Tuesday, May 27, 2008

នាង​ក្រមុំ​អាយុ​១៨​ឆ្នាំ​២​នាក់​​​ ស្ទើរ​ក្លាយ​ជា​ទាសី​នៅ​ស្រុក​ថៃ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពី​ថ្ងៃ​ទី​២៧​ ឧសភា​ បាន​ចាប់​បញ្ជូន​ជន​ពីរ​នាក់​ទៅ​តុលាការ​ដោយ​ចោទ​ពី​បទ​ជួញ​ដូរ​មនុស្ស​ចេញ​ ទៅ​លក់​នៅ​ប្រទេស​ថៃ។

លោក​វរសេនីយ៍ទោ​ អ៊ុំ​ សាត​ ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្ត​ មាន​ប្រសាសន៍​ថា​ជន​ដែល​ត្រូវ​ចាប់​ខ្លួន​នេះ​ម្នាក់​ឈ្មោះ​ ម៉ែន​ វិទូ​ ភេទ​ប្រុស​អាយុ​ ​២៤​ ឆ្នាំ​ រស់​នៅ​ភូមិ​ត្នោត​ជ្រំ​សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ ក្រុង​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ​ អៀម​ ឆាយ​ ហៅ​ សុខ​ តៅ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់​នៅ​ភូមិ​ អូរ​អំបិល​ ឃុំ​អូរ​អំបិល​ ស្រុក​សិរីសោភ័ណ។ មន្ត្រី​ប៉ូលិស​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ចំណែក​នាង​ក្រមុំ​ពីរ​នាក់​ដែល​ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​ទាន់​ ម្នាក់​ឈ្មោះ​ សេង ពុទ្ធារ៉ូ​ អាយុ​១៨​ឆ្នាំ​ រស់​នៅ​ភូមិ​ក្រោល​គោ​ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​កែវ​ ក្រុង​ភ្នំពេញ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ហ៊ូ​ គឹម​លាន​ ហៅ​ លី​ វណ្ណី​ អាយុ​១៨​ឆ្នាំ​ រស់​នៅ​ភូមិ​ត្រពាំង​ឈូក​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​កែវ​ក្រុង​ភ្នំ​ពេញ។

បើ​តាម​ការ​រៀបរាប់​របស់​នាង​ ហ៊ូ គឹម​លាន​ ហៅ​ លី​ វណ្ណី​ បាន​ឲ្យ​ដឹង​ថា​ នាង​និង​ឈ្មោះ​សេង​ ពុទ្ធា​រ៉ូ​ជា​មិត្ត​ភក្តិ​នឹង​គ្នា​ ហើយ​ថ្ងៃ​មួយ​ពេល​នាំ​គ្នា​ដើរ​លេង​នៅ​ក្រុង​ភ្នំពេញ​ ក៏​ជួប​បុរស​ឈ្មោះ​ ម៉ែន​ វិទូ​ ជា​មនុស្ស​ស្គាល់​គ្នា​ហើយ​ក៏​ជា​មិត្ត​ភក្តិ​របស់​ សេង​ ពុទ្ធា​រ៉ូ ដែល​ជា​មិត្ត​នាង​ដែរ។ បើ​តាម​ការ​អះអាង​ថា​ពួក​គេ​ពីរ​នាក់ (ឈ្មោះ​ ម៉ែន​ វិទូ​ និង​ សេង​ ពុទ្ធា​រ៉ូ) ស្គាល់​គ្នា​រយៈ​ពេល​៦​ខែ​មក​ហើយ។
នាង​និយាយ​ទៀត​ថា​ ពេល​ដើរ​លេង​នោះ​ឈ្មោះ​ ម៉ែន វិទូ​ បាន​បបួល​ពួក​នាង​ទៅ​លេង​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ គឺ​ទៅ​លេង​ផ្ទះ​មិត្ត​ភក្តិ​គេ​ម្នាក់​ឈ្មោះ​ អៀម​ ឆាយ​ ហៅ​សុខ​ តៅ​ នៅ​ភូមិ​អូរ​អំបិល​ ស្រុក​សិរីសោភ័ណ។ លុះ​នៅ​ថ្ងៃ​ទី​២១​ ឧសភា​ ពួក​គេ​បាន​ណាត់​គ្នា​ជិះ​រថយន្ត​ក្រុង​មក​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​បាន​មក ​ដល់​នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់​ រួច​ឈ្មោះ​ មែន​ វិទូ​ បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ​ អៀម​ ឆាយ​ ហៅ​ សុខ​ តៅ​ ឲ្យ​មក​ជួប​គ្នា​នៅ​ចំណត​រថយន្ត​ខេត្ត​បន្ទាយ​មាន​ជ័យ​ ហើយ​ក៏​នាំ​គ្នា​ជិះ​រថយន្ត​តាក់​ស៊ី​បន្ត​ទៅ​ប៉ោយ​ ប៉ែត។

ពួក​នាង​និយាយ​ទៀត​ថា​​រយៈ​ពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​២២​ រហូត​ដល់​ថ្ងៃ​ទី​២៣​ ឧសភា​ ឈ្មោះ​ មែន​ វិទូ និង​ឈ្មោះ​ អៀម​ ឆាយ​ បាន​បបួល​ពួក​នាង​ធ្វើ​លិខិត​ឆ្លងដែន​ ដើម្បី​ទៅ​ប្រទេស​ថៃ​ដោយ​ប្រាប់​ថា​ទៅ​រក​ការងារ​ធ្វើ​ តែ​ពេល​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​នោះ​ ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​តំបន់​ប៉ោយ​ប៉ែត​បាន​ប្រាប់​ថា អ្នក​ដំណើរ​មិន​អាច​ធ្វើ​ឲ្យ​បាន​ទេ។ ពេល​នោះ​ពួក​គេ​ក៏​សម្រេច​ចាយ​លុយ​សម្រាប់​រត់​ការ​ដោយ​ឲ្យ​ឈ្មោះ​អៀម​ ឆាយ​ ហៅ​ សុខ​ តៅ​ ជា​អ្នក​ទាក់ទង​ការ​ធ្វើ​ផ្លូវ​កាត់​នោះ​ គឺ​ម្នាក់​អស់​១,៥០០​បាត​ ដូច្នេះ​៣​នាក់​អស់​ចំនួន​ អស់​ចំនួន​៤,៥០០​បាត​ ឯ​ឈ្មោះ​ អៀម​ ឆាយ​ គេ​មាន​ប័ណ្ណ​ថៃ​សម្រាប់​ចេញ​ចូល​រួច​ហើយ។ ការ​ធ្វើ​ប័ណ្ណ​នេះ​សុទ្ធ​តែ​ក្លែង​ឈ្មោះ​ទាំង​អស់​ គឺ​ឈ្មោះ​ ម៉ែន​ វិទូ​ក្លែង​ជា​ឌុយ​ ស៊ុយ​ នាង​ ហ៊ូ​ គឹម​លាន​ ហៅ​ លី​ វណ្ណី​ ក្លែង​ជា​ ឡាយ​ វណ្ណី​ និង​នាង​ សេង​ ពុទ្ធា​រ៉ូ​ ក្លែង​ជា​ ម៉េង​ សុធាវី។នាង​ ហ៊ូ​ គឹម​លាន​ ហៅ​ លី​ វណ្ណី​ បន្ត​ថា​ក្រោយ​ពេល​បាន​ប័ណ្ណ​ហើយ​ ពួក​គេ​ទាំង​ពីរ​នាក់​ក៏​បបួល​ពួក​នាង​ចេញ​ទៅ​ប្រទេស​ថៃ​ភ្លាមៗ​ ខណៈ​ពួក​នាង​សម្រាក​នៅ​ផ្ទះ​សំណាក់​ប៉ោយ​ប៉ែត​ខាង​ជើង​រង្វង់​មូល។ ដោយ​សារ​មាន​ការ​បបួល​ច្រើន​ដង​ពេក​ទើប​នាង​សង្ស័យ​ក៏​ចុះ​មក​ខាង​ក្រោម​ហើយ ​អង្គុយ​យំ​ដោយ​ការ​ភ័យ​ខ្លាច។ ពេល​នោះ​ម្ចាស់​ផ្ទះ​សំណាក់​ឃើញ​ពួក​នាង​យំ​ ទើប​មាន​ការ​សង្ស័យ​ក៏​បាន​ប្រាប់​ទៅ​លោក​ ពិន​ វ៉ា​ មន្ត្រី​ប៉ូលិស​ការិយាល័យ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្ត​ប្រចាំ​នៅ​ប៉ោយ​ប៉ែត។ ក្រោយ​ពី​សាក​សួរ​ពួក​នាង​ទាំង​២​នាក់​ ទើប​ដឹង​ពី​ហេតុ​ការណ៍​ និង​ឈាន​ដល់​ការ​ឃាត់​ខ្លួន​យុវជន​ទាំង​ពីរ​នាក់​ នៅ​វេលា​ម៉ោង​ ៦ និង​ ២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤​ ឧសភា​ រួច​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ខេត្ត​បន្ទាយ​មាន​ជ័យ។

លោក​វរសេនីយ៍ទោ​ អ៊ុំ​ សាត​ បញ្ជាក់​ថា​នេះ​ជា​ករណី​ជួញ​ដូរ​មនុស្ស​ដែល​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ ជាតិ​ និង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ តាម​រយៈ​លោក​ស្នង​ការ​នគរបាល​ខេត្ត​បាន​ណែនាំ​កម្លាំង​ជំនាញ​ត្រូវ​យក​ចិត្ត ​ទុក​ដាក់​ធ្វើ​ការ​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ហើយ​ក៏​បាន​ឃាត់​ខ្លួន​យុវជន​ ទាំង​ពីរ​នាក់​ ដែល​លួងលោម​ក្មេង​ស្រី​ចេញ​ទៅ​លក់​នៅ​ប្រទេស​ក្រៅ។ យោង​តាម​ចម្លើយ​របស់​ជន​រង​គ្រោះ​ ហើយ​ជន​ជាប់​ចោទ​ក៏​សារ​ភាព​ទើប​កម្លាំង​ប៉ូលិស​ក៏​កសាង​សំណុំ​រឿង​បញ្ជូន​ ជន​ជាប់​ចោទ​ទៅ​តុលាការ៕

No comments: