Tuesday, July 1, 2008

ក្រសួង​អប់រំ​លើក​ពេល​ប្រឡង​ឌីប្លូម​ ទៅ​​ខែ​កញ្ញា​វិញ​ តែ​ប្រឡង​បាក់​ឌុប​ទុក​នៅ​ដដែល

ប្រឡង​ឌីប្លូម​នៅ​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា​ ឆ្នាំ​២០០៨​

ភ្នំពេញ​៖ លោក​ វ៉ា​ សារឿន​ អនុប្រធាន​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​នៃ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​និយាយ​កាល​​ពី​ថ្ងៃ​ទី​០១​ កក្កដា​ ឲ្យ​ដឹង​ថា​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​នឹង​លើក​ពេល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋមភូមិ​ (ឌីប្លូម)​ ទៅ​ខែ​កញ្ញា​ ឆ្នាំ​២០០៨​វិញ​តែ​ប្រឡង​បាក់​ឌុប​ទុក​ទៅ​ដដែល។

ស្ទើរ​តែ​រៀងរាល់​ឆ្នាំ​ក្រសួង​អប់រំ​តែងតែ​រៀបចំ​ការ​ប្រឡង​ឌីប្លូម​នៅ​ អំឡុង​​ដើម​ពាក់កណ្ដាល​​ខែ​កក្កដា​ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ក្រសួង​បាន​លើក​ពេល​ប្រឡង​ដោយសារ​មាន​ការ​រៀបចំ​​ការ​ បោះឆ្នោត​សកល​អាណត្តិ​ទី​៤​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០០៨​ខាង​មុខ​នេះ។

លោក​ វ៉ា​ សារឿន​ បាន​និយាយ​បន្ត​ឲ្យ​ដឹង​ថា​ នេះ​គឺ​ជា​​លើក​ទី​២​ហើយ​ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា​លើក​ពេល​ប្រឡង​ ឌីប្លូម​ដោយសារ​តែ​មូលហេតុ​ជាប់​រវល់​ការ​បោះឆ្នោត​សកល។ លើក​ទី​១​ ក្រសួង​បាន​លើក​ពេល​ប្រឡង​នៅ​ឆ្នាំ​២០០៣​ ដែល​ជា​​ការ​បោះឆ្នោត​សកល​អាណត្តិ​ទី​៣​ ហើយ​លើក​ទី​២​ គឺ​នៅ​ឆ្នាំ​​ ២០០៨​ ដែល​ជា​ការ​រៀបចំ​បោះឆ្នោត​​សកល​អាណត្តិ​ទី​៤។

ពាក់ព័ន្ធ​ទៅ​នឹង​មូលហេតុ​ដែល​នាំ​ឲ្យ​ក្រសួង​ត្រូវ​លើក​ពេល​ប្រឡង​នេះ​ លោក​ វ៉ា​ សារឿន​ បាន​ពន្យល់​​ថា​ ដោយ​សារ​តែ​មណ្ឌល​ប្រឡង​នីមួយៗ​ត្រូវ​ធ្វើ​ជា​​មណ្ឌល​សម្រាប់​រៀបចំ​ការ​ បោះឆ្នោត​ហើយ​ លោកគ្រូ​ អ្នកគ្រូ​ ក៏​ជាប់​រវល់​ចូល​រួម​បោះឆ្នោត​ ឬ​ធ្វើ​ជា​គណៈកម្មាធិការ​​រៀបចំ​ការ​បោះឆ្នោត​​ស្រុក​- ខេត្ត។ អាស្រ័យ​ហេតុ​នេះ​ទើប​ក្រសួង​លើក​ពេល​ប្រឡង​ទៅ​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា​ ឆ្នាំ​២០០៨​វិញ។ ប៉ុន្តែ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់ឌុប) គឺ​ទុក​នៅ​ដដែល​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៦​ ខែ​សីហា​ ឆ្នាំ​២០០៨។

លោក​ វ៉ា​ សារឿន​ បាន​និយាយ​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ ប្រឡង​ឌីប្លូម​នៅ​ឆ្នាំ​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​ប្រឡង​ចំនួន​ជាង​១៤​ម៉ឺន​ នាក់​ និង​​អ្នក​ចូលរួម​ប្រឡង​បាក់ឌុប​ប្រមាណ​ជាង​៧​ម៉ឺន​នាក់៕

ដកស្រង់​ចេញ​ពី​គេហទំព័រ​ http://women.open.org.kh

No comments: