់​ ដែល​ករណី​នេះ​យើង​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​រួច​ហើយ​​ទៅ​ដល់​​ថ្នាក់​ដឹកនាំ ​ទាំង​៧​ ខណ្ឌ​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ឲ្យ​អាជ្ញាធរ​​ទាំងនោះ​យក​សេចក្ដី​ជូន​ដំណឹង​របស់​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​លិខិត​​បទដ្ឋាន​​មួយ​ចំនួន​​ទៀត​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ទៅ​កាន់​ បងប្អូន​​ប្រជាពលរដ្ឋ​ និង​អាជីវករ​លក់ដូរ​​នៅ​តាម​មូលដ្ឋាន​ ឬ​ភោជនីយដ្ឋាន​នីមួយៗ​ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ម៉ត់ចត់​ទៅ​តាម​សេចក្ដី​​ជូន ​ដំណឹង​នេះ"។

លោក​ ម៉ាន់​ ឈឿន​​ បាន​គូស​បញ្ជាក់​ដោយ​មាន​ជំនឿ​ចិត្ត​​ថា៖ " វិធាន​ការ​​នេះ​យើង​មាន​គណៈ​បញ្ជាការ​ឯកភាព​នៅ​ខណ្ឌ​ទាំង​៧​ផង​យើង​មាន​គណៈ​ បញ្ជា​ការ​តាម​សង្កាត់​ទាំង​៧៦​ផង​ខ្ញុំ​ជឿ​ថា​ វិធានការ​​ទប់ស្កាត់​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​នេះ​ គឺ​​នឹង​ត្រូវ​អនុវត្តន៍​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ ស្រប​ទៅ​តាម​ការ​ណែនាំ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល "។

ជា​មួយ​ការ​ប្ដេជ្ញា​ និង​យក​ចិត្ត​ទុក​ដាក់​​អនុវត្តន៍​ទៅ​តាម​សេចក្ដី​​ណែនាំ​របស់​ប្រមុខ​​ ដឹកនាំ​រដ្ឋាភិបាល​ស្ដី​ពី​ការ​ផ្អាក​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​នេះ​ ថ្នាក់​​ដឹកនាំ​​តាម​មូលដ្ឋាន​​មួយ​​ចំនួន​នៅ​ទីក្រុង​​ភ្នំពេញ​បាន​អះអាង​​ ថា​ នឹង​ខិតខំ​អនុវត្តន៍​ឲ្យ​​មាន​ប្រសិទ្ធិភាព។ សម្រាប់​លោក​ ឃ្លាំង​ ហួត​ អភិបាល​ខណ្ឌ​ឫស្សី​កែវ​មាន​ប្រសាសន៍​ថា៖ "ការ​ណែនាំ​របស់​រដ្ឋាភិបាល​នេះ​ ខ្ញុំ​បាន​ដាក់​បញ្ហា​នេះ​ជូន​ចៅ​សង្កាត់ ​និង​ប៉ូលិស​ប៉ុស្ដិ៍​រួច​ហើយ​ ឲ្យ​​ណែនាំ​​ និង​មាន​​ការ​សហការ​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ រលូន​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់។ អាជ្ញាធរ​​ខណ្ឌ​បាន​ណែនាំ​ទៅ​គ្រប់​ហាង​ទាំងអស់​​ស្នើ​សុំ​មិន​ឲ្យ​មាន​ការ​ ប្រើប្រាស់​គ្រឿង​​ស្រវឹង​ និង​មិន​ឲ្យ​លក់​ដូរ​គ្រឿង​ស្រវឹង​ ឬ​ក៏​បិទ​ហាង​តែ​ម្ដង។ ប៉ុន្តែ​បើ​សិន​ជា​មិន​អាច​បិទ​អាជីវកម្ម​របស់​ខ្លួន​បាន​សុំ​កុំ​ឲ្យ​​គាត់ ​លក់​ដូរ​គ្រឿង​ស្រវឹង​​ បើ​ពួក​គាត់​ប្រឆាំង​​គាត់​នឹង​ត្រូវ​ទទួល​ខុសត្រូវ​​ទៅ​តាម​ផ្លូវ​ ច្បាប់"។

ទាក់ទង​សេចក្ដី​ណែនាំ​របស់​ប្រមុខ​ដឹកនាំ​នេះ​ លោក​ ឃ្លាំង​ ហួត​ សង្កត់​ធ្ងន់​ថា៖ "បើ​សិន​ជា​មាន​ម្ចាស់​អាជីវកម្ម​ណា​មួយ​ប្រព្រឹត្ត​ល្មើស​​ផ្ទុយ​ពី​ សេចក្ដី​ណែនាំ​នេះ​ យើង​នឹង​មាន​វិធានការ​បិទ​ការ​ធ្វើ​អាជីវកម្ម​​ទាំង​នោះ​ដើម្បី​ធ្វើ​ជា​ គំរូ។ ស្រុក​យើង​​ត្រូវ​តែ​មាន​វិធានការ​​ដល់​ពួក​គាត់​ខ្លះ​ទើប​បាន។ បើ​មិន​មាន​ការ​ពិន័យ​ទេ​ នៅ​ពេល​កម្ពុជា​ធ្វើ​ការ​បោះឆ្នោត​អាណត្តិ​ក្រោយៗ​ទៀត​ មិន​មាន​នរណា​ម្នាក់​យក​ចិត្ត​ទុក​ដាក់​លើ​សេចក្ដី​ជូន​ដំណឹង​ដូចគ្នា​នេះ​ ទេ​ ពួក​គេ​អាច​ល្មើស​ចង់​លក់​ក៏​បាន​ មិន​លក់​​ក៏​បាន​ ស្រេច​តែ​ចិត្ត​របស់​ពួក​គេ​ ដូច្នេះ​ទង្វើ​នេះ​មិន​បាន​ជា​ដាច់ខាត​ យើង​​ត្រូវ​តែ​​មាន​វិធានការ​ ដែល​ករណី​នេះ​ យើង​មាន​មនុស្ស​របស់​យើង​តាម​ឃ្លាំ​មើល"។

ដោយ​ឡែក​នៅ​ឯ​ខេត្ត​កំពង់ចាម​ឯណោះ​វិញ​ ថ្នាក់​ដឹក​នាំ​ខេត្ត​​ក៏​បាន​ណែនាំ​ទៅ​ដល់​អ្នក​ធ្វើ​អាជីវកម្ម​លក់​ដូរ​ ទាំង​អស់​ឲ្យ​ផ្អាក​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​​នេះ​ផង​ដែរ។ បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក​ ហ៊ុន​ ណេង​ អភិបាល​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា៖ "សេចក្ដី​ណែនាំ​​របស់​រដ្ឋាភិបាល​ទាក់ទង​ការ​ផ្អាក​លក់​ និង​ទទួល​ទាន​ស្រា​នេះ​ នៅ​ខេត្ត​កំពង់ចាម​ ខ្ញុំ​​បាន​ធ្វើ​ការ​ណែនាំ​នៅ​តាម​គ្រប់​ស្រុក​ទាំងអស់​នៅ​ទូទាំង​ខេត្ត​ ដើម្បី​កុំ​ឲ្យ​ធ្វើ​អាជីវកម្ម​លក់​ដូរ​គ្រឿង​ស្រវឹង​នេះ​នៅ​មុន​ថ្ងៃ​ បោះឆ្នោត​ និង​ថ្ងៃ​បោះឆ្នោត​រួច​អស់​ហើយ​ ត្រង់​ថា​ការ​ណែនាំ​នេះ​គេ​ធ្វើ​តាម​ ឬ​មិន​ធ្វើ​តាម​វា​ជា​សិទ្ធិ​​របស់​មនុស្ស​ម្នាក់ៗ ប៉ុន្តែ​មក​ដល់​ម៉ោង​នេះ​ហើយ​ បើ​យើង​ចេញ​សេចក្ដី​ណែនាំ​ ហើយ​គេ​មិន​ធ្វើ​​តាម​មាន​តែ​អ្នក​ទាំង​នោះ​ គឺ​ជា​សត្វ​ធាតុ​ មិនមែន​ជា​មនុស្ស​ឡើយ"។

សម្រាប់​លោកស្រី​វេជ្ជបណ្ឌិត​ ពុង​ ឈីវកេក​ នាយិកា​អង្គការ​​សិទ្ធិ​មនុស្ស​​លីកាដូ​មាន​ប្រសាសន៍​ថា៖ "ខ្ញុំ​គិត​ថា​ បើ​មិន​ឲ្យ​លក់​គ្រឿង​​ស្រវឹង​មុន​ការ​បោះឆ្នោត​ និង​ថ្ងៃ​បោះឆ្នោត​ ហ្នឹង​​ជា​ការ​ប្រសើរ​មួយ​ព្រោះ​អី​យើង​ខ្លាច​បងប្អូន​លោក​ពិសា​គ្រឿង​ ស្រវឹង​មុន​ការ​បោះឆ្នោត​អាច​ធ្វើ​​អំពើ​​អ្វី​មួយ​មិន​ត្រឹមត្រូវ​ ប្រព្រឹត្ត​អ្វី​ដែល​ខុស​ច្បាប់។ ដូច្នេះ​បើ​បងប្អូន​លោក​អត់ធ្មត់​បាន​កុំ​ពិសា​សុរា​ ឬ​គ្រឿង​ញៀន​ផ្សេងៗ​ជា​ដើម​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ និង​ថ្ងៃ​បោះ​វា​ជា​​ការ​ល្អ​ ធ្វើ​ម៉េច​ឲ្យ​បងប្អូន​​យើង​មាន​ភាព​ស្ងប់ស្ងៀម​ថា​ តើ​គួរ​សម្រេច​ចិត្ត​​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​​ណា​មួយ​ដែល​ខ្លួន​ពេញ​ ចិត្ត​​សម្រាប់​ដឹកនាំ​​ប្រទេស​ឲ្យ​មាន​ភាព​រុងរឿង"។

លោក​ អ៊ឹម​ សួស្ដី​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) មាន​ប្រសាសន៍​ថា​ ខ្ញុំ​អបអរសាទរ​ចំពោះ​សេចក្ដី​ជូន​ដំណឹង​​របស់​រដ្ឋាភិបាល​ដែល​តម្រូវ​​ឲ្យ​ ហាង​លក់​ដូរ​​ទាំងអស់​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹង​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ និង​ថ្ងៃ​បោះឆ្នោត​​ដែល​ជា​ការ​ចង់​បាន​របស់​ គ.ជ.ប​ នា​ពេល​កន្លង​​មក។ លោក​ អ៊ឹម​ សួស្ដី​ បញ្ជាក់​ឲ្យ​ដឹង​ថា៖ "តាម​ការ​សង្កេត​របស់​ខ្ញុំ​នា​ពេល​​កន្លង​មក​រឿងរ៉ាវ​ទាំង​អស់​ដែល​ទាស់ទែង ​គ្នា​ គឺ​តែង​កើត​​ចេញ​មក​ពី​ការ​​ស្រវឹង​​ទាំងអស់។​ ដូច្នេះ​​បើ​សេចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល​​នេះ​មាន​ប្រសិទ្ធភាព​វា​ជា​ការ ​​ប្រសើរ​បំផុត។ ខ្ញុំ​សូម​សំណូមពរ​​ដល់​អ្នក​​ដែល​ធ្លាប់​ផឹក-ស៊ី​ ស្រវឹង​ផ្កាប់​មុខ​ នៅ​មុន​ថ្ងៃ​បោះឆ្នោត​ និង​ថ្ងៃ​បោះឆ្នោត​ ជៀសវាង​​បាតុភាព​​អសកម្ម​ផ្សេងៗ​ដែល​អាច​នឹង​កើត​មាន​ឡើង"៕

ដកស្រង់​ចេញ​ពី​គេហទំព័រ​ http://women.open.org.kh

6 comments:

RAsmey said...

ងាប់ហើយអ្នកណាមិនធ្វើសុទ្ធតែជាសត្វធាតុ..
ពាក្យសម្តីថ្នាក់ដឹកនាំយើងពិតជាពោពេញទៅ
ដោយសីលធ៌មខ្ពស់​​ និងសមត្ថភាពមែន៚

Seyha said...

ហេ​ ចុះ​បើ​ចង់​ពិសារ នៅ​ផ្ទះ​បាន​ទេ​ ហាន់ ព្រោះថា​ខ្ញុំ​ នៅសល់​ ស្រា​បៀរ​ខ្លះ​ផង​ ធ្វើ​ម៉ិច​ទៅ

សីហា

កម្មវិធីជាភាសាខ្មែរ -​ ការងារ - ព័ត៌មាន - បច្ចេកវិទ្យាថ្មីៗ សំរាប់​កូនខ្មែរ said...

ផឹក​នៅ​ផ្ទះក៏​មិន​បាន​ដែរ​ ព្រោះ​ថា​ពេល​ស្រវឹងហើយ​​យើង​ប្រ​ហែល​នឹង​និយាយ​ពី​គណបក្ស​នយោបាយ​ ដែល​ជា​ហេតុ​ងាយ​និង​កើត​ជម្លោះណា៎ :-)។
ប៉ុន្តែ​អាច​យក​មក​អោយ​ខ្ញុំ​បាន​ណា៎ :-)។

RAsmey said...

ហាកម៉ិចចឹង??​ទៅជាចឹងវិញ?? អុញបងហានខូចណាស់ដែរតាហ៎នែក....
;-)

កម្មវិធីជាភាសាខ្មែរ -​ ការងារ - ព័ត៌មាន - បច្ចេកវិទ្យាថ្មីៗ សំរាប់​កូនខ្មែរ said...

:-):-):-):-)
ហា៎ហា៎ហា៎....

កម្មវិធីជាភាសាខ្មែរ -​ ការងារ - ព័ត៌មាន - បច្ចេកវិទ្យាថ្មីៗ សំរាប់​កូនខ្មែរ said...
This comment has been removed by the author.