Tuesday, July 1, 2008

តើ​កម្ពុជា​នឹង​ទទួល​បាន​អ្វី​ បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក?

តើ​ប្រជាជន​កម្ពុជា​ បាន​ប្រយោជន៍​អ្វី​ពី​ការ​ដាក់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ជាទី​សក្ការៈ​ ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក?​ នេះ​ជា​សំណួរ​ដែល​មជ្ឈដ្ឋាន​ជា​ច្រើន​បាន​លើក​ឡើង។​ ឯ​ចម្លើយ​គឺ​ នោះ​ជា​មោទនភាព​របស់​ជាតិ​ខ្មែរ​ ដែល​មាន​ប្រាសាទ​ព្រះវិហារ​ខ្មែរ​មួយ​ទៀត​ត្រូវ​បាន​ទទួល​ស្គាល់​នូវ​តម្លៃ​ ជា​សកល​ដោយ​ អង្គការ​យូណេស្កូ​ និង​ទទួល​បាន​ធនធាន​សម្រាប់​ថែរក្សា​ការពារ​ប្រាសាទ​នេះ​ឲ្យ​បាន​គង់វង្ស​ ទុក​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិ។

លោក​ ហង្ស សុត​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​ខាង​លើ​កាល​ពី​ថ្ងៃ​ទី​ ១​ ខែ​ កក្កដា​ នេះ​ថា​ ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ​ យើង​ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់​ជា​សកល​អំពី​តម្លៃ​ស្ថាបត្យករ​ខ្មែរ​ ដែល​បាន​កសាង​ប្រាសាទ​ព្រះវិហារ​ជា​ស្នាដៃ​ឯក​នេះ​ឡើង។​ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​រឹងប៉ឹង​ និង​ច្នៃប្រឌិត​រស់រវើក​របស់​បុព្វបុរស​ខ្មែរ​នា​សម័យកាល​នោះ។

លោក​បាន​បន្ត​ទៀត​ថា​ នៅ​ពេល​ប្រាសាទ​ព្រះវិហារ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​រួច​ហើយ​ ប្រាសាទ​ដែល​កំពុង​មាន​ភាព​ទ្រុឌទ្រោម​នេះ​នឹង​ទទួល​បាន​ធនធាន​ហិរញ្ញវត្ថុ​ សម្រាប់​ធ្វើការ​ថែរក្សា​ការពារ​ឲ្យ​បាន​គង់វង្ស​ ទុក​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិ។​ ប្រការ​មួយ​ផ្សេង​ទៀត​ប្រជាជន​យើង​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ពី​ភ្ញៀវ​ ទេសចរ​ដែល​បាន​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រាសាទ​នេះ។

លោក​ ប៉ែន ងឿន​ ទីប្រឹក្សា​អម​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ និង​ជា​សេនាធិការ​បញ្ហា​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ ពិភពលោក​ ក៏​បាន​ឆ្លើយ​បញ្ជាក់​ទៅ​នឹង​សំណួរ​ខាងលើ​កាល​ពី​ថ្ងៃ​ទី​ ១​ ខែ​ កក្កដា​ នេះ​ថា​ នៅ​ពេល​ប្រាសាទ​ព្រះវិហារ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ហើយ​នោះ​ គឺ​ជា​មោទនភាព​របស់​ជាតិ​យើង​ ដែល​មាន​ប្រាសាទ​ប្រកបដោយ​រចនាបថ​ ស្ថាបត្យកម្ម​ដ៏​មាន​តម្លៃ​ក្នុង​ផ្នែក​វប្បធម៌​ ដែល​ជា​ការ​បង្ហាញ​នូវ​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​ដ៏​ស្ទាត់​ជំនាញ​ ទាំង​សិល្បៈ​ ទាំង​ផ្នែក​លម្អ​ ទាំង​គម្រោង​សាងសង់​ ហាក់​ដូចជា​មាន​តែ​មួយ​គត់​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ដែល​មាន​កម្ពស់​ជាង​៦០០​ ម៉ែត្រ។​ កេរដំណែល​ដូនតា​ដែល​មាន​តម្លៃ​ជា​សកល​ក្នុង​ផ្នែក​វប្បធម៌​នេះ​ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​គណៈកម្មាធិការ​អន្តរជាតិ​វាយតម្លៃ​វត្ថុ​បុរាណ​ ខាង​ប្រាសាទ​ឬ​រមណីយដ្ឋាន​ (ICOMOS)។​ ប្រាសាទ​ព្រះវិហារ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​អរិយធម៌​ខ្ពង់ខ្ពស់​ និង​ភាព​រុងរឿង​របស់​ជនជាតិ​ខ្មែរ​នា​សម័យ​កាល​នោះ។

លោក​បាន​និយាយ​ទៀត​ថា​ យើង​ទាំងអស់​គ្នា​ដឹង​ស្រាប់​ហើយ​ប្រាសាទ​ដែល​មាន​អាយុកាល​ដ៏​ចំណាស់​នេះ​ មាន​សភាព​ទ្រុឌទ្រោម​ ដែល​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ហើយ​ពេល​នេះ​ប្រទេស​កម្ពុជា​យើង​កំពុង​មាន​ការ​អភិវឌ្ឍន៍​ ត្រូវ​ការ​ធនធាន​ច្រើន។​ ប្រាសាទ​ព្រះវិហារ​នៅ​ពេល​បាន​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ហើយ​ នឹង​ទទួល​បាន​ធនធាន​ហិរញ្ញវត្ថុ​ និង​ធនធាន​អ្នក​បច្ចេកទេស​ជំនាញ​ជាន់​ខ្ពស់​មក​ជួយ​ថែរក្សា​ការពារ​ប្រាសាទ​ ទុក​ជា​កេរដំណែល​ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ក៏​ដូចជា​កេរដំណែល​មនុស្ស​ជាតិ​ទាំង​មូល​ផង ​ដែរ៕

ដកស្រង់​ចេញ​ពី​គេហទំព័រ​ http://women.open.org.kh

No comments: